អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កុមារ​ខ្មែរ​ក្រីក្រ​អាច​ប្រឈម​នឹង​បញ្ហា​សុខមាលភាព ប្រសិន​បើ​គន្ធបុប្ផា​បាត់​បង់​និរន្តរភាព

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​វេជ្ជបណ្ឌិត Beat Richner ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា គឺ​ជា​អ្នក​មាន​គុណ​លើ​កុមារ​ខ្មែរ ដោយ​មិន​ដឹង​រក​អ្វី​មក​ប្រៀប​ផ្ទឹម​បាន។ ក្នុង​វ័យ ៧០​ឆ្នាំ ពេល​នេះ​លោក​វេជ្ជបណ្ឌិត​បាន​ធ្លាក់​ខ្លួន​ឈឺ​ជា​ទំងន់ និង​សុំ​លា​លែង​ពី​ការងារ។ ទោះ​យ៉ាង​ណា​គេ​នៅ​រំពឹង​ទៅ​លើ​អ្នក​បន្ត​វេន​របស់​លោក Richner ដែល​ជា​អនុប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា។ រីឯ​ស្ថានភាព​ទៅ​ថ្ងៃ​ក្រោយ​ថា​នឹង​មាន​អ្វី​កើត​ឡើង នៅ​មាន​ភាព​ស្រពិច​ស្រពិល​នៅ​ឡើយ។ ក៏​ប៉ុន្តែ​បន្ទុក​ដ៏​ធ្ងន់​ធ្ងរ​នេះ នឹង​អាច​ធ្លាក់​ទៅ​លើ​វិស័យ​សុខាភិបាល​ខ្មែរ ប្រសិន​បើ​មាន​ហានិភ័យ​ណា​មួយ ទាក់​ទង​ទៅ​នឹង​និរន្តរភាព​របស់​មន្ទីរពេទ្យ​សប្បុរស​នេះ។

លោក Beat Richner និងក្មេងៗអ្នកជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា។
លោក Beat Richner និងក្មេងៗអ្នកជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា។ @Google
ផ្សាយពាណិជ្ជកម្ម

អស់​រយៈ​ពេល ២៤​ឆ្នាំ លោក​វេជ្ជបណ្ឌិត Beat Richner ដែល​ជា​ជន​ជាតិ​ស្វីស បាន​ចំណាយ​ជីវិត ចុង​ក្រោយ​របស់​លោក​សម្រាប់​ប្រទេស​កម្ពុជា។ ដោយ​មិន​បាន​គិត​គូរ​ជា​ចំបង​អំពី​ខ្លួន​ឯង​និង​ក្រុម​គ្រួសារ បុរស​សញ្ជាតិ​ស្វីស​រូប​នេះ បាន​ធ្វើ​ការ​លះ​បង់ ដ៏​ធំ​ធេង​សម្រាប់​ប្រទេស​ និង​កុមារ​កម្ពុជា ខណៈ​ដែល​ប្រទេស​នេះ បាន​ឆ្លង​កាត់​ភ្នក់​ភ្លើង​សង្គ្រាម​អស់​រយៈ​ពេល ៣០​ឆ្នាំ។

រយៈ​ជាង ២០​ឆ្នាំ​មក​នេះ មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ចំណាយ​អស់​ថវិកា ប្រមាណ​ជាង ៥៦០​លាន​ដុល្លារ ដោយ​ថវិកា ៨៦,៦​ភាគ​រយ បាន​មក​ពី​ការ​ខិត​ខំ​ច្នៃ​ប្រឌិត​ក្នុង​ការ​រៃ​អង្គាស​របស់​លោក​វេជ្ជបណ្ឌិត Beat Richner ពី​សប្បុរសជន​ដែល​រស់​នៅ​ក្នុង​ប្រទេស​ស្វីស និង​ជន​ជាតិ​ស្វីស។ ៨,៩​ភាគ​រយ បាន​មក​ពី​វិភាគ​ទាន​របស់​រដ្ឋាភិបាល​ស្វីស និង ៤,៧​ភាគ​រយ​គឺ​ជា​ថវិកា​ចូល​រួម​វិភាគទាន​របស់​រដ្ឋាភិបាល​កម្ពុជា។ ក្នុង​ការ​ពិនិត្យ​និង​ព្យាបាល​កុមារ ជា​មធ្យម​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​៥ ចំណាយ​អស់​ថវិកា​ចំនួន ១២​ម៉ឺន​ដុល្លារ ក្នុង​មួយ​ថ្ងៃ។

ជា​ទូទៅ​កុមារ​ខ្មែរ ដែល​មាន​ជំងឺ​ធ្ងន់ៗ ប្រមាណ​ជាង ១៥​លាន​នាក់ បាន​ទទួល​សេវា​ពិនិត្យ ពិគ្រោះ​ជំងឺ និង​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ​ពី​មន្ទីរពេទ្យ​គន្ធបុប្ផា ប្រកប​ដោយ​គុណភាព​ខ្ពស់។ ស្ទើរ​តែ​ទាំង​អស់​នៃ​កុមារ​ខ្មែរ​ដែល​ទៅ​ទទួល​សេវា នឹង​មិន​មាន​ភ័ព្វ​សំណាង​ទេ ប្រសិន​បើ​គ្មាន​មន្ទីរពេទ្យ​ដ៏​សប្បុរស​មួយ​នេះ។

ទាំង​អស់​នេះ គឺ​បាន​មក​ដោយ​សារ​ការ​លះបង់​ដ៏​ខ្ពស់​បំផុត​របស់​លោក​វេជ្ជបណ្ឌិត Beat Richner។ ពលិកម្ម​ដ៏​ធំ​ធេង​នេះ ត្រូវ​បាន​ចោទ​ជា​សំណួរ​គ្រប់​គ្នា​ពី​អ្នក​បន្ត​វេន និង​អនាគត​មន្ទីរពេទ្យ​គន្ធបុប្ផា ខណៈ​ដែល​លោក​វេជ្ជបណ្ឌិត​កំពុង​តែ​មាន​ជំងឺ​ធ្ងន់​ខ្លួន​ឯង និង​ប្រកាស​លា​លែង​ពី​ការងារ​គ្រប់​គ្រង​មន្ទីរពេទ្យ។

បើ​តាម​ការ​ពិនិត្យ​មើល​ដំណើរ​ការ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​ពី​ដើម​មក ឃើញ​ថា​គឺ​ជា​រឿង​ដោយ​ឡែក​ពី​រដ្ឋាភិបាល ដែល​មន្ទីរពេទ្យ​នេះ​ត្រូវ​មាន​ការ​គិត​គូរ​ខ្លួន​ឯង​ចំពោះ​ការងារ​បន្ត​វេន ប្រធាន​មន្ទីរពេទ្យ ដែល​មាន​វ័យ​កាន់​តែ​ជរា​ទៅ​ហើយ​នោះ។ ក៏​ប៉ុន្តែ​រឿង​នេះ​ចង់​មិន​ចង់ គឺ​ពិត​ជា​ជាប់​ទាក់​ទង​ទៅ​នឹង​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ ដោយ​សារ​តែ​មន្ទីរពេទ្យ​គន្ធបុប្ផា ស្ថិត​នៅ​ក្នុង​ទឹក​ដី​កម្ពុជា ហើយ​ជួយ​ពិនិត្យ និង​ព្យាបាល​កុមារ​ខ្មែរ​ទៅ​ទៀត តាម​ស្តង់ដារ​សុខាភិបាល​មួយ​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់។

គេ​នៅ​ចាំ​បាន​ថា កាល​ពី​ ៥​ឆ្នាំ​មុន លោក​វេជ្ជបណ្ឌិត Beat Richner បាន​បង្ហើប​ពី​ការ​ប្រើ​ប្រាស់​ថាមពល​ចុង​ក្រោយ​និង​ការ​នឿយ​ហត់​របស់​លោក ដែល​កាល​ណោះ​លោក​មាន​វ័យ ៦៥​ឆ្នាំ។​ តាម​រយៈ​នៃ​ការ​បង្ហាញ​អាកប្បកិរិយា​គួរ​ឲ្យ​អាណិត​បែប​នេះ រដ្ឋាភិបាល​កម្ពុជា ស្ថាប័ន​សាធារណៈ វិស័យ​ឯកជន សប្បុរសជន និង​ពលរដ្ឋ​ខ្មែរ​ទូទៅ បាន​បំផុស​ចលនា​ម្តង​មក​ហើយ ពី​ការ​រួម​គ្នា​ជួយ​ទ្រទ្រង់​ហិរញ្ញវត្ថុ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ទៅ​តាម​លទ្ធភាព។ សកម្មភាព​នេះ គឺ​ជា​ការ​ធ្វើ​តេស្ត​មួយ​ក៏​ថា​បាន។ ​ក៏​ប៉ុន្តែ​ចលនា​នេះ ហាក់​ដូច​ជា​រប៉េះ​រប៉ោះ ហើយ​បើ​ពិនិត្យ​មើល​ឲ្យ​បាន​ជាក់​លាក់ ទឹក​ចិត្ត​ដែល​ជួយ​ដោយ​ពលរដ្ឋ​ខ្មែរ​ខ្លួន​ឯង នឹង​មិន​អាច​ឆ្លើយ​តប​ទៅ​នឹង​ការ​ចំណាយ​តាម​ស្តង់ដារ ដែល​មន្ទីរពេទ្យ​គន្ធបុប្ផា​កំពុង​ប្រតិបត្តិការ​ឡើយ។

ដោយ​ឡែក​ទន្ទឹម​គ្នា​នឹង​វត្តមាន​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​រយៈ​ពេល ២៤​ឆ្នាំ​មក​នេះ​ រដ្ឋាភិបាល​ក៏​មាន​មន្ទីរពេទ្យ​រដ្ឋ​របស់​ផង​ខ្លួន​ដែរ។ ជា​ទូទៅ​មន្ទីរពេទ្យ​រដ្ឋ​មាន​លក្ខណៈ​ជា​ហិរញ្ញវត្ថុ​ស្វយ័ត​ជា​ពិសេស​នៅ​ភ្នំពេញ គឺ​ការ​គ្រប់​គ្រង​បែប​រដ្ឋ តែ​ការ​ចាយ​វាយ​លុយ​បែប​ឯកជន។ មាន​ន័យ​ថា​ជា​សេវា​ត្រូវ​តែ​បង់​លុយ​ក្នុង​កំរិត​ណា​មួយ តែ​ក្នុង​នោះ​មាន​ការ​បែង​ចែក​អត្តសញ្ញាណ​ជា​ជន​ក្រីក្រ​ផង​ដែរ។ ប្រសិន​បើ​និរន្តរភាព​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​នៅ​ថ្ងៃ​ក្រោយ មិន​មាន​ប្រសិទ្ធភាព​ដូច សម័យ​កាល​លោក​វេជ្ជបណ្ឌិត Beat Richner  គ្រប់​គ្រង គេ​រំពឹង​ថា​នឹង​ចូល​ទៅ​ក្នុង​ផ្លូវ​ដែល​មិន​អាច​ចៀស​វាង​បាន​គឺ​ការ​គ្រប់​គ្រង​ដោយ​រដ្ឋ។ ចំណុច​នេះ ប្រសិន​បើ​រដ្ឋាភិបាល​ខ្មែរ ជ្រើស​រើស​យក​របៀប​គ្រប់​គ្រង​ដូច​ជា​មន្ទីរពេទ្យ​រដ្ឋ នោះ​វា​នឹង​បញ្ច្រាស់​ពី​យន្តការ​ដែល​មន្ទីពេទ្យ​គន្ធបុប្ផា​កំពុង​ធ្វើ​សព្វ​ថ្ងៃ។

ជា​ផល​លំបាក គឺ​ប្រជាពលរដ្ឋ​ខ្មែរ​ក្រីក្រ ដែល​ធ្លាប់​តែ​នាំ​កូន​ទៅ​ទទួល​សេវា​បែប​មន្ទីរពេទ្យ​គន្ធបុប្ផា អាច​នឹង​ប៉ះ​ពាល់​អារម្មណ៍ ហើយ​កុមារ​ជា​ច្រើន​អាច​ប្រឈម​នឹង ការ​រក​សេវា​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ​ប្រកប​ដោយ​ប្រសិទ្ធភាព​ដូច​មុន​លែង​បាន។ បន្ទុក​នេះ​ត្រូវ​ធ្លាក់​ទាំង​ស្រុង​ទៅ​លើ​រដ្ឋាភិបាល ដែល​ចង់​មិន​ចង់​អាច​ធ្វើ​ឲ្យ​សេវា​សុខាភិបាល​ដើរ​ថយ​ក្រោយ ដោយ​សារ​តែ​អត្រា​គ្រោះ​ថ្នាក់ ដោយ​សារ​ជំងឺ របស់​កុមារ​ស្ថិត​ក្នុង​ស្ថានភាព​គួរ​ព្រួយ​បារម្ភ។

ដូច្នេះ អ្វី​ដែល​ជា​ការ​ចង់​បាន​នឹង​សង្គ្រោះ​បឋម ​គឺ​អាស្រ័យ​ទៅ​លើ​សមត្ថភាព​របស់​អ្នក​បន្ត​វេន​លោក​វេជ្ជបណ្ឌិត Beat Richner ខណៈ​ដែល​រដ្ឋាភិបាល​ស្វីស​បាន​អះអាង​ពី​ការ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ជា​បន្ត។ ទោះ​យ៉ាង​ណា​រដ្ឋាភិបាល​កម្ពុជា​ក៏​ត្រូវ​ត្រៀម​ខ្លួន​ជា​ស្រេច​ដែរ​ក្នុង​ការ​រង់​ចាំ​ទទួល​នូវ​អំរែក​ដ៏​ធ្ងន់​ធ្ងរ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ