អានតួអត្ថបទ
កម្ពុជា

កម្ពុជា​ត្រូវ​ការ​ពេល​វេលា​មធ្យម​ក្នុង​ការ​បណ្តុះ​បណ្តា​លជំនាញ​បន្ថែម​

នៅ​ដំណាច់​ឆ្នាំ​២០១៥​ ប្រទេស​កម្ពុជា​នឹង​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ទៅ​ក្នុង​សហគមន៍​អាស៊ាន ​ជាមួយ​គ្នា​នេះ​ប្រទេស​កម្ពុជា​ដែល​បាន​បោះ​ជំហ៊ាន​យឺត​យ៉ាវ​ជាង​គេ​នៅ​ក្នុង​សហគមន៍​នេះ ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ ដែល​ត្រូវ​ដោះស្រាយ។​ ក៏​ប៉ុន្តែ​អ្នក​វិភាគ​សេដ្ឋកិច្ច​កម្ពុជា​មើល​ឃើញ​ថា ​កម្ពុជា​ត្រូវ​ចំណាយ​ពេល​វេលា​កំរិត​មធ្យម​បន្ថែ​មទៀត​លើ ​ការ​ពង្រឹង​សមត្ថភាព​និង​គុណភាព​ការងារ​ ខណៈ​ដែល​ជំហ៊ាន​ដំបូង​ ប្រទេស​មួយ​នេះ​ត្រូវ​ប្រឹងប្រែង​រត់​តាម​គេ​ជា​មុន​សិន ​មុន​សមាហរណ​កម្ម​អាស៊ាន​ទាំង​ស្រុង​ឬ​គ្រ​ប់ផ្នែ​កឈាន​ចូល​មក​ដល់។​​

យុវជន​ក្នុងតំបន់​អាស៊ាន ធ្វើ​វេទិកា​ជួបជុំ​សំដែង​មតិ។
យុវជន​ក្នុងតំបន់​អាស៊ាន ធ្វើ​វេទិកា​ជួបជុំ​សំដែង​មតិ។ @rfi/siv channa
ផ្សាយពាណិជ្ជកម្ម

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​កាល​ពីរ​សៀល​ថ្ងៃ​ទី​២២​តុលា ​នៅ​ក្នុង​ពិធី​ប្រកាស​ផ្សព្វ​ផ្សាយ​ និង​ដាក់​អោយ​អនុវត្ត​គោល​នយោបាយ​ជាតិ​ស្តី​ពី​មុខ​របរ​និង​ការងារ​ឆ្នាំ​២០១៥-២០២៥ ​បាន​លើក​ឡើង​ពី​ការ​រក្សា​បាន​នូវ​ភាព​រឹងមាំ​នៃ​នយោបាយ​និង​ម៉ាក្រូ​សេដ្ឋកិច្ច​កម្ពុជា​រយៈពេល​ពីរ​ទសវត្ស​កន្ល​ងទៅ​នេះ។​

កំលាំង​ពលកម្ម​កម្ពុជា​បាន​កើន​ឡើង​ចំនួន​ជាង​៣២០ ០០០​នាក់​ ក្នុង​មូយ​ឆ្នាំ​ ហើយ​អត្រា​គ្មាន​ការងារ​ធ្វើ​ ត្រូវ​បាន​កាត់​បន្ថយ​មក​ក្រោម​១​ភាគ​រយ​ ក្នុង​នោះ​ក៏​មាន​ស្ត្រី​ យុវជន ​ជនពិការ​និង​ជន​ងាយ​រងគ្រោះ​ ​ក៏​ត្រូវ​បាន​ជម្រុញ​នៅ​ក្នុង​វិស័យ​ការងារ។​

ទន្ទឹ​ម​នឹង​មោទ​នភាព​នេះ​ ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​ក៏​បាន​លើក​ឡើង​ពី​ចំណុច​មួយ​ចំនួន​ដែល​ជា​ការ​ប្រឈម​ផង​ដែរ​ ដូចជា​កំណើន​ការងារ​ភាគ​ច្រើន​ កើត​នៅក្នុង​​វិស័យ​កសិកម្ម​ និង​វិស័យ ​ក្រៅ​ប្រព័ន្ធ​ ដោយសារ​មូលដ្ឋាន​កំណើន​នៅ​មាន​លក្ខណៈ​តូច​ចង្អៀត ​ហើយ​ដែល​មាន​ការ​ពឹង​ផ្អែក​លើ​វិស័យ​សំណង់ ​កសិកម្ម ​កាត់ដេរ ​និង​ទេសចរណ៍​ ដែល​លោក​យល់​ថា​វិស័យ​ទាំង​នេះ​បាន​ស្រូប​យក​បាន​មួយ​កំរិត​កំលាំង​ពលកម្ម​គ្មា​នជំនាញ ​ហើយ​ទទួល​មក​វិញ​នូវ​បទ​ពិសោធន៍​ការងារ​តិច​តួច។​

ជាមួយ​គ្នា​នេះ ​លោក​ស្រី​ ចន្ធី​ អ្នក​វិភាគ​សេដ្ឋកិច្ច​កម្ពុជា​លើក​ឡើង​ថា ​កម្ពុជា​នៅ​មិន​មាន​ សមត្ថភាព​ជំនាញ​អាច​ប្រកួត​ប្រជែង​ជាមួយ​សមាជិក​អាស៊ាន​ដទៃ​ទៀត​នៅ​ឡើយ​ ជា​ពិសេស​ធនធាន​មនុស្ស​លើ​វិស័យ​ឧស្សាហកម្ម​ធន់​ធ្ងន់​ ដោយសារ​តែ​យុវជន​ខ្មែរ​នាំ​គ្នា​រៀន​តែ​ផ្នែក​​គ្រប់គ្រង។ ដូច្នេះ​ចង់​មិន​ចង់​កម្ពុជា​នឹង​មាន​ការ​ចាញ់​ប្រៀប​គេ ​នៅ​ក្នុង​ជំហ៊ាន​ដំបូង​នៃ​ការ​ច្របាច់​ចូល​គ្នា​លើវិ​ស័យ​ការងារ។​

ទោះ​យ៉ាង​នេះ​ក្តី​ លោក​ស្រី​ ចន្ធី​ គាំទ្រ​ចំពោះ​ការ​ធ្វើ​សមាហរណកម្ម​នេះ​ ដោយសារ​វា​អាច​ជួយ​ជម្រុញ​ធនធាន​ពលកម្ម​ពី​ប្រទេស​កម្ពុជា​ឲ្យ​រត់​តាម​គេ ​វា​ជា​ការ​ប្រសើរ។​ហើយ​ម៉្យាង​ទៀត​កម្ពុជា​ទំនង​ជា​ត្រូវ​ការ​ពេល​វេលា​មធ្យម​មួយ​ ក្នុង​ការ​ប្រឹងប្រែង​បន្ថែម​លើ​គុណ​ភាព​ នេះ​ចំពោះ​វិស័យ​ ទីផ្សា​រការងារ។ ក៏​ប៉ុន្តែ​ចំពោះ​វិស័យ​ផ្សេង​ៗ​ទៀត ​លោក​យល់​ថា​ប្រទេស​កម្ពុជា​ក៏​អាច​មាន​សមត្ថភា​ពប្រកួត​ប្រជែង​ជាមួយប្រទេស​ជា​សមាជិក​អាស៊ាន​មួយ​ចំនួន​ផង​ដែរ។​

សូម​បញ្ជា​ក់ថា​ដើម្បី​ជំនះ​បាន​នូវ​បញ្ហា​ប្រឈម​ រដ្ឋាភិបាល​បាន​រៀប​ចំ​និង​ដាក់​ចេញ​គោល​នយោបាយ​ជាតិ​ស្តី​ពី​មុខ​របរ​និង​ការងារ​ឆ្នាំ​២០១៥-២០២៥នេះ​ ដោយ​មាន​គោល​បំណង​សំខាន់​៣ ​គឺ​ ការ​បង្កើន​ឱកាស​ការងារ​សមរម្យ​ និង​មាន​ផលិត​ភាព​ការ​ងារ​ខ្ពស់​ ការ​ជំរុញ​ការ​អភិវឌ្ឍ​ជំនាញ ​និង​ធនធាន​មនុស្ស ​និង​ការ​ពង្រឹង​អភិបាល​កិច្ច​ទីផ្សារ​ការងារ​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ