អានតួអត្ថបទ
កម្ពុជា-សង្គម

អាជ្ញាធរ​គ្រោង​ផ្ទេរ​លំនៅដ្ឋាន​ពលរដ្ឋ​ប្រមាណ​៥ពាន់​នាក់​ចេញ​ពី​ខ្នង​ភ្នំ​គូលែន

អាជ្ញាធរ​ខេត្តសៀមរាប និង​ក្រសួង​បរិស្ថាន កំពុង​សិក្សា​រួម​គ្នា ដើម្បី​ផ្ទេរ​លំនៅដ្ឋាន​ពលរដ្ឋ​ប្រមាណ​៥ពាន់​នាក់ ចេញ​ខ្នង​ភ្នំ​គូលែន។ មូល​ហេតុ​នៃ​ផ្ទេរ​កន្លែង​រស់​នៅ​របស់​ពលរដ្ឋ​ទាំង​នេះ ត្រូវ​បាន​អាជ្ញាធរ​ពន្យល់​ថា គឺ​ដោ​យ​​សារ​ខ្នង​ភ្នំ​គូលែន​ជា​តំបន់​អភិរក្ស​ ខណៈ​ការ​រស់​នៅ​របស់​ពលរដ្ឋ​កន្លង​មក​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន និងធនធាន​ធម្មជាតិ។

រូបភាព៖ ទិដ្ឋភាព​មួយ​ផ្នែក​នៅ​លើ​ភ្នំ​លែន
រូបភាព៖ ទិដ្ឋភាព​មួយ​ផ្នែក​នៅ​លើ​ភ្នំ​លែន @សហការី
ផ្សាយពាណិជ្ជកម្ម

ក្រសួងបរិស្ថាន​បាន​អះអាង​ថា ទី​តាំង​កន្លែង​ថ្មី​នឹង​មាន​លក្ខណៈ​ងាយ​ស្រួល​ដល់​ពលរដ្ឋ​ប្រមាណ​ជា​៥ពាន់​នាក់ ក្នុង​ការ​ប្រកប​មុខ​របរ​ចាស់​ដដែល គឺ​ការ​លក់​វត្ថុ​អនុស្សាវរីយ៍ និង​ដំណើរ​ការ​បើក​ភោជនីយដ្ឋាន​ជាដើម។ បើតាម លោក នេត្រ ភក្ត្រា អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន បញ្ហាទាំងនេះ​ស្ថិត​នៅ​ក្នុង​ផែន​ការ​សិក្សា​រួម​គ្នា​រវាង​ក្រសួងបរិស្ថាន និង​អាជ្ញាធរ​ខេត្ត​សៀមរាប ជា​យូរ​មក​ហើយ ប៉ុន្តែ​ទើប​ត្រូវ​បាន​លើក​មក​ជជែក​ជាថ្មី នៅ​ក្នុង​ជំនួប​រវាង​អភិបាល​ខេត្ត​សៀមរាប លោក ឃឹម ប៊ុនសុង និង លោក សៅ សុភាព រដ្ឋលេខាធិការ​ក្រសួង​​បរិស្ថាន នៅ​ថ្ងៃទី១១​ខែ​តុលា។

នៅ​ក្នុង​ជំនួប​នោះ លោក សៅ សុភាព រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន លើក​ឡើង​ថា ការ​កាប់​ទន្ទ្រាន​រាន​យក​ដីព្រៃ បាន​កើត​មាន​នៅ​លើ​ខ្នង​ភ្នំ​គូលែន ដែល​ធ្វើ​ឲ្យ​បាត់បង់​ធនធាន​ធម្មជាតិ ព្រម​ទាំង​ប៉ះពាល់​ដល់​រមណីយដ្ឋានធម្មជាតិ​ប្រវត្តិ​សាស្ត្រ​នៅ​ទី​នោះ។ តាម​រយៈ​ផល​ប៉ះពាល់​នេះ លោក សៅ សុភាព ស្នើ​ទៅ​អភិបាល​ខេត្តសៀមរាប ឲ្យ​រៀបចំ​ទី​តាំង​សម​រម្យ​ដើម្បី​ផ្ទេរ​ពលរដ្ឋ​ទៅ​រស់​នៅ​កន្លែង​ថ្មី។

ជា​ការ​ឆ្លើយ​តប លោក ឃឹម ប៊ុនសុង ក៏​បាន​គូស​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​បាន​រៀប​ចំ​គណៈ​​​​កម្មការ​ចម្រុះ ក្នុង​ការ គ្រប់​គ្រង​ប្រជាពលរដ្ឋ​ដែល​រស់​នៅ ខ្នង​ភ្នំ​គូលែន មុខ​ព្រះ​អង្គធំ និង ទឹក​ធ្លាក់​ជាដើម ដើម្បី​ញ្ជៀស​នូវ​ផល​ប៉ះពាល់ និង បំពុល​បរិស្ថាន​នៅ​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​មួយ​នេះ ដែល​ជា​ទី​កន្លែង​សក្ការៈ​បូជា។

លោក​ សួស ណារិន មន្ត្រី​អង្គការ​អាដ​ហុក​ប្រចាំ​ការ​នៅ​ខេត្តសៀមរាប បាន​សម្ដែង​ការ​គាំទ្រចំពោះ​វិធាន​ការរបស់​អាជ្ញាធរ ក្នុង​ការ​ផ្ទេរ​កន្លែង​រស់​នៅ​របស់​ពលរដ្ឋ​រស់​នៅ​លើ​ខ្នង​ភ្នំ​គូ​លែន​នេះ។ លោក សួស ណារិន យល់ថា ការ​រស់​នៅ​របស់​ពលរដ្ឋ​ពិត​ជា​បាន​ផ្ដល់​ផល​ប៉ះពាល់​ដល់​ធនធាន​ធម្មជាតិ​នៅ​ទី​នោះ។ នេះ​ក៏​ព្រោះ​ចំនួន​អ្នកទៅ​រស់​នៅ​ទី​នោះ ចេះ​​តែ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ បន្ថែម​ពី​លើ​ការ​តាំង​ចិត្ត​របស់​អាជ្ញាធរ មន្ត្រី​អាដ​ហុករូប​នេះ​ជំរុញ​អាជ្ញាធរ​ឲ្យ​ស្វែង​រក​ទី​កន្លែង​រស់​នៅ​ឲ្យ​បាន​សមរម្យ ដើម្បី​បញ្ជៀស​ទំនាស់​រវាង​ពលរដ្ឋ និង​អាជ្ញាធរ។

សូម​ជម្រាប​ថា តំបន់​ភូមិ​សាស្ត្រ​ភ្នំគូលែន ជា​ទី​តាំង​សមរភូមិ​ក្ដៅ​នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​មាន​សង្គ្រាម។ ក្រោយ​បញ្ចប់​សង្គ្រាម កងទ័ព​មួយ​ចំនួន​បាន​សម្រេច​តាំង​ទី​លំនៅ នៅ​ទី​នោះ​តែ​ម្ដង រហូត​ដល់​បច្ចុប្បន្ន។ រដ្ឋាភិបាល​កម្ពុជា​​បាន​ដាក់​តំបន់​ប្រវត្តិសាស្ត្រ​ភ្នំ​គូលែន ជាតំបន់អភិរក្ស នៅ​ឆ្នាំ​១៩៩៣ ក្រោម​ឈ្មោះ​ថា ឧទ្យាន​ជាតិ​ព្រះជ័យវរ្ម័ន​នរោត្តម ភ្នំ​គូលែន ដោយ​មាន​ផ្ទៃ​ដី​សរុបជាង​​៣ម៉ឺន​៧ពាន់​ហិកតា​។ តាម​រយៈ​ទិន្ន័យ LiDAR បុរាណ​វិទូ​បាន​សន្និដ្ឋាន​ថា ភ្នំ​គូលែន​ជា​ទី​ក្រុង​បុរាណ​មួយ​ដែល​មាន​បុរាណ​ដ្ឋាន​រាប់​រយកន្លែង​​។ នៅ​លើ​ភ្នំគូលែន មាន​សេស​សល់​ប្រាសាទ​បុរាណ​ជាង​៥០ ផ្ទាំង​ថ្ម​ចម្លាក់ កន្លែង​សម្រាប់​សក្ការៈ​បូជា​ព្រហ្មញ្ញ​សាសនា និង​ព្រៃ​ឈើ​ជា​ច្រើនដែល​កំពុង​រង​ការ​គំរាម​កំហែង​ដោយ​ការ​កាប់​ទន្ទ្រាន​យក​ដី​៕​

 

 

 

 

 

 

 

 

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ