អានតួអត្ថបទ
កម្ពុជា-អូស្ត្រាលី

អូស្ត្រាលី​អរគុណ​កម្ពុជា​ដែល​លើក​លែង​ទោស​ឲ្យ​​ផលិតករ​ភាពយន្ត James Ricketson

រដ្ឋ​មន្ដ្រី​ការបរទេស​អូស្ត្រាលី លោកស្រី Marise Payne បាន​ថ្លែង​អំណរ​គុណ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​លើក​លែង​ទោស​និង​សម្រេច​ដោះ​លែង​ពលរដ្ឋ​របស់​ខ្លួន គឺ​ផលិតករ​ភាពយន្ត James Ricketson ឲ្យ​មាន​សេរីភាព​ឡើង​វិញ​។ នេះ​បើ​តាម​សេចក្ដី​ថ្លែងការណ៍​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សៅរ៍ ទី​២២​កញ្ញា​នេះ​។ លោក James Ricketson ត្រូវ​បាន​​​សាលា​ដំបូង​រាជធានី​ភ្នំពេញសម្រេច​​ផ្ដន្ទាទោស​​ឲ្យ​ជាប់​ពន្ធនាគារ​​៦​ឆ្នាំ ពី​បទ​ចារកម្ម​​​​​ បន្ទាប់​ពី​លោក​បាន​បង្ហោះ​ដ្រូន​ថត​សកម្មភាព​ឃោសនា​បោះ​ឆ្នោតឃុំ​សង្កាត់​​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។

លោក Jame Ricketson អ្នកផលិតភាពយន្តឯកសារជនជាតិអូស្ត្រាលី​ ពេល​ត្រូវ​បញ្ជូន​ទៅ​ចូល​រួម​សវនាការ​ ថ្ងៃ​ទី​១៦ សីហា ២០១៨
លោក Jame Ricketson អ្នកផលិតភាពយន្តឯកសារជនជាតិអូស្ត្រាលី​ ពេល​ត្រូវ​បញ្ជូន​ទៅ​ចូល​រួម​សវនាការ​ ថ្ងៃ​ទី​១៦ សីហា ២០១៨ REUTERS/Samrang Pring
ផ្សាយពាណិជ្ជកម្ម

«ខ្ញុំ​សូម​ស្វាគមន៍ និង​អរគុណ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​សមភាគី​របស់​ខ្ញុំ គឺ​លោក​រដ្ឋ​មន្ដ្រី ប្រាក់ សុខុន ដែល​បាន​សម្រេច​ជា​វិជ្ជមាន​ចំពោះ​សំណើ​សុំ​លើក​លែង​ទោស​ដល់​លោក James Ricketson»។ នេះ​គឺ ជា​ការ​លើក​ឡើង​របស់​លោក​ស្រី Marise Payne រដ្ឋ​មន្ដ្រី​ការបរទេស​អូស្ត្រាលី នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍ ចេញ​ផ្សាយ​នៅ​ថ្ងៃ​សៅរ៍ ទី​២២​កញ្ញា​។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ដដែល លោក​ស្រី​រដ្ឋ​មន្ដ្រី​បន្ត​ថា ការ​សម្រេច​នេះ បាន​បិទ​បញ្ចប់​នូវ​ពេល​វេលា​ដ៏​សែនឈឺ​ចាប់​​សម្រាប់​លោក Ricketson និង​គ្រួសារ​របស់​គាត់​។

លោក James Ricketson វ័យ ៦៩​ឆ្នាំ ជា​ផលិតករ​ភាពយន្ត​ជនជាតិ​អូស្ត្រាលី ត្រូវ​បាន​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​៦​ឆ្នាំ ពី​បទ​ចារកម្ម​ ក្រោយ​ពី​លោក​បង្ហោះ​ដ្រូន​ថត​រូបភាព​និង​វីដេអូ​សកម្មភាព​ឃោសនា​បោះ​ឆ្នោត​ឃុំ​សង្កាត់​របស់អតីត​​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៧​។ នៅ​ថ្ងៃ​សុក្រ ទី​២១ ​កញ្ញា ឆ្នាំ​២០១៨ លោក​ត្រូវ​បាន​លើក​លែង​ទោស​ និងត្រូវ​​សម្រេច​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ តាម​ព្រះ​រាជក្រឹត្យ​លើក​លែង​ទោស​ពី​សំណាក់​លោក សាយ ឈុំ ប្រមុខ​រដ្ឋ​ស្ដីទី និង​ដីកា​បង្គាប់​ឲ្យ​ដោះ​លែង​របស់​តុលាការ​។

ក្រៅ​ពី​រដ្ឋ​មន្ដ្រី​ការ​បរទេស​អូស្ត្រាលី ការ​ដោះ​លែង​លោក James Ricketson ឲ្យ​មាន​សេរីភាព​ឡើង​វិញ ក៏​ទទួល​បាន​ការ​ស្វាគមន៍​ពី​ក្រុម​គ្រួសារ​របស់​លោក​ផង​ដែរ​។ កូន​ប្រុស​របស់​លោក James Ricketson ថ្លែង​ថា ការ​ដោះ​លែង​ឪពុក​របស់​លោក គឺ​ជាកាយ​វិការ​ប្រកប​ដោយ​ព្រហ្មវិហារធម៌ ហើយ​វា​បាន​បិទ​បញ្ចប់​នូវ​សុបិន​ដ៏​អាក្រក់​សម្រាប់​គ្រួសារ​របស់​លោក​។

លោក គង់ សំអុន មេធាវី​ការពារ​ក្ដី​ឲ្យ​លោក James Ricketson បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ថា កូន​ក្ដី​របស់​លោក​នឹង​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​អូស្ត្រាលី ដែនដី​កំណើត​របស់​ខ្លួន​វិញ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ​។ ប៉ុន្តែ​បច្ចុប្បន្ន ផលិតករ​ភាព​យន្ត​សញ្ជាតិ​អូស្ត្រាលី​រូប​នេះ ​កំពុង​ស្នាក់​នៅ​ផ្ទះ​កូន​ប្រុស​របស់​ខ្លួន​ក្នុង​ទីក្រុង​ភ្នំពេញ ក្រោយ​ពី​ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ ទី​២១​កញ្ញា​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មេធាវី​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ