អានតួអត្ថបទ
កម្ពុជា

សំណូមពរ និងសំណួរ ៩១​ ត្រូវ​បាន​លើក​ឡើង​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​បោះឆ្នោត​ និង​ច្បាប់​គជប​

សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​សេចក្តីស្នើ​ច្បាប់បោះឆ្នោត និង​ច្បាប់​គជប បាន​ធ្វើ ឡើង​ប្រហែល ជា ៤ ម៉ោង ដោយ​ចាប់ផ្តើម កាលពី​ម៉ោង ៨ និង ៣០ នាទី កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩​មីនា។ សិក្ខាសាលា​នៅ​រដ្ឋសភា ដែលមាន​អ្នក​ចូល​រួម ៤៩៥ នាក់​បាន​បើក​ឱកាស​ឲ្យ​អ្នកចូលរួម​លើក​សំណួរ និង​សំណូមពរ សរុប ៩១ នាក់ ពាក់ព័ន្ធ​នឹង​ឯករាជ្យភាព​របស់​គជប ការ​ចុះ​ឈ្មោះ​បោះឆ្នោត ការ​ធ្វើ​បញ្ជី​បោះឆ្នោត​ថ្មី ព្រមទាំង​ការ​រឹត​បន្តឹង​សិទ្ធិ​សេរីភាព​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល ជាដើម។

សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាង​សេចក្តី​ស្នើ​ច្បាប់​បោះឆ្នោត​ និង​ច្បាប់​គជប ​នាថ្ងៃ​ទី​០៩ ​ខែ​មីនា ឆ្នាំ​២០១៥
សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាង​សេចក្តី​ស្នើ​ច្បាប់​បោះឆ្នោត​ និង​ច្បាប់​គជប ​នាថ្ងៃ​ទី​០៩ ​ខែ​មីនា ឆ្នាំ​២០១៥ RFI-ចាន់ណា
ផ្សាយពាណិជ្ជកម្ម

សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​ច្បាប់​គជប និង​ច្បាប់បោះឆ្នោត នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ គឺ​មិនមាន​វត្តមាន​របស់​តំណាង​អង្គការ​សង្គម​ស៊ីវិល​ខាង​ការបោះឆ្នោត ដូចជា អង្គការ​ខុមហ្វ្រែល នីកហ្វិក និង​អង្គការ​តម្លាភាព​កម្ពុជា ជាដើម។ ប៉ុន្តែ​គេ​ឃើញ​មាន​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​ទៀត បាន​ចូលរួម ដូចជា NDI IRI ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប និង​តំណាង​ស្ថានទូត​បរទេស​ជាច្រើន​ផ្សេងទៀត។

បន្ទាប់ពី​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ លើក​បង្ហាញ​ពី​សេចក្តី​ស្នើច្បាប់ គជប ដែល​មាន ៧ ជំពូក និង ៦៦ មាត្រា ព្រមទាំង​សេចក្តី​ស្នើច្បាប់ បោះឆ្នោត មាន ១២ ជំពូក និង ១៧១ មាត្រា រួចមក អង្គ​សិក្ខាសាលា បាន​បើក​ឱកាស​ឲ្យ​អ្នក​ចូលរួម​សិក្ខាសាលា ដែល​រួមមាន តំណាងរាស្ត្រ សមាជិក​ព្រឹទ្ធសភា សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ ឡើង​បញ្ចេញ​យោបល់ និង​សួរ​សំណួរ។ សំណួរ និង​សំណូមពរ សរុប ៩១ ត្រូវ​បាន​លើកឡើង។ អ្នក​ឡើង​សួរ និង​លើក​សំណូមពរ​ផ្ទាល់មាត់ ក្នុង​សិក្ខាសាលា មាន ២១ នាក់។ ចំណែក​អ្នក​លើក​ឡើងជា​លាយលក្ខណ៍​អក្សរ មាន​ចំនួន ៧០ នាក់។

សំណើរ​សំណួរ និង​សំណូមពរ​ទាំងនោះ ពាក់ព័ន្ធ​នឹង​ឯករាជ្យភាព​របស់​គជប ការកំណត់​សញ្ជាតិ​តែមួយ​សម្រាប់​សមាជិក​គជប ការធ្វើ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី ការចូលរួម​របស់​មន្ត្រី​រាជការ កងកម្លាំង​ប្រដាប់អាវុធ មន្ត្រី​តុលាការ​ក្នុងការ​គាំទ្រ​គណបក្សនយោបាយ ប្រព័ន្ធ​ផ្សព្វផ្សាយ រួមទាំង​ការ​រឹតបន្តឹង​សិទ្ធិសេរីភាព និង​ការកំណត់​ដាក់ទោស​លើ​អង្គការ​មិនមែន​រដ្ឋាភិបាល ជាដើម។

តំណាង​ក្រុមការងារ​គណបក្ស​ទាំងពីរ បាន​ផ្តល់​ចម្លើយ​ជា​ចង្កោម ឆ្លើយ​ជារួម​លើ​សំណួរ​ទាំងនោះ។ គណបក្ស​ទាំងពីរ ក៏បាន​ការពារ ហើយ​អះអាងថា ច្បាប់​គជប និង​ច្បាប់​បោះឆ្នោត​ថ្មី​នេះ ល្អប្រសើរ​ជាង​ច្បាប់​ចាស់។ ក្នុងនោះ ច្បាប់​ថ្មី ក៏បាន​កំណត់​ឲ្យ​គជប ជា​ស្ថាប័ន​ឯករាជ្យ ដែល​ពុំ​ធ្លាប់មាន​ពីមុន។

លោក ប៊ិន ឈិន ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នកដឹកនាំ​អង្គសិក្ខាសាលា អះអាងថា រាល់​សំណើរ និង​សំណូមពរ ដែល​អ្នកចូលរួម​សិក្ខាសាលា បានលើកឡើង ក្រុមការងារ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នឹង​យកទៅ​ពិចារណា​ថែមទៀត ដើម្បី​ធានា​ឲ្យ​សេចក្តីព្រាងច្បាប់​ទាំងពីរ មាន​លក្ខណៈ​កាន់តែ​ល្អ។

ចំណែក​លោក អេង ឆៃអ៊ាង តំណាង​ក្រុមការងារ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើងថា សិក្ខាសាលា​រយៈពេល ១ ព្រឹក​នេះ គឺ​សមរម្យ​ហើយ។ លោក​អេង​ឆៃអ៊ាង ក៏បាន​ប្រកាស​ក្នុង​សិក្ខាសាលា​ថា ទុក​ឲ្យ​ថ្នាក់ដឹកនាំ ជា​អ្នកសំរេច ថា​តើ​គណបក្ស​ទាំងពីរ នឹងត្រូវ​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​សេចក្តីស្នើច្បាប់​ទាំងពីរ​នេះ នៅ​លើក​ក្រោយ​ទៀត ឬទេ?៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ