អានតួអត្ថបទ
កម្ពុជា-ថៃ

នៅ​ថៃ​៖ ពលរដ្ឋ​ខ្មែរ​ចំនួន​៥​រូប​ ត្រូវ​បាន​ចាប់​ខ្លួន​ក្រោយ​អំពើ​ហិង្សា រំលោភ​ជន​បរទេស

ប៉ូលិស​ថៃ​បាន​ឱ្យ​ដឹង​ថា កម្មករ​ខ្មែរ​ចំនួន​៥​រូប​ ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ប្រើ​អំពើ​ហិង្សា និង​រំលោភ​ជនបរទេស​នៅ​លើ​កោះ​មួយ​របស់​ប្រទេស​ថៃ។ ក្រសួង​ការ​បរទេស​កម្ពុជា​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ អគ្គកុង​ស៊ុល​កម្ពុជា​រួម​ជាមួយ​អាជ្ញាធរ​របស់​ថៃ កំពុង​ពិនិត្យ​មើល​លើ​ករណី​នេះ។

ផ្សាយពាណិជ្ជកម្ម

កម្មករ​នេសាទ​ខ្មែរ​ចំនួន​៥​រូប​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​បន្ទាប់​ពី​បាន​ប្រព្រឹត្តិ​អំពើ​ហិង្សា និង​រំលោភ​ភ្ញៀវ​ទេសចរណ៍​បារាំង​នៅ​លើ​កោះ​ទេសចរណ៍​មួយ​ប្រទេស​ថៃ។ ករណី​អំពើ​ហិង្សា​នេះ បាន​កើត​ឡើង​កាល​ពី​យប់​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​កន្លង​ទៅ។ បើ​តាម​ការ​បញ្ជាក់​ពី​ប៉ូលិស​ថៃ ដែល​ទីភ្នាក់ងារ​បារាំង​AFP​បាន​ចុះ​ផ្សាយ កម្មករ​ខ្មែរ​ទាំង​៥​រូប​នោះ​ បាន​សារភាព​ថា​ពួក​គេ​ពិត​ជា​បាន​ប្រព្រឹត្តិ​មែន។ ជា​ការ​វាយ​ប្រហារ​ដោយ​ប្រើប្រាស់​កំាបិត និង​ដំបង។ ក្នុង​អំពើ​ហិង្សា​នោះ បុរស​ជនជាតិ​បារាំង​ចំនួន​២​រូប​ត្រូវ​រង​របួស​ធ្ងន់។ ក្រោយ​ហេតុការណ៍​ប៉ូលិស​បាន​ចាប់​ជន​សង្ស័យ​ ដែល​ជា​ជន​ជាតិ​ខ្មែរ​ចំនួន​២​រូប​នៅ​ក្នុង​ព្រៃ​លើ​កោះ​កើត​ហេតុ និង​៣​រូប​ផ្សេង​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ច្រក​ចាំយាម​ជិត​ព្រំដែន​កម្ពុជា​ថៃ។ អាជ្ញាធរ​ថៃ បាន​ចោទ​ពលករ​ខ្មែរ​ទាំង​៥​រូប​ពី​បទ​ប្រើប្រាស់​អំពើ​ហិង្សា និង​រំលោភ​សេពសន្ទវៈ។

ក្រសួង​បរទេស​កម្ពុជា​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​នៅ​ទីក្រុង​បាងកក​កំពុង​តាម​ដាន​ករណី​នេះ។ លោក​ជុំ សន្ទរី អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា បាន​ឱ្យ​ដឹង​បន្ថែម​ថា កម្ពុជា​បាន​ត្រៀម​លក្ខណៈ​ជា​ស្រេច​ដើម្បី​ជួយ​ពលករ​ខ្មែរ​ទាំង​៥​រូប​ដែល​ត្រូវ​ចោទ។ លោក​បញ្ជាក់​ថា បើ​ខាង​ភាគី​ថៃ​មាន​ភស្តុ​តាង​ជាក់​ស្តែង​កម្ពុជា​នឹង​បញ្ជូន​មេធាវី​ដើម្បី​ការពារ​ក្តី។

សូម​បញ្ជាក់​ថា ប្រទេស​ថៃ​គឺ​ជា​ប្រទេស​មួយ​ដែល​ពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​នាក់​បាន​ចេញ​ទៅ​ធ្វើ​ការ​ជា​កម្មករ​ ទូក​នេសាទ កម្មករ​រោងចក្រ និង​កម្មករ​សំណង់​ជា​ដើម។ ហើយ​ប្រទេស​ថៃ​ក្បែរ​ខាង​មួយ​នេះ គឺ​ជា​ប្រទេស​មួយ​ មាន​ភ្ញៀវ​ទេសចរ​បរទេស​បាន​ទៅ​ទស្សនា​និង​លេង​កំសាន្ត។ បើ​តាម​ការ​បញ្ជាក់​ពី​រដ្ឋាភិបាល​យោធា​ក្រុង​បាងកក ឆ្នាំ​២០១៥ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​មាន​ប្រមាណ​២៨​លាន​នាក់។ គួរ​កត់​សម្គាល់​ថា​នៅ​ឆ្នាំ​២០១៥ ​អង្គការ​សុខភាព​ពិភព​លោក​ ដែល​បាន​សិក្សា​ស្តីពី​សុវត្ថិភាព​នៅ​តាម​ផ្លូវ​នៅ​ទូទាំង​ពិភព​លោក បាន​អះអាង​ថា ប្រទេស​ថៃ​គឺ​ជា​ប្រទេស​ទី​២​ លើ​ពិភព​លោក​ ដែល​ផ្លូវ​ក្នុង​ប្រទេស​នេះ​មាន​គ្រោះថ្នាក់​បំផុត។ សូម​រម្លឹក​ថា ក្នុង​ករណី​រំលោភ​លើ​ជន​បរទេស​ នៅ​ប្រទេស​ថៃ​នេះ ប្រជាពលរដ្ឋ​ភូមា​ចំនួន​២​រូប កាល​ពី​ឆ្នាំ​២០១៣​ ក៏​ត្រូវ​អាជ្ញាធរ​ថៃ​កាត់​ទោស​ពី​បទ​រំលោភ និង​សម្លាប់​ជនជាតិ​អង់គ្លេស​ផង​ដែរ។

យ៉ាងណា​ក៏​ដោយ ក្រសួង​ការ​បរទេស​កម្ពុជា​បាន​អះអាង​ថា ក្រសួង​នឹង​បន្ត​តាម​តាន និង​ត្រៀម​គ្រប់​លក្ខណៈ​ដើម្បី​ជួយ​ពលករ​ខ្មែរ​ទាំង​៥​រូបនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ