អានតួអត្ថបទ
ភូមិសាស្រ្តនយោបាយ

ឥណ្ឌា និង អាស៊ី​អាគ្នេយ៍

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​​នេះ​​ហ្សង់-ហ្វ្រង់ស័រ​ តាន់ សូម​​បន្ត​​ពិនិត្យ​​មើល​​ទៅ​​លើ​​ស្ថានភាព​​ភូមិសាស្រ្ត​​នយោបាយ​​របស់​​ប្រទេស​​ឥណ្ឌា​​ត​​ទៅ​​ទៀត ដោយ​សូម​លើក​ឡើង​ពី​ទំនាក់​ទំនង​រវាង​ឥណ្ឌា​និង​អាស៊ី​អាគ្នេយ៍។

ទង់ជាតិ​ឥណ្ឌា និង​រូប​សញ្ញា​អាស៊ាន
ទង់ជាតិ​ឥណ្ឌា និង​រូប​សញ្ញា​អាស៊ាន រូបភាព​ឯកសារ
ផ្សាយពាណិជ្ជកម្ម

ទំនាក់​ទំនង​រវាង​ឥណ្ឌានិងអាស៊ីអាគ្នេយ៍​បាន​រីក​លូត​លាស់​ខ្លាំង ចាប់​ពី​ដើម​ទសវត្សរ៍​ទី​៩០​មក​តែ​ប៉ុណ្ណោះ ហើយ​វា​ប្រព្រឹត្ត​ទៅ​ជាពិសេស​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា​អាស៊ាន។

គំនិត​ផ្តួច​ផ្តើម​នៃ​ការ​ខិត​ចូល​ជិត​គ្នា​រវាង​ភាគី​ទាំង​ពីរ ពោល​គឺ​រវាង​ឥណ្ឌា​និង​អាស៊ាន ចេញ​មក​ជា​បឋម​ពី​ខាង​​ឥណ្ឌា។

ក្រោយ​ពី​សង្គ្រាម​ត្រជាក់​បាន​រលត់​រលាយ​បាត់​ទៅ និង​នៅ​ពេល​ដែល​ចិន​កំពុង​​លាត​សន្ធឹង​ឥទ្ធិពល​របស់​ខ្លួន​ចូល​មក​ក្នុងតំបន់​សមុទ្រ​ឥណ្ឌា ស្រាប់​តែ​ឥណ្ឌា​មាន​គំនិត​ចង់​ពង្រឹង​វត្តមាន​របស់​ខ្លួន​​នៅ​ភូមិភាគ​អាស៊ី​អាគ្នេយ៍។ នៅ​ក្នុង​ន័យ​នេះ ចាប់​ពី​ដើម​ទសវត្សរ៍​ទី​៩០​មក ទីក្រុងញូវដែលី(New Delhi) បាន​និង​កំពុង​បន្ត​អនុវត្ត​នូវ​អ្វី​ដែល​គេ​ប្រសិទ្ធ​នាម​ឱ្យ​ថា Look East Policy ឬ​នយោបាយ​សំដៅ​ទៅ​ទិស​ខាង​កើត

មែនទែន​ទៅ នយោបាយ​សំដៅ​ទៅ​ទិស​ខាង​កើត​នេះ វា​ឆ្លើយ​តប​ទៅ​នឹង​មហិច្ឆតា​របស់​ឥណ្ឌា​តាំង​ពី​ប្រទេស​មួយ​នេះ​ដណ្តើម​ឯករាជ្យ​បាន​ពី​អង់គ្លេស​មក​វិញ​នៅ​ឆ្នាំ​១៩៤៧​ម្ល៉េះ។ មហិច្ឆតា​នោះ គឺ​ការ​ចង់​ក្លាយ​ជា​មហា​អំណាច​មួយ ពីព្រោះ​នៅ​សម័យ​បូរាណ​កាល ឥណ្ឌា​មិន​មែន​ក្តាប់​បាន​ត្រឹម​តែ​តំបន់​អាស៊ី​ខាង​ត្បូង​ប៉ុណ្ណោះ​ទេ តែ​បាន​ទាំង​លាត​សន្ធឹង​ដោយ​សន្តិវិធី ឥទ្ធិពល​របស់​ខ្លួន​ចូល​ទៅ​ដល់​ភូមិភាគ​អាស៊ី​អាគ្នេយ៍​ទៀត​ផង ដូច​មាន​នៅ​សល់​វប្បធម៌​ឥណ្ឌាតរហូត​មក​ទល់​សព្វ​ថ្ងៃ​នៅ​ក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​ចំនួន ជា​ឧទាហរណ៍​ជាក់​ស្តែង​ស្រាប់។

នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​នយោបាយ​សំដៅ​ទៅ​ទិស​ខាង​កើតនេះ  ឥណ្ឌា​ចែចូវ​អាស៊ាន ក្លាយ​ជា​ដៃគូ​របស់​អាស៊ាន​នៅ​ឆ្នាំ​១៩៩៥ ចូល​រួម​ក្នុង​Forum​តំបន់​របស់​អាស៊ាន​(ARF) តាំង​ពី​ឆ្នាំ​២០០៦ មាន​វត្តមាន​នៅ​ក្នុង​ជំនួប​កំពូល​អាស៊ាន​និង​បណ្តា​ប្រទេស​ពាក់ព័ន្ធ​ តាំង​ពី​ឆ្នាំ​២០០២ និង​មាន​វត្តមាន​នៅ​ក្នុង​ជំនួបកំពូល​អាស៊ី​បូព៌ា​តាំង​ពី​ឆ្នាំ​២០០៥។ មិន​តែ​ប៉ុណ្ណោះ​ នាវា​នៃ​កងទ័ព​ជើង​ទឹក​របស់​ឥណ្ឌា​ធ្វើ​ចរាចរណ៍​និង​ល្បាត​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ទៀត​ផង។

ដូច​គ្នា​អ៊ីចឹង​ដែរ ឥណ្ឌា​ពង្រឹង​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ជាមួយ​អាស៊ាន ជាហេតុ​ធ្វើ​ឱ្យ​ទំហំ​នៃ​ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​រវាង​ភាគី​ទាំង​ពីរ​កើន​ឡើង​លឿន៖ ១៣​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០០៥ ៥៤​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១០ និង​ជាង​៧០​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១២។ មិន​តែ​ប៉ុណ្ណោះ នៅ​ឆ្នាំ​២០០៩ ​ឥណ្ឌានិងអាស៊ាន​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​បង្កើត​តំបន់​ផ្តោះប្តូរ​ពាណិជ្ជកម្ម​ដោយ​សេរី​មួយ ហើយ​តាម​ការ​គ្រោង​ទុក ការ​ផ្តោះប្តូរ​ជាក់ស្តែង​ដោយ​សេរី​បែប​នេះ​រវាង​ឥណ្ឌា​និង​អាស៊ាន​ទាំង​មូល នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ នៅ​ឆ្នាំ​២០១៦។
*

គឺ​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​នយោបាយ​សំដៅ​ទៅ​ទិស​ខាង​កើត​នេះ​ដូច​គ្នា ដែល​នៅ​ក្រោយ​គ្រោះ​រលក​យក្សស៊ូណាមី(​Tsunami) ឆ្នាំ​២០០៤ ឥណ្ឌា​បាន​ផ្តល់​ប្រាក់​៥០​ម៉ឺន​ដុល្លារ​ទៅ​ឱ្យ​ថៃ និង​បាន​បញ្ជូន​នាវា​មួយ​គ្រឿង​ប្រដាប់​ទៅ​ដោយ​មន្ទីពេទ្យ​ទៅ​កាន់​តំបន់អាឆេ(Aceh) នៃ​ប្រទេស​ឥណ្ឌូណេស៊ី។ ជំនួយ​ទាំង​នេះ ពិត​មែន​តែ​មាន​ទំហំ​តិចតួច​ស្តួច​ស្តើង តែ​វា​ជា​សញ្ញា​បង្ហាញ​នូវ​មហិច្ឆតា​របស់​ឥណ្ឌា​ក្នុង​ការ​លាត​សន្ធឹង​ឥទ្ធិពល​របស់​ខ្លួន​ចូល​មក​ក្នុង​ភូមិភាគ​អាស៊ី​អាគ្នេយ៍។

ទន្ទឹម​គ្នា​នឹង​ការ​ខិត​ជិត​ទៅ​រក​អាស៊ាន​ទាំង​មូល ឥណ្ឌា​ក៏​មាន​ទំនាក់​ទំនង​ដាច់​ដោយ​ឡែក ជាមួយ​សមាជិក​អាស៊ាន​មួយ​ក្រុម​ដែរ នៅ​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​អ្វី​ដែល​គេ​ហៅ​ថា កិច្ចសហប្រតិបត្តិការ​Mekong-Gange។ គឺ​ជា​គំនិត​ផ្តួចផ្តើម​មួយ​ដែល​បាន​កកើត​ឡើង​នៅ​ឆ្នាំ២០០០ និង​ដែល​ប្រមូល​ផ្តុំ​ដាក់​នៅ​ជុំ​វិញ​ឥណ្ឌា បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ចំនួន​៥ គឺភូមា ថៃ កម្ពុជា ឡាវ និង​វៀតណាម ដើម្បី​ធ្វើ​សហប្រតិបត្តិការ​រវាង​គ្នា​នៅ​លើ​វិស័យ​
វប្បធម៌ អប់រំ​ ទេសចរណ៍​ និង​ដឹក​ជញ្ជូន។

ជា​ទូទៅ​នយោបាយ​សំដៅ​ទៅ​ទិស​ខាង​កើត​របស់​ឥណ្ឌា​ត្រូវ​បាន​អាស៊ាន​ទទួល
ស្វាគមន៍។ អាស៊ាន​យល់​ថា ខ្លួន​មិន​អាច​មើល​រំលង​ឥណ្ឌា​បាន​ទេ ពីព្រោះ​ឥណ្ឌា​ជា​មហា​អំណាច​អាស៊ី​ខាង​ត្បូង​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ និង​ជា​មហា​ទីផ្សារ​មួយ​ដែល​មាន​ប្រជាជន​រហូត​ដល់​ទៅ​ជាង​១ ២០០​លាន​នាក់។ និយាយរួម ឥណ្ឌា​ជា​មហាយក្ស​អាស៊ី​មួយ​សម​ល្មម​នឹង​ដើរ​តួ​នាទី​ជា​នគរ​បាល​រក្សា​សន្តិសុខ​នៅ​ក្នុង​តំបន់​និង​មាន​មាឌ​ធំ​សម​ល្មម​នឹង​អាច​ធ្វើ​ឱ្យ​មហាយក្ស​ចិន​កោត​ខ្លាច។ អ៊ីចឹង​ហើយ បាន​ជា​ថ្នាក់​ដឹក​នាំ​អាស៊ី​អាគ្នេយ៍​ភាគ​ច្រើន​មើល​ឃើញ​ថា ការ​ពង្រឹង​ទំនាក់​ទំនង​ជាមួយ​ឥណ្ឌា​អាច​ជួយ​កាត់​បន្ថយ​ឥទ្ធិពល​របស់​ចិន អាច​ជួយ​រក្សា​លំនឹង​ភូមិសាស្រ្ត​នយោបាយ​នៅ​ក្នុង​តំបន់​និង​នៅ​ទី​បំផុត អាច​ជួយ​អាស៊ាន​កុំ​ឱ្យ​ពឹង​ពាក់​ចិន​ខ្លាំង​ជ្រុល​ពេក នៅ​លើ​វិស័យ
ពាណិជ្ជកម្ម សេដ្ឋកិច្ច ទូត​និង​នយោបាយ។

គឺ​នៅ​ក្នុង​បរិបទ​នេះ​ហើយ ដែល​នៅ​ឆ្នាំ​២០០៤ អាស៊ាន​និង​ឥណ្ឌា​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​ស្តី​ពី«ភាព​ជា​ដៃ​គូ ដើម្បី​សន្តិភាព​និង​វឌ្ឍនភាព​រួម»។ បើ​យោង​ទៅ​តាម​ក្រុម​អ្នក​សង្កេតការណ៍ កិច្ច​ព្រម​ព្រៀង​ជាមួយ​ឥណ្ឌា​មួយ​នេះ មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​កិច្ច​ព្រម​ព្រៀង​ស្តី​ពី​ភាព​ជា​ដៃគូ​យុទ្ធសាស្រ្ត​ដែល​អាស៊ាន​និង​ចិន​បាន​ចុះ​ហត្ថលេខា​នៅ​ឆ្នាំ​២០០៣។ ម្ល៉ោះ​ហើយ​វា​ជា​សញ្ញា​បង្ហាញ​ថា​ថ្នាក់ដឹកនាំ​អាស៊ាន​យក​ឥណ្ឌា​មក​ទប់​កុំ​ឱ្យ​ជញ្ជីង​ភូមិសាស្រ្ត​នយោបាយ​របស់​អាស៊ី​អាគ្នេយ៍​ផ្អៀង​ទៅ​ខាង​ចិនខ្លាំង​ពេក។

ដោយ​ឡែក គួរ​កត់​សម្គាល់​ថា តាំង​ពី​ដើម​ទសវត្សរ៍​ទី​៩០​មក អាស៊ាន​ឱប​រឹត​ឥណ្ឌា​ដោយ​គ្មាន​ការ​ភិត​ភ័យ ដ្បិត​ជា​ទូទៅ​ថ្នាក់​ដឹក​នាំ​អាស៊ី​អាគ្នេយ៍​សឹង​ទាំង​ស្រុង​ចាត់​ទុកឥណ្ឌា​ថា​ជា​មហា​អំណាច​ដ៏​ស្លូត​មួយ​ដែល​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​និង​ដែល​អនុវត្ត​អំណាច​ស្រទន់ Soft Power

នៅ​ក្នុង​បរិបទ​ប្រកប​ដោយ​អំណោយ​ផល​ល្អ​បែប​នេះ និង​ដោយសារ​មាន​ការ​ជួយ​ជំរុញ​ពី​សហរដ្ឋ​អាមេរិក​ទៀត​ផង ឥណ្ឌា​ច្បាស់​ជា​នឹង​បន្ត​ពង្រឹង​ទំនាក់​ទំនង​ជា​មួយ​អាស៊ាន​នៅ​គ្រប់​វិស័យ ត​ទៅ​ថ្ងៃ​មុខ។ ប៉ុន្តែ នយោបាយ​សំដៅ​ទៅ​អាស៊ី​អាគ្នេយ៍ របស់​ឥណ្ឌា​នឹង​ច្បាស់​ជា​មាន​កម្រិត​និង​ខ្វះ​សន្ទុះ​ក្លៀវ​ក្លា ដោយហេតុតែ​នៅ​ក្នុង​ភូមិភាគ​នេះ មាន​ឥទ្ធិពល​ខ្លាំង​ជ្រុល​ពេក​ទៅ​ហើយ​របស់​មហាយក្ស​ចិន ជា​អាទិ៍​នៅ​ភូមា កម្ពុជា និង​ឡាវ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ