អានតួអត្ថបទ
កម្ពុជា

ក្រសួង​មហាផ្ទៃ​ កំណត់​​ឲ្យ​​មន្ត្រី​រាជការ​​ស៊ីវិល​​ទាំងអស់​​មាន​មុខ​​តំណែង​​តែ​មួយ​

ក្រសួងមហាផ្ទៃ បានកំណត់​ឲ្យ​មន្ត្រីរាជការ​ស៊ីវិល​ទាំងអស់ ត្រូវតែមាន​មុខតំណែង​មិន​លើសពី​មួយ​ឡើយ បើទោះបី​នៅក្នុង​ក្រសួង​ស្ថាប័ន​តែមួយ ឫ​ក្រសួង​ស្ថាន​ប័ន​ផ្សេងគ្នា​ក៏ដោយ។ ការកំណត់​បែបនេះ ត្រូវបាន​ក្រសួងមហាផ្ទៃ​ពន្យល់ថា ដើម្បី​ទុក​លទ្ធភាព​ដល់​មន្ត្រីរាជកា​រ​ស៊ីវិល​ផ្សេងទៀត អាច​កាន់​មុខតំណែង​ដែល​នៅ​ទំនេរ​បាន។

ក្រសួងមហាផ្ទៃកម្ពុជា
ក្រសួងមហាផ្ទៃកម្ពុជា @RFI
ផ្សាយពាណិជ្ជកម្ម

គឺ​នៅក្នុង​លិខិត​មួយ​ចុះ​ថ្ងៃទី៥ កុម្ភៈ និង​ទើប​ផ្សព្វផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃ​សៅរ៍​ក្រសួងមហាផ្ទៃ​បានលើកឡើង​យ៉ាង​ដូច្នេះ​ថា ការកំណត់​ឲ្យ​មន្ត្រីរាជការ​ស៊ីវិល​នៃ​ក្រសួងមហាផ្ទៃ​ទាំងអស់​ត្រូវតែ​មានមុខ​តំណែង​តែមួយ​នោះ គឺ​អនុវត្តតាម​ព្រះរាជក្រឹត្យ​ស្តីពី​គោលការណ៍​រួម នៃ​ការរៀបចំ​មុខងារសាធារណៈ​របស់រ​ដ្ឋ។ ជា​ព្រះរាជក្រឹត្យ ដែល​បានប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ថ្ងៃទី០២ តុលា ឆ្នាំ២០១៤កន្លងទៅ ក្នុង​គោលបំណង ដើម្បី​គាំទ្រ​ដល់​កំណែទម្រង់​ស៊ីជម្រៅ​របស់​រដ្ឋាភិបាល និង​ជាពិសេស​ដើម្បី​លើកទឹកចិត្ត​ដល់​មន្ត្រីរាជការ​ស៊ីវិល​ទាំងអស់​ដែល​កំពុង​បម្រើ​ការងារ​ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ។

សូមបញ្ជាក់ថា ត្រង់​កថាខណ្ឌ​ទី២ មាត្រា៨នៃ​ព្រះរាជក្រឹត្យ​នេះ បាន​ចែងថា “ មន្ត្រីរាជការ​ស៊ីវិល មិនត្រូវ​អនុញ្ញាត​ឲ្យ​កាន់​មុខតំណែង​មាន​លក្ខណៈ​អចិន្ត្រៃយ៍​លើសពី​មួយ​មុខតំណែង​ឡើយ ទោះ​ក្នុង​ក្រសួង​ស្ថាប័ន​តែមួយ ឫ ក្នុង​ក្រសួង​ស្ថាប័ន​ផ្សេងគ្នា។ ដូច្នេះ ដើម្បី​អនុវត្ត​ឲ្យ​ត្រឹមត្រូវ​តាម​ខ្លឹមសារ​នេះ ក្រសួងមហាផ្ទៃ​បានស្នើ​ដល់​ថ្នាក់ដឹកនាំ​អង្គភាព​នានា​ដែល​ស្ថិតក្រោម​ចំណុះ​របស់ខ្លួន ណែនាំ​ដល់​មន្ត្រីរាជការ​ស៊ីវិល​ក្រោម​ឳ​វាទ​ទាំងអស់​ដែល​កំពុងកាន់​មុខតំណែង​លើសពី​មួយ ធ្វើការ​ជ្រើសរើស​មុខតំណែង​មួយ​ក្នុងចំណោម​មុខតំណែង​បច្ចុប្បន្ន​ដែល​ខ្លួន​កំពុងកាន់ ដើម្បី​ទុក​លទ្ធភាព​ដល់​មន្ត្រីរាជកា​រ​ស៊ីវិល​ផ្សេងទៀត អាច​កាន់​មុខតំណែង​ដែល​នៅ​ទំនេរ​ទាំងនោះ។

គួរ​រំលឹក​ជូន​ផងដែរ​ថា នៅក្នុង​សប្តាហ៍​នេះ លោ​កស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏បាន​ធ្វើការ​ព្រមាន​មន្ត្រី​ថ្នាក់ដឹកនាំ​នៅ​ថ្នាក់ក្រោម​ជាតិ ត្រូវ​បញ្ឈប់​ការជ្រើសរើស​សាច់ញាតិ​របស់ខ្លួន​ឲ្យ​ចូល​បម្រើការ​ងារសំខាន់ៗនៅក្នុង​អង្គភាព​ជំនាញ​នានាត​ទៅ​ទៀត​។ បម្រាម​នេះ ត្រូវបាន​លោ​កស ខេង លើក​ហេតុផល​ថា ការជ្រើសរើស​សាច់ញាតិ​ដែល​គ្មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​នោះ គឺអាច​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ដំណើរការ​អភិវឌ្ឍ​នានា​នៅ​ថ្នាក់មូលដ្ឋាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ