អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

តើ​អ្នក​ណា​ខ្លះ ​គួរ​តែ​ចូលរួម​ការពារ​និង​ទទួល​ខុស​ត្រូវ​ចំពោះ​សុខភាព​ សុវត្ថិភាព​ចំណី​អាហារ​ជូន​ប្រជាពលរដ្ឋ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ដូច​ដែល​លោក​អ្នក​ស្តាប់​បាន​ដឹង​ហើយ​ថា បន្លែ​ត្រីសាច់ ផ្លែឈើ គ្រឿង​ផ្សំ​នានា​មួយ​ភាគ​ធំ​សុទ្ធ​តែ​មាន​ផ្ទុក​នូវ​សារធាតុ​ គីមី​ដែល​ប៉ះពាល់​ដល់​សុខភាព។ «ដឹង​ហើយ​តែ​គ្មាន​ជម្រើស» នេះ​គឺ​ជា​ពាក្យ​មួយ​ដែល គេ​តែង​តែ​លឺ​ចេញ​ពី​មាត់​របស់​ ប្រជាពលរដ្ឋ​ខ្មែរ​ផ្ទាល់។ ប៉ុន្តែ​សួរ​ថា​តើ អ្នក​ណា​ខ្លះ​គួរ​តែ​ចូលរួម​ចំណែក​ក្នុង​ការ​ការពារ និង​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា ​សុវត្ថិភាព​ចំណី​អាហារ​ជូន​ប្រជាពលរដ្ឋ?

ផ្សាយពាណិជ្ជកម្ម

ក្នុង​មួយ​ថ្ងៃ​ៗ កម្ពុជា​នាំ​ចូល​បន្លែ​ពី​បរទេស​ប្រមាណ​ពី​២០០​តោន ទៅ​៤០០​តោន យក​មក​លក់​ និង​ចែក​ចាយ​បន្ត​នៅ​ក្នុង​ ទីក្រុង​ភ្នំពេញ ដោយ​អាស្រ័យ​ទៅ​តាម​រដូវកាល។ អញ្ចឹង​ជា​មធ្យម​ កម្ពុជា​ចំណាយ​ថវិកា​ប្រមាណ​ជា ៣០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​នាំ​ចូល​បន្លែ​ពី​បរទេស។ អញ្ចឹង​មួយ​ថ្ងៃ​ប្រមាណ​ជា ៣០​ម៉ឺន​ដុល្លារ​។ មួយ​ឆ្នាំ​គឺ​ប្រហាក់​ប្រហែល​នឹង​ ២០០​លាន​ដុល្លារ។ នេះ​បើ​តាម​ការ​បង្ហាញ​ឲ្យ​ដឹង​ពី​លោក​ចាន់ សុផល នាយក​មជ្ឈ​មណ្ឌល​សិក្សា​គោល​នយោបាយ​ CPS។

ប៉ុន្តែ​សូម​ជម្រាប​ជូនថា ចំនួន ២០០តោន ទៅ៤០០តោន ក្នុង​មួយ​ថ្ងៃ​នេះ គឺ​គិត​តែ​ចំនួន​នាំ​ចូល​មក​ក្នុង​ទីក្រុង​ភ្នំ​ ពេញ​តែ​ប៉ុណ្ណោះ គឺ​មិន​បាន​រាប់​បញ្ជូល​ការ​នាំ​ចូល​បន្លែ នៅ​តាម​ច្រក​របៀង​នានា ដែល​នៅ​ជាប់​ព្រំដែន​ប្រទេស​រាប់​មិន​អស់​។ បន្លែ​ដែល​កម្ពុជា​កំពុង​តែ​ដាក់​លក់​ គឺ​មាន​មួយ​ផ្នែក​ផលិត​នៅ​ក្នុង​ស្រុក មួយ​ផ្នែក​នាំចូល​មក​ពី​ប្រទេស វៀតណាម ប្រទេស​ចិន និង​មួយ​ផ្នែក​តូច​ទៀត​មាន​ដូចជា​ថៃ និង​ឡាវ​ជា​ដើម។

កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ សហភាព​អឺរ៉ុប​បាន​ចេញ​សេចក្តី​ព្រមាន​មួយ​ គឺ​ហាម​មិន​ឲ្យ​មាន​ការ​នាំ​ចូល​បន្លែ​ ពី​ប្រទេស​វៀតណាម​ចូល​ទៅ​កាន់​សហភាព​អឺរ៉ុប​នោះ​ទេ។ ដោយសារ​តែ​ខ្លួន​បាន​ពិនិត្យ​ និង​រក​ឃើញ​ថា បន្លែ​នៅ​ក្នុង​ប្រទេស​វៀតណាម ត្រូវ​បាន​ដាំដុះ និង​ផលិត​ឡើង​ដោយ​មាន​ផ្ទុក​នូវ​សារធាតុ​គីមី​ប៉ះពាល់​សុខភាព​ខ្លាំង។​

ដោយ​ឡែក​ប្រទេស​កម្ពុជា​វិញ បន្លែ​រាប់​រយ​តោន​ត្រូវ​បាន​នាំចូល​មក​ពី​ប្រទេស​វៀតណាម​ជា​រៀង​រាល់​ថ្ងៃ ហើយ​សួរ​ថា​ តើ​អ្នក​ណា​ជា​អ្នក​ត្រួត​ពិនិត្យ​បន្លែ​អស់​ទាំង​នោះ​ ថា​មាន​សុវត្ថិភាព​សម្រាប់​បរិភោគ​ហើយ​ឬ​នៅ?

បើ​តាម​ការ​បញ្ជាក់​របស់​លោក​អ៊ាប បុណ្ណា អគ្គនាយក​វិទ្យាស្ថាន​វិទ្យាសាស្រ្ត និង​បច្ចេក​ទេស​នៃ​រាជ​បណ្ឌិត​សភា នៅ​ក្នុង ទូរទស្សន៍​ក្នុង​ស្រុក​មួយ​កាល​ពី​ពេល​កន្លង​ទៅ​នេះ បាន​ឲ្យ​ដឹង​ថា​បច្ចុប្បន្ន​នេះ​ការ​ត្រួត​ពិនិត្យ​លើ​សុវត្ថិភាព​ចំនី​អាហារ​ របស់​មន្ត្រី​កាំកុង​ត្រូល និង​មន្ត្រី​ជំនាញ​នានា ធ្វើ​ឡើង​បាន​ត្រឹមតែ​៤០% តែ​ប៉ុណ្ណោះ។ អញ្ចឹង​មាន​ន័យ​ថា​នៅ​ខ្វះខាត​ ច្រើន​នៅ​ឡើយ​ចំពោះ​ការ​ត្រួត​ពិនិត្យ​គុណភាព​បន្លែ​ផ្លែឈើ និង​ត្រីសាច់​ជា​ដើម​នោះ។

You are what you eat! មាន​ន័យ​ថា​ ប្រសិន​បើ​អ្នក​ទទួល​ទាន​អ្វី សុខភាព​អស់​លោក​អ្នក​ក៏​ទៅ​តាម​នោះ​ដែរ។

បញ្ហា​នេះ​គឺ​ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​ទាំង​អស់​គ្នា​ដើម្បី​ដោះស្រាយ​នូវ​ចំណោទ​មួយ​យ៉ាង​ធំ​នៅ​ក្នុង​សង្គម​នា​ពេល​ បច្ចុប្បន្ន​នេះ។ គឺ​ផ្តើម​ចេញ​ពី​អ្នក​ប្រើប្រាស់​ផ្ទាល់ គឺ​ត្រូវ​តែ​គិតគូរ​ឲ្យ​បាន​ខ្ពស់​ពី​សុវត្ថិភាព​ចំណី​អាហារ ដែល​ខ្លួន​កំពុង​តែ ​ទទួល​ទាន​រាល់​ថ្ងៃ។ ជា​ពិសេស​គឺ​បន្លែ​ដែល​កំពុង​តែ​ដាក់​លក់​នៅ​លើ​ទីផ្សារ ថា​តើ​បន្លែ​ទាំង​អស់​នោះ ទទួល​ទាន ទៅ​ផ្តល់​នូវ​គុណ​ប្រយោជន៍​ដល់​សុខភាព ឬ​ក៏​កាន់​តែ​បង្ក​នូវ​ផល​ប៉ះពាល់​ទៅ​វិញ។ ប្រសិន​បើ​ត្រូវ​តែ​ញ៉ាំ​ហើយ តើ​គួរ​តែ​ មាន​វិធី​បែប​ណា ដើម្បី​លាង​សំអាត និង​ជួយ​កាត់​បន្ថយ​ជាតិ​ពុល​បាន​នោះ។ ទាំង​អស់​នេះ​ជា​ចំណុច​មួយ​ចំនួន​ដែល ប្រជាពលរដ្ឋ​ខ្មែរ គួរ​តែ​ធ្វើ​ការ​ពិចារណា​ឡើង​វិញ ថា​តើ​គួរ​តែ​កាត់​បន្ថយ​ការ​ប្រើប្រាស់​បន្លែ​ ដែល​មាន​សារធាតុ​គីមី​ពុល​ ខ្លាំង​នោះ​តាម​របៀប​ណា​ខ្លះ។

ដោយឡែក​អ្នក​ផលិត​ផ្ទាល់​ក៏​ត្រូវ​តែ​គិត​ថា ការ​ប្រើប្រាស់​ថ្នាំ​ពុល និង​ជី​គីមី​មិន​បាន​ត្រឹមត្រូវ​តាម​ក្បួន​ខ្នាត​ក៏​បង្ក​ឲ្យ​មាន​ ផល​ប៉ះពាល់​ដល់​ដំណាំ និង​ជា​ពិសេស​គឺ​ដល់​សុខភាព​ខ្លួន​ឯង​ផ្ទាល់​ផង​ដែរ។ ហើយ​មួយ​វិញ​ទៀត​ គឺ​ឈ្មួញ​កណ្តាល​ ដែល​តែង​តែ​ប្រើប្រាស់​សារធាតុ​គីមី​បន្ថែម ដើម្បី​រក្សា​ទុក​បន្លែ​ទាំង​អស់​នោះ​បាន​យូរ និង​នៅ​រក្សា​ព័ណ៌​ និង​សភាព​ដើម​ បាន​ស្រស់​ល្អ។ សូម​កុំភ្លេច​ថា ទាំង​អ្នក​ផលិត និង​ឈ្មួញ​កណ្តាល ក៏​ជា​អ្នក​ដែល​ត្រូវ​ទទួល​ទាន​អាហារ​ដែរ។ អញ្ចឹង​មាន​ ន័យ​ថា​អ្វី​ដែល​យើង​បាន​លក់​ទៅ​នោះ​ គឺ​ជា​វត្ថុ​ធាតុ​ដើម ដែល​គេ​យក​ទៅ​ផលិត​ធ្វើ​ជា​ម្ហូប​អាហារ​សម្រាប់​ឲ្យ​មនុស្ស​គ្រប់​ រូប​យក​មក​ទទួល​ទាន​វិញ​ដែរ។

ទាំង​នេះ​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ និង​ប៉ះពាល់​ដោយ​ផ្ទាល់ របស់​ប្រជាពលរដ្ឋ​ទូទៅ​មិន​ថា​អ្នកមាន និង​អ្នក​ក្រ​នៅ​ក្នុង​សង្គម​ ។ ចុះ​ដោយ​ឡែក​ស្ថាប័ន​ថ្នាក់​ជាតិ ដែល​ធ្វើ​ការងារ​បម្រើ​ប្រជាពល​រដ្ឋ​វិញ​នោះ? តើ​ស្ថាប័ន​ណា​ខ្លះ ដែល​ត្រូវ​ចេញ​មុខ​ ទទួល​ខុស​ត្រូវ រឿង​បញ្ហា​សុខភាព​សាធារណៈ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន? តើ​ក្រសួង​ព័ត៌មាន​គួរ​តែ​ មាន​កម្មវិធី​ផ្សព្វផ្សាយ​ និង​អប់រំ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ពី​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​សារធាតុ​គីមី​នៅ​ក្នុង​ម្ហូប​អាហារ និង​បញ្ហា​សុខភាព​ដែល​បង្ក​ឡើង​ពី​ការ​ទទួល​ទាន​បន្ថែ​មាន​ផ្ទុក​ទៅ​ដោយ​សារធាតុ​គីមី​ពុល​ខ្លាំង​ដែរ​ឬ​ទេ? ចុះ​ក្រសួង​សុខា ភិបាល​វិញ​តើ​គួរ​មាន​កម្មវិធី​អ្វីខ្លះ សម្រាប់​ជួយ​ដោះស្រាយ​បញ្ហា​ដែល​បាន​ចាក់​ច្រេះ​ យ៉ាងមាំ​នៅ​ក្នុង​សង្គម​ខ្មែរ​មួយ​នេះ?

ទាក់ទង​នឹង​ការ​ដាំដុះ និង​ការ​ប្រើប្រាស់​បច្ចេក​ទេស​នានា តើ​ក្រសួង​កសិកម្ម​គួរ​តែ​មាន​វិធាន​ការ​អ្វីខ្លះ​ទៅ ដើម្បី​ឲ្យ​ប្រជា ពលរដ្ឋ​ធ្វើ​ការ​ដាំដុះ​ប្រកប​ដោយ​សុវត្ថិភាព​នោះ? ប្រសិន​បើ​មាន​ការ​ប្រើប្រាស់​សារធាតុ​គីមី​ដែល​ប៉ះពាល់​ដល់​សុខភាព​ ប្រជាពលរដ្ឋ​ខ្លាំង តើ​ក្រសួង​មហា​ផ្ទៃ​អាច​ធ្វើ​អ្វី​បាន​ខ្លះ ដើម្បី​ចូលរួម​ចំណែក​ក្នុង​បញ្ហា​ការពារ និង​ផ្តល់​សុត្ថិភាព​ស្បៀង ​អាហារ​ដល់​ប្រជាពល​រដ្ឋ​របស់​ខ្លួន?

រាល់​បញ្ហា​គឺ​សុទ្ធ​តែ​មាន​ដំណោះ​ស្រាយ ​គ្រាន់​តែ​ត្រូវ​ការ​ពេល​វេលា​យូរ ឬ​ក៏​ឆាប់។ ប៉ុន្តែ​ថា​តើ​នៅ​ពេល​ណា ស្ថាប័ន​ ជាតិ​នានា​រួម​គ្នា​ដោះស្រាយ​បញ្ហា​នេះ​ជូន​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន ហើយ​ថា​តើ​ប្រជាពលរដ្ឋ​ខ្លួន​ឯង​ផ្ទាល់ គួរ​តែ​ងាក​មក​ចាប់​អារម្មណ៍​ពី​ការ​ថែទាំ​សុខភាព​ដោយ​ខ្លួនឯង​ហើយ​ឬ​នៅ។ ពីព្រោះ​មួយ​ចំណែក​ធំ​នៃ​ការ​ថែទាំ​សុខភាព​នេះ គឺ​ពាក់​ព័ន្ធ​នឹង​ការ​ទទួល​ទាន​អាហារ​នេះ​ឯង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ