អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ការ​ប្រព្រឹត្តិ​ខុស​ធម៌​វិន័យ​របស់​ព្រះ​សង្ឃខ្លះ ធ្វើ​ឲ្យ​ជំនឿ​លើ​ព្រះពុទ្ធ​សាសនា​ថយ​ចុះ!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​ប្រព្រឹត្តិ​ខុស​ធម៌​វិន័យ​របស់​ព្រះ​សង្ឃ​មួយ​ចំនួន មិន​មែន​ជា​រឿង​ប្លែក​អ្វី​ទេ នៅ​ក្នុង​សង្គម​កម្ពុជា​។ ទង្វើ​​របស់​ព្រះ​មេគណ​ខេត្ត​កំពង់​ស្ពឺ ដែល​បាន​ឡើង​ច្រៀង​លើ​ឆាក​តន្ដ្រី​ក្នុង​អំឡុង​ពេល​ចូល​ឆ្នាំ​កន្លង​ទៅ​ថ្មី ​ៗ​នេះ គឺ​ជា​ភស្តុតាង​ជាក់​ស្ដែង​មួយ​​ទៀត ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ប្រព្រឹត្ត​ខុស​ធម៌​វិន័យ​របស់​ព្រះ​សង្ឃ​​​​។  ការ​ប្រព្រឹត្តិ​ខុស​ធម៌​វិន័យ​របស់​ព្រះ​សង្ឃ​មួយ​ចំនួន​នៅ​កម្ពុជា ដែល​កំពុង​តែ​ធ្វើ​ឲ្យ​ជំនឿ​លើ​ព្រះពុទ្ធ​សាសនា​ថយ​ចុះ!

រូបភាពតំណាង៖ មន្ត្រី​ក្រសួង​ធម្មការ​និង​សាសនា​កំពុង​ត្រួត​ពិនិត្យ​មើល​ឆាយាល័ក្ខណ៍​របស់​ព្រះ​សង្ឃ​នៅ​ក្នុង​វត្ត​សាមគ្គី​រង្ស៊ី​។
រូបភាពតំណាង៖ មន្ត្រី​ក្រសួង​ធម្មការ​និង​សាសនា​កំពុង​ត្រួត​ពិនិត្យ​មើល​ឆាយាល័ក្ខណ៍​របស់​ព្រះ​សង្ឃ​នៅ​ក្នុង​វត្ត​សាមគ្គី​រង្ស៊ី​។ @RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ព្រះ​ពុទ្ធ​សាសនា មិន​ត្រឹម​តែ​ជា​សាសនា​របស់​រដ្ឋ​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ព្រះ​ពុទ្ធសាសនា ក៏​បាន​ទទួល​ការ​គោរព​ប្រណិបត្តិ​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ដ៏​ច្រើន​លើស​លុប​ផង​ដែរ​។ សម្រាប់​ពុទ្ធសាសនិកជន ព្រះ​សង្ឃ​គឺ​ជា​បុគ្គល​ដែល​គោរព​ប្រតិបត្តិ​ព្រះ​ពុទ្ធ​សាសនា​បាន​ប្រសើរ និង​ថ្លៃ​ថ្លា​ជាង​គ្រហស្ថ។ ព្រះ​សង្ឃ​គឺ​ជា​ស្រែ​បុណ្យ​សម្រាប់​មនុស្ស​ទូទៅ។ ចំពោះ​ធម៌​វិន័យ​ព្រះ​ពុទ្ធ​សាសនា ព្រះ​សង្ឃ​ត្រូវ​តែ​ប្រកាន់​ខ្ជាប់​ឲ្យ​បាន​តឹង​រ៉ឹង​បំផុត​។

ប៉ុន្តែ​ជា​ការ​កត់​សម្គាល់ នៅ​កម្ពុជា ព្រះ​សង្ឃមួយ​ចំនួន កំពុង​តែ​ប្រព្រឹត្ត​ប្រាស​ចាក​ពី​វិន័យ​របស់​ព្រះ​ពុទ្ធ​សាសនា និង​មិន​បាន​ប្រតិបត្តិ​ខ្លួន​ឲ្យ​បាន​ជា​ទី​គោរព​សក្ការៈ​របស់​ពុទ្ធសាសនិកជន​ជាទូទៅ​ឡើយ​។ អ្នក​បួស​មួយ​ចំនួន​តូច​ទាំង​នោះ បាន​យក​ស្បង់​ចីវរ​ធ្វើ​ជា​ឈ្នាន់ ដើម្បី​កេង​ចំណេញ និង​បោក​ប្រាស់​ជន​ទាំង​ឡាយ​ដែល​មាន​សទ្ធា​ចំពោះ​ព្រះ​ពុទ្ធ​សាសនា​ទៅ​វិញ​។

គេ​ក៏​បាន​លឺ​ផង​ដែរ ការ​រក​ឃើញ​ព្រះ​សង្ឃ​នៅ​ក្នុង​ទី​កន្លែង​កម្សាន្ត​​នានា​ជា​ដើម​។ ជា​ព្រះ​សង្ឃ​ដែល​បក​ស្បង់ ហើយ​ចូល​ទៅ​សប្បាយ​​នៅ​តាម​ហាង បារ ខារ៉ាអូខេ និង​ដែល​ត្រូវ​សារព័ត៌មាន​ចុះ​ផ្សាយ​ជា​រឿយ​ៗ​។ បុគ្គល​ទាំង​នោះ ថ្វី​ត្បិត​តែ​​បាន​គ្រង​ស្បង់​ចីវរ​ជាទី​សក្ការៈ ប៉ុន្តែ​​បែរ​ជា​ប្រព្រឹត្ត​អំពើ​ពាល​ទៅ​វិញ។ ​នេះ​នៅ​មិន​ទាន់​រាប់​អ្នក​ខ្លះ​ទៀត​ដែល​ក្លែង​ខ្លួន​ធ្វើ​ជាសង្ឃ​ ដើម្បី​បោក​ប្រាស់​ប្រជាពុទ្ធ​បរិស័ទ​ផង​ទេ។

ជា​ការ​ពិត ការប្រព្រឹត្តិ​ខុស​ធម៌​វិន័យ​របស់​សង្ឃ​មួយចំនួន​ជា​លក្ខណៈ​ បុគ្គល​តែប៉ុណ្ណោះ ប៉ុន្តែ​វា​កំពុងតែ​បង្កអោយមាន​ការព្រួយបារម្ភ​អំពី​ការធ្លាក់ចុះ​នៃ​ ការគោរព និង​ជឿជាក់​ទៅលើ​វិស័យ​ព្រះពុទ្ធសាសនា​ទាំងមូល។ នេះគេ​នៅ​មិនទាន់​និយាយ​អំពី​ជម្លោះ​​​ក្នុងចំណោម​ព្រះសង្ឃ​ ការចោទប្រកាន់​គ្នា​ទៅវិញទៅមក​នៃ​ព្រះសង្ឃ​ដែល​គាំទ្រ​គណបក្ស​នយោបាយផ្សេង​គ្នា និង​រឿង​អាស្រូវ​នៅ​តាម​វត្ត​អារាម​រវាង​ព្រះ​សង្ឃ​និង​អាចារ្យ​គណៈកម្មការ​វត្ត និង​ជួន​កាល​ទៀត រវាង​គណៈកម្មការ​វត្ត ជាមួយ​ប្រជាពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​ផង​។

អ្នកតាមដាន ការវិវត្ត​របស់​សង្គម​កម្ពុជា​មួយចំនួន​បានបង្ហាញ អំពី​ការបារម្ភ​តិច ឬ​ច្រើន​ទៅ​លើ​ការធ្លាក់ចុះ​នៃ​ជំនឿ​ទៅលើ​ព្រះពុទ្ធសាសនា ដែល​គេ​ហាក់​ពុំ​ឃើញ​មានការ​ចាត់​វិធាន​ការ ឬ​ដំណោះស្រាយ​ចំពោះ​បញ្ហា​ទាំង​អម្បាល​ដែល​ត្រូវបាន​រៀបរាប់​ពី​ខាងដើម​។ ចំណែក​ក្រុម​សង្គម​វិទូ​វិញ បាន​អំពាវនាវ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ តាមរយៈ​គណៈ​គ្រប់គ្រង​ព្រះសង្ឃ ត្រូវ​បញ្ចេញ វិធានការ​ពង្រឹង​វិន័យ​ព្រះសង្ឃ​ឡើងវិញ។

មែន​ទែន​ទៅ សាធារណជន​ទូទៅ​សុទ្ធ​តែ​ទទួល​ស្គាល់​មូល​មតិ​គ្នា​ថា វត្តមាន​នៃ​ព្រះសង្ឃ​មួយ​ចំនួន​តូច ដែល​ប្រព្រឹត្ត​ខុស​​​ធម៌​វិន័យ គឺ​ជា​បញ្ហា​។ បញ្ហា​ដែល​កំពុង​តែ​ធ្វើ​ឲ្យ​ជំនឿ​របស់​ពុទ្ធបរិស័ទ ធ្លាក់​ចុះ​យ៉ាង​គំហុក​ និង​ជា​បន្ត​បន្ទាប់​។ យ៉ាង​ណា​ក៏​ដោយ សព្វ​ថ្ងៃ​នេះ គេ​នៅ​មិន​ទាន់​ឃើញ​មាន​ចំណាត់​ការ​ច្បាស់​លាស់​ណាមួយ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ ប្រកប​ដោយ​ប្រសិទ្ធភាព​នៅ​ឡើយ​​ទេ​។

ជា​ការ​ពិត​ហើយ​ថា សាសនា គឺ​ជា​ជំនឿ​ដែល​​គង់​តែ​ត្រូវ​ផុត​រលត់​វិញ​នៅ​ថ្ងៃ​ណា​មួយ​។ ប៉ុន្តែ បើ​ទោះ​បី​ជា​យ៉ាង​ដូច្នេះ​ក៏​ដោយ ក៏​គេ​មិន​អាច​បណ្ដោយ​ឲ្យ​សាសនា​របស់​រដ្ឋ​មួយ សាប​រលាប​ទៅ​តាម​យថាកម្ម​នោះ​ដែរ​។ សម្រាប់​ក្រុម​អ្នកវិភាគ​តាម​ដាន​សង្គម​កម្ពុជា ការ​ពង្រឹង​ព្រះពុទ្ធ​សាសនា​គឺជា​កិច្ចការ​ដែល​មិន​អាច​មើល​រំលង​បាន​ឡើយ។​

ក្រសួងធម្មការ និងកិច្ចការសាសនា​ត្រូវ​តែ​មាន​វិធានការ​ច្បាស់​លាស់​ចំពោះ​ការ​ពង្រឹង​​ធម្មវិន័យ​ក្នុង​ចំណោម​អ្នក​បួស​ជា​សង្ឃ​។ មានន័យ​ថា ​ព្រះសង្ឃ​ត្រូវ​តែ​ជា​អ្នក​គោរព​និង​ប្រតិបត្តិ​យ៉ាង​ខ្ជាប់​ខ្ជួន​នូវ​​ពុទ្ធវិន័យ។ ​ទង្វើ​ប្រាស​ចាក​ធម្ម​វិន័យ​ព្រះ​ពុទ្ធ​សាសនា​ គួរ​ត្រូវ​បាន​ចាត់​វិធាន​ការ​យ៉ាង​ម៉ឺងម៉ាត់ ដើម្បី​ធានា​នូវ​សេចក្ដី​ទុក​ចិត្ត ក៏​ដូច​ជា​ជំនឿ​របស់​ពុទ្ធ​បរិស័ទ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ