វប្បធម៌លើកតម្កើងបុគ្គល នៅតែមានឥទ្ធិពលក្នុងសង្គមកម្ពុជា!
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៣១
វប្បធម៌លើកតម្កើងបុគ្គល នៅតែមានឥទ្ធិពលនៅក្នុងសង្គមកម្ពុជា។ មន្ដ្រីរាជការគ្រប់ជាន់ថ្នាក់ ជាពិសេសនៅក្នុងជួររដ្ឋាភិបាលតែម្ដង បានប្រណាំងគ្នាបង្ហាញគាំទ្រនិងលើកតម្កើងថ្នាក់ដឹកនាំរបស់ខ្លួនយ៉ាងលើសលុប។ មែនទែនទៅ ការលើកតម្កើងបុគ្គលណាមួយ មិនមែនជារឿងខុសឆ្គងទេ។ ប៉ុន្តែប្រសិនបើការលើកតម្កើងនោះខ្ពង់ខ្ពស់ហួសជ្រុលពេក វានឹងបំផ្លាញបុគ្គលដែលត្រូវបានលើកតម្កើងនោះទៅវិញ។
ពាក្យថា វប្បធម៌លើកតម្កើងបុគ្គល ឬ Culture of Personality ថ្វីត្បិតតែត្រូវបានគេប្រើប្រាស់នៅក្នុងអំឡុងឆ្នាំ១៨០០ក្នុងប្រទេសបារាំងនិងអាឡឺម៉ង់ក៏ពិតមែន ប៉ុន្តែប្រទេសនានាលើលោករួមទាំងកម្ពុជាផង បានប្រតិបត្តិទម្លាប់នេះតាំងពីបុរាណកាលមកហើយ។ នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ជនជាតិខ្មែរមានទម្លាប់លើកតម្កើងព្រះមហាក្សត្រ ថាជាអាទិទេព ជាព្រះពុទ្ធ ជាបុគ្គលមានបារមីស័ក្តិសិទ្ធិ ជាម្លប់ដ៏ត្រជាក់ត្រជុំនៃប្រទេស។ ក្រោយៗមក នៅពេលដែលប្រទេសប្ដូររបបនយោបាយ ថ្នាក់ដឹកនាំប្រទេសត្រូវបានគេគោរពលើកតម្កើងជំនួសវិញ។
នៅក្នុងរបបសាធារណរដ្ឋខ្មែរ លោកសេនាប្រមុខ លន់ នល់ ត្រូវបានគេចាត់ទុកថាជាវីរជនដ៏ឆ្នើមបំផុត។ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ គេបានប្រើប្រាស់ពាក្យ អង្គការមហាលោតផ្លោះ មហាអស្ចារ្យ ដើម្បីហៅថ្នាក់ដឹកនាំជាន់ខ្ពស់នៃរបបនេះ។ ក្រោយៗមកទៀត នៅក្នុងសម័យព្រះរាជាណាចក្រកម្ពុជាទី២ ថ្នាក់ដឹកនាំ ជាទូទៅ ត្រូវបានមន្ដ្រីថ្នាក់ក្រោម អ្នកគាំទ្រ ក៏ដូចជាបណ្ដាញសារព័ត៌មានមួយចំនួន ចាត់ទុកជាបុគ្គលដ៏ខ្ពង់ខ្ពស់។ ការចូលរួមនៅក្នុងពិធីណាមួយ គឺជាអធិបតីដ៏ខ្ពង់ខ្ពស់។ ការនិយាយជាសាធារណៈ គឺជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់។ សូម្បីតែហត្តលេខា ក៏គេចាត់ទុកថាជាហត្តលេខាដ៏ខ្ពង់ខ្ពស់ដែរ។ នៅតាមបណ្ដាញផ្សព្វផ្សាយមួយចំនួន តាំងពីកម្មវិធីព័ត៌មាន រហូតដល់កម្មវិធីកម្សាន្ត សកម្មភាពរបស់ថ្នាក់ដឹកនាំត្រូវបានផ្សព្វផ្សាយភ្ជាប់ជាមួយដោយសារលើកតម្កើងពីគុណបំណាច់ ការតស៊ូ និងការលះបង់នានា ដើម្បីសុខសន្តិភាពរបស់ប្រទេស។
ជាការពិតហើយថា ការលើកតម្កើងបុគ្គលណាមួយ មិនមែនជារឿងខុសឆ្គងទេ។ ប៉ុន្តែប្រសិនបើការលើកតម្កើងនោះខ្ពង់ខ្ពស់ហួសជ្រុលពេក មិនឆ្លុះបញ្ចាំងពីការពិត វានឹងត្រឡប់ទៅបំផ្លាញមេដឹកនាំដែលត្រូវបានលើកតម្កើងនោះទៅវិញ។ ជាទូទៅ នៅក្នុងសង្គមដែលប្រកាន់យកវប្បធម៌លើកតម្កើងបុគ្គល គេច្រើនតែសង្កេតឃើញថា ថ្នាក់ដឹកនាំមានអំណាចខ្លាំង ក្នុងការបង្គាប់បញ្ជាមន្ដ្រីថ្នាក់ក្រោម។ ការអនុវត្តរបៀបនេះក្លាយជាទម្លាប់ រហូតធ្វើឲ្យមន្ដ្រីថ្នាក់ក្រោមក្លាយជាខ្ជិលច្រអូស មិនទទួលខុសត្រូវលើការងាររបស់ខ្លួន ទាល់តែមានបញ្ជាពីថ្នាក់លើ។ ទាំងនេះបានធ្វើឲ្យបញ្ហាតូចប្រមូលផ្ដុំក្លាយជាបញ្ហាធំ និងចាក់ស្រែះពិបាកដោះ
ស្រាយ។
រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ដែលមានវប្បធម៌លើកតម្កើងថ្នាក់ដឹកនាំ ធ្លាប់ទទួលបានមេរៀនជូរចត់ និងច្បាស់លាស់ណាស់ តាមរយៈការស្រុតចុះប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងការបោះឆ្នោតសភាចុងក្រោយនេះ។ មេរៀននេះ គួរតែមានន័យគ្រប់គ្រាន់ក្នុងការកែលម្អស្ថានការណ៍ឡើងវិញ។ ប៉ុន្តែ បើទោះជាយ៉ាងនេះក៏ដោយ ក៏វប្បធម៌លើកតម្កើង ដើម្បីផ្គាប់ថ្នាក់លើច្រើនជាងផ្គាប់ចិត្តពលរដ្ឋម្ចាស់ឆ្នោត នៅតែមិនទាន់ថមថយនៅឡើយទេ។ សព្វថ្ងៃ គេនៅតែប្រទះឃើញ សារជូនពរតាមបណ្ដាញផ្សព្វផ្សាយនានាសម្រាប់បុគ្គលណាម្នាក់ ជាពិសេសថ្នាក់ដឹកនាំ នៅក្នុងឱកាសខួបកំណើត ឬក្នុងឱកាសតែងតាំងឋានៈថ្មីណាមួយ។
យ៉ាងណាក៏ដោយ គេពិបាកនឹងបន្ទោស មន្ដ្រីថ្នាក់ក្រោមចំពោះការលើកតម្កើងមេកើយយ៉ាងដូច្នេះណាស់។ ពិបាកបន្ទោស ព្រោះការប្រតិបត្តរបៀបនេះ កើតមានតាំងពីបុរាណកាល ហើយបន្តកើតមានកាន់តែច្រើនឡើងៗនាពេលបច្ចុប្បន្ន។ អ្នកលើកតម្កើងគេមួយចំនួន មិនត្រឹមតែចង់ទំយើថ្នាក់ដឹកនាំរបស់ខ្លួនតាមទម្លាប់ប៉ុណ្ណោះទេ ពួកគេក៏ចង់បានមកវិញដែរនូវឥទ្ធិពលនិងផលប្រយោជន៍។
ដូច្នេះ ការបញ្ចប់វប្បធម៌លើកតម្កើងបុគ្គលដែលជាមេកើយនេះ ទំនងមិនអាចទៅរួចទេ ប្រសិនបើគេរង់ចាំតែការអនុវត្តពីមន្ដ្រីថ្នាក់ក្រោមតែម្ខាង។ មន្ដ្រីថ្នាក់លើ ដែលត្រូវគេលើកតម្កើង ត្រូវទទួលស្គាល់ថា ការប្រព្រឹត្តរបៀបនេះ កំពុងតែបង្កើតជាបញ្ហា។ ហើយត្រូវបង្កើតទម្លាប់ថ្មី ដែលថ្នាក់ក្រោមអាចសរសើរ ព្រមទាំងរិះគន់ស្ថាបនាមន្ដ្រីថ្នាក់លើ ដោយផ្អែកលើតថភាពជាក់ស្ដែង។ មានតែទម្លាប់ថ្មីដូច្នេះទេ ទើបអាចផ្ដួលរំលំនូវការធ្វើនយោបាយបែបអំណាចប្រមូលផ្ដុំ ឈានទៅដោះស្រាយបញ្ហានានានៅក្នុងសង្គមជាតិបានពិតប្រាកដ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ