អានតួអត្ថបទ
កម្ពុជា

សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​មាន​ស្ត្រី​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​កំពូល​នៃ​រដ្ឋសភា

គណៈកម្មាធិការ​លើកស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ ​និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា បានចេញ​សេចក្តីអំពាវនាវ​មួយ​នៅ​ថ្ងៃ​ចន្ទ​នេះ ​ដោយ​ជំរុញ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​យកចិត្តទុកដាក់​ចំពោះ​បេក្ខភាព​ស្ត្រី​ក្នុង​ជួរ​ក្បាលម៉ាស៊ីន​ដឹកនាំ​រដ្ឋសភា។ សេចក្តីអំពាវនាវ​នេះ​បាន​ធ្វើឡើង​ បន្ទាប់ពី​ក្រុម​សង្គម​ស៊ីវិល​ទាំងនោះ​មើលឃើញថា ក្បាល​ម៉ាស៊ីន​​ដឹកនាំ​​រដ្ឋសភា​ក្នុង​អាណត្តិ​ទី៥នេះ​ មាន​សមាសភាព​សុទ្ធតែ​បុរស។

រដ្ឋសភាជាតិបើកកិច្ចប្រជុំកាលពីពេលកន្លងទៅ
រដ្ឋសភាជាតិបើកកិច្ចប្រជុំកាលពីពេលកន្លងទៅ Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

មួយថ្ងៃ​មុននឹង​រដ្ឋសភា​បើក​កិច្ចប្រជុំ​ដើម្បី​បោះឆ្នោត​ជ្រើសរើស​សមាសភាព​ក្បាលម៉ាស៊ីន​ដឹកនាំ​របស់ខ្លួន គណៈកម្មាធិការ​លើកស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​សរុប​ចំនួន១២អង្គភាព​បានស្នើ​រដ្ឋសភា ជាពិសេស​គណបក្ស​ប្រជាជន​កម្ពុជា​ឲ្យ​ជ្រើសរើស​បេក្ខភាព​ស្ត្រី ក្នុង​ជួរ​ថ្នាក់ដឹកនាំ​សភា។ នៅក្នុង​សេចក្តីថ្លែងការណ៍​រួមគ្នា​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ចន្ទ​ទី ២៥ សីហា​នេះ អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ ទាមទារ​ឲ្យ​រដ្ឋសភា​បោះឆ្នោត​ជ្រើសរើស​បេក្ខភាព​ស្ត្រី ឬ​ការរក្សា​បេក្ខភាព​លោកស្រី ឃួន សុ​ដា​រី ជា​អនុប្រធាន​ទី២ នៃ​រដ្ឋសភា​ដដែល។ 

ផ្អែកលើ​លទ្ធផល​នៃ​កិច្ចព្រមព្រៀង​ថ្ងៃទី២២ខែកក្កដា ឆ្នាំ២០១៤ រវាង​ថ្នាក់ដឹកនាំ​កំពូល​នៃ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ តំណែង​ដឹកនាំ​កំពូល​ដែល​រួមមាន​ប្រធាន​និង​អនុប្រធាន​ទី២អាណត្តិ​ទី៥នេះ​នឹងត្រូវ​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ចំណែកឯ​អនុប្រធាន​ទី១រដ្ឋសភា​គ្រប់គ្រង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ។ តាម​ការគ្រោងទុក ប្រធានរដ្ឋសភា​នៅតែ​ជា​លោក ហេង សំរិន ដដែល ចំណែកឯ​អនុប្រធាន​ទី១គឺ​លោក កឹម សុខា និង​អនុប្រធាន​ទី២គឺ​លោក ងួន ញ៉ិល ។

បើ​គ្មានអ្វី​ប្រែប្រួល​ទេ សមាសភាព​ក្បាលម៉ាស៊ីន​ដឹកនាំ​រដ្ឋសភា និង​សមាសភាព​ដឹកនាំ​គណៈកម្មការ​សភា​ទាំង១០នឹងត្រូវ​រដ្ឋសភា​បោះឆ្នោត​អនុម័ត​នៅ​ថ្ងៃ​អង្គារ​ទី ២៦ សីហា​នេះ។ មិន​ត្រឹមតែ​គ្មាន​បេក្ខភាព​ស្ត្រី​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​កំពូល​ប៉ុណ្ណោះ​ទេ សូម្បីតែ​សមាសភាព​ដឹកនាំ​គណៈកម្មការ​ទាំង ១០ របស់​រដ្ឋសភា​ក៏មាន​វត្តមាន​បុរស​យ៉ាង​លើសលប់​ដែរ។

គួរ​បញ្ជាក់ថា ចំនួន​ស្ត្រី​ក្នុង​រដ្ឋសភា​បាន​កើន​ឡើងជា​លំដាប់​ចាប់តាំងពី​ឆ្នាំ ១៩៩៣ រហូតដល់​ឆ្នាំ ២០០៨ ប៉ុន្តែ ការបោះឆ្នោត​សភា​ចុងក្រោយ​កាលពី​ខែកក្កដា​ឆ្នាំ ២០១៣ ចំនួន​ស្ត្រី​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​បាន​ធ្លាក់ចុះ​វិញ​ពោលគឺ​នៅ​លស់​តែ២៥នាក់​ឬ​ស្មើ ២០ ភាគរយ​ប៉ុណ្ណោះ​នៃ​ចំនួន​សមាជិកសភា ១២៣ នាក់។

សង្គម​ស៊ីវិល​បាន​ហៅ​ការថយចុះ​ចំនួន​ស្ត្រី​ក្នុង​នយោបាយ​នេះ​ថា​ជា​បរាជ័យ​នៃ​គោលនយោបាយ​លើកស្ទួយ​ស្ត្រី​របស់​រដ្ឋាភិបាល​ក៏ដូចជា​របស់​គណបក្ស​នយោបាយ​ដែរ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ