អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

គ.ជ.ប៖ ការ​​ឃោសនា​​បោះឆ្នោត​​បន្ថយ​​មក​​ត្រឹម​​១៤​​ថ្ងៃ​ និង​​ការ​​ហែ​​ក្បួន​​ធ្វើ​​បាន​​តែ​​ពីរ​​ដង​

គណៈកម្មាធិការ​​ជាតិ​​រៀបចំ​​ការ​បោះឆ្នោត​​កំពុង​​រៀប​ចំ​​កិច្ច​​ពិគ្រោះ​យោបល់​​លើ​​សេចក្ដី​​ព្រាង​​​បទ​បញ្ជា ​និង​​នីតិវិធី​​សម្រាប់​​ការ​​បោះឆ្នោត​​ ជ្រើស​រើស​​ក្រុម​​​ប្រឹក្សា​​ឃុំ-សង្កាត់ ​ឆ្នាំ​​២០១៧​​ ដោយ​​មាន​ការ​​ចូល​រួម​​ពី​​តំណាង​​គណបក្ស​​នយោបាយ និង​ម្ចាស់​ជំនួយ​នៅ​​ភោជ​នីយ​ដ្ឋាន​​ទន្លេ​​បាសាក់​​២ ​នៅ​ថ្ងៃ​ទី ​០៥ ​ខែ​មករា​នេះ។ កិច្ច​ប្រជុំ​នេះ​​ផ្ដោត​​ទៅ​​លើ​​ការ​​ឃោសនា​​បោះឆ្នោត ​និង​​ឯករាជ្យ​ភាព​​របស់អ្នក​​អង្កេត​ការណ៍​ជា​ដើម។ ប៉ុន្តែ​ចំណុច​រួម​មួយ​ ដែល​ត្រូវ​លើ​មក​បង្ហាញ​នោះ​ គឺ​ការ​ឃោសនាបោះ​ឆ្នោត​បន្ថយ​មក​ត្រឹម ​១៤​ថ្ងៃ ​និង​ការ​ហែ​ក្បួន​ធ្វើ​បាន​តែ​ពីរ​ដង​ទេ ។  

រូបភាព៖កិច្ចពិភាក្សារបស់គជប
រូបភាព៖កិច្ចពិភាក្សារបស់គជប @RFI
ផ្សាយពាណិជ្ជកម្ម

ខ្លឹម​សារ​នៃ​សេចក្ដី​ព្រាង​បទ​បញ្ជា ​និង​នីតិវិធី​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ ឆ្នាំ​២០១៧ ​បាន​កំណត់​ថា ប្រសិន​បើ​អ្នក​ចូល​រួម​សង្កេត​ការណ៍ លើ​ដំណើរ​ការ​ឃោសនាបោះ​ឆ្នោត ឃុំ-សង្កាត់ មិន​ព្រម​អនុវត្ត​តាម​ច្បាប់ ដែល​បាន​កំណត់​ទេ នឹង​ទទួល​រង​ការ​ផាកពិន័យ​។ហើយ​សកម្មភាព​ដែល​ឈាន​ទៅ​ដល់​ការ​ផាក​ពិន័យ​នោះ​ដូច​ជា​ការ​ផ្ដល់​មធ្យោបាយឬ​ទឹក​ប្រាក់​ជំរុញ​ដល់​សកម្មភាព​ឃោសនាបោះឆ្នោត​របស់​គណបក្ស​នយោបាយ​ណា​មួយ។ តាម​ការ​សន្និដ្ឋាន​ពី លោក​សោម សូរីដា អគ្គ​លេខាធិការ​រង​គជប​ភាគ​ច្រើន​នៃ​អ្នក​ចូល​រួម​អង្កេតការណ៍​គឺ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល។ សម្រាប់​លោក​មន្រ្តី​អង្គការសង្គម​ស៊ីវិល​ត្រូវ​បាន​រិះគ​ន់​ថា​ខ្វះអព្យា​ក្រឹត្យ​ភាព​នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ២០១៣។ 

ដោយ​ឡែក​ការ​ឃោសនា​បោះឆ្នោត​ពី​មុន​មក​កំណត់​ពេល​២១​ថ្ងៃ​ប៉ុន្តែ​ឥឡូវ​បន្ថយ​មក​ត្រឹម​១៤ថ្ងៃ​ប៉ុណ្ណោះ។ ហើយ​ការ​ហែក្បួន​វិញ​មាន​តែ​ពីរ​ដង​ទេ​គឺ​ពេល​បើក​យុទ្ធនាការ​និង​ពេល​បិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ។  ក្នុង​ន័យ​នេះ​លោក​សោម សូរីដា អគ្គលេខាធិការរង​គជប​បាន​គូសបញ្ជាក់​ថា ត្បិត​តែ​ការ​ហែ​ក្បួន​ធ្វើ​បាន​តែ​ពីរ​ដង​ក្នុង​រយៈ​ពេល​១៤​ថ្ងៃ​មែន​ពិត​តែ​គណបក្ស​នយោ​បាយ​អាច​ធ្វើ​សកម្មភាព​ឃោសនា​ផ្សេងៗ​ទៀត​បាន​នៅ​តាម​ឃុំ​សង្កាត់​របស់​ពួក​គេ​រៀងៗ​ខ្លួន។

លោក​សោម សូរីដា បន្ថែមថា ការ​តាក់​តែ​សេចក្ដី​ព្រាង​បទ​បញ្ជា​និង​នីតិវិធី​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ឆ្នាំ២០១៧​នេះ​យក​មូលដ្ឋាន​គ្រឹះ​ពី​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ដែល​ចូល​រួម​តាក់​តែង​ឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​និងគណបក្ស​សង្គ្រោះ​ជាតិ។​ ហើយ​លោក​អះអាង​ទៀត​ថា បទ​បញ្ជា​ថ្មី​និង​នីតិវិធី​ដែល​កំពុង​ពិគ្រោះយោបល់​នេះ​និង​បទ​បញ្ជាចាស់​ដែល​មាន​ស្រាប់​គឺ​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា។  

សូម​បញ្ជាក់​ថា កិច្ច​ពិភាក្សា​ដែល​មាន​រយៈ​ពីរ​ថ្ងៃ​នេះ គ.ជ.ប នឹង​សម្រេច​បិទ​ផ្សាយ​ជា​ផ្លូវ​ការ​លើសេចក្ដី​ព្រាង​បទ​បញ្ជា​និង​នីតិវិធី​សម្រាប់​ការ​បោះឆ្នោត ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ឆ្នាំ២០១៧ នៅ​ចុង​ខែ​មករា​នេះ។

ដោយ​ឡែក​ចំពោះ​ពាក្យ​បណ្ដឹង​ដែល​គជប​ទទួល​បាន​នៅ​អំឡុង​ពេល​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​ដំបូងវិញ​ត្រូវ​បាន​លោក ហង្ស ពុទ្ធា អ្នកនាំ​ពាក្យ​គជប​អះអាង​ថា ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​បាន​ទទួល​ពាក្យ​តវ៉ា​ពី​ប្រជាពលរដ្ឋ​ហើយ​ ប៉ុន្តែ​ចំពោះ​ការ​ដោះ​ស្រាយ​បានប៉ុន្មាន​ករណី​ហើយ​នោះ​លោក​នៅ​មិន​ទាន់​មាន​តួលេខ​នៅ​ក្នុង​ដៃ​នៅ​ឡើយ​ទេ។   ​ប៉ុន្តែ​ព័ត៌មានបឋម បាន​បង្ហាញ​ថា មាន​អ្នក​ប្តឹង​តវ៉ា ទៅ​លើ​ការ​កែ​ទិន្នន័យ អ្នក​ចុះ​ឈ្មោះបោះ​ឆ្នោត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ