ក្រុមទាយាទអង្គរ ៖ ក្តីស្រឡាញ់អក្សរសាស្រ្តខ្មែរពិតប្រាកដ គួរស្តែងចេញជាសកម្មភាព
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៣០
ក្នុងសន្និសីទសារព័ត៌មានមួយ កាលពីព្រឹកថ្ងៃសុក្រ «ក្រុមទាយាទអង្គរ» ដែលជា បណ្តុំនៃយុវជន មានគោលដៅរួមគ្នា ដើម្បីវឌ្ឍនភាពនៃប្រជាជាតិខ្មែរ បានប្រកាសអោយដឹង ពីដំណើរការ គម្រោងស្រាវជ្រាវលើកដំបូងរបស់ខ្លួន មានឈ្មោះថា «លក្ខណៈពិសិដ្ឋនៃអក្សរសាស្រ្ត និងសាស្រា្តស្លឹករឹតខ្មែរ»។ លោក សី លីហ៊ាង ប្រធានក្រុមទាយាទអង្គរ បានបញ្ជាក់ថា គម្រោងនេះ ជានិន្នាការថ្មីមួយ ដែលជួយធ្វើឱ្យមានតុល្យភាពគ្នា រវាងអត្តសញ្ញាណជាតិខ្មែរ និងឥទ្ធិពលនៃទំនើបភាពដ៏ខ្លាំងក្លានៅក្នុងសង្គមកម្ពុជាផងដែរ។ ក្រុមទាយាទអង្គរ នឹងបង្អួតពី វិសេសភាពនៃអក្សរសាស្រ្ត និងសាស្រ្តាស្លឹករឹតរបស់ខ្មែរ លើវេទិកាពេញមួយថ្ងៃ ដែលនឹងប្រារព្ធ នៅ ថ្ងៃចេញព្រះវស្សា ត្រូវនឹងថ្ងៃអាទិត្យ ទី១៦ ខែតុលា ឆ្នាំ២០១៦ ខាងមុខ នៅ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ដោយ រួមមានកម្មវិធី សិក្ខាសាលា ភាពយន្តខ្នាតខ្លី ការតាំងពិព័រណ៍ បង្រៀនចុះហត្ថលេខាបែបខ្មែរ ការដាក់ឈ្មោះបែបខ្មែរ ការសម្តែងទស្សនីយភាពល្ខោន ជាដើម។