អានតួអត្ថបទ
កម្ពុជា

ការ​តវ៉ា​ជំទាស់​ផ្ទុះឡើង​​ប្រឆាំង​នឹង​ការ​មិនបន្ត​ទិដ្ឋាការ​ដល់​លោក​ Alex សកម្មជន​ការពារ​តំបន់​អារ៉ែង ​

បន្ទាប់ពីក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​ថា នឹង​មិន​បន្ត​ទិដ្ឋាការ​ដល់​លោក Alex សកម្មជន​ការពារ​តំបន់​អារ៉ែង​មក ការ​តវ៉ា​ជំទាស់​បាន​ផ្ទុះ​ឡើង​ជា​បន្ត​បន្ទាប់​។ ឥឡូវ សកម្មភាព​ផុសផុល​មាន​នៅ​លើ​បណ្ដាញ​សង្គម​។ ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ សន្និសីទ​កាសែត ក៏​ដូច​ជា​សកម្មភាព​តវ៉ា​ជំទាស់​ផ្សេង​ទៀត ត្រូវ​គេ​គ្រោង​ធ្វើ​ឡើង ដើម្បី​ប្រឆាំង​នឹង​ការ​និរទេស​ជន​ជាតិ​អេស្ប៉ាញ​រូប​នេះ​ពី​កម្ពុជា ក៏​ដូច​ជា​បង្ហាញ​ជំហរ​គាំទ្រ​លោក Alex ឲ្យ​ស្នាក់​​​នៅ​ក្នុង​ស្រុក​ខ្មែរ​បន្ត​ទៅ​ទៀត​។

លោក Alex Gonzalez-Davidson ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ
លោក Alex Gonzalez-Davidson ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ Alex Gonzalez-Davidson
ផ្សាយពាណិជ្ជកម្ម

ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ព័ត៌មាន​អំពី​ការ​និរទេស​បុរស​ជន​ជាតិ​អេស្ប៉ាញ​ម្នាក់ គឺ​លោក Alex Gonzalez Davidson ចេញ​ពី​ប្រទេស​កម្ពុជា​។ លោក Alex Gonzalez Davidson ជា​សកម្មជន​ការពារ​តំបន់​អារ៉ែង​ដ៏​សកម្ម​ម្នាក់​។ នៅ​តាម​បណ្ដាញ​សង្គម អ្នក​ប្រើ​ប្រាស់​បាន​ចែក​រំលែក​ត​ៗ​គ្នា នូវ​សារ​ប្រឆាំង​នឹង​ការ​សម្រេច​និរទេស​លោក Alex។ អ្នក​ខ្លះ​ថែម​ទាំង​បាន​ដាក់​រូប​លោក Alex នៅ​លើ​ទំព័រ​របស់​ខ្លួន​ថែម​ទៀត​ផង​។ ចំណែក​នៅ​លើ​ទំព័រ​កាសែត ក៏​មាន​ផង​ដែរ ប្រតិកម្ម​ពី​អ្នក​វិភាគ អ្នក​នយោបាយ ក៏​ដូច​ជា​អ្នក​ច្បាប់ អំពី​ការ​និរទេស​នេះ​ផង​ដែរ​។

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៦​កុម្ភៈ​នេះ លោក Alex Gonzalez Davidson បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​ថា លោក​នៅ​សល់​ពេល​៤​ថ្ងៃ​ទៀត មុន​នឹង​ក្លាយ​ទៅ​ជា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​នៅ​កម្ពុជា​។ ហើយ​ដើម្បី​ឆ្លើយ​តប​នឹង​ការ​សម្រេច​មិន​បន្ត​ទិដ្ឋាការ​ដល់​រូប​លោក​នា​ពេល​នេះ លោក Alex អះអាង​ថា សកម្មភាព​តវ៉ា​ជំទាស់​នឹង​ធ្វើ​ឡើង​នា​ពេល​ពីរ​បី​ថ្ងៃ​ខាង​មុខ​។ ប៉ុន្តែ​លោក​បដិសេដ​មិន​ប្រាប់​ថា ជា​សកម្មភាព​អ្វី និង​ធ្វើ​ឡើង​នៅ​ពេល​ណា​ឲ្យ​ប្រាកដ​នោះ​ទេ​។

ទន្ទឹម​នឹង​គម្រោង​តវ៉ា​របស់​លោក Alex បណ្ដាញ​ព្រះ​សង្ឃ​ឯករាជ្យ​ដើម្បី​យុត្តធម៌​សង្គម រួម​គ្នា​ជា​មួយ​បណ្ដាញ​យុវជន​ចំនួន​៣​ផ្សេង​ទៀត រៀប​ចំ​សន្និសីទ​កាសែត​មួយ នៅ​ថ្ងៃ​ទី​១៨​ខែ​កុម្ភៈ ស្ដី​ពី​ការ​បដិសេធ​មិន​ផ្ដល់​ទិដ្ឋាការ​ឲ្យ​លោក​ Alex​។ បើ​តាម​សេចក្ដី​ជូន​ដំណឹង គោល​បំណង​នៃ​​សន្និសីទ​កាសែត​នេះ គឺ​ដើម្បីប្រឆាំង​នឹង​សេចក្ដី​សម្រេច​របស់​ក្រសួង​មហាផ្ទៃ។ និង​ដើម្បី​បង្ហាញ​ជំហរ​គាំទ្រ​លោក Alex ឲ្យ​ស្នាក់​នៅ​បន្ត​នៅ​ក្នុង​ស្រុក​ខ្មែរ ដើម្បី​ចូល​រួម​ចំណែក​ការពារ​ធនធាន​ធម្មជាតិ​របស់​ខ្មែរ​។

គួរ​ជម្រាប​ជូន​ថា លោក Alex Gonzalez Davidson ជា​ជន​ជាតិ​អេស្ប៉ាញ ដែល​បាន​មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជាង​១០​ឆ្នាំ​មក​ហើយ​។ បុរស​អេស្ប៉ាញ​ដែល​ចាត់​ទុក​ខ្លួន​ឯង​​ជា​ជន​ជាតិ​ខ្មែរ​រូប​នេះ បាន​ធ្វើ​សកម្មភាព​តវ៉ា​ប្រឆាំង​យ៉ាង​មុះមុត មិន​​ឲ្យ​មាន​​ការ​សាង​សង់​​វារី​អគ្គីសនី​នៅ​តំបន់​អារ៉ែង ខេត្ត​កោះកុង​ឡើយ​។ បើ​តាម​សកម្មជន​រូប​នេះ ការ​សាង​សង់​វារី​អគ្គីសនី​នៅ​អារ៉ែង ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​​ដីព្រៃ ចម្ការ និង​ស្រែ​របស់​ប្រជាជន​រហូត​ដល់​ទៅ​២​ម៉ឺន​ហិចតា។ ក្រៅ​ពី​នោះ ធនធានព្រៃ​ឈើ ​សត្វ​ព្រៃ​ដ៏​មាន​តម្លៃ និង​​សម្បូរ​បែប​នៅ​តំបន់​អារ៉ែង នឹងរលាយ​​បាត់​បង់​ផង​ដែរ​៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ