អានតួអត្ថបទ
កម្ពុជា

ជនរង​គ្រោះ​២​នាក់​ដំបូង​បាន​ស្លាប់​ដោយសារ​គ្រោះ​ទឹក​ជំន​ន់​ឆ្នាំ២០១៤​នេះ​

គិត​ត្រឹម​រសៀល​ថ្ងៃ​សៅ​រ៍ទី២សីហា​នេះ យ៉ាងហោចណាស់​មនុស្ស២នាក់​ហើយ បាន​ស្លាប់ បាត់បង់ជីវិត ដោយសារតែ​គ្រោះទឹកជំនន់។ ផលប៉ះពាល់​បានកើត​មាន​ហើយ​ដោយសារតែ​ទឹកជំនន់ តែ​មិនទាន់មាន​ការខូចខាត​ធ្ងន់ធ្ងរ​នៅឡើយ​ទេ ខណៈដែល​កំរិត​កម្ពស់​ទឹក​នៅ​ខេត្ត​ស្ទឹងត្រែង​ ​បាន​កើន​ហួស​ពី​កំរិត​ប្រកាសអាសន្ន។

ផ្លូវ​ថ្នល់អន្តរាយដោយសារ​ទឹកជំនន់(រូបភាពឯកសារ)
ផ្លូវ​ថ្នល់អន្តរាយដោយសារ​ទឹកជំនន់(រូបភាពឯកសារ) RFI/Nhim Sophal
ផ្សាយពាណិជ្ជកម្ម

ជនរងគ្រោះ​ដែល​ស្លាប់​ដោយ​ទឹកជំនន់​ដំបូង​នៅ​ឆ្នាំ២០១៤នេះ ម្នាក់​គឺជា​បុរស​អាយុ៣៤ឆ្នាំ​រស់នៅក្នុង​ស្រុក​ព្រែក​ប្រសព្វ​ ខេត្តក្រចេះ និង​ម្នាក់ទៀត​បុរស​អាយុ៦៤ឆ្នាំ រស់នៅក្នុង​ស្រុក​ស្អាង​ខេត្តកណ្តាល។ នេះ​បើតាម​ការបញ្ជាក់​អោយដឹងពី​លោក ញឹម វណ្ណដា អនុប្រធាន​ទី១អាជ្ញាធរ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ។

លោក ញឹម វណ្ណដា ដែល​កំពុងធ្វើដំណើរ​តាម​រថយន្ត​ឆ្ពោះទៅកាន់​ខេត្តកំពង់ចាម ក្រចេះ និង​ខេត្ត​ស្ទឹង​ត្រៀ​ង​ដើម្បី​ពិនិត្យមើល​ពី​ស្ថានភាព​ទឹកជំនន់​នៅ​ថ្ងៃ​សៅ​រ៍នេះ បានអោយដឹងថា ផលប៉ះពាល់​បានកើត​មាន​ហើយ ដូចជា​លំនៅស្ថាន​និង​ផលដំណាំ​របស់​ប្រជាពលរដ្ឋ​ជាដើម ប៉ុន្តែ​វា​មិនទាន់មាន​ការខូចខាត​ធ្ងន់ធ្ងរ​នៅឡើយ​ទេ ហើយ​អាជ្ញាធរ​កំពុង​ត្រៀម​ជំលៀស​ប្រជាពលរដ្ឋ​នៅ​តំបន់​ដែល​រងគ្រោះ​ខ្លាំង។

គិត​ត្រឹម​ថ្ងៃទី២សីហា​នេះ ស្ថានភាព​ទឹក​នៅតាម​ដង​ទន្លេមេគង្គ​លើ បាន​កើនឡើង​ខ្លាំង​នៅក្នុង​ខេត្ត​ចំនួន២ គឺ​ខេត្តស្ទឹងត្រែង និង​ខេត្តក្រចេះ។ សំរាប់​ខេត្តស្ទឹងត្រែង ទឹកបាន​ហក់​ឡើងដល់​កំរិត១១ម៉ែត្រ លើសពី​កំរិត​ប្រកាសអាសន្ន១០.៧។ រីឯ​នៅ​ខេត្តក្រចេះ កម្ពស់​ទឹក​ក៍បាន​ហក់​ឡើងដល់២១.៣៨ ខណៈ​កំរិត​ទឹក​ប្រកាសអាសន្ន២២ម៉ែត្រ។ ចំណែកឯ​នៅ​ខេត្តកំពង់ចាម​វិញ ទឹក​អាច​នឹងត្រូវ​ប្រកាសអាសន្ន​នៅ​រយៈពេល២ថ្ងៃ​ទៀត។

ក្រសួង​ធនធានទឹក និង​ឧ​ត្តុ​និយម កាលពី​ថ្ងៃទី១សីហា បាន​ជូនដំណឹង​ស្តីពី​ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា ក្នុងនោះ​ក្រសួង​បានអោយដឹងថា ចាប់ពី​ថ្ងៃទី២សីហា​នេះ​តទៅ រហូតដល់​ថ្ងៃទី៧សីហា ប្រទេស​កម្ពុជា​នឹងរង​សម្ពាធ​ទាប​មួយទៀត​ដែល​បានកើត​ឡើង​នៅលើ​ប្រទេស​ឡាវ និង​ប្រទេស​វៀតណាម​ភាគ​កណ្តាល ដែលមាន​ឥទ្ធិពល​លើ​តំបន់​អាង​ទន្លេមេគង្គ និង​កម្ពុជា។

បើតាម​ក្រសួង​ដដែល ការបន្ត​ធ្លាក់ភ្លៀង​នៅតាម​បណ្តា​ខេត្ត​ដូចនេះ គួបផ្សំ​ជាមួយនឹង​ខ្យល់​មូសុង​​និរតី​ខ្លាំង នឹង​អាច​បង្កអោយមាន​ទឹកជំនន់​ទឹកភ្លៀង​នៅ​តំបន់​មួយចំនួន ពិសេស​តំបន់​ទំនាប​នៅក្នុង​ខេត្ត​ដែល​នៅជាប់​នឹង​ផ្លូវទឹក និង​កំណាត់​ផ្លូវជាតិ​លេខ៤ ដែល​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ស្រុក​កំពង់​សិលា ​ខេត្ត​ព្រះសីហនុ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ