អានតួអត្ថបទ
កម្ពុជា-នយោបាយ

យុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ សកម្មជនពីរនាក់ត្រូវបានឃាត់ខ្លួន

រហូត​មក​ទល់​ពេល​នេះ សកម្មជន​ដី​ធ្លី​បឹងកក់​២​នាក់​ដែល​បាន​ចូល​រួម​ធ្វើ​យុទ្ធនាការ​ពណ៌​ខ្មៅ​ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ម្សិលមិញ​នោះ ពុំ​ទាន់​ត្រូវ​បាន​អាជ្ញាធរ​ដោះ​លែង​នៅ​ឡើយ​ទេ​។ ក្រៅ​ពី​ការ​ឃាត់​ខ្លួន​សកម្មជន​ទាំង​ពីរ​អ្នក​នេះ សកម្មជន​ដី​ធ្លី​បុរី​កីឡា​ចំនួន​៤ នាក់​ទៀត​ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ផង​ដែរ​។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សកម្មជន​បុរី​កីឡា​ទាំង​៤​នាក់ ត្រូវ​បាន​អាជ្ញាធរ​ដោះ​លែង​កាល​ពី​ល្ងាច​ម្សិលមិញ​ហើយ នៅ​ឡើយ​តែ អ្នកស្រី ទេព វណ្ណី និង​ ប៊ូវ សោភា។   ព្រឿន បញ្ញារី ជូនព័ត៌មាន

អ្នកស្រិ ទេព វណ្ណី និង​អ្នកស្រី ប៊ូវ សោភា សកម្មជនបឹងកក់ ធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ។
អ្នកស្រិ ទេព វណ្ណី និង​អ្នកស្រី ប៊ូវ សោភា សកម្មជនបឹងកក់ ធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ។ @Facebook
ផ្សាយពាណិជ្ជកម្ម

សកម្មជន​ដី​ធ្លី​បឹងកក់​ចំនួន​២​នាក់ គឺ​អ្នកស្រី ទេព វណ្ណី និង​ ប៊ូវ សោភា ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ដូនពេញ ឃាត់​ខ្លួន​ភ្លាម​ៗ នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៦ ខណ:​ដែល​ពួក​គេ ​កំពុង​ធ្វើ​សកម្មភាព​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​។ រហូត​មក​ទល់​ពេល​នេះ​ក្រុម​គ្រួសារ​របស់​អ្នកទាំង​ពីរ កំពុង​តែ​ស្វះស្វែង​រក​មេធាវី​ដើម្បី​ជួយ​អោយ​មាន​ការ​ដោះលែង​ផង​ដែរ​។


គោល​បំណង​នៃ​ការ​ធ្វើ​យុទ្ធនាការ​នេះ​គឺ​ដើម្បី​បន្ត​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស​សមាគម​អាដហុក និង មន្រ្តីគជប ព្រម​ទាំង ទាមទារ​ឲ្យ​រដ្ឋាភិបាល​ស្វែង​រក​ការ​ពិត​នៅ​ពី​ក្រោយ​ឃាតកម្ម​លោក​កែម ឡី ។ ហើយ​សម្រាប់​យុទ្ធនាការ​នៅ​ថ្ងៃ​ចន្ទ ទី ១៥ ខែ សីហា​នេះ ​ពួកគេ​ក៏​បាន​បន្ថែម​នូវ​គោល​បំណង​មួយ​ទៀត​គឺ​ទាមទារ​អោយ អាជ្ញាធរ​ដោះស្រាយ​ជម្លោះ​ដីធ្លី​នៅ​តំបន់​បឹងកក់ ក៏​ដូច​ជា​បញ្ហា​ដី​ធ្លី​រាំរៃ​នៅ​ក្នុង​ប្រទេស​ខ្មែរ​ឲ្យ​ចប់​សព្វ​គ្រប់​ផង​ដែរ​។ ប៉ុន្តែ​យុទ្ធនាការ​នេះ ត្រូវ​បាន​ហាម​ឃាត់​ដោយ​រាជ​រដ្ឋាភិបាល​កម្ពុជា ក្រោម​ហេតុផល​ថា ជា​ចលនា​ដែល​មាន​លក្ខណៈ​ជា​បដិវត្តពណ៌ ។

ក្នុង​យុទ្ធនាការ​ពណ៌​ខ្មៅ​នេះ សកម្មជន​ដី​ធ្លី​ដែល​បាន​ចូល​រួម​ទាំង​អស់​នេះ​មិន​ត្រឹម​តែ​មាន​លក្ខណ:​ជា​ការ​ប្រមូល​ផ្តុំ​នោះ​ឡើយ ពោល​គឺ​ពួក​គេ​បាន​ធ្វើ​រួប​ត្លុក​ជា​មនុស្ស ដោយ​សរសេរ​ថា មន្រ្តីពុករលួយ តុលាការ អ្នកបញ្ជាសម្លាប់ និងឃាតករ ។ នៅក្នុងនោះដែល​ពួកគេ​បាន​យក​រូបត្លុក ទាំង​នេះ​ទៅ​កប់​ចោល​នៅ​ក្នុង​រណ្តៅ​ដែល​ជីក​រួច ស្ថិត​នៅ​ទី​តាំង​បឹងកក់ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ​។

ជា​មួយ​គ្នា​នេះ ជន​បរទេស​ម្នាក់​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​បញ្ជូន​ទៅ​កាន់​ផ្នែក​អន្តោប្រវេសន៍​ផង​ដែរ​ខណៈ​ដែល​គាត់​កំពុង​ថត​យក​សកម្មភាព​នៃ​ការ​តវ៉ា​អោយ​មាន​ការ​ដោះ​លែង សកម្មជន​ទាំង​ពីរ​នាក់​នេះ ក្រោម​ហេតុផល​ថា ជន​បរទេស​ម្នាក់​នេះ​មិន​មាន លិខិត​ឆ្លងដែន និង​ឯកសារ​ពាក់ព័ន្ធ​ច្បាស់លាស់​សម្រាប់​ការ​ស្នាក់​នៅ​ប្រទេស​កម្ពុជា។

គួរ​រំលឹក​ថា យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ត្រូវ​បាន ប្រជាសហគមន៍​ដី​ធ្លី និង មន្ត្រី​សង្គម​ស៊ីវិល​ធ្វើ​ឡើង ដើម្បី សុំ​ដោះលែង​មន្រ្តី​សិទ្ធិ​មនុស្ស អាដហុក លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និង អ្នកស្រី លឹម មុន្នី និងមន្រ្តី គ.ជ.ប លោក នី ចរិយា ដែល​រង​ការ​ចោទ ពីបទសូក ប៉ាន់ សាក្សី​និង​សម​គំនិត ក្នុង​អំពើ​សូកប៉ាន់​សាក្សី​ទាក់ទង​សំណុំ​រឿង​លោក កឹម សុខា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ