អានតួអត្ថបទ
កម្ពុជា-នយោបាយ

​កង​ទ័ព​កម្ពុជា-ឡាវ ​កំពុង​ប្រឈម​មុខ​ដាក់​គ្នា នៅ​តំបន់​មុំ៣​ក្នុង​ខេត្ត​ព្រះ​វិហារ​

កង​ទ័ព​កម្ពុជា-ឡាវ បាន​ប្រឈម​មុខ​ដាក់​គ្នា​ជា​ថ្មី នៅ​ចំនុច​ទន្លេ​រពៅ​ក្នុង​តំបន់​មុំ៣ ក្នុង​ខេត្ត​ព្រះវិហារ ឈម​នឹង​ខេត្ត​ចំប៉ា​សាក់​ប្រទេស​ឡាវ​។ តាម​សេចក្តី​រាយ​ការណ៍​នានា កង​ទ័ព​ឡាវ​នៅ​មិន​ទាន់​ដក​ចេញ​ពី​ចំណុច​កើត​ហេតុ (WA25261-77542) នៅ​ឡើយ​ទេ ខណៈ​ដែល​ភាគី​កម្ពុជា ក៏​បាន​បង្កើន​កង​ទ័ព និង​ត្រៀម​ជម្លៀស​ប្រជាជន​ចំនួន​៤ភូមិ ស្ថិត​នៅ​ក្នុង​ឃុំ​ចំនួន​ពីរ​នៃ​ស្រុក​ជាំក្សាន្ត ក្នុង​ករណី​ដែល​មាន​ការ​ផ្ទុះ​អាវុធ​។ 

ទាហានកម្ពុជា កំពុងពិនិត្យមើលតំបន់ភូមិសាស្ត្រលើផែនទី
ទាហានកម្ពុជា កំពុងពិនិត្យមើលតំបន់ភូមិសាស្ត្រលើផែនទី @FB
ផ្សាយពាណិជ្ជកម្ម

ដំណឹង​នៃ​ការ​ប្រឈម​មុខ​ដាក់​គ្នា​នេះ ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង នៅ​ព្រឹក​ថ្ងៃទី ២៣ សីហា​នេះ តាម​រយៈ​របាយការណ៍​របស់​មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះវិហារ​ផ្ញើ​ទៅ​កាន់​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ។ របាយការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា កង​ទ័ព​ឡាវ​បាន​បង្កើន​កង​កម្លាំង​របស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃទី ២៣ សីហានេះ និង​កំពុង​បន្ត​ឈរ​ជើង​នៅ​ចំណុច​ទន្លេ​រពៅ ក្នុង​តំបន់​មុំ៣ (WA25261-77542) នៃ​ខេត្ត​ព្រះ​វិហារ ឈម​នឹង​ខេត្ត​ចំប៉ា​សាក់​ប្រទេស​ឡាវ​។ ចំណែក​ឯ​ភាគី​កម្ពុជា​ឯណេះ​វិញ ក៏​បាន​ដាក់​ពង្រាយ​កង​ទ័ព​នៅ​តាម​គោល​ដៅ​រួច​ជា​ស្រេច​ហើយ​ដែរ។ បើ​តាម​របាយ​ការណ៍​ដដែល កាល​ពី​ថ្ងៃទី ២២ សីហា លោក ស្រី ឌឹក មេ​បញ្ជា​ការ​កង​ពល​ធំ​លេខ៣ ប្រចាំ​ទិស​ខេត្ត​ព្រះ​វិហារ ទើប​តែ​បាន​ប្រជុំ​ផ្សព្វ​ផ្សាយ​ដល់​ថ្នាក់​ដឹក​នាំ និង​សមត្ថ​កិច្ច​ស្រុក​ជាំក្សាន្ត​ឲ្យ​ត្រៀម​លក្ខណៈ​ជម្លៀស​ប្រជាជន​ចំនួន​៤ភូមិ​ក្នុង​ឃុំ​ចំនួន​ពីរ​នៃ​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ ក្នុង​ករណី​ដែល​មាន​ការ​ផ្ទុះ​អាវុធ​។

គួរ​កត់​សម្គាល់​ថា ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​កង​ទ័ព​កម្ពុជា-ឡាវ​នេះ បាន​កើត​ឡើង​តាំង​ពីថ្ងៃទី ១៤ សីហា​មក​ម្ល៉េះ បន្ទាប់​ពី​កង​ទ័ព​ឡាវ​បាន​លើក​គ្នា​ចូល​មក​កាន់​កាប់​ទឹកដី​ខ្មែរ​ក្នុង​ចំនុច​ទន្លេ​រពៅ​នេះ ដោយ​សំអាង​ថា ​ជា​ទឹក​ដី​របស់​គេ​។ បន្ទាប់​មក កាលពីថ្ងៃទី ១៩ សីហា ភាគី​ទាំង​ពីរ​បាន​ជួប​ចរចារ​គ្នា​ចំនួន​ពីរ​លើក​រួច​មក​ហើយ ដោយ​ក្នុង​នោះ ភាគី​កម្ពុជា បាន​ស្នើ​សុំ​ឲ្យ​ភាគី​ឡាវ​ដក​ចេញ​ពី​ចំណុច​កើត​ហេតុ (WA25261-77542)។ ប៉ុន្តែ​ភាគី​ឡាវ​មិន​ព្រម​ដក​ចេញ​នោះ​ទេ ហើយ​ថែម​ទាំង​បាន​អះអាង​ដោយ​យោង​តាម​ផែនទី​ដែល​បោះ​ពុម្ព​ដោយ​ប្រទេស​វៀត​ណាម​ថា ចំណុច​ដែល​ពួក​គេ​បោះ​ទីតាំង​នោះ គឺ​ស្ថិត​នៅ​ក្នុង​ទឹកដី​ឡាវ ដែល​មាន​ចំងាយ​១គីឡូ​ម៉ែត្រ​ពី​ព្រំដែន​។

គួរ​រំឭក​ជូនថា បញ្ហា​ព្រំដែន​កម្ពុជា-ឡាវ ធ្លាប់បាន​ជួប​ភាព​តាន​តឹង​ខ្លាំង​នឹង​គ្នាម្តង កាល​ពី​អំឡុង​ខែ​សីហា ឆ្នាំ២០១៧ ​កន្លង​ទៅ បន្ទាប់ពី​យោធា​ឡាវ​បាន​ចូល​មក​ឈរ​ជើង​នៅ​តំបន់​អូរអាឡៃ និង​អូរតាង៉ាវ ស្ថិត​ក្នុង​ស្រុក សៀម​ប៉ាង ខេត្ត​ស្ទឹង​ត្រែង។ ហេតុការណ៍​នេះ បាន​ជំរុញ​ឲ្យ​ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន ហោះ​ទៅ​កាន់​ទីក្រុង​វៀង​ច័ន្ទ​ន៍​ជា​បន្ទាន់ ដើម្បី​បន្ធូរ​បន្ថយ​ភាព​តាន​តឹងនោះ​។ ហើយនៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក នាយក​រដ្ឋមន្រ្តី​ឡាវ លោក ថងលូន ស៊ីស៊ូលីត ក៏​បាន​ហោះ​មក​កាន់​ទីក្រុង​ភ្នំពេញ​វិញដែរ ដើម្បី​ដោះ​ស្រាយ​លើបញ្ហា​ព្រំដែន​នេះ។ នៅ​ក្នុង​ជំនួបដែល​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នោះ មេ​ដឹក​នាំ​ទាំង​ពីរ បាន​ឯកភាព​គ្នាថា នឹង​សរសេរ​លិខិតផ្ញើ​ទៅ​កាន់​ប្រធានាធិបតី​បារាំង ដើម្បី​ស្នើ​សុំ​បញ្ជូន​អ្នក​ជំនាញ​ការ​ព្រំដែន​បារាំង ឲ្យមក​ជួយ​វាស់​វែង និង​ដោះ​ស្រាយ​បញ្ហា​ជម្លោះ​នៅ​តាមបន្ទាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ដែល​នៅ​សេស​សល់​ប្រមាណ​ជា​១៦%​ទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ