អានតួអត្ថបទ
កម្ពជា

CPP៖ ការ​ទាម​ទារ​ឲ្យ រំលាយ​សមាជិក​ គជប មក​ពីគណបក្ស​នយោបាយ​ គឺ​មិន​អាច​ទៅ​រួច

ប្រធាន​គណបក្ស​អំណាច​ខ្មែរ កាល​ពី​ថ្ងៃ​ទី ១៥ មករា បាន​សរសេរ​លើ​ទំព័រហ្វ៊េស​ប៊ុក​របស់​ខ្លួន​ ទាម​ទារ​ឲ្យ​រំលាយ​ចោល​សមាជិក​ គ.ជ.ប ដែល​ជា​សមាជិក​តំណាង​មក​ពី​ គណបក្ស​នយោបាយ​ ហើយ​បង្កើត​ គ.ជ.ប ឯករាជ្យ​ពិត​ប្រាកដ ដែល​មិន​មែន​ជា​កូតា​របស់ គណបក្ស​នយោបាយ​។ ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ លោក សុខ ឥសាន អ្នក​នាំ​ពាក្យ គណបក្ស​ប្រជាជន​កម្ពុជា​ បញ្ជាក់​ថា ការ​លើក​ឡើង​នេះ គឺ​វា​គ្មាន​ប្រសិទ្ធិភាព​ ហើយ​ក៏​មិន​អាច​ទៅ​រួច​នោះ​ដែរ​ ព្រោះ​ គជប ត្រូវ​បាន​បង្កើត​ឡើង​ដោយមាន​ការ​ចូល​រួម​ពី​សមាជិក​គណបក្ស​ដែល​មាន​អសនៈ​នៅ​ក្នុង​សភា​ និង​ក៏​​ត្រូវ​​បាន​​អនុម័ត​​ទទួល​​ស្គាល់​​ដោយ​​សភា រួច​​ទៅ​​ហើយ​​។ (អត្ថបទដោយ សរ ពិសី) 

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា.
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា. © RFI
ផ្សាយពាណិជ្ជកម្ម

លោក​​ សុខ ឥសាន បាន​ច្រាន​ចោល ការ​ទាមទារ​របស់​ លោក សួន សេរីរដ្ឋា ឲ្យ​រំលាយ​ចោល​សមាជិក គជប ដែល​ជា​សមាជិក មក​ពី​គណបក្ស​នយោបាយ​ ជំនួស​មក​វិញ​នូវ​ការ​បង្កើត​គជប​ ដែល​មិន​មែន​ជា​កូតា របស់​គណបក្ស​។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ លើក​ឡើង​ថា ការ​លើក​ឡើង​របស់​ មេដឹក​នាំ​គណ​បក្ស​អំណាច​ខ្មែរ​ គឺ​ជា​ការ​លើក​ឡើង​ដោយ​មិន​មាន​មូល​ដ្ឋាន ហើយ​ ក៏​មិន​មាន​ឥទ្ធិពល​អ្វី ​ដែល​ជម្រុញ​ឲ្យ​មាន​កំណែ​ទម្រង់​ការ​ជ្រើស​រើស​សមាជិក គជប នោះ​ដែរ​។ លោក ចាត់​ទុក​ថា​ ការ​ទាមទារ​របស់​លោក សួន សេរីរដ្ឋា គឺ​ជា សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​តែ​ប៉ុណ្ណោះ​។

សូម​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​ ១៥ មករា កន្លង​ទៅ​នេះ លោក សួន សេរីរដ្ឋា បាន​សរ​សេរ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក ទាមទារ ឲ្យ​រំលាយ​ចោល​សមាជិក​ គ.ជ.ប ដែល​ជា​សមាជិក​តំណាង​មក​ពី គណបក្ស​នយោបាយ​ ហើយ​បង្កើត គ.ជ.ប ឯករាជ្យ​ពិត​ប្រាកដ ដែល​មិន​មែន​ជា​កូតា​របស់​ គណបក្ស​នយោបាយ​។

ការ​លើក​ឡើង​របស់​លោក សួន សេរីរដ្ឋា បាន​ធ្វើ​ឡើង​បន្ទាប់​ពី គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ជ្រើស​រើស​តំណែង អគ្គលេខាធិការ និង អគ្គលេខាធិការ​រង​នៃ​គណៈកម្មការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​។​ ជាលទ្ធផល លោកទេព ​នីថា ​អតីត​​ត្រូវ​បាន​សមាជិក​គ.ប.ជ​ថ្មី​សម្រេច​​ផ្តល់​សេចក្តី​ទុកចិត្ត​ឲ្យ​កាន់តំណែង​ជាអ​គ្គ​លេខាធិការ​នៃគណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្មី​បន្តទៀត​។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ លោក​ទេព នីថា​ ដែល​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ចាស់ ​ធ្លាប់​ត្រូវ​បាន​គណបក្ស​ប្រឆាំង​ អង្គការ​សង្គមស៊ីវិល ​និង ​សាធារណៈមតិ​មួយចំនួន​បាន​រិះគន់​យ៉ាងខ្លាំង​ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​នៅក្នុង​ការ​បោះឆ្នោត​នា​ពេល​កន្លង​មក​៕

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ