អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

វិស័យ​សារព័ត៌មាន​កម្ពុជា​ប្រសើរ​ឡើង ប៉ុន្តែ​ឧបសគ្គ​នៅ​តែ​មាន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ឱកាស​ទិវា​សេរីភាព​សារព័ត៌មាន​ ថ្ងៃ​ទី​៣​ឧសភា ​អង្គការ​អន្ដរជាតិ​ផ្នែក​សារព័ត៌មាន​បាន​វាយ​តម្លៃ​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៥​នេះ ​មាន​ភាព​ប្រសើរ​ឡើង​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៤​កន្លង​ទៅ​។ អ្នក​ដែល​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​សារព័ត៌មាន​ខ្លួន​ឯង​ ក៏​បាន​ទទួល​ស្គាល់​ពី​ភាព​ប្រសើរ​ឡើង​នេះ​ផង​ដែរ​។ ប៉ុន្តែ​ថា ភាព​ប្រសើរ​ឡើង​នេះ កើត​ឡើង​ទន្ទឹម​នឹង​ឧបសគ្គ​មួយ​ចំនួន ដែល​​ទាមទារ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ជា​ចាំ​បាច់​​។

សិក្ខាសាលា​ស្តី​ពី​វិជ្ជាជីវៈ​​សារព័ត៌មាន​ និង​សន្តិសុខ​អ្នក​សារព័ត៌មាន​នៅ​សណ្ឋាគារ​សាន់វេ​ កាល​ពី​ពេល​កន្លង​មក​។
សិក្ខាសាលា​ស្តី​ពី​វិជ្ជាជីវៈ​​សារព័ត៌មាន​ និង​សន្តិសុខ​អ្នក​សារព័ត៌មាន​នៅ​សណ្ឋាគារ​សាន់វេ​ កាល​ពី​ពេល​កន្លង​មក​។ RFI
ផ្សាយពាណិជ្ជកម្ម

មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​ប្រែប្រួល​ជា​វិជ្ជមាន​មួយ​ចំនួន​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ នៅ​ក្នុង​វិស័យ​សារព័ត៌មាន​កម្ពុជា​។ ​ថ្មី​ៗ​នេះ​ អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​ ដែល​ជា​អង្គការ​អន្ដរជាតិ​ផ្នែក​សារព័ត៌មាន ​បាន​វាយ​តម្លៃ​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៥​នេះ ​មាន​ភាព​ប្រសើរ​ឡើង បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៤​កន្លង​ទៅ​។ ភាព​ប្រសើរ​ឡើង​នេះ សូម្បី​តែ​អ្នក​ដែល​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​សារព័ត៌មាន​ខ្លួន​ឯង ក៏​បាន​ទទួល​ស្គាល់​ដែរ​។

កំណែ​ទម្រង់​វិស័យ​សារព័ត៌មាន​នៅ​ក្រោយ​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៥ ទំនង​ជា​ហេតុផល​មួយ​ដែល​រួម​ចំណែក​ធ្វើ​ឲ្យវិស័យ​សារព័ត៌មាន​នៅ​កម្ពុជា​ប្រសើរ​ឡើង​។

ជា​បឋម គឺ​ការ​តែង​តាំង​ឲ្យ​មាន​អ្នក​នាំ​ពាក្យ​នៅ​តាម​ក្រសួង​ ស្ថាប័ន​រដ្ឋ​។ អ្នក​នាំ​ពាក្យ​នៅ​តាម​ស្ថាប័ន​រដ្ឋ​ជា​ច្រើន បាន​ផ្ដល់​ការ​សហការ​ផ្ដល់​ព័ត៌មាន​យ៉ាង​ល្អ​ប្រសើរ​ជាមួយ​អ្នកកាសែត​។ បើ​ទោះ​បី​ជា​អ្នក​នាំ​ពាក្យ​នៅ​តាម​ស្ថាប័ន​មួយ​ចំនួន​នៅ​មិន​ទាន់​ចេះ​ធ្វើ​ការ​ឲ្យ​បាន​រលូន​ល្អ​ជាមួយ​អ្នក​កាសែត​ក៏​ដោយ ក៏​យ៉ាង​ហោច​ណាស់ ប្រភព​ព័ត៌មាន​ពី​សំណាក់​អាជ្ញាធរ បាន​និង​កំពុង​បន្លឺ​សំឡេង​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ជា​បន្ត​បន្ទាប់​។ និន្នាការ​ថ្មី​នេះ គឺ​ខុស​ស្រឡះ​ពី​ពេល​មុន ដែល​សំឡេង​របស់​អាជ្ញាធរ​មិន​សូវ​មាន​វត្តមាន​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នោះ​ឡើយ​។

ក្រៅ​ពី​បង្កើត​ឲ្យ​មាន​អ្នក​នាំ​ពាក្យ​នៅ​តាម​ក្រសួង​ស្ថាប័ន​រដ្ឋ​ហើយ រដ្ឋាភិបាល​កម្ពុជា​ក៏​កំពុង​តែ​ព្យាយាម​អភិវឌ្ឍ​ខ្លួន​ឲ្យ​ក្លាយ​ជា​រដ្ឋាភិបាល​អេឡិចត្រូនិក​យ៉ាង​ពេញលេញ​ តាម​រយៈ​ការ​ធ្វើ​បច្ចុប្បន្នភាព​ជា​ទៀងទាត់​នូវ​គេហទំព័រ​និង​បណ្ដាញ​សង្គម​របស់​ខ្លួន​។ សកម្មភាព​នេះ​ បាន​រួម​ចំណែក​យ៉ាង​ច្រើន​ដល់​ការ​ទទួល​បាន​ព័ត៌មាន​របស់​អ្នកកាសែត​។ គួរ​កត់​សម្គាល់​ថា ​ការ​ផ្លាស់​ប្ដូរ​អស់​ទាំង​នេះ ​កើត​ឡើង​ទន្ទឹម​គ្នា​នឹង​ការ​រៀប​ចំ​បង្កើត​ច្បាប់​ស្ដី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​។ ច្បាប់​ស្ដី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ដែល​ជា​សេចក្ដី​សង្ឃឹម​​និង​ក្ដី​បារម្ភ​របស់​អ្នក​កាសែត​។

សញ្ញា​វិជ្ជមាន​មួយទៀត ​ដែល​អាច​ពន្យល់​អំពីភាព​ប្រសើរ​ឡើង​នៃ​វិស័យ​សារព័ត៌មាន​នា​ពេល​ចុង​ក្រោយ​នេះ​ដែរ​នោះ គឺ​វត្តមាន​នៃ​ទូរទស្សន៍​របស់​បក្ស​ប្រឆាំង ដែលត្រូវ​បាន​អះអាង​ថា ​នឹង​លេច​ចេញ​ជា​រូប​រាង​នៅ​ក្នុង​ឆ្នាំ​២០១៥​នេះ​។ ប្រសិន​ជា​ត្រូវ​បង្កើត​ឡើង​ដោយ​ជោគជ័យ​មែន​នោះ ប៉ុស្តិ៍​ទូរទស្សន៍​ដែល​មាន​សមានចិត្ត​ជាមួយ​គណបក្ស​ប្រឆាំង​នេះ នឹង​នាំមក​នូវ​ភាព​ចម្រុះ​ដល់​វិស័យ​សារព័ត៌មាន​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​។

បន្ថែម​ពី​លើ​កំណែ​ទម្រង់​របស់​ស្ថាប័ន​រដ្ឋ ក្រុម​ហ៊ុន​ឯកជន​ដែល​វិនិយោគ​លើ​វិស័យ​សារព័ត៌មាន​ ក៏​បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ច្រើន​ជាង​មុន ក្នុង​ការ​បង្កើន​គុណភាព​ព័ត៌មាន​របស់​ខ្លួន​ផង​ដែរ​។ ក្នុង​នោះ គេ​សង្កេត​ឃើញ​ថា ក្រុមហ៊ុន​ព័ត៌មាន​ស្ទើរ​តែ​ទាំង​អស់ មិន​ថា​មាន​និន្នាការ​គាំទ្រ​គណបក្ស​នយោបាយ​ណា​មួយ​ទេ គឺសុទ្ធ​សឹង​តែ​បាន​ធ្វើ​កំណែ​ទម្រង់​ផ្ទៃ​ក្នុង ព្រម​ទាំង​ពង្រឹង​វិជ្ជាជីវៈ​​របស់​ខ្លួន ក្នុង​គោលដៅ​​ប្រកួត​ប្រជែង​នៅ​ក្នុង​ទីផ្សារ​ព័ត៌មាន​ដែល​កំពុង​មាន​ហាង​ឆេង​ខ្ពស់​នា​ពេល​សព្វ​ថ្ងៃ​នេះ​។

ការ​វិវត្ត​ថ្មី​ៗ​ដូច​ដែល​បាន​លើក​ឡើង​ខាង​ដើម គឺ​ជា​សញ្ញាណ​វិជ្ជមាន​ដ៏​ប្រសើរ នៅ​ក្នុង​វិស័យ​សារព័ត៌មាន​កម្ពុជា​។ ប៉ុន្តែ​ថា ភាព​ប្រសើរ​ឡើង​នេះ កើត​ឡើង​ទន្ទឹម​នឹង​ឧបសគ្គ​មួយ​ចំនួន ដែល​ចាំ​បាច់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​។ ក្នុង​នោះ ការ​គំរាម​កំហែង​ ​ការ​វាយ​ប្រហារ​ និង​អំពើ​ឃាតកម្ម​ជា​ដើម នៅ​តែ​ជា​ក្ដី​បារម្ភ​សម្រាប់​អ្នក​កាសែត​នៅ​កម្ពុជា​។ ជាមួយ​គ្នា​នេះ ការ​ដាក់​សម្ពាធ​​ពី​អាជ្ញាធរ ព្រម​ទាំង​បណ្ដឹង​ព្រហ្មទណ្ឌ​​ទៅ​លើ​អ្នក​កាសែត​នៅ​តែ​កើត​ឡើង​ជា​រឿយ​ៗ ខណៈ​ដែល​អ្នក​កាសែត​គ្មាន​សហជីព​ដើម្បី​គាំទ្រ​ផ្លូវ​ច្បាប់​នៅ​ឡើយ​។

សរុប​មក​វិញ វិស័យ​សារព័ត៌មាន​កម្ពុជា នា​មួយ​រយៈ​ចុង​ក្រោយ​នេះ គឺ​ពិត​ជា​មាន​ភាព​ល្អ​ប្រសើរ​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ត្រង់​ចំណុច​ខ្លះ​។ ប៉ុន្តែ​ភាព​ប្រសើរ​ឡើង​នេះ មិន​អាច​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន​នៅ​ក្នុង​វិស័យ​សារព័ត៌មាន​ឡើយ​ ប្រសិន​បើអំពើ​ហិង្សា​និង​សម្ពាធ​ផ្លូវ​ច្បាប់ នៅ​តែ​គ្រប​ដណ្ដប់​លើ​សតិ​អារម្មណ៍​របស់​អ្នក​កាសែត​នោះ​។ ដូច្នេះ ការ​លើក​ចេញ​នូវ​របាំង​ដែល​ជា​ឧបសគ្គ​នៅ​ក្នុង​វិស័យ​សារព័ត៌មាន​ដូច​ដែល​បាន​លើក​ឡើង​នេះ​ គឺ​ជា​វិញ្ញាសា​​ថ្មី​មួយ​ទៀត ​​ដើម្បី​បញ្ជាក់​ពី​ដំណើរការ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​នៅ​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ