អានតួអត្ថបទ
កម្ពុជា

ស្ថាបត្យករ​​ខ្មែរ​​​ដ៏​​ល្បីល្បាញ​​​​លោក​​ វណ្ណ ម៉ូលីវណ្ណ ​​ទទួល​​មរណៈភាព​​ក្នុង​​វ័យ​​៩១​​ឆ្នាំ​

លោក​ វណ្ណ ម៉ូលីវណ្ណ​ ស្ថាបត្យករ​ខ្មែរ​ដ៏​ល្បីល្បាញ​បាន​ទទួល​មរណៈភាព​ហើយ ​កាលពី​វេលា​ម៉ោង​០៩​និង​៤៥​នាទី ​ថ្ងៃ​ទី​២៨​ខែ​កញ្ញា​នេះ ​ក្នុង​ជន្មាយុ​៩១​ឆ្នាំ ​ដោយ​ជរា​ពាធ ​។ ​សព​លោក ​វណ្ណ មូលី​វណ្ណ ​ត្រូវបាន​តម្កល់​នៅ​គេហដ្ឋាន​របស់​លោក​ឯ​ទីក្រុង​សៀមរាប​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ​តើ​លោក​ វណ្ណ ម៉ូលីវណ្ណ ​ជា​នរណា​?

លោក វណ្ណ ម៉ូលីវណ្ណ ស្ថាបត្យករខ្មែរដ៏ល្បីល្បាញ
លោក វណ្ណ ម៉ូលីវណ្ណ ស្ថាបត្យករខ្មែរដ៏ល្បីល្បាញ facebook
ផ្សាយពាណិជ្ជកម្ម

កើត​នៅ​ថ្ងៃ​ទី​២៣​ខែ​វិច្ឆិកា​ឆ្នាំ​១៩២៦ ​នៅ​ស្រុក​រាម ​ខេត្ត​កំពត ​លោក ​វណ្ណ ម៉ូលីវណ្ណ ​គឺ​ជា ​ វរ​ស្ថាបត្យករ​មួយ​រូប​របស់​ខ្មែរ ​ដែល​មាន​ភាព​ល្បីល្បាញ​ចាប់តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៥០​។ ​លោក​វណ្ណ ម៉ូលីវណ្ណ ​គឺជា​បញ្ញវន្ត​មួយរូប​ដែល​ទទួលបាន​អាហារូបករណ៍​ផ្នែក​ច្បាប់ ​នៅ​ទីក្រុង​ប៉ារីស ​ប្រទេស​បារាំង ​តែ​ក្រោយមក​លោក​បាន​ប្តូរ​ជ្រើសរើស​ការសិក្សា​ផ្នែក​ស្ថាបត្យកម្ម​វិញ​។

លោក​វណ្ណ ម៉ូលីវណ្ណ ​បាន​ក្លាយជា​ស្ថាបត្យករ​ដ៏​ល្បីល្បាញ​និង​មាន​ទេពកោសល្យ​លើសគេ ​ជាពិសេស​នៅក្នុង​ការ​រួមចំណែក​ប​ង្កើ​ត​ស្ថាបត្យកម្ម​ខ្មែរ​ទំនើប​នៅ​ក្នុង​សម័យ​សង្គម​រាស្ត្រនិយម ​អំឡុង​ឆ្នាំ​១៩៥៥​ដល់​១៩៧០ ​ដែល​ដឹកនាំ​ដោយ​អតីត​ព្រះ​មហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ​នរោត្តម ​សីហនុ​។

លោក​ វណ្ណ ម៉ូលីវណ្ណ ​ដែលជា​អ្នក​សីហនុ​និយម ​បាន​បន្សល់​ទុក​នូវ​​ស្នាដៃ​និង​សមិទ្ធផល​ចំបង​ៗ​ជាច្រើន ​ដូចជា​សាល​សន្និសីទ​ចតុមុខ ​វិមាន​ឯករាជ្យ ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ​វិមាន​រដ្ឋ​ចំការមន​ សាល​មហោស្រព​ជាតិ​សុរា​ម្រឹត ​ដែល​បាន​ឆេះ​កាលពី​ឆ្នាំ​១៩៩៤ ​វិទ្យា​សា្ថ​ន​ភាសា​បរទេស ​​សំណង់​ស្ថានទូត​ខ្មែរ​នៅ​បរទេស​និង​អាគារ​ស្នាក់នៅ​រួម​ជាច្រើន​ទៀត​។

បន្ទាប់ពី​ត្រលប់​ពី​ប្រទេស​បារាំង​វិញ​កាលពី​ឆ្នាំ​១៩៥៥ ​លោក​វណ្ណ ម៉ូលីវណ្ណ ​ត្រូវបាន​តែងតាំង​ជា​ប្រធាន​ស្ថាបត្យករ​នៅ​កម្ពុជា ​និង​ក្លាយជា​ព្រឹទ្ធបុរស​ដំបូង​គេ​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ចាប់ពី​ឆ្នាំ១៩៦៥ដល់១៩៦៧​។​ លោក ​វណ្ណ ម៉ូលីវណ្ណ ​ក៏​ធ្លាប់​ធ្វើជា​ទេស​រដ្ឋមន្ត្រី ​ទទួលបន្ទុក​នគរូបនីយកម្ម​និង​សំណង់ ​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ផងដែរ ​កាលពី​ជំនាន់​អតីត​រដ្ឋ​កម្ពុជា ​បន្ទាប់ពី​លោក​និង​ក្រុមគ្រួសារ ដែល​ភរិយា​របស់​លោក​ជា​ជនជាតិ​ស្វី​ស ​បាន​វិល​ត្រលប់​ចូល​ប្រទេស​កម្ពុជា​វិញ​កាលពី​ឆ្នាំ​១៩៩១​។

ក្រៅពី​ទទួលបាន​ការ​កោតសរសើ​រ​នូវ​ស្នាដៃ​និង​ទេពកោសល្យ​ស្ថាបត្យកម្ម​គ្មាន​ពីរ​ថ្នាក់ជាតិ​ហើយ ​លោក ​វណ្ណ ម៉ូលីវណ្ណ ​ក៏បាន​ឈ្នះ​ផងដែរ​នូវ​រង្វាន់ ​Nikkei ​អាស៊ី ​នៅ​ឆ្នាំ​២០១៣ ​និង​រង្វាន់​កិត្តិយស​ផ្នែក​ស្ថាបត្យកម្ម​មួយ​ចំនួន​ទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ