អានតួអត្ថបទ
កម្ពុជា

ក្រសួង​យុត្តិធម៌​សម្រេច​បញ្ឈប់​ការ​ស្នើ​លើក​លែង​ទោស​ដល់​ទណ្ឌិត​ក្នុង​បទ​ល្មើស​ប្លន់​និង​គ្រឿង​ញៀន

នៅ​ទី​បំផុត​ទៅ ក្រសួង​យុត្តិធម៌​និង​ភាគី​ពាក់ព័ន្ធ បាន​សម្រេច​បញ្ឈប់​ការ​ស្នើ​សុំ​លើក​លែង​ទោស​ដល់​ទណ្ឌិត​ដែល​ប្រព្រឹត្ត​បទល្មើស​ក្នុង​អំពើ​ប្លន់ និង​ជួញ​គ្រឿង​ញៀន​ហើយ។ នេះ​គឺ​ជា​សេចក្តី​សម្រេច​ចិត្ត​មួយ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​កក្រើក​ឡើង​វិញ នៃ​អំពើ​ប្លន់​ប្រដាប់​អាវុធ​នា​ពេល​ថ្មី​ៗ​នេះ​។

កិច្ច​ប្រជុំ​ស្តីពី ​ការ​ពង្រឹង​គោលកា​រណ៍​ក្នុង​ការ​សុំ​បន្ធូ​បន្ថយ​ទោស ​និង​លើក​លែង​ទោស​​
កិច្ច​ប្រជុំ​ស្តីពី ​ការ​ពង្រឹង​គោលកា​រណ៍​ក្នុង​ការ​សុំ​បន្ធូ​បន្ថយ​ទោស ​និង​លើក​លែង​ទោស​​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

នេះ​គឺ​ជា​សេចក្តី​សម្រេច​ចិត្ត​របស់​ក្រសួង​យុត្តិធម៌ និង​ភាគី​ពាក់ព័ន្ធ បន្ទាប់​ពី​បាន​បើក​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ពុធ​ទី​៦​មករា ឆ្នាំ​២០១៦​នេះ ដើម្បី​ពិនិត្យ​ទៅ​លើ​ការ​ពង្រឹង​គោលការណ៍​នៃ​ការ​បន្ធូ​បន្ថយ​ និង​លើក​លែង​ទោស​ទៅ​ដល់​ទណ្ឌិត ដែល​បាន​ធ្វើ​ឡើង​នៅ​ឯ​ក្រសួង​យុត្តិធម៌ ដោយ​មាន​ការ​ចូល​រួម​ពី លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ផង។

វិធាន​ការ​នេះ គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​កក្រើក​ឡើង​វិញ នៃ​អំពើ​ប្លន់​ប្រដាប់​អាវុធ ដែល​បាន​កើត​ឡើង​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ក្នុង​រយៈ​ពេល​ថ្មី​ៗ​នេះ។ អំពើ​ប្លន់​ប្រដាប់​អាវុធ ដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក ហ៊ុន សែន បាន​ស្តី​បន្ទោស​ទៅ​ដល់​ទណ្ឌិត​ដែល​ទើប​នឹង​ទទួល​បាន​ការ​លើក​លែង​ទោស តាម​រយៈ​សំណើរ​សុំ​បន្ធូ​បន្ថយ ឬ​លើក​លែង​ទោស ដែល​ធ្វើ​ឡើង​ដោយ​មិន​បាន​ពិចារណា​ឲ្យ​បាន​ម៉ត់​ចត់​ជា​មុន ពិសេស​ទៅ​លើ​ទណ្ឌិត​ដែល​ប្រព្រឹត្តិ​បទ​ល្មើស​ឧក្រឹដ្ឋ​ធំ​ៗ។ ការ​បន្ធូ​បន្ថយ ឬ​លើក​លែង​ទោស​ដល់​ទណ្ឌិត​កម្ពុជា តែង​តែ​ធ្វើ​ឡើង​រយៈ​ពេល​៣​ដង​ក្នុង​មួយ​ឆ្នាំ​ជា​ទៀង​ទាត់​ គឺ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ ពិធី​បុណ្យ​មាឃ​បូជា ​និង​ព្រះរាជ​ពិធី​បុណ្យ​អ៊ុំទូក​ជា​ដើម។

លោក ជិន ម៉ាលីន អ្នក​នំា​ពាក្យ​ក្រសួង​យុត្តិធម៌ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័តមាន​ក្រោយ​បិទ​បញ្ចប់​កិច្ច​ប្រជុំ ជាមួយ​តំណាង​មន្រ្តី​ពន្ធនាគារ ព្រះ​រាជអាជ្ញា និង​អភិបាល​ខេត្ត​ទូទំាង​ ប្រទេស​នេះ​ថា ក្រសួង​នឹង​មិន​ធ្វើ​ការ​លើក​លែង​ទោស​ចំពោះ​ទណ្ឌិត​ណា ដែល​ប្រព្រឹត្តិ​បទ​ល្មើស ក្នុង​បទ​ឧក្រិដ្ឋ​ធំ​ៗ និង​បទល្មើស​មិន​រាង​ចាល ដូចជា អំពើ​ប្លន់ ឬ​ឧក្រិដ្ឋកម្ម​គ្រឿង​ញៀន​ធំ​ៗ​នោះ​ទេ។

ក្រៅ​ពី​នេះ ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ដែល​បាន​កើត​ឡើង ក្រសួង​ក៏​ត្រូវ​ពង្រឹង​យន្តការ​ចុះ​ធ្វើ​អធិការ​កិច្ច​ពន្ធនាគារ​ជា​ប្រចំា ហើយ​ព្រះ​រាជ​អាជ្ញារាជធានី-ខេត្ត ក៏​មាន​ភារកិច្ច​សំខាន់ ក្នុង​ការ​ពិនិត្យ​ពន្ធនាគារ​ដើម្បី​រក​ចំណុច​ខ្វះខាត​ទំាង​នោះ​ផង។

បើ​តាម លោក បេទា ឡេង ប្រធាន​នាយក​ដ្ឋាន​ប្រតិបត្តិ​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហា​ផ្ទៃ​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នៅ​ទូទាំង​ប្រទេស​កម្ពុជា មាន​ទណ្ឌិត​ប្រមាណ​ជា​ ១៧​ម៉ឺននាក់​ (១៧៨,៩៦នាក់) ក្នុង​នោះ​មាន​ស្រី​ចំនួន​១៤៦,២នាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ