អានតួអត្ថបទ
កម្ពុជា

ទណ្ឌិត​៦៨០​នាក់​ ត្រូវ​បាន​លើក​លែង​ទោស ​និង​បន្ធូ​បន្ថ​យទោស ​ក្នុង​ពិធី​បុណ្យ​អុំទូក​

ព្រះ​​មហាក្សត្រ​នេះ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ បាន​សម្រេច​ឡាយ​ព្រះហស្ត​លេខា​លើក​លែង​ទោស ​និង​បន្ធូ​បន្ថយ​ទោស​ទណ្ឌិត​ចំនួន​៦៨០​ ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​នៅ​ឆ្នាំ២​០១៥​នេះ។ ​ទណ្ឌិត​ទាំង​អស់​ត្រូវ​បាន​ដោះលែង​រួច​ហើយ​កាល​ពី​ថ្ងៃ​ចន្ទ ​ទី​២៣​ ខែ​វិច្ឆកា​នេះ។ ​យ៉ាង​ណា​ក៏​ដោយ ​ក្នុង​ចំណោម​ទណ្ឌិត​ដែល​ត្រូវ​បាន​លើក​លែង​ និង​បន្ធូ​បន្ថយ​ទោស​ទាំង​អស់​មិន​មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ។​

ពន្ធនាគារ​ក្នុងប្រទេស​កម្ពុជា បាន​ឃុំឃាំង​​អ្ន​កទោស​​ច្រើន​លើស​ចំណុះ ​
ពន្ធនាគារ​ក្នុងប្រទេស​កម្ពុជា បាន​ឃុំឃាំង​​អ្ន​កទោស​​ច្រើន​លើស​ចំណុះ ​ ©សុវណ្ណារា
ផ្សាយពាណិជ្ជកម្ម

ទណ្ឌិត​ចំនួន​៦៨០​មក​ពី​ទូទាំង​ប្រទេស​ ត្រូវ​បាន​ព្រះ​មហាក្សត្រ​លើក​លែង​ និង​បន្ធូ​បន្ថយ​ក្នុង​ពីធី​បុណ្យ​អុំទូក ​បណ្តែត​ប្រទីប​ និង​សំពះ​ព្រះ​ខែ​ក្នុ​ងឆ្នាំ​២០១៥​នេះ។​ ទណ្ឌិត​១០២​រូប ​ត្រូវ​បាន​លើក​លែង​ទោស ​បន្ទាប់​ពី​បាន​អនុវត្ត​ទោស​ចំនួន​២​ភាគ៣​ ដោយ​ឡែក​ទណ្ឌិត​ចំនួន​៥៧៨​នាក់​ ត្រូវ​បាន​បន្ធូ​បន្ថយ​បន្ទាប់​​ពី​បាន​អនុវត្ត​ទោស​១​ភាគ​៣ ​និង​ការ​អនុវត្ត​បាន​ត្រឹម​ត្រូវ​ក្នុង​ពន្ធនាគារ។​

លោក​ជិន ម៉ាលីន​ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ បាន​ឱ្យ​ដឹង​ថា ​ទណ្ឌិត​១០២​រូប​ ត្រូវ​បាន​ដោះលែង​កាល​ពី​ថ្ងៃ​ចន្ទ​ ទី​២៣ ​វិច្ឆិកា​ដើម​សប្តាហ៍​នេះ ​បន្ទាប់​ពី​ព្រះរាជ​ក្រិត្យ​ត្រូវ​បាន​ឡាយ​ព្រះ​ហស្ត​លេខា​ ដោយ​ព្រះ​មហាក្សត្រ​កាល​ពី​ថ្ងៃ​សុក្រ​ទី​២០ ​វិច្ឆិកា សប្តាហ៍​មុន។ ​លោក ​អំ សំអាត​ ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​អង្គកាលីកាដូ ​បាន​លើក​ឡើង​ថា ​ការ​លើក​លែង​ទោស​និង​បន្ធូ​បន្ថ​យ​ទោស​ឱ្យ​ទណ្ឌិត​ម្ត​ង​ៗ​ តែងតែ​មាន​ការ​លេច​លឺ​ព័ត៌មាន​ពី​ភាព​អយុត្តិធម៌។​ ជា​ភាព​អយុត្តិធ៌ម​ ព្រោះ​ថា​ទណ្ឌិត​ដែល​មាន​ប្រាក់​កាស​អាច​ជា​អាថិភាព​ច្រើន​ជាង​ទណ្ឌិត​ដែល​ក្រីក្រ​បើ​ទោះបី​ជា​មាន​ការ​ខិតខំ​កែ​ប្រែ​ខ្លួន​ក្នុង​ពន្ធនាគារ​យ៉ាង​ណា​ក៏​ដោយ។​

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក​ ជិន ម៉ាលីន ​បាន​អះអាង​ថា ​ការ​សម្រេច​លើក​លែង​ទោស​ឬ​ បន្ធូ​បន្ថយ​ទោស​ដល់​ទណ្ឌិត​ គឺ​ធ្វើ​ឡើង​ដោយ​យុត្តិធម៌​ព្រោះ ​ទណ្ឌិត​ទាំង​អស់​ត្រូវ​ឆ្លង​កាត់​ការ​វាយ​តម្លៃ​ពី​ថ្នាក់​ក្រោម​ជាតិ ​រហូត​ដល់​ថ្នាក់​ក្រសួង​យុត្តិធម៌​ដែល​មាន​រដ្ឋ​មន្ត្រី​ជា​ប្រធាន​គណៈកម្មការ។​ ក្នុង​ឱកាស​បុណ្យ​អុំទូក​នេះ ​ទណ្ឌិត​ដែល​ត្រូវ​បាន​ស្នើ​សុំ​លើក​លែង​ទោស ​និង​បន្ធូ​បន្ថយ​ទោស​មាន​ប្រមាណ​ជាង​៧០០​នាក់​ ប៉ុន្តែ​ក្រសួង​សម្រេច​យក​តែ​៦៨០​នាក់​នោះ​ទេ។​ នេះបើតាមលោកជិន ម៉ាលីនដដែល។

គួរ​រំលឹកថា​ ទណ្ឌិត​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​លើក​លែង​ទោស ​និង​បន្ធូ​បន្ថយ​ទោស​រយៈ​ពេល​បី​ដង​ក្នុង​មួយ​ឆ្នាំ​ គឺ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ ពិធី​បុណ្យ​មាឃ​បូជា ​និង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក។ ​បើ​ទោះ​បី​ជា​ សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើព​ន្ធនាគារ ​និង​ក្រសួង​យុត្តិធម៌​មាន​មតិ​ផ្ទុយ​គ្នា​យ៉ាង​ណា​ក៏​ដោយ ​ក៏​សង្គម​ស៊ីវិល​ បាន​ស្នើ​ឱ្យ​ក្រសួង​យុត្តិធម៌​ត្រូវ​ធានា​ឱ្យ​បាន​នូវ​ការ​លើក​លែង​ទោស​ប្រកប​ដោយ​យុត្តិធម៌​ ដោយ​អ្នក​ទោស​ទាំង​អស់​ទទួលបា​ន​សិទ្ធ​ស្មើគ្នា៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ