អានតួអត្ថបទ
កម្ពុជា

តំបន់​អារ៉ែង​ខេត្ត​កោះកុង នឹង​មាន​សេវា​ទូរសព្ទ​និង​អ៊ីនធឺណេត​​​នា​​ពេល​ដ៏​ខ្លីខាង​មុខ

ប្រជាពលរដ្ឋ​នៅ​តំបន់​អារ៉ែង ស្ថិត​ក្នុង​ស្រុក​ថ្ម​បាំង ខេត្ត​កោះកុង នឹង​មាន​សេវា​ទូរសព្ទ​ក៏​ដូច​ជា​ប្រព័ន្ធ​អ៊ីនធឺណេត​ប្រើ​ប្រាស់​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​​។ នេះ​គឺជា​ការ​ប្រកាស​របស់​លោក ម៉ូវ ចរិយា ប្រធាន​និយ័តករ​ទូរគមនាគមន៍​កម្ពុជា ទៅ​កាន់​ប្រជាពលរដ្ឋ​នៅ​តំបន់​អារ៉ែង ខណៈ​ពេល​លោក​អញ្ជើញ​ចុះ​ទៅ​ទី​នោះ ចាប់​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ខែ​សីហា​​កន្លង​ទៅ​។

គណៈប្រតិភូ​ដឹក​នាំ​ដោយ​លោក ម៉ូវ ចរិយា ប្រធាន​និយ័តករ​ទូរគមនាគមន៍​កម្ពុជា ចុះ​ទៅ​សិក្សា​នៅ​តំបន់​អារ៉ែង ថ្ងៃ​ទី​២៣-២៥​សីហា ២០១៧
គណៈប្រតិភូ​ដឹក​នាំ​ដោយ​លោក ម៉ូវ ចរិយា ប្រធាន​និយ័តករ​ទូរគមនាគមន៍​កម្ពុជា ចុះ​ទៅ​សិក្សា​នៅ​តំបន់​អារ៉ែង ថ្ងៃ​ទី​២៣-២៥​សីហា ២០១៧ រូបភាព TRC
ផ្សាយពាណិជ្ជកម្ម

ប្រធាន​​និយ័តករ​ទូរគមនាគមន៍​កម្ពុជា មិន​បាន​អញ្ជើញ​ទៅ​តំបន់​អារ៉ែង​តែ​ឯង​ទេ ប៉ុន្តែ​លោក​បាន​ដឹក​នាំ​មន្ដ្រី​ជំនាញ ព្រម​ទាំង​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​ទៀត​ដើម្បី​សិក្សា​ពី​លទ្ធភាព ក៏​ដូច​ជា​ទីតាំង​សម្រាប់​តម្លើង​បណ្ដាញ​សេវា​ទូរសព្ទ​ចល័ត​និង​សេវា​អ៊ីនធឺណេត​ នៅ​តំបន់​អារ៉ែង​។ ក្រុមហ៊ុន​ឯកជន​ទាំង​នោះ​មាន​ដូច​ជា ក្រុមហ៊ុន​បណ្ដាញ​សេវា​ទូរសព្ទ​ចល័ត (Cellcard, Smart, Viettel, និង qb), ក្រុមហ៊ុន​សេវា​អ៊ីនធឺណេត (Ezecom, និង TC), ក្រុមហ៊ុន​បណ្ដាញ​ខ្សែ​កាប្លិ៍​អុបទិក ព្រមទាំង​​ក្រុមហ៊ុន​សាងសង់​អង់តែន។

តាម​រយៈដំណើរ​ចុះ​ទៅ​តំបន់​អារ៉ែង​នេះ ប្រធាន​និយ័តករ​ទូរគមនាគមន៍ លោក ម៉ូវ ចរិយា បាន​ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ពន្លឿន​ការងារ​តម្លើង​សេវា​ទូរសព្ទ​និង​អ៊ីនធឺណេត​នេះ​ឲ្យ​បាន​ឆាប់​រហ័ស​ជូន​ប្រជាពលរដ្ឋ​។ សម្រាប់ប្រធាន​​និយ័តករ​ទូរគមនាគមន៍​កម្ពុជា​រូប​នេះ ប្រព័ន្ធ​ទូរសព្ទ​និង​សេវា​អ៊ីនធឺណេត​ មាន​សារៈសំខាន់​ណាស់ ក្នុង​ការ​ផ្ដល់​ភាព​ងាយស្រួល​ដល់​ការ​ទាក់ទង​របស់​ប្រជាពលរដ្ឋ ពិសេស​គឺ​រួម​ចំណែក​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ ឲ្យ​ទៅ​កម្សាន្ត​នៅ​តំបន់​​អារ៉ែង​កាន់​តែ​ច្រើន​។

ទាក់ទង​នឹង​គម្រោង​តម្លើង​សេវា​ទូរសព្ទ​និង​អ៊ីនធឺណេត​នៅ​តំបន់​អារ៉ែង​នេះ លោក អ៊ិន គង់ជិត មន្ដ្រី​សម្របសម្រួល​អង្គការ​លីកាដូ​ប្រចាំ​ខេត្ត​កោះកុង បាន​សម្ដែង​ការ​ស្វាគមន៍​។ លោក អ៊ិន គង់ជិត គូស​បញ្ជាក់​ថា ពេល​មាន​សេវា​ទូរសព្ទនិង​អ៊ីនធឺណេត បូក​រួម​នឹង​ផ្លូវ​ធ្វើ​ដំណើរ​ងាយ​ស្រួល នោះ​តំបន់​អារ៉ែង​នឹង​ក្លាយ​ខ្លួន​ទៅ​ជា​​តំបន់​អេកូ​ទេសចរណ៍​ដ៏​​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ជាតិ​និង​អន្ដរជាតិ​ ជាក់​ជា​ពុំ​ខាន​។

សូមជម្រាបជូន​ថា រហូត​មក​ទល់​ពេល​នេះ ប្រជាសហគមន៍​នៅជ្រលង​​អារ៉ែង ខេត្ត​កោះកុង គ្មាន​សេវា​ទូរសព្ទ​ប្រើ​ប្រាស់​ទេ កុំ​ថា​ឡើយ​ដល់​ប្រព័ន្ធ​អ៊ីនធឺណេត​។ ដើម្បីទាក់ទង​មក​ពិភព​ខាង​ក្រៅ ប្រជាសហគមន៍​នៅ​តំបន់​អារ៉ែង ត្រូវ​ធ្វើ​ដំណើរតាម​ផ្លូវ​ដ៏​លំបាក​​ប្រមាណ​​២០​គីឡូម៉ែត្រទៅ​​ទីរួម​ស្រុក​ថ្ម​បាំង​ ព្រោះ​សេវា​ទូរសព្ទ​និង​អ៊ីនធឺណេត​មាន​ត្រឹម​តែ​នៅ​ស្រុក​ថ្ម​បាំង​ប៉ុណ្ណោះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ