អានតួអត្ថបទ
កម្ពុជា

វត្តមាន​អ្នក​សង្កេតការណ៍​ACU បន្លាច​ទាំង​បេក្ខជន​ប្រឡង និង​គ្រូ​គណៈ​មេប្រ​យោគ

បន្ទាប់​ពី​អញ្ជើញ​បើក​កញ្ចប់​វិញ្ញាសារ និង​ត្រួត​ពិនិត្យ​មណ្ឌល​ប្រលង នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ក្នុង​រាជធានី​ភ្នំពេញ នៅ​ព្រឹក នេះ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និងកីឡា បាន​ថ្លែង​ចំណាប់​អារម្មណ៍​ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ និង​បំពេញវិជ្ជា ឆ្នាំ​២០១៦​នេះ មាន​ការ​ប្រែប្រួល​ល្អ​ជាង​ឆ្នាំ​មុន ចំពោះ​ការ​យក​សំណៅ​ឯកសារ ចូលមណ្ឌល​ប្រលង និង​ការ​ត្រៀម​ខ្លួន​របស់​បេក្ខជន។ ដោយ​ឡែក អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធាន​ស្តីទី​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ដែល​សង្កេតការណ៍​ប្រលង​ពី​ខាង​ក្រៅ​មណ្ឌល សម្តែង​ក្តីបារម្ភ​ថា វត្តមាន​អ្នក​សង្កេតការណ៍ មក​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ អាច​បង្កើន​សម្ពាធ​ទៅលើ​បេក្ខជន និង​គ្រូ​គណៈ​មេ​ប្រយោគ។

រូបភាពចាស៖ លោក ហង់​ ជួន​ណារ៉ុន ​រដ្ឋមន្រ្តី​ក្រសួង​អប់រំ ​បាន​ទៅ​ចុះ​ពិនិត្យ​ផ្ទាល់​នៅ​មណ្ឌល​ប្រលង​ ក្នុង​រាជធានីភ្នំពេញ
រូបភាពចាស៖ លោក ហង់​ ជួន​ណារ៉ុន ​រដ្ឋមន្រ្តី​ក្រសួង​អប់រំ ​បាន​ទៅ​ចុះ​ពិនិត្យ​ផ្ទាល់​នៅ​មណ្ឌល​ប្រលង​ ក្នុង​រាជធានីភ្នំពេញ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណារ៉ុន បាន​ថ្លែង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២២ សីហា នេះ​ថា គ្មាន​ការ​នាំ​ឯកសារ​មេរៀន​ចូល មណ្ឌល​ប្រលង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ទាល់​តែសោះ បើ​ធៀប​នឹង​ឆ្នាំ​មុនៗ នៅ​មាន​សិស្ស​ខ្លះ​នាំ​សំណៅ​ឯកសារ​មេរៀន​ចូល​មណ្ឌល​ប្រលង ដូច្នេះ​វា​ស្តែង​អោយ​ឃើញ​ថា បេក្ខជន​មាន​ទំនុកចិត្ត និង​រៀន​បាន​ច្រើន​ជាង​ឆ្នាំ​មុនៗ។

មិន​ខុស​គ្នា​ទេ ទាំង​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ថ្នាក់​ដឹក​នាំ​មន្រ្តី​សង្កេតការណ៍ មក​ពីសហភាព​សហព័ន្ធ​យុវជន​កម្ពុជា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ អាជ្ញាធរ​មូលដ្ឋាន សុទ្ធ​តែសាទរ​ចំពោះ​ការ​ផ្លាស់ប្តូរ​ឥរិយាបថ​ជា​វិជ្ជមាន​របស់​សិស្សា​នុសិស្ស​នា​សម័យ​ប្រលង​ឆ្នាំ​២០១៦នេះ​។ ប៉ុន្តែ អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធាន​ស្តីទី​របស់​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​សម្តែង​ក្តីបារម្ភ​ថា វត្តមាន អ្នក​សង្កេតការណ៍ ជា​យុវជន​យ៉ាង​ច្រើន​ មក​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ដែល​ត្រួត​ពិនិត្យ​ចាប់​ពី​ច្រក​ចេញ-ចូល​មណ្ឌល ក្នុង​បរិវេណ​មណ្ឌល​ប្រលង និង​បន្ទប់ប្រលង បាន​បង្កើន​ភាព​តាន​តឹង​សម្រាប់​បេក្ខជន និង​គណៈ​កម្មការ​ត្រួត​ពិនិត្យ​ការ​ប្រលង​ទៅវិញ។ អ្នកស្រី បញ្ជាក់​ថា បេក្ខជន និង​គណៈ​ប្រយោគ ដែល​ភាគ​ខ្លះ​ជា​គ្រូបង្រៀន​របស់​អ្នកសង្កេតការណ៍​ផង​នោះ មាន​សម្ពាធ ដោយ​សារ ពួក​គាត់​មាន​អារម្មណ៍​ថា ត្រូវ​គេ​ឃ្លាំមើល ដូចជា​ចំណាត់​ខ្មាំង។

ឆ្លើយ​តប​នឹង ការ​លើក​ឡើង​នេះ លោក រស់ សាលីន អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ ចាត់​ទុក​ថា ការលើក​ឡើង​អំពី​ផល​រំខាន ដោយ​សារ​អ្នក​សង្កេតការណ៍ វា​ជា​ចេតនា​មួយ​ផ្សេង​របស់​អ្នក​លើក​ឡើង។ អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ បាន​បន្ថែម​ថា អាច​មាន​ការ​រំខាន​តិចតួច​បំផុត ដោយ​សារបេក្ខជន អង្គុយ​ក្នុង​បន្ទប់ តាម​លេខ​តុ​រៀង​ខ្លួន បំពេញ​កិច្ចការ​ប្រលង ដោយ​ឡែក​មេ​ប្រយោគ អនុរក្ស​ ក៏​បំពេញ​ការងារ​របស់​ខ្លួន ហើយ​អ្នក​សង្កេត​ការណ៍ ដើរ​មើល នៅ​ក្រៅ​បន្ទប់​ទេ មិនពាក់​ព័ន្ធ​ដល់​ការ​រំខាន​ឡើយ​។ វត្តមាន​អ្នក​សង្កេតការណ៍ គឺ​ដើម្បី​អនុញ្ញាត​អោយ​សិស្ស​ប្រលងដោយ​សមត្ថភាព​ខ្លួនឯង រក្សា​បរិយាកាស​ស្ងប់ស្ងាត់ ច្បាស់លាស់ និង​ធានា​ប្រសិទ្ធិភាពដំណើរ​ការ​ប្រលង។
 

គួរ​រំលឹក​ថា សម័យ​ប្រលង​បាក់​ឌុប ឆ្នាំ​២០១៦ នេះ ក្រសួង​អប់រំ រួម​នឹង​ អង្គភាព​ប្រឆាំង​អំពើពុក​រលួយ អង្គការ​សង្គម​ស៊ីវិល បាន​ដាក់​ពង្រាយ​អ្នក​សង្កេតការណ៍​ស្មគ្រ​ចិត្ត​ជាង ៦០០០នាក់ ដើម្បី​ត្រួតពិនិត្យ​ការ​ប្រលង ដែល​មាន​បេក្ខជន​សរុប ជាង ៩៣,៧៥២នាក់ ក្នុងនោះបេក្ខនារី មានជាង ៤៥,២៣៧នាក់ ចែក​ជា ១៥៧​មណ្ឌល ឬ ៣,៧៣១បន្ទប់ ទូទាំង ២៥​រាជធានី ខេត្ត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ