អានតួអត្ថបទ
កម្ពុជា-នយោបាយ

គណបក្ស​ប្រជាជន​នឹង​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កាលពី​ថ្ងៃ​ម្សិលមិញ​បានប្រកាស​ស្នើឱ្យ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​យក​ច្បាប់ ស្តីពី​គណបក្សនយោបាយ​ទៅ​វិសោធនកម្ម​ដើម្បី​បន្ថែមថា​អ្នក​ដែលជា​ទណ្ឌិត​គឺ​មិនអាច​ធ្វើជា​ប្រធាន ឬ​អនុប្រធាន​បក្សនយោបាយ​បានឡើយ។ គណបក្ស​សង្គ្រោះ​ជាតិ ការធ្វើ​វិសោធន​កម្មនេះ​នឹង​ធ្វើឱ្យ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នឹង​ដើរ​ថយក្រោយ។ ទន្ទឹមនឹងនេះ ក្រុមអ្នកវិភាគ​នៅ​កម្ពុជា បាន​ព្រួយបារម្ភ​យ៉ាងខ្លាំង។

លោក ហ៊ុន សែន បានព្រមានថានឹងលក់ឡៃឡុង រាល់ទ្រព្យសម្បតិ្តកម្មសិទ្ធិរបស់លោក សម រង្ស៊ី
លោក ហ៊ុន សែន បានព្រមានថានឹងលក់ឡៃឡុង រាល់ទ្រព្យសម្បតិ្តកម្មសិទ្ធិរបស់លោក សម រង្ស៊ី @Samdech Hun Sen, Cambodia Prime Minister
ផ្សាយពាណិជ្ជកម្ម

មិន​បង្អង់​ឡើយ​គណៈអចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា​នឹងធ្វើ​លើ​ការងារ​នេះ​ដោយ​យក​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ទៅឱ្យ​សភា​ធ្វើ​វិសោធនកម្ម ប៉ុន្តែ​គណបក្ស​មិនទាន់​បញ្ជាក់​ពី​កាលបរិច្ឆេទ​នៃ​វិសោធនកម្ម​នេះ​នៅឡើយ​ទេ។ នេះ​ជាការ​បញ្ជាក់​ពី​លោក​ប៉ែន បញ្ញា សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​នីតិកម្ម​របស់​រដ្ឋសភា។

ការធ្វើ​វិសោធន​កម្មនេះ គឺ​ចង់​សំដៅ​ទៅលើ​លោក សម រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​ទណ្ឌិត។ លោក ប៉ែន បញ្ញា បន្ថែមថា ការស្នើ​វិសោធន​កម្មនេះ ជា​ចេតនា​ត្រឹមត្រូវ​ព្រោះ​ថ្នាក់ដឹកនាំ​គណបក្ស​កាន់អំណាច​ចង់ឱ្យ​ពលរដ្ឋ​ធម្មតា​មិនមែន​ទណ្ឌិត​ជា​ប្រធាន ឬ​អនុប្រធាន​គណបក្សនយោបាយ។ បន្ថែម​ពីនេះ ក្រុម​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់ថា មែនទែនទៅ​លោក សម រង្ស៊ី គឺ​បាន​បាត់បង់​សិទ្ធិ​នយោបាយ​រួចទៅហើយ​តាមច្បាប់​របស់​កម្ពុជា​ព្រោះថា លោក​គឺជា​ទណ្ឌិត។

គណបក្ស​សង្គ្រោះ​ជាតិ​វិញ បាន​លើកឡើងថា​យុទ្ធសាស្ត្រ​របស់​បក្ស​កាន់អំណាច​នេះ គឺ​នឹង​ធ្វើឱ្យ​លិ​ទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នឹង​ដើរ​ថយក្រោយ​នៅពេលដែល​បក្ស​កាន់អំណាច​ចង់​ធ្វើ​ច្បាប់​ដើម្បី​គាបសង្កត់​ប្រធាន​បក្ស​កាន់អំណាច​យ៉ាង​ដូចនេះ។ លោក​អេង ឆៃអ៊ាង អ្នកនាំពាក្យ​គណបក្ស​បាន​បន្ថែមថា យុទ្ធវិធី​ចង់​បញ្ចប់ជីវិត​នយោបាយ​លោក​សម រង្ស៊ី​របស់​បក្ស​កាន់អំណាច​គឺ​មិនមាន​ប្រសិទ្ធភាព​នោះទេ ព្រោះ​សង្គម​ប្រជាធិបតេយ្យ​ជីវិត​អ្នកនយោបាយ​អាស្រ័យ​លើ​ការគាំទ្រ​របស់​ប្រជាពលរដ្ឋ។

បន្ថែម​លើ​ចេតនា​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​នេះ​ទៀត ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​កាន់តែ​តានតឹង​ខ្លាំងឡើងៗ ព្រោះថា​គណបក្ស​ប្រជាជន​បាន​វិសោធនកម្ម​លុបចោល​វប្បធម៌​សន្ទនា​រវាង​បក្ស​ទាំងពីរ ហើយ​ទាំង​នាយករដ្ឋមន្ត្រី និង​មន្ត្រីជាន់ខ្ពស់​នៅតែ​បន្ត​ផ្តល់ និង​មានបំណង​បង្កក​ទ្រព្យសម្បត្តិ​លោក​សម រង្ស៊ី​ថែមទៀត​ផង។ ទន្ទឹមនឹងនេះ លោក សម រង្ស៊ី​នៅតែ​បន្ត​វាយ​ហារត្រង់ៗ និង​ឌឺដង​មកលើ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​បន្តទៀត។

ចំពោះ​ស្ថានភាព​បែបនេះ ក្រុមអ្នកវិភាគ​នៅ​កម្ពុជា មាន​ជា​អាថ៌​លោក អ៊ូ វីរៈ មានការ​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​អ្នកនយោបាយ​ដែល​ប្រើប្រាស់​វិធី​កំទេច​ដៃគូរ​ប្រកួត​យ៉ាង​ដូច្នេះ។ ហើយ​ថា ស្ថានភាព​នេះ នឹង​ធ្វើឱ្យ​ប្រជាពលរដ្ឋ និង​អ្នកវិនិយោគ​តឹងទ្រូង​ខ្លាំង និង​ព្រួយបារម្ភ​យ៉ាងខ្លាំង។ អ្នកវិភាគ​បាន​មើលឃើញថា ច្បាប់​ដែល​ប្រឆាំងនឹង​បុគ្គល​ជាជាង​ច្បាប់​ដែល​បម្រើ​ផលប្រយោជន​ជាតិ​ជារួម​នេះ នឹង​ធ្វើឱ្យ​ពលរដ្ឋ​អស់ជំនឿ​លើ​រដ្ឋាភិបាល​នៃ​គណបក្សកាន់អំណាច​កាន់​តែ​ខ្លាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ