អានតួអត្ថបទ
កម្ពុជា

ថៃ​​សន្យា​​ជា​លាយ​​លក្សណ៍​​អក្សរ ថា​ឈប់​បាញ់​ខ្មែរ​នៅ​ព្រំដែន

កម្ពុជា​និង​ថៃ នៅ​ថ្ងៃ​សុក្រ​ទី១៦ មករា​នេះ បានបញ្ចប់​កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​រួម​លើក​ទី៩របស់ខ្លួន​នៅ​ខេត្តសៀមរាប។ កិច្ចប្រជុំ​នៃ​ប្រទេសជិតខាង​ទាំងពីរ​នេះ បានសម្រេច​លទ្ធផល​ចំនួន៨ចំណុច ដែល​រួមមាន​ការបើក​ច្រកទ្វា​ព្រំដែន​ថ្មី ការសង​មកវិញ​នូវ​វត្ថុ​បុរាណ​បន្ថែម។ ចំណែកឯ​ការ​ការបាញ់​ពលរដ្ឋ​ខ្មែរ​នៅ​ព្រំដែន គឺ​ត្រូវបាន​ចុះហត្ថលេខា​ជា​លាយ​លក្សណ៍​អក្សរ។

លោក ហោ ណាំហុង រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា
លោក ហោ ណាំហុង រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា ©ខឹម សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

ការសន្យា​ឈប់​បាញ់​ពលរដ្ឋ​ខ្មែរ​ដែល​ឆ្លងដែន​ដោយ​ខុសច្បាប់​ចូលទៅ​ទឹកដី​ថៃ នៅពេលនេះ​ត្រូវ​បានចែង​ជា​លាយ​លក្សណ៍​អក្សរ​ហើយ។ នេះជា​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​រវាង​ភាគី​កម្ពុជា និង​ថៃ​លើក​ទី៩នេះ។ ក្រោយ​កិច្ចប្រជុំ​ជាង១ម៉ោង​កន្លះ លោក កុយ គួ​ង បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា បញ្ហា​បាញ់សម្លាប់​ពលរដ្ឋ​ខ្មែរ​នេះ​ត្រូវបាន​លើក​យកមក​ដាក់​លើ​តុ​ពិភាក្សា ហើយ​ភាគី​ថៃ​ដែលមាន​រដ្ឋមន្ត្រីក្រសួង​ការបរទេស​លោក ថា​ណៈ​សាក់ ប៉ា​ទិ​ម៉ា​ប្រាក​ន ជា​តំណាង បាន​ឯក​ភាពជា​វិធាន​ការឱ្យ​មានការ​ល្បាត​រួមគ្នា​រវាង​កម្លាំង​កម្ពុជា និង​ថៃ​នៅតាម​បណ្តោយ​ព្រំដែន។

ប៉ុន្តែ​ក្នុងករណី​ឧបទ្ទវ​ហេតុ​បាញ់ប្រហារ​កើតឡើង​នោះ ការសិក្សា​ស្រាវជ្រាវ​ជ្រាវ​ជាក់លាក់​មួយ​នឹងត្រូវ​អង្កេត​យ៉ាងច្បាស់​លាស់។ បើតាម​លោក​កុយ គួ​ង​ដដែល រដ្ឋាភិបាល​ថៃ​កន្លងមក បាន​បញ្ជា​ដល់​ថ្នាក់មូលដ្ឋាន​មិនឱ្យ​មានការ​បាញ់ប្រហារ​នោះទេ គឺ​តម្រូវឱ្យមាន​ការអនុវត្ត​ច្បាប់។ យ៉ាងណាក៏ដោយ​ក្រសួងការបរទេស​ក​ម្ពុ​ជា​បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​ខ្មែរ​មិនតិចជាង៥នាក់​នោះទេ ក្នុង​ឆ្នាំ២០១៤នេះ ត្រូវបាន​ស្លាប់​ដោយសារ​ចុងការ​ណុង​របស់​ទាហាន​ថៃ។

ក្រៅពី​ប្រធានបទ​រសើប​ស្តីពី​ការបាញ់​ស្លាប់​ពលរដ្ឋ​ខ្មែរ​នោះ កិច្ចប្រជុំ​រយៈពេល​ពីរ​ថ្ងៃនេះ ភាគី​ជិតខាង​ទាំងពីរ​បានសម្រេច​បើក​ច្រកព្រំដែន​ថ្មី​ចំនួន៤បន្ថែមទៀត គឺ​ទី១ច្រកចេញចូល​ទំនិញ​ស្ទឹង​បត់ ក្នុង​ខេត្តបន្ទាយមានជ័យ ទី២ច្រក​អានសេះ ខេត្តព្រះវិហារ ទី៣ច្រក​ភ្នំ​ជី ខេត្តបាត់ដំបង និង​ទី៤ គឺ​ច្រក​ជុំ​គគី ខេត្ត​ឧ​ត្ត​រ​មានជ័យ។ តាម​កំណត់ហេតុ​នៃ​កិច្ចប្រជុំ ភាគី​ថៃ​ក៏បាន​យល់ព្រម​ប្រគល់​វត្ថុ​បុរាណ​ដែល​ថៃ​បាន​រឹបអូស​ក្នុង​តាំងពី​ឆ្នាំ១៩៩៩ ចំនួន​១៦​ដុំ​បន្ថែមទៀត បន្ទាប់​វត្ថុ​បុរាណ៧ដុំ​រួចហើយ​ត្រូវបាន​បញ្ជូន​មកឱ្យ​កម្ពុជា ក្នុងចំណោម​វត្ថុ​ទាំង៤៣ដុំ។ បើតាម​អ្នកនាំពាក្យ​ក្រសួង​ការ​បរ​ទស​កម្ពុជា​ដដែល ពលករ​ខ្មែរ​ចំនួន៦៦ម៉ឺន​នាក់ ត្រូវបាន​រដ្ឋាភិបាល​ថៃ​ចុះបញ្ជី​ជា​ពលករ​ស្របច្បាប់​រួចរាល់​អស់ហើយ។

ដោយឡែក​ការបង្ក្រាប់​ឧក្រិដ្ឋកម្ម​ឆ្លងដែន ការបង្ក្រាប​ការរត់​ព​ន្ទ ការបង្កើត​តំបន់​សេដ្ឋកិច្ច​នៅ​ព្រំដែន​រួមគ្នា​រវាង​កម្ពុជា-ថៃ និង​ការ​ចរាចរ​ផ្នែក​កសិកម្ម​នៅ​ព្រំដែន ក៏​ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​រវាង​កម្ពុជា និង​ថៃ​លើក​ទី៩នេះ​ផងដែរ។

ជាការ​រំលឹក កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​អន្តររដ្ឋាភិបាល​ទាំងពីរ​នេះ ធ្លាប់បាន​ផ្អាក​កន្លងមក​ដោយសារតែ​វិ​ប​ត្ត​ផ្ទៃក្នុង​ប្រទេស​ថៃ។ ហើយ​កិច្ចប្រជុំ​ឆ្នាំនេះ ប្រធានបទ​ស្តីពី​ការដក​ទ័ព​របស់​ថៃ​ក្នុង​តំបន់​ប្រសាទ​ព្រះវិហារ​តាម​អំណាច​សាលដីការ​ទីក្រុង​ឡាអេ​នោះ ក៏​មិនត្រូវ​បានដាក់​ពិភាក្សា​លើ​តុ​​នោះ​ទេ។

យ៉ាងណាក៏ដោយ ការសន្យា​ជា​លាយ​លក្ស​រណ៍​អក្សរ​ឈប់​បាញ់​ពលរដ្ឋ​ខ្មែរ​នៅ​ព្រំដែន របស់​ភាគី​ថៃ​នៅពេលនេះ គឺជា​កា​សន្យា​ថ្មី​មួយទៀត បន្ទាប់ពី​ការសន្យា​ល​នាពេល​កន្លងទៅ​របស់​ប្រទេស​ថៃ​ជិតខាង មិនមាន​ប្រសិទ្ធភាព​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ