អានតួអត្ថបទ
កម្ពុជា

ADB​ ជួយ​កម្ពុជា​និង​ប្រទេស​ក្រីក្រ​ក្នុង​អាស៊ាន​ឲ្យ​មាន​សន្ទុះ

ធនាគារ​អភិវឌ្ឍន៍អាស៊ី​ ( ADB)​និង​រដ្ឋាភិបាល​ប្រទេស​អូស្ដ្រាលី ​បានប្រកាស​ផ្ដល់ជំនួយ​រួមគ្នា​ក្នុង​ទឹកប្រាក់​ ១០,៥ លាន​ដុល្លារ​ ដើម្បី​លើក​កម្ពស់​ការ​អភិវឌ្ឍ​វិស័យ​ឯកជន​នៅតាម​បណ្ដា​ប្រទេស​មហា​អនុតំបន់​មេគង្គ​ (GMS)​គឺ​កម្ពុជា ​ឡាវ ​មីយ៉ាន់ម៉ា​ និង​វៀតណាម។ ​ជំនួយ​នេះ​មាន​គោលដៅ​ជួយ​ឲ្យ​បណ្តា​ប្រទេស​ក្រីក្រ​ទាំងនេះ​អាចមាន​លទ្ធភាព​ ធ្វើ​សមាហរណកម្ម​ក្នុង​សហគមន៍​សេដ្ឋកិច្ច​ឆ្នាំ ២០១៥។

ស្លាកសញ្ញារបស់ធនាគារអភិវឌ្ឍន៍អាស៊ាន។
ស្លាកសញ្ញារបស់ធនាគារអភិវឌ្ឍន៍អាស៊ាន។ @បណ្តាញសង្គម
ផ្សាយពាណិជ្ជកម្ម

ការ​ប្រកាស​ផ្តល់​ជំនួយ​នេះ​ត្រូវ​បាន​ធ្វើឡើង​តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ពី​ទីក្រុង​ម៉ានីល​ ប្រទេស​ហ្វីលីពីន​នៅ​ថ្ងៃទី៤ធ្នូ​នេះ។​ លោក ​Eric Sidgwick ​នាយក ​ADB ​ប្រចាំ​ប្រទេស​​​កម្ពុជា​មានប្រសាសន៍​ថា​ “វិស័យ​ឯកជន​នៅ​កម្ពុជា​ ឡាវ​ មីយ៉ាន់ម៉ា ​និង​វៀតណាម​ នៅ​មិនទាន់មាន​ការ​អភិវឌ្ឍ​ពេញលេញ​នៅឡើយ​ទេ។ ​ដូច្នេះ​វា​មាន​ភាព​ចាំបាច់​ជាបន្ទាន់​មួយ​ក្នុង​ការ​ជួយ​កែលំអ​បរិយាកាស​ប្បញ្ញត្ដិ​កម្ម​នានា​ដើម្បី​ឲ្យ​ធុរកិច្ច​ក្នុង​បណ្តា​ប្រទេស​ទាំងនោះ​កាន់​តែមាន​សមត្ថភាព​ប្រកួត​ប្រជែង​ជាង​មុន។

លោក​បន្តថា ​បញ្ហា​នេះ​រឹតតែ​មាន​សារៈសំខាន់​ទៅទៀត​ នៅពេលដែល​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ចាប់ផ្ដើម​ដំណើរការ​ ដែល​គេ​រំពឹងថា​នឹង​នាំមក​នូវ​ឱកាស​ថ្មីៗ​ថ្នាក់​តំបន់​ជាច្រើន​សម្រាប់​​ក្រុមហ៊ុន​នៅក្នុង​មហា​អនុតំបន់​មេគង្គ។ ​ក្នុងន័យនេះ​ ធនាគារ​អភិវឌ្ឍ​អាស៊ី ​និង​ប្រទេស​​អូស្ត្រាលី​ក៏បាន​សម្រេច​ផ្ដល់ជំនួយ​រួមគ្នា​ក្នុង​ទឹកប្រាក់​ ១០,៥ លាន​ដុល្លារ​ដើម្បី​លើក​កម្ពស់​ការ​អភិវឌ្ឍ​វិស័យ​ឯកជន​នៅក្នុង​ប្រទេស ​កម្ពុជា​ ឡាវ ​មីយ៉ាន់ម៉ា​ និង​វៀតណាម។ ​ទឹកប្រាក់​នេះ​រួមមាន​ ជំនួយ​បច្ចេកទេស​របស់ ​ADB ក្នុង​ទម្រង់​ជា​ជំនួយ​ឥតសំណង​ចំនួន​៥០ម៉ឺន​ដុល្លារ​ និង​ការផ្ដល់​ហិរញ្ញប្បទាន​ ១០ លាន​ដុល្លារ​ពី​រដ្ឋាភិបាល​អូស្ដ្រាលី។  

ការ​ប្រកាស​ផ្តល់​ជំនួយ​នេះ​ក៏បាន​ធ្វើឡើង​នៅមុន​កិច្ចប្រជុំ​កំពូល​លើក​ទី ៥ ​នៃ​មហា​អនុតំបន់​មេគង្គ ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​ ១៩-២០ ខែ ធ្នូ​ នៅ​ទីក្រុង​បាងកក​ ប្រទេសថៃ។ សេចក្តី​ប្រកាស​​ព័ត៌មាន​របស់​ធនាគារ​អភិវឌ្ឍ​អាស៊ី​ឲ្យ​ដឹងថា ​បរិយាកាស​ប្បញ្ញត្ដិកម្ម​ ដែល​រឹងមាំ ​និង​ផ្ដល់នូវ​ភាព​យុត្ដិធម៌​ មាន​សារៈសំខាន់​យ៉ាងខ្លាំង​ ចំពោះ​ការ​ អភិវឌ្ឍ​សហគ្រាស​ខ្នាតតូច​ និង​មធ្យម​ (SMEs) ដែលមាន​រហូតដល់​ ៩០% ​នៃ​សហគ្រាស​ទាំងអស់​ និង​ដែល​ផ្ដល់​ការងារ​ ៧៥%។ ​ប៉ុន្តែ​  ជារឿយៗ​វិស័យ​នេះ ​ជួបប្រទះ​នឹង​ការលំបាក​ ដើម្បី​ទទួលបាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ និង​សេវា​គាំទ្រ​ដទៃទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ