អានតួអត្ថបទ
កម្ពុជា-នយោបាយ

ប្រជាពលរដ្ឋជិត៥ម៉ឺន នាក់ ចូលរួមដង្ហែរូបសំណាកលោកបណ្ឌិតកែម ឡី ទៅស្រុកកំណើត

ដូច​ការ​គ្រោង​ទុក រូប​សំណាក​លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ដង្ហែ​ទៅ​ដល់​ស្រុក​កំណើត​របស់លោក នៅ​ក្នុង​ខេត្តតាកែវ នៅ​វេលា​ម៉ោង​ប្រមាណ​ជា​ ២ និង ៣០ នាទី រសៀល ដោយ​មាន​ការចូល​រួម​ពី​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​ ៥ ម៉ឺន នាក់។ បើ​តាម​គណៈ​កម្មាការ​រៀប​ចំ​បុណ្យ​សព លោក បណ្ឌិត កែម ឡី ចំនួន​អ្នក​ចូល​រួម​ដង្ហែ​រូប​សំណាក់លោក នៅ​ថ្ងៃ​នេះ តិច​ជាង​ថ្ងៃ​ដង្ហែសព ប៉ុន្តែ​ជាចំ​នួនដែល​លើស​ពី​ការ​រំពឹង​ទុក​។​

រូបសំណាក់ លោក បណ្ឌិត កែម ឡី ត្រូវបានដង្ហែរយកទៅតម្កល់នៅស្រុកកំណើតរបស់លោក នៅក្នុងខេត្តតាកែវ៕
រូបសំណាក់ លោក បណ្ឌិត កែម ឡី ត្រូវបានដង្ហែរយកទៅតម្កល់នៅស្រុកកំណើតរបស់លោក នៅក្នុងខេត្តតាកែវ៕ @FB/kemley
ផ្សាយពាណិជ្ជកម្ម

ក្បួន​ដង្ហែរូប​សំណាក លោក​បណ្ឌិត កែម ឡី​ បាន​ចាក​ចេញ​ពី​វត្ត​ចាស់ ខណ្ឌ​ជ្រោយ​ចង្វារ​ រាជធានី​ភ្នំពេញ តាំង​ពី​វេលា​ម៉ោង ៧ ព្រឹក ថ្ងៃទី ១៦ ខែតុលា នេះ​ដោយ​មាន​វត្តមាន ក្រុម​គ្រួសារ ព្រះ​សង្ឃ សង្គម​ស៊ីវិល និង ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ចូលរួម។ រូប​សំណាក់​របស់​អ្នក​ស្រាវ​ជ្រាវ​ការអភិវឌ្ឍន៍​សង្គម រូប​នេះ ត្រូវ​បានហែរ​ឆ្លង​កាត់​វិថី​សំខាន់ៗ​ ដោយ​មាន ប្រជា ពលរដ្ឋ ​មួយចំនួន ឈរ​អម​សង​ខាង​ផ្លូវ ដោយ​ទឹកមុខ ស្រគត់ស្រគំ និង អាឡោះអាល័យ​ចំពោះ​រូប​លោក។

បន្ទាប់​មក​ ក្បួនដង្ហែ បាន​ប្រមូល​ផ្តុំ ជួប​ជុំប្រជាពលរដ្ឋ នៅ​រង្វង់​មូល​ចោម​ចៅ រួច​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​ខេត្ត​តាកែវ ដែល​ជា​ស្រុក​កំណើត​របស់​លោក បណ្ឌិតកែមឡី។

មិន​ខុស​គ្នា​ទៅ​នឹង​ការ​ដង្ហែ​សព លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃខែ កក្កដា កន្លង​ទៅ​នេះ​ ក៏មាន​ផង​ដែរ ប្រជាពលរដ្ឋ​មួយ​ចំនួន បាន​ចំណាយថវិការ​ផ្ទាល់​ខ្លួន ដើម្បី​ចែកទឹក និង អាហារដល់​អ្នក​ចូល​រួម​នៅ​ក្នុង​ក្បួនដង្ហែ​នេះ​ដោយ​ឥត​គិត​ថ្លៃ​ផង​ដែរ​។

លោក សៅ កុសល អ្នក​នាំ​ពាក្យ​គណៈកម្មាការ​រៀប​ចំបុណ្យ​សព លោកបណ្ឌិត កែម ឡី បានប្រាប់​ឲ្យ​វិទ្យុ​បារាំង​ ដឹង​ថា ការ​ដង្ហែ​រូប​សំណាក នៅ​ព្រឹក​ថ្ងៃ​ទី ១៦​ ខែ តុលា នេះ​មាន​ភាព​រលូន ដោយ​មិន​មាន​បញ្ហា​ណា​មួយ​កើត​ឡើង​នោះ​ទេ បើ​ទោះ​បី​ជា​មាន​ការ​កក​ស្ទះចរាចរណ៍​បន្តិចបន្តួចក៏ដោយ។​ ក្រៅ​ពី​ការ​ចូល​រួមរបស់​ប្រជាពលរដ្ឋ អាជ្ញាធរ​មាន​សមត្ថកិច្ច ជា​ពិសេស​នគរបាល​ចរាចរណ៍ ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តាម​ផ្លូវ​ តាំង​ពី​វត្ត​ចាស់​ទៅ​ដល់​រង្វង់​មូល​ចោម​ចៅ ​ ដើម្បី​ជួយ​សម្រួល​ចរាចរណ៍​។

បើ​ទោះ​បី​ជា​ចំនួន​អ្នក​ចូល​រួម​ដង្ហែ​រូប​សំណាក លោក បណ្ឌិត កែម ឡី នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ មាន​ចំនួន​តិច​ជាង​ពេល​ហែរ​សព លោក យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ គណៈកម្មាការ​រៀប​ចំ​បុណ្យសព​លោក បណ្ឌិត កែម ឡី បញ្ជាក់​ថា ជា​ចំនួន​លើស​ពី​ការ​រំពឹង​ទុក​របស់​ខ្លួន។

លោក បញ្ជាក់​ថា អ្នក​ចូល​រួម​ដង្ហែ​នៅ​ថ្ងៃនេះ មាន​ចំនួន​ជិត ៥ ម៉ឺន នាក់ ដោយ​នេះ មិន​រាប់​បញ្ចូល​ចំនួន​ប្រជាពលរដ្ឋ ដែល​ឈរ​អម​សង​ខាងផ្លូវ ​ពី​រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅ​លំនៅ​ដ្ឋាន​របស់ លោក កែម ឡី ក្នុង​ខេត្ត​តាកែវ​ផង​។

សូម​បញ្ជាក់​ថា រូប​សំណាក​លោក បណ្ឌិត កែម ឡី មាន​កម្ពស់​ជាង ១.៧ ម៉ែត្រ ត្រូវ​បាន​គណៈកម្មាការ​រៀប​ចំ​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី យក​ទៅ​តម្កល់​នៅ​ស្រុក​កំណើត​របស់​ លោក ​នៅ​ក្នុង​ខេត្ត​តាកែវ​ ដែល​កាល​ដើម​ឡើយ គណៈ​កម្មាការ​បុណ្យសព គ្រោង​ដាក់​តាំង​រូបសំណាក់​នេះ នៅ​ទី​លាន​ប្រជាធិបតេយ្យ ប៉ុន្តែ​សំណើរនេះ មិន​ត្រូវ​បាន សាលា​រាជធានី​ភ្នំពេញ អនុញ្ញាត​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ