អានតួអត្ថបទ
កម្ពុជា-កសិកម្ម

ដំណាំ​កសិផល​ខ្មែរ​សំខាន់ៗ​សម្រាប់​នាំ​ចេញ​បាន​ធ្លាក់​ថ្លៃ

ដំណាំ​កសិផល​រួម​មាន៖ ម្រេច ពោត ដំឡូង​មី​ កៅស៊ូ ជា​ដើម បាន​ធ្លាក់​ថ្លៃ និង​គ្មាន​ទីផ្សារ​នាំ​ចេញ។ ក្នុង​នោះ​តម្លៃ​ដំឡូង​មី​ស្រស់​ត្រូវ​បាន​គេ​រាយការណ៍​មក​ថា ធ្លាក់​ថ្លៃ​អាក្រក់​បំផុត​មិន​ធ្លាប់​មាន​ដោយ​ក្នុង​មួយ​គីឡូ​ធ្លាក់​ចុះ​មក​ត្រឹម​១០០​រៀល។ ទន្ទឹម​នឹង​ការ​ធ្លាក់​ថ្លៃ​នេះ ក្រសួង​កសិកម្ម​បាន​អះអាង​ពី​វិធានការ​ដែល​អាច​សង្គ្រោះ​បាន​ទាន់​ពេល​វេលា។

រូបភាព​ចាស់៖ កម្មករ​កំពុង​ប្រមូល​កៅស៊ូ​ទឹក
រូបភាព​ចាស់៖ កម្មករ​កំពុង​ប្រមូល​កៅស៊ូ​ទឹក
ផ្សាយពាណិជ្ជកម្ម

អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​លោក ឡោ រស្មី ពន្យល់​ថា មូលហេតុ​ដែល​នាំ​ឲ្យ​ដំណាំ​កសិផល​ទាំង​នេះ​ធ្លាក់​ថ្លៃ​ដោយ​សារ​តែ ការ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​មិន​ទាន់​ត្រឹម​ត្រូវ​តាម​ស្តង់ដា​ដែល​បាន​កំណត់។ អ្វី​ដែល​ជា​តម្រូវ​ការ​ស្តង់​ដា​នោះ​គឺ​ការ​ដាំ​ដុះ​មាន​ការ​ទទួល​ស្គាល់​ថា គ្មាន​ប្រើ​ប្រាស់​សារជាតិ​គីមី តែ​ប្រើ​ជី​ធម្មជាតិ។​ ជាក់​ស្ដែង​តម្លៃ​ម្រេច​នៅ​កំពត​ដែល​ជា​ទំនិញ​សម្គាល់​ភូមិសាស្ត្រ​តម្លៃ​នៅ​ថេរ​ដដែល។ តែ​ផ្ទុយ​មក​វិញ​តម្លៃ​ម្រេច​នៅ​ត្បូង​ឃ្មុំ​ដែល​មិន​ទាន់​ក្លាយ​ជា​ទំនិញ​សម្គាល់​ភូមិ​សាស្ត្រ​បាន​ធ្លាក់​ថ្លៃ។

ដោយ​ឡែក​ចំពោះ​ដំណាំ​កៅ​ស៊ូ​បច្ចុប្បន្ន​នេះ ១​តោន​ស្ថិត​នៅ​ក្នុង​តម្លៃ​១៦០០​ដុល្លារ​ដែល​មុន​បន្តិច​ចន្លោះ​ខែ​៤​ទៅ​ខែ​៥​កៅស៊ូ​មាន​តម្លៃ​ជិត​២០០០​ដុល្លារ​ក្នុង​១​តោន។ នេះ​បណ្ដាល​មក​ពី​ការ​នាំ​ចេញ​ទៅ​ប្រទេស​លើស​តម្រូវ​ការ។

ចំណែក​តម្លៃ​ដំឡូង​មី​បច្ចុប្បន្ន​នេះ​១​តោន​ស្ថិត​នៅ​ក្នុង​តម្លៃ​១១០​ដុល្លារ ខណៈ​ដែល​ឆ្នាំ​ទៅ​មិញ​១​តោន​មាន​តម្លៃ​១៧០​ដុល្លារ។ ទន្ទឹម​នឹង​នេះ ពី​ខេត្ត​ប៉ៃលិន​មក​វិញ​ប្រជាពលរដ្ឋ​បាន​រអ៊ូ​រទាំ​ថា​ តម្លៃ​ដំឡូង​មី​បាន​ធ្លាក់​ចុះ​អាក្រក់​បំផុត​មិន​ធ្លាប់​មាន​ក្នុង​១​គីឡូ​ក្រាម​តម្លៃ​១០០​រៀល​សម្រាប់​ដំឡូង​មី​ស្រស់។ ប្រឈម​បញ្ហា​នេះ​កសិករ​បាន​បន្ថយ​ការ​ដាំ​ដំឡូង​មី​ជា​បណ្ដើរៗ ហើយ​អ្នក​ខ្លះ​ទៀត​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស។

ចំពោះ​ដំណាំ​ពោត​វិញ លោក ឡោ រស្មី បាន​គូស​បញ្ជាក់​ថា ត្បិត​ធ្លាក់​បន្តិច​មែន​តែ​ត្រូវ​ប៉ាន់​សម្រាប់​តម្រូវ​ការ​ក្នុង​ស្រុក​ ព្រោះ​រោងចក្រ​ផលិត​ចំណី​សត្វ​ក្នុង​ស្រុក​បាន​ប្រមូល​ទិញ​។ តែ​យ៉ាង​ណាក៏​ដោយ ​​បើ​តាម​ជំហរ​របស់​ក្រសួង​កសិកម្ម​ការ​ធ្លាក់​ថ្លៃ​នេះ​ក្រសួង​នៅ​តែ​សង្គ្រោះ​ទាន់​ពេល​វេលា​តាម​រយៈ​ការ​រក​ទីផ្សារ​អន្តរជាតិ​ក្នុង​ការ​លក់​ផលិតផល​កសិកម្ម​នេះ​តាម​រយៈ​ការ​វេច​ខ្ចប់​នានា​ដែល​គេ​ចង់​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ