អានតួអត្ថបទ
កម្ពុជា

នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​​ម្នាក់​ដើរ​ទារ​ប្រាក់​ប្រចាំ​ខែ​ពី​ស្ថាប័ន​ឯកជនជាង​១០០ ចុង​ក្រោយ​ជាប់​អន្ទាក់ ACU

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ACU បាន​ឃាត់​ខ្លួន​នគរបាល​សេដ្ឋកិច្ច​ម្នាក់ បញ្ជូន​ទៅ​កាន់​តុលាការ ក្រោយ​ពី​រក​ឃើញ​ថា នគរបាល​រូប​នេះ បាន​ដើរ​ទារ​លុយ​ពី​ស្ថាប័ន​ឯកជន​ជាង​១០០​នៅ​ទូទាំង​ភ្នំពេញ​។ បន្ទាប់​ពី​ឃាត់​ខ្លួន​នៅ​ថ្ងៃ​ទី​២១​មីនា ​នគរបាល​រូប​នេះត្រូវ​បាន​​តំណាង​អយ្យការ​ចោទ​ប្រកាន់ជា​ផ្លូវ​ការ​ហើយ​កាល​ពី​ម្សិលមិញ ពី​បទ​វិតិក្រម​។

ជន​សង្ស័យ​ហ៊ុយ ហឿន ដែល​ជា​នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច
ជន​សង្ស័យ​ហ៊ុយ ហឿន ដែល​ជា​នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច
ផ្សាយពាណិជ្ជកម្ម

នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​ដែល​ត្រូវ ACU ឃាត់​ខ្លួន​នេះ មាន​ឈ្មោះ ហ៊ុយ ហឿន ជា​នាយ​រង​ផ្នែក​សិទ្ធិ​អ្នក​និពន្ធ​និង​សិទ្ធិ​ប្រហាក់​ប្រហែល ការិយាល័យ​កម្មសិទ្ធិ​បញ្ញា នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួង​មហាផ្ទៃ​។ ACU បាន​គូស​បញ្ជាក់​ឲ្យ​ដឹង​ថា នគរបាល​រូប​នេះ បាន​ដើរ​ទារ​ប្រាក់​ប្រចាំ​ខែ​ពី​ក្រុមហ៊ុន សហគ្រាស បុគ្គល​ឯកជន​ផ្សេង​ៗ​នៅ​ទូទាំង​រាជធានី​ភ្នំពេញ​ជាង​១០០​ទីតាំង ក្នុង​តម្លៃ​ចាប់​ពី​២​ម៉ឺន​រៀល រហូត​ដល់​១​ពាន់​ដុល្លារ​អាមេរិក​។ បើ​តាម ACU សកម្មភាព​ទារ​ប្រាក់​ប្រចាំ​ខែ​នេះ ត្រូវ​បាន​ឈ្មោះ ហ៊ុយ ហឿន ប្រព្រឹត្ត​ជា​ទម្លាប់​អស់​រយៈ​ពេល​ប្រហែល​១០​ខែ​មក​ហើយ ពោល​គឺ​ចាប់​តាំង​ពី​ពេល​ដែល​ជន​នេះ​ត្រូវ​បាន​ចាត់​តាំង​ឲ្យ​បំពេញ​ការងារ​នៅ​រាជធានី​ភ្នំពេញ​មក​ម្ល៉េះ​​។

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ACU បាន​តាមដាន​ឈ្មោះ ហ៊ុយ ហឿន ដែល​ជា​នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​នេះ ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ហើយ​បាន​ឃើញ​ពី​សកម្មភាព​ទទួល​លុយ​ជា​ប្រចាំ​ខែ​ជា​ច្រើន​លើក​ទៀត​ផង​។ ចុង​ក្រោយ​នេះ ពោល​គឺ​នៅ​ថ្ងៃ​ឃាត់​ខ្លួន​តែ​ម្ដង ACU បាន​តាម​ទៅ​ទាន់សកម្មភាព​ទទួល​លុយ​ជាក់​ស្ដែង​របស់ ហ៊ុយ ហឿន នៅ​ហាង​កាហ្វេ​មួយ​កន្លែង ទើប​បាន​សម្រេច​នាំ​ខ្លួន​ឈ្មោះ​នេះ​ទៅ​កសាង​សំណុំ​រឿង​តាម​នីតិវិធី​ទៅ​កាន់​តុលាការ​តែម្ដង​។ ACU បាន​អះអាង​ដែរ​ថា សកម្មភាព​ទារ​ប្រាក់​របស់​ឈ្មោះ ហ៊ុយ ហឿន មាន​ការ​ចូល​រួម​ពី​មន្ដ្រី​នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​ម្នាក់​ទៀត ឈ្មោះ ឯម កុសល​។

គួរ​ជម្រាប​ជូន​ថា ការ​ទាមទារ​ប្រាក់​ក្នុង​នាម​ជា​មន្ដ្រី​សាធារណៈ ត្រូវ​បាន​ហាម​ឃាត់​ដោយ​ច្បាប់​។ សម្រាប់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ សកម្មភាព​ដូច្នេះ មិន​ត្រឹម​តែ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​ស្ថាប័ន​ជាតិ​ និង​​មន្ដ្រី​សាធារណៈ​ដទៃ​ទៀតទេ​ វា​ក៏​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជំនឿ​ទុក​ចិត្ត​របស់​ប្រជាជន និង​អ្នក​វិនិយោគ ទៅ​លើ​ការ​ដឹក​នាំ​របស់​រាជរដ្ឋាភិបាល​ទៀត​ផង​។

ជា​ការ​កត់​សម្គាល់ បន្ទាប់​ពី​ឃាត់​ខ្លួន​នៅ​ថ្ងៃ​ទី​២១​មីនា ​នគរបាល​សេដ្ឋកិច្ច ហ៊ុយ ហឿន ត្រូវ​បាន ACU បញ្ជូនទៅ​កាន់​តុលាការ​។ ​​តំណាង​អយ្យការ​នៃ​សាលា​ដំបូង​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៣​មីនា បាន​សម្រេច​ចោទ​ប្រកាន់ជន​នេះ​ជា​ផ្លូវ​ការ​ហើយ ពី​បទ​វិតិក្រម តាម​មាត្រា ៥៩២ ៥៩៣ នៃ​ក្រម​ព្រហ្មទណ្ឌ និង​មាត្រា​៣២ នៃ​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ