អានតួអត្ថបទ
កម្ពុជា

កំណាត់ផ្លូវ​សំខាន់ៗ​នៅ​ភ្នំពេញ​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​ហែ​ក្បួន​ពេល​ឃោសនា​បោះ​ឆ្នោត

កំណាត់ផ្លូវនិង​ទី​សាធារណៈ​សំខាន់ៗ ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​បាន​ហាម​ឃាត់​ទុក​ជា​មុន មិន​ឲ្យ​គណបក្ស​នយោបាយ​ហែ​ក្បួន​ឃោសនា​បោះ​ឆ្នោត ជ្រើស​រើស ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ដែល​នឹង​មក​ដល់​នៅ​ថ្ងៃ​ទី ២០​ឧសភា​ខាង​មុខ​នេះ​ទេ។ ហេតុ​ផល​របស់​សាលា​រាជធានី​ភ្នំពេញ​គឺ ធានា​សន្តិសុខ និង​សណ្ដាប់​ធ្នាប់​សាធារណៈ​សម្រាប់​គណបក្ស​នយោបាយ។​ ម្យ៉ាង​ទៀត​ដើម្បី​បញ្ចៀស​ការ​កក​ស្ទះ​ចរាចរ​ផង។ នេះ​គឺ​ជា​ការ​ជូន​ដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ​ផ្ញើ​ទៅ​កាន់​ស្ថាប័ន​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត។ តែ​សម្រាប់​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការ​ផ្នែក​បោះ​ឆ្នោត​បាន​ហៅ​បម្រាប​នេះ​ថា ជា​ការ​បារម្ភ​ជ្រុល។

រូបភាព​តំណាង៖ គណបក្ស​សង្គ្រោះ​ជាតិ​​ក្នុង​យុទ្ធនាការឃោសនាបោះឆ្នោត។
រូបភាព​តំណាង៖ គណបក្ស​សង្គ្រោះ​ជាតិ​​ក្នុង​យុទ្ធនាការឃោសនាបោះឆ្នោត។ Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

ផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ ដែល​ត្រូវ​បញ្ចៀស ក្នុង​ការ​ហែ​ក្បួន​ឃោសនា សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​រួម​មាន៖ កំណាត់​ផ្លូវ​នរោត្តម​ចាប់​ពី​វិមាន​ឯករាជ្យ​ដល់​ស្តុប​ពេទ្យ​អង្គ​ឌួង។ ផ្លូវ​សហព័ន្ធ​រុស្ស៊ី និង​កំណាត់​ផ្លូវ​ព្រះមុនីវង្ស ចាប់​ពី​ស្តុប​បេកាសេ​ដល់​ស្តុប​ពេទ្យ​ចិន។ ក្រៅ​ពី​នេះ​នៅ​មាន​កំណាត់​ផ្លូវ​ទេពផន ចាប់​ពី​កែង​ស្តុប​ផ្លូវ​ព្រះ​មុនីវង្ស​ដល់​ស្តុប​នាង​គង្ហីង។ ផ្លូវ​ម៉ៅសេទុង ផ្លូវ​ព្រះសុរាម្រិត កំណាត់​ផ្លូវ​ព្រះសីហនុ កំណាត់​ផ្លូវ​ព្រះសីហនុ ចាប់​ពី​នាគ​បាញ់​ទឹក និង​ផ្លូវ​សុធារស​ដល់​ស្តុប​ពេទ្យ​ចិន។ ចុង​ក្រោយ​ផ្លូវ​ជុំវិញ​ព្រះ​បរមរាជវាំង។

ក្រៅ​ពី​ផ្លូវ​សំខាន់ៗ​ត្រូវ​ហាម​ឃាត់​ហើយ​នោះ​ទី​ប្រជុំជន​សំខាន់ៗ​ក៏​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ហែ​ឆ្លង​កាត់​ដែរ​គឺ​រួម​មាន៖ ផ្លូវ​ជុំវិញ​ផ្សារ​ថ្មី ផ្លូវ​ជុំវិញ​ផ្សារ​អូរឬស្សី ផ្សារ​អូឡាំពិក ផ្លូវ​ទួលទំពូង ផ្សារ​ដើមគ និង​ផ្សារ​ដេប៉ូ​ជា​ដើម។ បន្ថែម​ពី​លើ​នេះ​ទៀត​ ទី​សាធារណៈ​ដែល​ត្រូវ​ចៀសវាង​ក្នុង​ការ​ប្រមូល​ផ្ដុំ​ឃោសនា​រួម​មាន៖សួន​ច្បារ​ព្រះបរមរាជវាំង ទីធ្លា​ព្រះមេរុ សួន​ច្បារ​មុខ​វត្តបទុមវត្តី ទីធ្លា​រូប​សំណាក់​លោក​យាយ​ពេញ សួន​ច្បារ​ព្រះ​ភិរម្យ អ៊ូ ហៅ​ង៉ុយ និង​សួន​ច្បារ សម្ដេច ហ៊ុន សែន ។

គិត​រហូត​មក​ដល់​ពេល​នេះ​គជប​នៅ​មិន​ទាន់​ធ្វើ​ការ​ឆ្លើយ​តប​បែប​ណា​នៅ​ឡើយ​ទេ​ជុំវិញ​ការ​ហាម​ឃាត់​នេះ។ ប៉ុន្តែ​សម្រាប់​អង្គការ​ស៊ីវិល​ធ្វើ​ការងារ​ផ្នែក​បោះ​ឆ្នោត​ចាត់​ទុក​បម្រាម​របស់​សាលា​រាជធានី​ភ្នំពេញ​ជា​ការ​ព្រួយ​បារម្ភ​ជ្រុល។

លោក សម គន្ធាមី ប្រធាន​អង្គការ​និច​ហ្វិក​បាន​ផ្ដល់​យោបល់​ថា សាលា​រាជធានី​ភ្នំពេញ​គួរ​តែ​ពិចារណា​ឡើង​វិញ​ចំពោះ​បម្រាម​នេះ ព្រោះ​ការ​ឃោសនា​ធ្វើ​ឡើង​ត្រឹម​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​មិន​មែន​រាល់​ថ្ងៃ​នោះ​ទេ។ ហើយ​ចំពោះ​ក្ដី​បារម្ភ​ពី​កក​ស្ទះ​ចរាចរ ឬ​បារម្ភ​បញ្ហា​សន្តិសុខ​នោះ​លោក សម គន្ធាមី មើល​ឃើញ​ថា ប៉ូលីស​ចរាចរណ៍​ពួក​គាត់​អាច​ជួយ​សម្រួល​បាន។ បន្ថែម​ពី​លើ​នេះ​ទៀត​លោក​បាន​ចោទ​ជា​សំណួរ​ថា ប្រសិន​បើ​ការ​ហាម​ឃាត់​នេះ​ធ្វើ​ឡើង​ចំពោះ​តែ​ផ្លូវ​សំខាន់ៗ​ឬ​កន្លែង​ទី​ប្រជុំជន​នោះ​តើ​ឃោសនា​ធ្វើ​ឡើង​ដើម្បី​ឲ្យ​អ្នក​ណា​ស្ដាប់​ឬ​ដឹង​លឺ​ពី​គោល​នយោបាយ​របស់​បក្ស​នោះ។

តែ​យ៉ាង​ណា​ក៏​ដោយ​សម្រាប់​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក មាស ម៉េតភក្ដី​បាន​ឆ្លើយ​តប​ថា​នេះ​មិន​មែន​ជា​ការ​បារម្ភ​ជ្រុល​របស់​សាលា​ក្រុង​ទេ ប៉ុន្តែ​ជា​ការ​គិត​គូរ​ទុក​ជា​មុន​ព្រោះ​ដើម្បី​កុំ​ឲ្យ​កើត​មាន​បញ្ហា​នៅ​ផ្លូវ​សំខាន់ៗ​ក្នុង​ក្រុង។ លោក​ថា​ គណបក្ស​នយោបាយ​នៅ​តែ​អាច​ធ្វើ​សកម្មភាព​នយោបាយ​របស់​ខ្លួន​បាន​នៅ​ផ្លូវ​ផ្សេង​ទៀត​ដែល​មិន​បាន​ហាម​ឃាត់។ លោក​បាន​ថ្លែង​ការពារ​ថា ការ​ហាម​ឃាត់​នេះ​ក៏​មិន​មែន​ជា​ការ​បន្ទុច​បង្អាក់​ដល់​សកម្មភាព​ឃោសនា​ដែរ។

សូម​បញ្ជាក់​ថា យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី ២០​ឧសភា​ដល់​ថ្ងៃ​ទី ២​មិថុនា។ ការ​ឃោសនា​ជា​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​ធ្វើ​ឡើង​បាន​តែ​ពីរ​ដង​ប៉ុណ្ណោះ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ