អានតួអត្ថបទ
កម្ពុជា

គណៈកម្មការ​​ទី១​របស់​​សភា​ កំពុង​​ពិនិត្យ​​បណ្តឹង​​របស់​​ពលរដ្ឋ​៤៣​គ្រួសារ​​ថ្មី​​នៅ​​ឡ​ពាង​

គណៈកម្មការ​​សិទ្ធិ​មនុស្ស​​និង​​ទទួល​​ពាក្យ​បណ្តឹង​​របស់​​រដ្ឋសភា ​កាល​ពី​​ថ្ងៃ​​ម្សិលមិញ ​បាន​​ចុះ​ទៅ​​ប្រមូល​​ទិន្នន័យ​​ចំពោះ​​បណ្តឹង​​របស់​​ពលរដ្ឋ​​ចំនួន​៤៣​គ្រួសារ​​ថ្មី​​ទៀត​​ក្នុង​​សហគមន៍​​ឡ​ពាង​ ឃុំ​​តា​ជេស ​ខេត្ត​កំពង់ឆ្នាំង​​ដែល​​អះអាង​ថា ​រង​​ផល​ប៉ះពាល់​​ពី​​ការ​អភិវឌ្ឍ​​នៃ​​ក្រុមហ៊ុន ​ខេ​ឌី​ស៊ី ​(KDC)​។ ​ប៉ុន្តែ​​អាជ្ញាធរ​​នៅ​​មិន​ទាន់​​អាច​​បញ្ជាក់​​អត្តសញ្ញាណ​​ដីធ្លី​​ដែល​​អះអាង​​នោះ​​ថា​ ក្នុង​​តំបន់​​ជម្លោះ​​នៅ​ឡើយ​​ទេ​។

ក្រុមអ្នក​​ភូមិ​​ឡពាង​​ក្នុង​​ឃុំ​​តាជេស ​​ស្រុក​កំព​ង់​ត្រឡាច​ ​ខេត្ត​​កំពង់ឆ្នាំង​​ ​នាំ​គ្នា​​តវ៉ា​​រក​ដំណោះ​ស្រាយ​បញ្ហា​ដី​ធ្លី​នា​ពេល​កន្លង​មក​
ក្រុមអ្នក​​ភូមិ​​ឡពាង​​ក្នុង​​ឃុំ​​តាជេស ​​ស្រុក​កំព​ង់​ត្រឡាច​ ​ខេត្ត​​កំពង់ឆ្នាំង​​ ​នាំ​គ្នា​​តវ៉ា​​រក​ដំណោះ​ស្រាយ​បញ្ហា​ដី​ធ្លី​នា​ពេល​កន្លង​មក​ RFI/ Ly Meng Hour
ផ្សាយពាណិជ្ជកម្ម

គណៈកម្មការ​ទី១របស់​រដ្ឋសភា​បានបញ្ចប់​ការប្រមូល​ព័ត៌មាន​ស្តីពី​បណ្តឹង​របស់​ពលរដ្ឋ​ចំនួន៤៣គ្រួសារ​ថ្មី​ដែល​អះអាងថា​បាន​ប៉ះពាល់​ដោយ​ការអភិវឌ្ឍន៍​ហើយ។ ប៉ុន្តែ​គណៈកម្មការ​​នៅមាន​ភាពស្រពេចស្រពិល​ពី​អត្តសញ្ញាណ​ដី​ក្នុង​តំបន់​ជម្លោះ។ នេះ​បើតាម​ការបញ្ជាក់​ពី​លោកជា ប៉ូច សមាជិក​គណៈកម្មការ​ទី១ ដែល​បាន​ចុះទៅ​កាន់​តំបន់​ជម្លោះ។ សមាជិក​រដ្ឋសភា​បក្ស​ប្រឆាំង​រូបនេះ បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​ចំនួន៤៣គ្រួសារ​ថ្មី​បន្ថែម​នេះ គឺជា​អ្នក​មក​តវ៉ា និង​ដាក់​ពាក្យបណ្តឹង​ថ្មី​មកកាន់​គណៈកម្មការ កាលពី​ឆ្នាំ២០១៤កន្លងទៅ។ ប៉ុន្តែ​គណៈកម្មការ​និង​អាជ្ញាធរ​នៅ​មិនទាន់​អាច​កំណត់​អត្តសញ្ញាណ​នៃ​ដី​ដែល​ពលរដ្ឋ​ទាំង៤៣គ្រួសារ​នោះបាន​អះអាង​នៅឡើយ​ទេ។ លោក​ជា ប៉ូច បាន​បន្ថែមថា គណៈកម្មការ និង​អង្គការ​អាដហុក​ប្រចាំខេត្ត​កំពង់ឆ្នាំង​គឺ​កំពុងធ្វើការ​កំណត់ឱ្យ​ជាក់លាក់​ដើម្បី​ងាយស្រួល​ដល់​ការដោះស្រាយ។

ដោយឡែក​លោកឡា​ត់ គី មន្ត្រី​អង្គការ​អាដហុក​កាន់​ករណី​នៅ​តំបន់​ឡង​ពាង​នេះ បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​ទាំង៤៣គ្រួសារ​នោះ គឺជា​អ្នក​ដែល​ធ្លាប់​អាស្រ័យ​ផល​ចំនួន៩០ហិកតា​លើ​ផ្ទៃដី​ដែលមាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន ខេ​ឌី​ស៊ី របស់លោក​ស្រី​ជា ​ខេង។

ប៉ុន្តែ​ទាំង​លោកជា ​ប៉ូច និង​លោកឡា​ត់ គី បានលើកឡើង​ពី​ចំងល់​ថា ហេតុអ្វី​បានជា​ប្រជាពលរដ្ឋ​ទាំង៤៣គ្រួសារ​ថ្មី​នេះ​ទើប​ចេញ​តវ៉ា ខណៈដែល​ប្រជាពលរដ្ឋ​ក្នុងភូមិ​ឡ​ពាងផ្សេងៗទៀត​បានចេញ​តវ៉ា​នោះ។ ក្នុង​ជម្លោះ​នៅ​តំបន់​ឡ​ពាង ខេត្តកំពង់ឆ្នាំង​ដែល​ធ្លាប់មាន​ដល់​ការចាប់​ដាក់ពន្ធនាគារ និង​ការបណ្តេញ​ពលរដ្ឋ​ចេញពីផ្ទះ​សម្បែង​នោះ អាជ្ញាធរ​និង​ក្រុមហ៊ុន​នាពេលនេះ បានទទួល​ស្គាល់​ពលរ​ដ្ឋ​តែ​ចំនួន៥២គ្រួសារ​លើ​ផ្ទៃដី​ជាង១០០ហិកតា​តែប៉ុណ្ណោះ។

សូម​រម្លឹក​បន្តិច​ថា ក្រុមហ៊ុន​ខេ​ឌី​ស៊ី​ដែល​ទទួល​សិទ្ធិ​ក្នុងការ​អភិវឌ្ឍ​ន៍ក្នុងភូមិ​ឡ​ពាង ឃុំតា​ជេស​នេះ មានទំនាស់​ដី​ប្រមាណ​ជាង ១៨២ហិកតា។ ក្នុងនោះ​មាន​ពលរដ្ឋ​ដែល​អះអាងថា បាន​ប៉ះពាល់​ចំនួន៨២ ឬ៨៣គ្រួសារ។ យ៉ាងណាក៏ដោយ លោកឡា​ត់ គី ​មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​អាដហុក បានស្នើ​ឱ្យមាន​ដំណោះស្រាយ​ដោយ​ឈរលើ​ជំហរ​របស់​ប្រជាពលរដ្ឋ និង​ស្នើឱ្យ​ក្រុមហ៊ុន​អាច​សម្បទាន​ដល់​ប្រជាពលរដ្ឋ។ ដោយឡែក​លោកជា​ ប៉ូច អះអាងថា ពលរដ្ឋ​ទាំងអស់​នឹង​ទទួលបាន​ដំណោះស្រាយ​ក្រោយ​ពេលដែល​អត្តសញ្ញាណ​ដី​របស់​ពលរដ្ឋ​ទាំង៤៣គ្រួសារ​ត្រូវបាន​ទទួលស្គាល់៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ