អានតួអត្ថបទ
កម្ពុជា

សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​បាន​ជូនដំណឹង​សាលាក្រុង​ភ្នំពេញ​អំពី​គម្រោង​បាតុកម្ម​ហើយ

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី១៤ ខែកក្កដា សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​បាន​ជូនដំណឹង​សាលាក្រុង​ភ្នំពេញ អំពី បាតុកម្ម​ដាក់​ញត្តិ​នៅ​ស្ថានទូត​បរទេស​ចំនួន៧ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី២១ ខែកក្កដា នោះ​ហើយ។ បាតុកម្ម ដែល​នឹង​ប្រមូលផ្តុំ​សមាជិក​នៃ​សម្ព័ន្ធ​យុវជន និង​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ជាច្រើន​ផ្សេងទៀត​នោះ មាន​គោលបំណង​ជម្រុញ​ឱ្យ​ប្រទេស​មហាអំណាច «ដាក់​សម្ពាធ​ដល់​ប្រទេស​វៀតណាម»។ សាលា​រាជធានី​ភ្នំពេញ​បញ្ជាក់​អំពី​ការទទួល​លិខិត​នោះ ហើយ​ថា​កំពុង​ពិនិត្យ។ រឿងរ៉ាវ​នេះ​កាន់តែ​ផុសផុល​ឡើង។

ការប៉ះទង្គិចគ្នារវាងបាតុករខ្មែរកម្ពុជាក្រោមនិងសមត្ថកិច្ចនៅមុខស្ថានទូតវៀតណាមប្រចាំកម្ពុជា
ការប៉ះទង្គិចគ្នារវាងបាតុករខ្មែរកម្ពុជាក្រោមនិងសមត្ថកិច្ចនៅមុខស្ថានទូតវៀតណាមប្រចាំកម្ពុជា rfi/siv channa
ផ្សាយពាណិជ្ជកម្ម

រឿងរ៉ាវ​ទាក់ទង​នឹង​សម្តី​របស់លោក ត្រឹង វ៉ាន់ ថុង តាំងពី​ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៤ ដែលថា«ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​គឺជា​ទឹកដី​ពី​ដូនតា​របស់​វៀតណាម ហើយ​បារាំង​មិនបាន​កាត់​ដី​ខ្មែរ​ឱ្យទៅ​វៀតណាម​ទេ»នោះ​មិនទាន់​ចប់​ឡើយ ហើយ​កាន់តែ​ផុលផុស​ឡើង។ លោក ម៉ៅ ពិសេស ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី១៤ ខែកក្កដា ថា អង្គការ​របស់លោក ចូលរួម​ដោយ​សម្ព័ន្ធ​យុវជន​ចំនួន៦ក្រុម​ផ្សេងទៀត បានដាក់​លិខិត​ទៅ​សាលា​រាជធានី​ភ្នំពេញ​រួចហើយ ដើម្បី​ជូនដំណឹង​អំពី​បាតុកម្ម​ដាក់​ញត្តិ​នៅតាម​ស្ថានទូត​របស់​ប្រទេស​មហាអំណាច​ចំនួន៧ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១។ លោក ឡុង​ឌី​ម៉​ង់ អ្នកនាំពាក្យ​ឱ្យ​សាលា​រាជធានី​ភ្នំពេញ បានបញ្ជាក់​អំពី​ការទទួល​លិ​ខ​ត​នោះ និង​បាន​បន្ថែមថា​គណៈ​អភិបាល​ត្រូវការ​ពេល​ពិនិត្យ និង​ប្រជុំ​ជាមួយ​អ្នកដឹកនាំ​បាតុកម្ម។

 
នេះ​ជា​គម្រោង​ធ្វើបាតុកម្ម​ជា​លើក​ទី២ បន្ទាប់ពី​បាតុកម្ម​លើក​ទី១ ពោលគឺ​នៅ​ថ្ងៃទី០៨ ខែកក្កដា​ដដែល បានកើត​ឡើង និង​ត្រូវបាន​បង្ក្រាប​ដោយ​អាជ្ញាធរ។ ពេលនោះ គោល​បំណង​​របស់​បាតុករ​គឺ​ដើម្បីឱ្យ​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​នៅ​កម្ពុជា ធ្វើការ​សុំទោស និង​កែតម្រូវ​ពាក្យសម្ដី​របស់ខ្លួន ដែល​បាន​ថ្លែង​តាម​វិទ្យុ​អាស៊ីសេរី។ ពេលនេះ ក្រៅពី​ដើម្បីឱ្យ​លោក ត្រឹង វ៉ាន់ ថុង សុំទោស និង​កែតម្រូវ​ពាក្យសំដី​របស់ខ្លួន គោលបំណង​នៃ​បាតុកម្ម​ដាក់​ញត្តិ​នៅតាម​ស្ថានទូត គឺ​ដើម្បី«ជម្រុញ​ឱ្យ»ស្ថានទូត​សហរដ្ឋអាមេរិក ស្ថានទូត​បារាំង ស្ថានទូត​អង់គ្លេស ស្ថានទូត​រុស្សី ស្ថានទូត​ចិន ស្ថាន​ទូ​សហភាព​អឺរ៉ុប«ដាក់​សម្ពាធ​ដល់​ប្រទេស​វៀតណាម ដើម្បី​គោរព​សិទ្ធិ និង​សេរីភាព របស់​ប្រជាពលរដ្ឋ​ខ្មែរក្រោម»ផងដែរ។

អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ជាច្រើន​ទៀត​នឹងចូលរួម​ក្នុង​ព្រឹត្តិការណ៍​នោះ។

សេចក្តីថ្លែងការណ៍​រប​ស់​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ចុះ​ថ្ងៃទី១៣ ខែកក្កដា បាន​ទាំង​ចាត់ទុក​សម្ដី​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម ឈ្មោះ ឡេ ហាយ ប៊ិ​ញ ដែល​ស្នើឱ្យ​រដ្ឋាភិបាល​កម្ពុជា​ចាត់វិធានការ​ទប់ស្កាត់​បាតុករ​នៅមុខ​ស្ថានទូត​វៀតណាម ថា«ជាការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា និង​ខុស​គោលការណ៍​របស់​ប្រទេស​អាស៊ាន​មិនអាច​ប្រកែក​បាន»។ ទន្ទឹមនឹង​នេះដែរ សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម បានទាមទារ​ឱ្យ​រដ្ឋាភិបាល​វៀតណាម«ត្រូវតែ​បញ្ឈប់​ជាបន្ទាន់​នូវ​ការជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា ហើយ​ត្រូវ​បញ្ឈប់​រាល់​ការ​អុជអាល​បញ្ឆេះ​កំហឹង​ប្រជារាស្ត្រ​ខ្មែរ»។

ប៉ុន្តែ លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​កម្ពុជា បាន​ថ្លែងថា ការលើកឡើង​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម​ខាងលើ ជា«សិទ្ធិ​របស់គាត់»។ ក្នុងនាម​លោក​ផ្ទាល់ លោក ខៀវ សុភ័គ មើលឃើញថា «នោះ​ជាការ​ស្នើសុំ​ជំនួយ​ពី​កម្ពុជា» ហើយ«យើង​រីករាយ​នឹង​ជួយ​សម្របសម្រួល ព្រោះ​យើង​ដឹង​ប្រវត្តិសាស្ត្រ​ទាំងអស់គ្នា»។ ទោះបីជា​យ៉ាងណា អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បញ្ជាក់ថា ប្រជាពលរដ្ឋ​កម្ពុ​ជាមាន​សិទ្ធិ​ធ្វើបាតុកម្ម៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ