អានតួអត្ថបទ
កម្ពុជា

តុលាការ​ចោទ​ប្រកាន់​មន្ត្រី​សង្គម​ស៊ីវិល និង​មន្ត្រី គ.ជ.ប ពី​បទ​សូក​ប៉ាន់​សាក្សី

នៅ​ព្រឹក​ថ្ងៃ​ទី២ ឧសភា នេះ មន្ត្រី​សង្គម​ស៊ីវិល ទាំង​៤​រូប រួម​ទាំង​មន្ត្រី​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​មួយ​រូប ត្រូវ​បាន​ព្រះរាជ​អាជ្ញា​សាលា​ដំបូង​រាជធានី​ចោទ​ប្រកាន់​ពី​បទ​សូក​ប៉ាន់​សាក្សី និង​បញ្ជូន​បន្ត​ទៅ​ចៅ​ក្រម​ស៊ើប​សួរ។ ចំណែក​លោក នី ចរិយា ត្រូវ​បាន​ចោទ​ប្រកាន់ បទ​ផ្សំ​គំនិត​ក្នុង​អំពើ​សូក​ប៉ាន់​សាក្សី។

ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​បាន​សាក​សួរ​ទាំង​ថ្ងៃ​ទាំង​យប់ ចាប់​តាំង​ពី​ថ្ងៃ​ទី​១ ឧសភា មក ព្រះរាជ​អាជ្ញា​សា​លា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចោទ​ប្រកាន់ មន្ត្រី​សង្គម​ស៊ីវិល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា​ហៅ​កាត់​ថា ADHOC ទាំង​៤​រូប និង​មន្ត្រី​ជាន់​ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​១​រូប​ពី​បទ​សូក​ប៉ាន់​សាក្សី។

លោក លី សុផាណា អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ពួក​គាត់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​សូក​ប៉ាន់​សាក្សី តាម​មាត្រា​៥៤៨ នៃ​ក្រម​ព្រហ្មទណ្ឌ។ ជំហាន​បន្ត​ពួក​គាត់​ទាំង​៥​រូប​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ចៅ​ក្រម​ស៊ើប​សួរ​នៅ​រសៀល​ថ្ងៃ​ទី​២ ឧសភា​នេះ។ តាម​ការ​ចោទ​ប្រកាន់​ពី​ព្រះរាជ​អាជ្ញា បទល្មើស​នេះ​អាច​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥​ឆ្នាំ ទៅ ១០​ឆ្នាំ។

ចំណែក​លោក នី ចរិយា ជា​អគ្គលេខាធិការរ​ង គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​គជប ត្រូវ​បាន​ព្រះ​រាជ​អាជ្ញាចោទ​ប្រកាន់​ពី​បទ​ផ្សំ​គំនិត​ក្នុង​អំពើ​សូក​ប៉ាន់​សាក្សី តាម​មាត្រា​២៩ និង​មាត្រា​៥៤៨ នៃ​ក្រម​ព្រហ្មទណ្ឌ។ នេះ​បើ​តាម​លោក សំ សុគង មេធាវី​ការពារ​ក្តី​លោក នី ចរិយា។ លោក សំ សុគង បាន​បញ្ជាក់​ថា​នៅ​ដំណាក់​កាល​ចៅ​ក្រម​ស៊ើប​សួរ កូន​ក្តី​របស់​ធ្វើ​កំណត់​ហេតុ​ដើម្បី​ប្រមូល​ភស្តុតាង​ជា​បឋម​សម្រេច​ថា​តើ​នៅ​ក្រៅ​ឃុំ ឬ​នៅ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន។

មន្ត្រី​ទាំង​៤​រូប​របស់​សមាគម​អាដហុក​រួម​មាន លោក នី សុខា ប្រធាន​ផ្នែក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៅ​សមាគម​អាដហុក និង​អនុប្រធាន​ពី​រូប​របស់​លោក​គឺ លោក យី សុខសាន្ត និង​លោក ណៃ វ៉ង់ ដា។ ចំណែក​លោក​ស្រី លឹម មុនី​ ជា​អ្នក​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៅ​អាដហុក។ លោក នី ចរិយា អគ្គលេខាធិការ​រង គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​គជប។

សូម​បញ្ជាក់​ថា មន្ត្រី​សមាគម​អាដ​ហុក​ និង​អគ្គលេខាធិការ​រង គ.ជ.ប ទាំង​នោះ ត្រូវ​បាន ACU ឃាត់​ខ្លួន កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា បន្ទាប់​ពី​អ្នក​ទាំង​នោះ​បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​ជា​បន្ត​បន្ទាប់​តាម​ការ​កោះ​ហៅ កាល​ពី​ថ្ងៃ​ទី​២៧ និង​ថ្ងៃ​ទី​២៨ ខែ​មេសា កន្លង​មក​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ឆ្លើយ​ដាក់​ពី​កញ្ញា ខុម ចាន់តារ៉ាទី ហៅ​ស្រី​មុំ ក្នុង​សំណុំ​រឿង​ខ្សែអាត់​សំឡេង ដែល​គេ​សង្ស័យ​ថា​ពាក់​ព័ន្ធ​នឹង​លោក​កឹម សុខា អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ