អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កម្ពុជា​៖ ​ប្រជាធិបតេយ្យ​ក្នុង​បរិបទ ដែល​ទ្រឹស្តី​ដើរ​លឿន​ជាង​ខ្លឹម​សារ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

លទ្ធិ​ប្រជាធិបតេយ្យ បាន​ចាប់​កំណើត​នៅ​កម្ពុជា​ជាង​២០​ឆ្នាំ​មក​ហើយ ប៉ុន្តែ វប្បធម៌​នយោបាយ​ថ្មី​នេះ នៅ​មិនទាន់​ចាក់​ឫស បាន​ជ្រៅ​នៅ​លើ​ទឹកដី​កម្ពុជា​នៅ​ឡើយ​ទេ។ ជាទូ​ទៅ គេ​សង្កេត​ឃើញ​ថា ប្រជាធិបតេយ្យ​បាន​រីក​លូត​លាស់​ខ្លាំង​ខាង​ទ្រឹស្តី​ច្រើន​ជាង​ខ្លឹមសារ​ ពោលគឺ ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​រាប់​ទាំង​អ្នក​នយោបាយ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ផង​ បាន​ស្គាល់​ប្រជាធិបតេយ្យ ប៉ុន្តែ ពួកគេ​ហាក់​នៅ​មិន​ទាន់​ចេះ​ប្រើប្រាស់​ប្រជាធិបតេយ្យ​ឲ្យ​ត្រូវ​តាម​ ខ្លឹមសារ​ពិតប្រាកដ​របស់​វា​នៅ​ឡើយ។ អំពើ​ហិង្សា​មួយ​ឈុត​ទៀត ដែល​កើតឡើង កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​គឺ​ជា​ឧទាហរណ៍​ថ្មី​ទៀត​នៃ​ការ​ដើរ​ខុស​ពី​ គន្លង​ប្រជាធិបតេយ្យ។

អំពើហិង្សា រវាង​អាជ្ញាធរ និង​ពលរដ្ឋ នៅភ្នំពេញ នៅ​ថ្ងៃទី១៦ កក្កដា ឆ្នាំ ២០១៤។
អំពើហិង្សា រវាង​អាជ្ញាធរ និង​ពលរដ្ឋ នៅភ្នំពេញ នៅ​ថ្ងៃទី១៦ កក្កដា ឆ្នាំ ២០១៤។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ប្រទេស​កម្ពុជា​បាន​ប្រកាន់យក​របប​នយោបាយ​ប្រជាធិបតេយ្យ សេរី ពហុបក្ស ចាប់តាំងពី​ឆ្នាំ ១៩៩៣ មក។ របប​ប្រជាធិបតេយ្យ​មានន័យថា គឺជា​ការដឹកនាំ​ប្រទេស​ដោយ​គោរព​សិទ្ធិ​សម្រេច​​របស់​ប្រជាពលរដ្ឋ​ជាធំ។ គឺ​ក្នុងន័យ​នេះហើយ បានជា​សេរីភាព​ជួបជុំ​ធ្វើបាតុកម្ម សម្តែង​មតិ សេរីភាព​សារព័ត៌មាន និង​សេរីភាព​ក្នុងការ​បង្កើត​អង្គការ សមាគម ឬ​សហជីព​នានា​ត្រូវបាន​គេ​ចាត់ទុកជា​មូលដ្ឋានគ្រឹះ​ដើម្បី​ធានា​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ។

ប៉ុន្តែ ដើម្បី​ធានា​ឲ្យ​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន​ទាំងអស់នេះ​ប្រព្រឹត្តទៅ​ស្របតាម​ន័យ​ប្រជាធិបតេយ្យ​​ពិតប្រាកដ មាន​កត្តា​សំខាន់​ពីរ​ដែល​មិនអាច​ខ្វះ​បាន៖ ទី​១ គឺ​រដ្ឋាភិបាល​ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​មិន​ត្រឹម​តែ​ត្រូវ​ទទួល​យក​នូវ​គោលការណ៍​គោរព​សិទ្ធិ​សេរីភាព របស់​ប្រជាពលរដ្ឋ​ជា​ធំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ពួកគេ​ក៏​ត្រូវ​បង្ក​លក្ខណៈ​គ្រប់​បែប​យ៉ាង ដើម្បី​ធានា​ថា​សិទ្ធិ​សេរីភាព​ទាំងនោះ​ត្រូវ​បាន​គោរព​ទៀតផង។ ទី​២​គឺ ប្រជាពលរដ្ឋ ដែល​ជា​អ្នក​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ទាំងឡាយ ក៏​ត្រូវ​ចេះ​ប្រើប្រាស់​សិទ្ធិសេរីភាព​របស់​ខ្លួន​ក្នុង​ក្របខ័ណ្ឌ​ច្បាប់ និង​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ដែរ។

ប្រសិន​បើ​គេ​ក្រឡេកមើល​អ្វីដែល​កំពុង​កើត​មាននៅ​កម្ពុជា​បច្ចុប្បន្ន លក្ខខណ្ឌ​ទាំងពីរ​នេះ​នៅ​មិនទាន់​អាចបំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក​នៅឡើយ​ទេ។ អាជ្ញាធរ​រដ្ឋាភិបាល​តែង​ព្យាយាម​កម្រិត​សិទ្ធិសេរីភាព​របស់​ពល​រដ្ឋ​តាមរយៈ​ក្របខ័ណ្ឌគតិយុត្តិ​នានា​ផង និង​តាមរយៈ​វិធា​នា​ការជាក់ស្តែង​មួយចំនួន​ផង។ ចំណែកឯ​អ្នកប្រើប្រាស់​សេរីភាព​សម្តែង​មតិ​មួយចំនួន​វិញ​ក៏​នៅ​មិនទាន់បាន​ប្រើប្រាស់​សិទ្ធិ​ឲ្យ​បាន​ត្រឹមត្រូវ​នៅឡើយ​ដែរ។

តាមពិតទៅ ប្រសិនបើ​ទាំងអស់គ្នា​ឈរលើ​គោលការណ៍​ប្រជាធិបតេយ្យ​មែន ការជួបជុំ​សម្តែង​​មតិ គឺជា​រឿង​ដ៏​សាមញ្ញ​បំផុត​មួយ​ប៉ុណ្ណោះ។ អ្នកធ្វើ​បាតុកម្ម​គ្រាន់តែ​ចង់​សម្តែង​មតិ ឬ​ការតវ៉ា​ឲ្យ​អ្នកដឹកនាំ​បាន​លឺ​និង​ដោះស្រាយ​បញ្ហា​របស់​ពួកគេ។ ចំណែកឯ សមត្ថកិច្ច​វិញ​គ្រាន់តែ​ជួយ​សម្រួល​ដំណើរការ​បាតុកម្ម​និង​ជួយ​ការពារ​សន្តិសុខ​និង​សណ្តាប់ធ្នាប់​ជាការ​ស្រេច។ ប៉ុន្តែ នៅពេលដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​អ្នក​សម្តែង​មតិ សម្លឹងមុខ​គ្នា​ប្រៀប​ដូច​គូសត្រូវ បញ្ហា​ងាយ​នឹង​ផ្ទុះឡើង​ដោយ​ចៀស​មិន​ផុត។ អំពើហិង្សា​ដែល​តែង​កើត​ឡើងជា​ញឹកញាប់​រវាង​សមត្ថកិច្ច​និង​អ្នកធ្វើ​បាតុកម្ម​អាច​បញ្ជាក់​ពី​អំណះអំណាង​នេះ​បាន។

ជាការ​ពិតណាស់ ពាក្យ​ថា«ប្រជាធិបតេយ្យ»កំពុងតែ​ពេញនិយម​ខ្លាំង​ឡើង​ក្នុង​ឆាក​នយោបាយ​​កម្ពុជា។ ទាំង​បក្ស​កាន់អំណាច ទាំង​បក្សប្រឆាំង ទាំង​សង្គម​ស៊ីវិល និង​ពលរដ្ឋ​សាមញ្ញ សុទ្ធតែ​អះអាងថា​ស្រឡាញ់​ប្រជាធិបតេយ្យ និង​សុទ្ធ​តែ​ផ្តល់​សារសំខាន់ ដល់​របប​នយោបាយ​បែប​ថ្មី​នេះ។ ប៉ុន្តែ បើ​ពិនិត្យ​ជារួម ពាក្យ​ប្រជាធិបតេយ្យ​ត្រូវបាន​គេ​ស្គាល់​តែ​ទ្រឹស្តី​ច្រើនជាង​ខ្លឹមសារ។ ស្ថានភាព​នេះហើយ ដែល​ធ្វើ​ឲ្យ​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​តែង​ប្រែក្លាយ​ទៅជា​ហិង្សា​ទៅវិញ​ជា​ញឹកញាប់។

មាន​មូលហេតុ​ច្រើនយ៉ាង ដែល​បណ្តាល​ឲ្យ​ខ្លឹមសារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​អភិវឌ្ឍន៍​យឺត​ជាង​ទ្រឹស្តី។ មូលហេតុ​សំខាន់​ជាងគេ​គឺ​ផ្នត់គំនិត​ចាស់គំរឹល​របស់​អ្នកនយោបាយ ដែល​តែង​តែ​​ចាត់ទុក​ខ្លួនឯង​ថា​ជា​អ្នក​ដែលមាន​សិទ្ធិផ្តាច់មុខ​ក្នុងការ​សម្រេច​កិច្ចការ​ទាំងឡាយ​របស់​ប្រទេសជាតិ​នោះបាន​ដិតដាម​យ៉ាងជ្រៅ​នៅក្នុង​សង្គម​ខ្មែរ។ បើទោះជា​ដោយ​ចេតនា ឬ អ​ចេតនា​ក្តី ពួកគេ​ហាក់​ពិបាក​នឹង​បន្សាំ​ខ្លួន​ទៅនឹង​វប្បធម៌​នយោបាយ​ថ្មី​ដែល​ផ្តល់​សិទ្ធិសេរីភាព​ដល់​ប្រជាពលរដ្ឋ​ជាធំ។

ចំណែក​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ធ្លាប់តែ​ផ្ញើ​វាសនា​ទាំងស្រុង​ទៅលើ​អ្នកនយោបាយ​នោះ​ក៏​នៅ​មិនទាន់​ស៊ាំ​នឹង​វប្បធម៌​ប្រជាធិបតេយ្យ​នៅឡើយ​ដែរ ជាពិសេស​ទាក់ទង​នឹង​ការប្រើប្រាស់​សិទ្ធិ​សេរីភាព​របស់ខ្លួន​តែម្តង។ ដូច្នេះ ដើម្បី​លើកស្ទួយ​វប្បធម៌​ប្រជាធិបតេយ្យ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ទាំង​ទ្រឹស្តី និង​ខ្លឹមសារ​នឹង​មាន​ប្រយោជន៍​សម្រាប់​ប្រទេស​កម្ពុជា គ្រប់ភាគី​សុទ្ធ​តែមាន​ចំណែក​ចូលរួម​មិនអាច​ខ្វះ​បាន។

ការគោរព​ច្បាប់ គោរព​សិទ្ធិ​គ្នា​ទៅវិញទៅមក និង​ការទទួលខុសត្រូវ គឺជា​ស្នូល​នៃ​ដំណើរការ​ប្រជាធិបតេយ្យ។ បើ​ខ្វះ​កត្តា​មួយណា ការប្រឈមមុខ​ដាក់គ្នា​ឬ​រហូតដល់​កើតមាន​អំពើ​ហិង្សា​​នឹង​​កើតមាន​ដោយ​ពិបាក​ចៀសវាង។ នៅក្នុង​បរិបទ​កម្ពុជា​បច្ចុប្បន្ន ប្រជាធិបតេយ្យ​ដែលមាន​តម្លៃពិត​ប្រាកដ​គឺជា​ប្រជាធិបតេយ្យ​ដែល​បានមកពី​សុ​ឆន្ទៈ​របស់​អ្នកនយោបាយ​ផង​និង​សុ​ឆន្ទៈ​របស់​មហាជន​ខ្មែរ​ទូទៅ​ផង តែ​មិនមែន​ប្រជាធិបតេយ្យ​ដែល​ត្រូវ​ឆ្លងកាត់​ការបង្ហូរ​ឈាម និង​ការចំណាយ​ជីវិត​មនុស្ស​នោះឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ