អានតួអត្ថបទ
កម្ពុជា

អភិបាល​ខេត្តកោះកុង​៖​ប្រធាន​ផ្សារ​ដងទង់​នឹង​ប្រឈម​មុខ​ច្បាប់ ​ប្រសិនបើ​ប្រព្រឹត្ត​ហិង្សា​លើ​ក្មេងស្រី​មែន​

ប្រធានផ្សារ​ដងទង់​ខេត្តកោះកុង ​លោកម៉ក់ ណុច ​ដែល​រង​ការ​ចោទ​ប្រកាន់​ថា ​បាន​ប្រើ​អំពើ​ហិង្សា​ទៅលើ​ក្មេងស្រី​អាជីវករ​ពីរនាក់​កាល​ពី​ម្សិលមិញ ​ត្រូវបាន​នគរបាល​ខេត្ត​កោះកុង​ឃាត់ខ្លួន​ទៅ​សួរនាំ​ហើយ ​ប៉ុន្តែ​មកដល់​ពេលនេះ​មិនទាន់​សម្រេច​យ៉ាងណា​នៅ​ឡើយទេ​។ ​ទោះជា​បែបនេះក្តី​ អភិបាល​ខេត្ត​កោះកុង ​បាន​បញ្ជាក់​ថា ​លោក​ប្រធានផ្សារ​រូបនោះ​នឹង​ប្រឈម​មុខច្បាប់ ​ប្រសិនបើ​បាន​ប្រព្រឹត្ត​ហិង្សា​លើ​ក្មេង​ស្រី​។​

ស្លាកស្នាម​ដែល​លោក​ប្រធានផ្សារ​ដងទង់​ច្របាច់ក​ក្មេងស្រី​
ស្លាកស្នាម​ដែល​លោក​ប្រធានផ្សារ​ដងទង់​ច្របាច់ក​ក្មេងស្រី​ @នគរបាលខេត្តកោះកុង
ផ្សាយពាណិជ្ជកម្ម

តាមរយៈ​ខ្សែទូរស័ព្ទ​ពី​ខេត្តកោះកុង ​លោកអភិបាល​ខេត្ត​ប៊ុន លើត ​បានលើកឡើង​ថា ​ប្រសិនបើ​លោក​ប្រធាន​ផ្សារដងទង់​ម៉ក់ ណុច ​បាន​ប្រើប្រាស់​អំពើ​ហិង្សា​ទៅលើ​ក្មេងស្រី​អាជីវករ​ទាំងពី​រនាក់​នោះមែ​ន ​វា​គឺ​ជា​រឿង​ផ្លូវច្បាប់​។ លោកថា​ បើគាត់​ខុស​នឹង​មាត្រា​ច្បាប់​ណាមួយ ​នោះនឹង​ធ្វើ​តាម​មាត្រា​ច្បាប់​នោះ​តែម្តង​។ ​បើ​តាម​លោក​អភិបាលខេត្ត​កោះកុង ​នគរបាល​ខេត្ត​បាន​ឃាត់ខ្លួន​លោក​ប្រធានផ្សារ​រូបនោះ​យកម​ក​សួរនាំ​តាំង​ពី​ម្សិលមិញ ​ពោល​គឺ​តាំង​ពី​គាត់​បាន​ប្រព្រឹត្ត​ហិង្សា​លើ​ក្មេង​ស្រី​រួច​។ ​
 

ចំណែក​ស្នងការ​នគរខេត្ត​កោះកុង​បាន​ថ្លែង​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​តាម​រយៈ​ខ្សែ​ទូរស័ព្ទ​ថា ​អាជ្ញាធរ​កំពុង​សួរនាំ ​និង​ដោះស្រាយ​បញ្ហា​រវាង​លោក​ប្រធានផ្សារ​ និង​ជន​រង​គ្រោះ​នោះ ​ប៉ុន្តែ​មិន​ទាន់​មាន​លទ្ធផល​ និង​សម្រេច​យ៉ាងណា​មួយ​នៅឡើយ​ទេ​គិត​នៅ​ត្រឹម​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​។
 

សូមជំរាប​ជូនថា ​រឿងរ៉ាវ​រវាង​លោក​ប្រធាន​ផ្សារ​ដងទង់​ខេត្ត​កោះកុង ​និង​ក្មេងស្រី​រងគ្រោះ​ទាំង​ពីរ​នាក់នេះ ​បាន​កើតឡើង​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​ម្សិលមិញ​។ ​វីឌីអូ​ខ្លី​ប​មួយ​ដែល​គេ​បង្ហោះ​នៅលើ​បណ្តាញ​សង្គមហ្វេសប៊ុក ​បាន​បង្ហាញ​ឲ្យ​ឃើញថា ​លោក​ប្រធានផ្សារ​ និង​សន្តិសុខ​ផ្សារ​មួយចំនួន​ទៀត​បាន​ប្រតាយ​ប្រតប​គ្នា​ជាមួយ​ក្រុម​អាជីវករ​លក់​ដូរ​ក្នុង​ផ្សារ​។ ក្នុង​ពេល​នោះ ​លោក​ប្រធានផ្សារ​ដងទង់ ​បាន​យក​ដៃ​ទៅច្របាច់ក​ក្មេង​ស្រី​ម្នាក់ ​រីឯ​បក្ខពួក​គាត់​ផ្សេង​ទៀត​បាន​ទះ​កំផ្លៀង​ក្មេង​ស្រី​ម្នាក់ទៀត​។

បណ្តាញ​សារព័ត៌មាន​ក្នុងស្រុក​បាន​ដកស្រង់​សម្តី​ក្មេងស្រី​រងគ្រោះ​ម្នាក់​ដែល​ត្រូវ​លោក​ប្រធានផ្សារ​ច្របាច់ក​ឥត​ប្រណី​ម​​ក​ចុះផ្សា​យ​ថា ​ពេលនាង​កំពុង​អង្គុយ​ជាមួយ​ម្តាយ​លក់​ឥវ៉ាន់​ដូចសព្វ​មួយដង​ ពេលនោះ​ស្រាប់តែ​ប្រធាន​ផ្សារ​ដើរ​មកដល់​តូប​របស់​នាង ​ហើយ​ក៏​យក​ឥវ៉ាន់​ទៅ​បោះចោល​ក្នុង​ធុងសំរាម​តែម្ត​ង​។ ​ពេលនោះ​នាង​ក៏រត់​យក​មក​វិញ ​ស្រាប់​តែ​ប្រធានផ្សារ​ផ្ទុះ​កំហឹង​មក​ច្របាច់ក​នាង​ចង់​ដាច់​ខ្យល់​ស្លាប់ ​តែ​ត្រូវបាន​បងស្រី​នាង​ និង​អ្នកលក់ដូរ​ជិតខាង​ជួយ​ទាន់ ​ទើប​លោក​ប្រធានផ្សារ​លែង​ដៃពី​ក​នាង​វិញ​។ ចំណែក​បងស្រី​នាង​ដែល​មក​ជួបនោះ​ក៏ត្រូវ​បក្ខពួក​លោក​ប្រធានផ្សារ​ទះ​មួយ​កំផ្លៀង​ផងដែរ​។​

យ៉ាងណា​ក៏ដោយ ​វិទ្យុបារាំងអន្តរជាតិ​នៅមិន​ទាន់​អាច​ស្វែងរក​ការទាក់ទង​សុំការ​បកស្រាយ​ពី​លោកប្រធាន​ផ្សារដងទង់​បាន​នៅឡើយទេ​នៅ​ព្រឹក​ថ្ងៃសៅរ៍​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ