អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ហេតុអ្វី​បាន​ជា​ខ្មែរ​មិន​សូវ​ឲ្យ​តម្លៃ​អក្សរ​និង​ភាសា​ជាតិ​​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ត​ពី​សប្ដាហ៍​មុន នៅ​សប្ដាហ៍​នេះ អ៊ឹម រចនា នឹង​សាកល្បង​សិក្សា​ពី​មូលហេតុ​ដែល​ខ្មែរ មិនសូវ​ឲ្យ​តម្លៃ និង​មិនសូវ​និយម​ប្រើប្រាស់​អក្សរ​និង​ភាសាជាតិ​របស់ខ្លួន។

RFI-monika
ផ្សាយពាណិជ្ជកម្ម

នៅ​កម្ពុជា ពលរដ្ឋ​មួយចំនួន ជាពិសេស​យុវជន​សម័យ​សន្តិភាព មិនសូវ​និយម​ប្រើប្រាស់​អក្សរ​និង​ភាសាជាតិ​របស់ខ្លួន​ទេ។ ជារឿយៗ គេ​តែងតែ​បានលឺ​យុវជនក្មេងៗ ដែល​កើត ធំធាត់ ព្រមទាំង​កំពុង​រស់នៅ​ប្រទេស​កម្ពុជា និយាយ​ភាសាបរទេស ដូចជា​អង់គ្លេស​និង​ចិន​ជាដើម ជំនួស​ឲ្យ​ភាសា​ខ្មែរ​ដែលជា​ភាសាជាតិ។ មិនសូវ​ប្រើប្រាស់​អក្សរ​និង​ភាសា​ខ្មែរ​ជា​រឿង​មួយ ប៉ុន្តែ​ការមិន​ឲ្យ​តម្លៃ​ចំណេះដឹង​ភាសា​ខ្មែរ គឺជា​រឿង​មួយទៀត។ នៅក្នុង​ការសិក្សា ព្រមទាំង​ការរស់នៅ​ប្រចាំថ្ងៃ ប្រសិនបើ​គេ​មិន​ច្បាស់​ថា ពាក្យពេចន៍​ក្នុង​ភាសាបរទេស​ណាមួយ​ត្រឹមត្រូវ​ឬ​អត់ គេ​នឹង​រត់ទៅរក​វចនានុក្រម។ ប៉ុន្តែ​នៅក្នុង​ការប្រើប្រាស់​ភាសា​ខ្មែរ ដែលជា​ភាសាជាតិ ជា​ភាសា​កំណើត​របស់ខ្លួន​វិញ ពលរដ្ឋ​ខ្មែរ​បែរជា​មិន​ចាប់អារម្មណ៍ ខ្វាយខ្វល់ ពិនិត្យពិច័យ​អ្វី​ទាំងអស់។

 
តើ​ហេតុអ្វី​បានជា​ពលរដ្ឋ​ខ្មែរ ជាពិសេស​យុវជន និយម​ប្រើប្រាស់​ភាសាបរទេស? តើ​ហេតុអ្វី​បានជា​ខ្មែរ មិនសូវ​ឲ្យ​តម្លៃ និង​មិន​និយម​ប្រើប្រាស់​ភាសាជាតិ​របស់ខ្លួន?

ដើម្បី​ឆ្លើយ​នឹង​សំណួរ​ទាំងនេះ គេ​ត្រូវ​ស្វែងយល់​ពី​បញ្ហា​មួយចំនួន។ ទី១ គឺ​កង្វះ​សៀវភៅ​និង​ឯកសារ​ជា​ភាសា​ខ្មែរ។ សព្វថ្ងៃ សៀវភៅ​ជំនាញ និង​ឯកសារ​បច្ចេកទេស ដែល​សរសេរ​និង​បោះពុម្ពផ្សាយ​ជា​ភាសាជាតិ នៅមាន​បរិមាណ​តិចតួច​នៅឡើយ។ នៅក្នុង​បរិមាណ​ដ៏​តិចតួច​នោះ ឯកសារ​ដែលមាន​គុណ​ភាព និង​ទាន់សម័យ ក៏​កាន់តែ​តិចតួចស្ដួចស្ដើង​ទៅទៀត។ ដោយសារតែ​ហេតុនេះ និស្សិត​បញ្ញវ័ន្ត​ខ្មែរ ត្រូវ​បង្ខំចិត្ត​ស្វែងរក​ឯកសារ​បរទេស​បន្ថែម ដើម្បី​បំពេញតម្រូវការ​របស់​ខ្លួន។ ការប្រើប្រាស់​ភាសាបរទេស​ភាគច្រើន​លើសលុប នៅក្នុង​ការសិក្សា បាន​បង្កើតជា​ទម្លាប់​ប្រើប្រាស់​ភាសាបរទេស​នៅក្នុង​ជីវភាព​ប្រចាំថ្ងៃ​តែម្ដង។

ទី២ គឺ​ឱកាស​ការងារ។ ពេល​ជ្រើសរើស​បុគ្គលិក​ឲ្យ​ចូលធ្វើការ នៅ​កន្លែង​ការងារ​ភាគច្រើន​លើសលុប បានផ្ដល់​អាទិភាព​ដល់​អ្នក​ដែលមាន​ចំណេះដឹង​ភាសាបរទេស ជាង​ភាសា​ខ្មែរ​ទៅវិញ។ នៅតាម​អង្គការ ឬ​ក្រុមហ៊ុន​ឯកជន​មួយចំនួនទៀត ប្រើប្រាស់​ភាសាបរទេស​នៅក្នុង​ការ​ប្រា​ស័​យ​ទាក់ទង​គ្នា​នៅក្នុង​ស្ថាប័ន​តែម្ដង។ ម្ល៉ោះហើយ និស្សិត​ខ្មែរ​បាន​ប្រឹងប្រែង​សិក្សា​ភាសាបរទេស ជាពិសេស​ភាសា​អង់គ្លេស ចិន ជប៉ុន កូរ៉េ និង​បារាំង​ជាដើម ដើម្បី​ទទួលបាន​អាទិភាព​ក្នុង​ទីផ្សារការងារ។

ទី៣ គឺ​កង្វះ​ការផ្សព្វផ្សាយ​ពាក្យចាស់ និង​បង្កើត​ពាក្យថ្មី។ នៅក្នុង​សង្គម​ខ្មែរ ដែល​ពលរដ្ឋ​មិនសូវ​និយម​ប្រើប្រាស់​អក្សរ​និង​ភាសាជាតិ​របស់ខ្លួន ការប្រើប្រាស់​ពាក្យពេចន៍ និង​អក្ខរាវិរុទ្ធ តែងតែ​ជួប​វិបត្តិ។ ដោយសារតែ​វិបត្តិ​នេះហើយ ទើប​គណៈកម្មាធិការ​ជាតិ​ភាសា​ខ្មែរ សម្រេច​ឲ្យ​ប្រើប្រាស់​អក្ខរាវិរុទ្ធ​តាម​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត។ យ៉ាងណាក៏ដោយ បញ្ហា​នៅតែ មាន។ អ្នកខ្លះ​ប្រើពាក្យ​ខុស តែ​យល់ថា​ខ្លួនឯង​ប្រើ​ត្រូវ។ ឯ​អ្នក​ខ្លះទៀត​ដែល​ដឹង​អំពី​ពាក្យពេចន៍​ត្រឹមត្រូវ​ហើយ តែ​មិន​ហ៊ាន​ប្រើ ព្រោះ​ខ្លាច​អ្នកដទៃ​សើចចំអក​ឲ្យ។ ជាក់ស្ដែង ដូចជា​ពាក្យ «ឃាតៈ​កៈ» ដែល​មានន័យថា អ្នក​ធ្វើឃាត អ្នក​សម្លាប់។ «ឃាតៈ​កៈ» ជា​ពាក្យ​កម្ចី​ពី​ភាសាបាលី​ ដែល​មាន​​កត់​ត្រា​​ក្នុង​​វចនានុក្រម​សម្ដេច​ព្រះសង្ឃ​រាជ​​ ជួន​ ណាត​។​ ប៉ុន្តែ​សព្វថ្ងៃ​ ដើម្បី​​សំដៅ​ដល់​អ្នក​ធ្វើឃាត អ្នក​សម្លាប់​នេះ ជនជាតិខ្មែរ​បែរជា​ប្រើប្រាស់​ពាក្យ «ឃាតករ» ទៅវិញ ដែល​ពាក្យ​នេះ គ្មាន​នៅក្នុង​វចនានុក្រម​នោះទេ។ គ្មាន​នៅក្នុង​វចនានុក្រម ជា​រឿង​មួយ ប៉ុន្តែ​ប្រសិនបើ​ពាក្យ «ឃាតករ» នេះ ត្រូវបាន​គេ​ប្រើប្រាស់​ជាទូទៅ​ទៅហើយ ហេតុអ្វី​បានជា​ស្ថាប័ន​ពាក់ព័ន្ធ មិន​ប​ញ្ជូ​ល​ពាក្យ​នេះ​ទៅក្នុង​វចនានុក្រម?

និយាយ​ពី​ការបញ្ចូល​ពាក្យ​ទៅក្នុង​វចនានុក្រម គេ​ចាំបាច់​ត្រូវ​លើកឡើង​ផងដែរ ពី​ការបង្កើត​ពាក្យថ្មី។ នៅពេលដែល​ពិភពលោក​វិល​ទៅមុខ​មិន​ឈប់ ពាក្យថ្មីៗ ក៏​កើតមាន​ជា​បន្តបន្ទាប់។ វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត ដែល​បានសម្រេច​បោះពុម្ពផ្សាយ​តាំងពី​ឆ្នាំ ១៩៦៨ នៅតែ​ជា​សៀវភៅ​គោល​អក្សរសាស្ត្រ ដែល​ខ្មែរ​ប្រើប្រាស់​នៅ​ឆ្នាំ២០១៥នេះ។

វចនានុក្រម​ខ្មែរ​នេះ មាន១ពាន់៨រយ៨៨ទំព័រ ប្រជុំ​ទៅដោយ​មេពាក្យ វេយ្យាករណ៍ និង​ក្បួនខ្នាត​នានា សម្រាប់​ពង្រីក​ភាសា និង​អក្សរសាស្ត្រ​ខ្មែរ។ រហូតមកទល់​ពេលនេះ មាន​ពាក្យ​តិចតួច​បំផុត ដែល​ត្រូវបាន​បង្កើត​ថ្មី។ ហើយ​ពាក្យ​ដែល​បង្កើត​ថ្មី​ទៀតសោត ក៏​មិនបាន​ផ្សព្វ ផ្សាយ​ឲ្យ​បាន​ទូលំទូលាយ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ស្វែងយល់ និង​ប្រើប្រាស់​ជា​សាធារណៈ​នោះទេ។

សម្ដេចព្រះសង្ឃរាជ ជួន ណាត ដែល​បាន​ចំណាយពេល​អស់៥៣ឆ្នាំ​ដើម្បី​បង្កើត​វចនានុក្រម​ខ្មែរ បាន​សរសេរ​នៅក្នុង​និទាន​ក​ឋា​ថា វចនានុក្រម​ខ្មែរ​ទាំងពីរ​ភាគ ដែល​បោះពុម្ព​គ្រា​ទី៥នោះ បើ​ប្រៀបធៀប​ទៅនឹង​ផ្លូវ ក៏មាន​ឋានៈ​ត្រឹម​ប្រហែល​នឹង​ថ្នល់​លំ ដែល​បាន​ចាក់​រាយ​ក្រួស​បាយ​ក្រៀម​ស្ដើងៗប៉ុណ្ណោះ។ ពុំទាន់​មាន​ឋានៈ​ស្មើនឹង​ថ្នល់​ដែល​ចាក់​ជ័រ​យ៉ាង​ក្រាស់​រលើបរលង់​នៅឡើយ​ទេ។ ក្នុង​អនាគតកាល​មិនយូរ​ឆ្នាំ​ប៉ុន្មាន ទើប​អាច​នឹង​ឡើង​ឋានៈ​ស្មើនឹង​ថ្នល់​ចាក់​ជ័រ​រលង់​រលើប​ពុំខាន​ឡើយ។ ប្រសិនបើ​សម្ដេចព្រះសង្ឃរាជ ជួន ណាត មាន​ព្រះជន្ម​គង់នៅ​ដល់​សព្វថ្ងៃនេះ ព្រះអង្គ​ទ្រង់​ប្រហែលជា​តូច​ព្រះទ័យ​ខ្លាំងណាស់ ពេល​ឃើញ​អក្សរសាស្ត្រ​ខ្មែរ​កំពុង​ជួប​វិបត្តិ​រអិល​ធ្លាក់​ជ្រោះ​ដូច្នេះ។

ថ្វីត្បិតតែ​ភាសាបរទេស​ផ្ដល់ឱកាស និង​ផលប្រយោជន៍​មហិមា​ដល់​អ្នកប្រើប្រាស់​យ៉ាង​ណា​ក៏​ដោយ ក៏​ពលរដ្ឋ​ខ្មែរ​មិនគួរ​បំភ្លេច​ភាសា​និង​អក្សរ​របស់ខ្លួន​ដែរ។ ភាសា​និង​អក្សរ គឺជា​អត្តសញ្ញាណ​ គឺជា​ព្រលឹង​ជាតិខ្មែរ។ ខ្មែរ​មានសំណាង​ដែលមាន​ភាសា​និង​អក្សរ​ជា​របស់ខ្លួន។ ដូច្នេះ ពលរដ្ឋ​ខ្មែរ​មិនត្រូវ​បំភ្លេច អ្វី​ដែលជា​អត្តសញ្ញាណ​របស់ខ្លួន​ឡើយ។ ដូចគ្នា​ដែរ ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​គណៈកម្មាធិកា​រ​ជាតិ​ភាសា​ខ្មែរ ប្រហែលជា​ត្រូវធ្វើ​ការងារ​ច្រើន​ជាង​​សព្វថ្ងៃនេះ​ទៀត ដើម្បី​កុំ​ឲ្យ​វិបត្តិ​ភាសា​និង​អក្សរ​ខ្មែរ រីក​ធំធាត់​កាន់តែខ្លាំង រហូតដល់​ស្រោចស្រង់​លែង​បាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ