អានតួអត្ថបទ
កម្ពុជា

អត្តពលិក​បរទេស​ប្រមាណ ២៥០នាក់ កំពុង​ត្រៀម​ខ្លួន​រត់​ប្រណាំង​ព្រឹត្តិការណ៍ Angkor Ultra Trial នៅខេត្ត​សៀមរាប

អត្តពលិក​ ២៥០នាក់​ មក​ពី​ប្រមាណ ២០​ប្រទេស បាន​ទៅ​ដល់​ខេត្តសៀមរាប​ហើយ នៅ​ថ្ងៃ​ទី ២០​មករា​នេះ ដើម្បី​ចូលរួម​នៅ​ក្នុង​ព្រឹត្តិការណ៍ Angkor Ultra Trial ដែល​ជា​ព្រឹត្តិការណ៍​រត់​ប្រណាំង​ម៉ារ៉ាតុង​ ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ រហូត​ដល់ ១២៨​គីឡូម៉ែត្រ។ ព្រឹត្តិការណ៍ Angkor Ultra Trial នឹង​ធ្វើ​ឡើង​រយៈ​ពេល ១ថ្ងៃ ១យប់ ពីថ្ងៃទី ២៣ ដល់​ថ្ងៃ​ទី​ ២៤មករា ចុង​សប្តាហ៍​នេះ នៅ​ជុំវិញ​តំបន់​អង្គរ ក្នុង​ខេត្ត​សៀមរាប។

ព្រឹត្តិការណ៍​កីឡា​រត់​ប្រណាំង​ពាក់​កណ្តាល​ម៉ារ៉ាតុង​ នៅខេត្តសៀមរាប កាល​ពី​ពេល​កន្ល​ង​មក​
ព្រឹត្តិការណ៍​កីឡា​រត់​ប្រណាំង​ពាក់​កណ្តាល​ម៉ារ៉ាតុង​ នៅខេត្តសៀមរាប កាល​ពី​ពេល​កន្ល​ង​មក​ @RFI/Pheary
ផ្សាយពាណិជ្ជកម្ម

មាន​អត្តពលិក​បរទេស ​ប្រមាណ ២៥០នាក់ បាន​មក​ដល់ខេត្ត​សៀមរាប​ នៅ​ថ្ងៃ​ទី ២០មករា បន្ទាប់​ពីបាន​ឆ្លង​ផុត​ដំណាក់​កាល​ទី​១ នៃ​ការ​ពិនិត្យ​សុខភាព ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​រត់​ប្រណាំង Angkor Ultra Trial នៅ​ចុង​សប្តាហ៍​នេះ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អនុ​រដ្ឋ​លេខាធិការ​ក្រសួង​ទេសចរណ៍ បាន​ប្រាប់​វិទ្យុ​បារាំង​ថា អត្តពលិក​ទាំង​នោះ នឹង​ត្រូវ​ធ្វើ​ការ​ពិនិត្យ​សុខភាព​មួយ​លើក​ទៀត នៅ​ថ្ងៃ​ទី ២២មករា មុន​ពេល​ចូលរួម​ប្រកួត នៅ​ថ្ងៃ​ទី ២៣​មករា។

លោក​វ៉ាត់ ចំរើន បាន​ឲ្យ​ដឹង​ទៀត​ថា គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា បាន​ត្រៀម​រួចរាល់​ហើយ​នូវ​អ្នក​បច្ចេក​ទេស ដែល​ជា​មន្ត្រី​ជំនាញ​ផ្នែក​កីឡា ប្រមាណ ៥០នាក់ និង​អ្នកស្ម័គ្រចិត្ត ១៥០នាក់ ដើម្បី​ជួយ​សម្រួល​ និង​ត្រួត​ពិនិត្យ​លើ​អ្នក​រត់​ប្រណាំង​ទាំង​អស់។ អត្តពលិក​ទាំង​អស់ ត្រូវ​រត់​ឥត​ឈប់​ដោយ​ឆ្លង​កាត់​តាម​តំបន់​ធម្មជាតិ តាម​ស្រែ ឬ​តាម​ប្រាសាទ​នានា។ ហើយ​អ្នក​រត់​ប្រណាំង​ទាំង​នោះ នឹង​ត្រូវ​តាម​ឃ្លាំ​​មើល​យ៉ាង​ម៉ត់​ច្មត់​ពី​អ្នក​បច្ចេកទេស ដែល​ជិះ​ម៉ូតូ​តាម​ពី​ក្រោយ។

អត្តពលិក​ទាំងអស់ នឹង​ត្រូវ​ត្រួត​ពិនិត្យ​ការ​ប្រកួត​ ពីរ​ដំណាក់​កាល ដើម្បី​រក​ឲ្យ​ឃើញ​អ្នក​ឈ្នះ ដោយ​ដំណាក់​កាល​ទី​១ ពេល​ដែល​អ្នករត់ រត់បាន ៧៤គីឡូម៉ែត្រ នឹង​មាន​ការ​ពិនិត្យ​ថា តើ​ក្រោម ឬលើស ២១​ម៉ោង។ បើ​សិន​ជា​លើស ២១ម៉ោង អ្នក​រត់​នោះ នឹង​អស់​ឱកាស​សម្រាប់​ទៅ​រត់​បន្ត​ទៀត ដោយសារ​ម៉ោង​នេះ មិន​គ្រប់​តាម​ស្តង់ដារ។ ការ​ពិនិត្យ​ដូចគ្នា​ដែរ ​គឺ​នៅ​ពេល​អត្តពលិក រត់​បាន ១២៨គីឡូម៉ែត្រ ប្រសិន​បើ​គេ​រត់​លើស​ពី ២៨​ម៉ោង គេ​នឹង​មិន​អាច​ទទួល​បាន​ជ័យ​ជំនះ​ទេ។ អ្នក​ឈ្នះ គឺ​អ្នក​ដែល​ប្រើ​ថេរវេលា​តិច​ជាង​គេ ហើយ​រត់​ត្រូវ​តាម​ផ្លូវ​នៃ​​ផែនទី ដែល​គណៈកម្មការ​រៀបចំ​ការ​ប្រកួត បាន​កំណត់។

​សូម​បញ្ជាក់​ថា អ្នក​ចូលរួម​ដែល​ជា​ជនជាតិ​បរទេស ត្រូវ​តម្រូវ​ឲ្យ​​បង់ប្រាក់ ១៦០ដុល្លារ សម្រាប់​​អ្នក​រត់​ចម្ងាយ ១២៨គីឡូម៉ែត្រ ៩០ដុល្លារ សម្រាប់​អ្នក​រត់ ៦៤គីឡូម៉ែត្រ និង​៦០​ដុល្លារ ​សម្រាប់​អ្នក​រត់ ៣២គីឡូម៉ែត្រ។ ទឹក​ប្រាក់​ពី​ព្រឹត្តិការណ៍​នេះ នឹង​ត្រូវ​បង្វែរ​យក​ទៅ​ឧបត្ថម្ភ​ដល់​អង្គការ​កុមារ​កំព្រា។

មន្ត្រី​កីឡា និង​ទេសចរណ៍​កម្ពុជា​ រំពឹងថា ព្រឹត្តិការណ៍ Angkor Ultra Trial នេះ នឹង​ធ្វើឲ្យ​កម្ពុជា អាចផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍​បាន​កាន់​តែ​ទូលំ​ទូលាយ និង​ជា​ពិសេស គឺ​អាច​ទាក់ទាញ​បាន​ភ្ញៀវ​ទេសចរ​បរទេស មក​ទស្សនា​តំបន់​រមណីយដ្ឋាន ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក ដូចជា​ប្រាសាទ​អង្គរ​វត្ត​ជា​ដើម ឲ្យ​កាន់​តែ​ច្រើន​ឡើង។ ក្នុង​ផ្នែក​កីឡា​វិញ ព្រឹត្តិការណ៍​នេះ រំពឹង​ថា នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ យល់​ដឹង​បន្ថែម​ពី​ប្រភេទ​នៃ​ការ​រត់​ប្រណាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ