អានតួអត្ថបទ
កម្ពុជា-ធម្មជាតិ

ខេត្ត​ចំនួន​៥ ​រង​ផល​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង ​តែ​មិនទាន់​ធ្ងន់ធ្ងរ​នៅ​ឡើយ

តំបន់​មួយ​ចំនួន​នៃ​ខេត្ត​ចំនួន​៥ ​គឺ​ខេត្ត​ព្រះ​សីហនុ ​ខេត្ត​កំពង់ស្ពឺ ​ខេត្ត​កំពត ​ខេត្ត​កោះកុង ​និង​ខេត្ត​បាត់ដំបង ​ត្រូវ​បាន​គម្រាម​កំហែង​ដោយ​ជំនន់​ទឹក​ភ្លៀង​។ ​ផល​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង​នេះ ​បាន​កើតឡើង​បន្ទាប់​ពី​បណ្តា​ខេត្ត​ទាំង​នោះ ទទួល​រង​នូវ​ការ​ធ្លាក់​ភ្លៀងជាប់​ៗ​គ្នា ​ដោយ​កំរិត​មធ្យម ​ទៅ​កំរិត​ខ្ពស់ ​រយៈពេល​មួយ​សប្តាហ៍​ចុង​ក្រោយ​នេះ​។

ជំនន់​ទឹកភ្លៀង​ជន់​លិច
ជំនន់​ទឹកភ្លៀង​ជន់​លិច @MWRM
ផ្សាយពាណិជ្ជកម្ម

ខេត្ត​ដែល​រង​នូវ​ការ​លិចលង់​ខ្លាំង​ជាង​គេ​មកទល់​ពេល​នេះ ​គឺ​ខេត្ត​កោះកុង​។ ​ស្រុក​ចំនួន​៤ ​នៃ​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ ​រួមមាន ​ស្រុក​ថ្ម​បាំង ​ស្រុក​កោះកុង ​ស្រុក​ស្រែ​អំបិល ​និង​ស្រុក​មណ្ឌល​សីមា ​ត្រូវ​ជំនន់​ទឹកភ្លៀង​ជន់​លិច​ ខ្លាំង​អស់​រយៈ​ពេល​ជាង​៣​ថ្ងៃ​មក​ហើយ​។ ​ប្រជា​ពល​រដ្ឋា​ជាង​៣០០​គ្រួសារ ​នៅ​ក្នុង​ស្រុក​ទាំង​នេះ ​ត្រូវ​បាន​ជន្លៀស​ ទៅ​កាន់​ទី​ទួល​សុវត្ថិភាព​។ ​នេះ​បើតាម​លោក​ កែវ វី នាយក​ខុទ្ទកាល័យ ​និង​ជា​អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​។

នៅ​ឯ​ខេត្ត​ព្រះសីហនុ​វិញ ​ក្រសួង​ធនធាន​ទឹក​បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា ​ស្ថានភាព​ទឹក​ជំនន់​ហូរ​កាត់​ផ្លូវ​ជាតិ​លេខ​៤ ​ត្រង់​ចំណុច​ស្ពាន​សំរោង ​ស្រុក​កំពង់​សីលា ​ខេត្ត​ព្រះ​សីហនុ ​បាន​បន្ត​កើន​ឡើង​ដល់​កំពស់ ​៧,១០​ម៉ែត្រ ​និង​ហូរ​កាត់​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ​ប្រវែង​១គីឡូម៉ែត្រ ​ដោយ​ទឹក​មាន​កម្ពស់​លើ​ផ្លូវ​ជាតិ​ពី ​១,៥០​ម៉ែត្រ ​ទៅ​១,៦០​ម៉ែត្រ​។ ​ចរាចរណ៍​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហនុ ​នៅ​តែ​ត្រូវ​បាន​កាត់​ផ្តាច់​នៅ​ឡើយ ​ដោយ​ទឹក​ជំនន់​។

ដោយឡែក​នៅ​ខេត្ត​កំពត​វិញ ​ដោយសារ​ការ​បើក​ទឹក​បង្ហៀរ​ចោល​ពី​ទំនប់​វា​រី​អគ្គិសនី​កំចាយ ​ពេលនេះ ​បណ្តាល​ឲ្យ​មាន​ការ​ជន់​លិច​ផងដែរ ​មួយ​ផ្នែក​នៃ​ក្រុង​កំពត ​និង​នៅ​ឃុំ​ចំនួន​ពីរ នៃ​ស្រុក​ទឹក​ឈូរ​។ ​ក៏​ប៉ុន្តែ​ស្ថានភាព​លិចលង់ ​មិន​មាន​សភាព​ធ្ងន់ធ្ងរ​នោះ​ទេ ​ដោយ​នៅ​ព្រឹក​នេះ​ទឹក​ស្រក​ចុះ​បន្តិច ​នៅ​តាម​ដង​ព្រែក​កំពត​។

ជាមួយគ្នា​នេះ ​ជំនន់​ទឹក​ភ្លៀង​ក៏​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ខេត្ត​បាត់ដំបង​ផង​ដែរ​ បើ​ទោះណា​ជា​ក្រុង​បាត់ដំបង​ត្រូវ​បាន​បញ្ចៀស​ការ​លិចលង់ ​ដោយ​ជំនាញ​បច្ចេកទេស​របស់​ក្រសួង​ធនធាន​ទឹក​ក៏ដោយ​។ ​ឃុំ​ចំនួន​បី ​របស់​ស្រុក​ឯក​ភ្នំ ​រង​ផល​ប៉ះពាល់​ជា​ពិសេស​ដល់​ស្រូវ​កំពុង​ចេញ​ផ្កា ​ដំណាំ​បន្លែ ​រួម​ទាំង​វាល​ស្រែ​ជាង​១​ពាន់​ហិច​តា​ កំពុង​គ្រប​ដណ្តប់​ដោយ​ទឹក​។

ដូចគ្នា​ដែរ ​នៅ​ខេត្ត​កំពង់ស្ពឺ ​នៅ​មិនទាន់​មាន​ផល​ប៉ះពាល់​ខ្លាំង​នៅ​ឡើយ ​ខណៈ​ខេត្ត​មួយ​នេះ មាន​ទំនប់ ​និង​ទ្វារ​ទឹក​ជា​ច្រើន ​ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក ​ហើយ​ពេល​នេះ​ទើបតែ​បើកទ្វារ​ទឹក​ចំនួន​២​ប៉ុណ្ណោះ​។

ទោះយ៉ាងណា ​អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ​លោក ​កែវ វី​ បញ្ជាក់​ថា ​មកទល់​ពេលនេះ ​នៅ​មិនទាន់​មាន​របាយការណ៍​រួម​ជាក់លាក់​នៅ​ឡើយ ​ស្តីពី​ទំហំ​នៃ​ការ​ខូចខាត ​ដែល​បណ្តាល​មក​ពី​ជំនន់​ទឹកភ្លៀង​។

សូម​បញ្ជាក់​ថា ​ភ្លៀង​ដែល​បាន​ធ្លាក់​ពី​តិច​ទៅ​ច្រើន ​រយៈពេល​ជា​ច្រើន​ថ្ងៃ​កន្លង​ទៅ​នេះ ​នៅ​មិនទាន់​ដាច់​នៅ​ឡើយ​ទេ​។ ​ដំណាលគ្នា​នេះ ​ព្យុះ​ទី​៩​ឈ្មោះ​សុន​ទី​ញ​ បាន​បង្ហាញ​ខ្លួន​នៅ​ភាគ​ខាងកើត​នៃ​កោះ​ហៃណាំ ​ហើយ​ព្យុះ​នេះ​នឹង​មាន​ឥទ្ធិពល​មក​លើ​ប្រទេស​កម្ពុជា ​ចាប់​ពី​ថ្ងៃ​ទី​១៩​ដល់​ថ្ងៃ​ទី​២១​ខែ​ក​ក្កដា ​នឹង​នាំមក​នូវ​ទឹកភ្លៀង​ធ្លាក់​រាយ​ប៉ាយ​នៅ​ទូទាំង​ប្រទេស​ផង​ដែរ​។ នេះ​បើតាម​ក្រសួង​ធនធាន​ទឹក​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ