អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ព្រះពុទ្ធ​សាសនា​ជា«ឃ្លាំង​ឱសថ»សម្រាប់​ព្យាបាល​ជំងឺ​សង្គម!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រជា​ពុទ្ធ​បរិ​ស័​ខ្មែរ​បាននាំគ្នា​ប្រារព្ធ​ពិធីបុណ្យ​មាឃបូជា​កាលពី​ថ្ងៃ៣កុម្ភៈ​ម្សិលមិញ។ ពិធី​បុណ្យ​​ដ៏​ធំ​ត្រូវបាន​ប្រារព្ធ​ឡើង​ក្នុង​ខេត្តសៀមរាប។ ពលរដ្ឋ​ខ្មែរ​ជាង ៩៥ ភាគរយ​កាន់​ព្រះពុទ្ធ​សាសនា ហើយ​ព្រះពុទ្ធសាសនា​ត្រូវបាន​ចាត់ទុកជា​សាសនា​របស់​រដ្ឋ។ ប៉ុន្តែ សង្គម​មួយ​នេះ​បែរជា​សម្បូរ​ដោយ​បញ្ហា​ចាក់ស្រេះ​រាប់រយ​ជំពូក​ដែល​បណ្តាលមកពី​ការស្រុតចុះ​នៃ​សីលធម៌​សង្គម។ នេះ​ស​បញ្ជាក់ថា ទស្សនវិជ្ជា​ព្រះពុទ្ធសាសនា​ដែល​ប្រៀបបាន​នឹង​ឃ្លាំង​ឱសថ​សម្រាប់​​ព្យាបាល​ជំងឺ​សង្គម​នោះ​មិនទាន់​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ប្រយោជន៍​សង្គម​ឲ្យ​អស់​លទ្ធភាព​នៅឡើយ​ទេ។

ការ​ផ្សះ​ផ្សា​គ្នា​រវាង​ជន​រង​គ្រោះ​និង​អតីត​កម្មាភិបាល​ខ្មែរ​ក្រ​ហម​តាម​ប្រ​ពី​ណី​ព្រះ​ពុទ្ធ​សាស​នា
ការ​ផ្សះ​ផ្សា​គ្នា​រវាង​ជន​រង​គ្រោះ​និង​អតីត​កម្មាភិបាល​ខ្មែរ​ក្រ​ហម​តាម​ប្រ​ពី​ណី​ព្រះ​ពុទ្ធ​សាស​នា ©លីដា/RFI
ផ្សាយពាណិជ្ជកម្ម

នៅ​កម្ពុជា មាន​ពិធី​បុណ្យ​បែប​ព្រះពុទ្ធ​សាសនា​ច្រើន​ណាស់​ក្នុង​មួយ​ឆ្នាំ។ ពិធី​បុណ្យ​សាស​នាធំៗ​មាន​ដូចជា មាឃ​បូជា វិសាខបូជា និង​ភ្ជុំបិណ្ឌ ជាដើម។ ក្រៅពី​ពិធីបុណ្យធំៗ ប្រជា​ពុទ្ធបរិស័ទ​ខ្មែរ​ក៏​តែង​ប្រារព្ធ​ពិធីបុណ្យ​តាមបែប​សាសនា​ជាច្រើន​ទៀត​នៅតាម​ផ្ទះសម្បែង និង​ទីវ​ត្ត​អារាម​នានា។

 
ជាការ​ពិត តម្លៃ​ជា​សាកល​របស់​ព្រះពុទ្ធ​សាសនា​គឺ​ស្ថិត​នៅត្រង់​ទស្សនវិជ្ជា​ដែល​បង្កប់​ដោយ​អត្ថន័យ សន្តិភាព និង អហិង្សា។ ការអត់ឱន​និង​មិន​បៀតបៀន​គ្នា​ដែលជា​ស្នូល​នៃ​ទស្សនវិជ្ជា​​ព្រះពុទ្ធសាសនា​ក៏​ជាគោល​ការណ៍​គោរព​សិទ្ធិមនុស្ស​ដែល​ពិភពលោក​ប្រាថ្នា​ចង់បាន។ ប៉ុន្តែ បច្ចុប្បន្ននេះ មនុស្ស​ជាច្រើន​ហាក់ដូចជា​គោរព​ព្រះពុទ្ធ​សាសនា​តែ​សម្បក​ក្រៅ តែ​បែរជា​បណ្តោយ​ខ្លួន​ឲ្យ​ធម៌​ប្រមាថ​ដឹកមុខ​ទៅវិញ។

ជាក់​ស្តែង អំពើ​ហិង្សា ការសេព​គ្រឿងញៀន គ្រឿង​ស្រវឹង ការ​ឈ្លក់​វក់វី​នឹង​អំណាច បុណ្យ​ស័ក្តិ ទឹកប្រាក់ និង​សម្ភារៈ​និយម​ជាដើម​កំពុងតែ​វាយលុក​យ៉ាង​ពេញទំហឹង​ទៅលើ​មនុស្ស​ខ្មែរ​ជាច្រើន។ នៅ​កម្ពុជា ក្នុងចំណោម​ប្រជាជន​សរុប​ប្រមាណ​ជា ១៥ លាន​នាក់ មាន​អ្នក​កាន់​ព្រះពុទ្ធសាសនា​ដល់​ទៅ​ជាង ៩៥% ។ នៅ​ទូទាំងប្រទេស​មាន​វត្ត​ព្រះពុទ្ធសាសនា​សរុប​ចំនួន​ជាង ៤ ៣០០ វត្ត និង មាន​ព្រះសង្ឃ​សរុប​ប្រមាណ​ជា ៥ ម៉ឺន​អង្គ។ ចំនួន​នេះ​អាច​ពន្យល់​បាន​អំពី​ជំនឿ​ដ៏​មុតមាំ​របស់​ពលរដ្ឋ​ខ្មែរ​ទៅលើ​ព្រះពុទ្ធសាសនា​ហើយ​វា​ក៏​ស័ក្តិសម​ណាស់​ដែល​ប្រទេស​នេះ​ចាត់ទុក​ព្រះពុទ្ធ​សាសនា​ជា​សាសនា​របស់​រដ្ឋ។

ប៉ុន្តែ គួរ​អ្វីដែល​គួរកត់សម្គាល់​នោះ​គឺ ទស្សនវិជ្ជា​ដ៏​មានតម្លៃ​របស់​ព្រះពុទ្ធសាសនា​ដែល​ប្រៀបបាន​នឹង«ឃ្លាំង​ឱសថ»សម្រាប់​ព្យាបាល​ជំងឺ​សង្គម​នោះ​មិនទាន់​ត្រូវបាន​ប្រើប្រាស់​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​លើកកម្ពស់​សុខមាលភាព​សង្គម​នៅឡើយ​ទេ។ មនុស្ស​វ័យ​ចំណាស់​មួយចំនួន​ដែល​តាំងខ្លួន​ជា​អ្នក​គោរព​និង​ប្រតិបត្តិ​ព្រះពុទ្ធសាសនា​តែ​បែរជា​ប្រព្រឹត្ត​ផ្ទុយ​ពី​គោលការណ៍​សាសនា​ទៅវិញ ខណៈដែល​យុវវ័យ​ជំនាន់​ក្រោយ​ភាគច្រើន​បែរជា​ចាត់ទុក​ព្រះពុទ្ធសាសនា​ថា«ហួស​សម័យ»ឬក៏​ជា​កិច្ចការ​របស់​មនុ​ស្សចា​ស់​តែប៉ុណ្ណោះ។

តាមពិត​ព្រះពុទ្ធសាសនា​មានតម្លៃ​សម្រាប់​មនុស្ស​គ្រប់​វ័យ​និង​គ្រប់​ស្រទាប់សង្គម ប៉ុន្តែ​អ្វីដែល​នៅ​ខ្វះ​គឺ​វិធីសាស្ត្រ​ដើម្បី​ទាក់ទាញ​មនុស្ស​ឲ្យ​ចូលរួម​តែប៉ុណ្ណោះ។ ជាក់ស្តែង សមាគម​ព្រះសង្ឃ​មួយចំនួន​ដែល​បាន​អនុវត្ត​កម្មវិធី​អប់រំ​តាមបែប​ព្រះពុទ្ធសាសនា​នៅតាម​សាលា​ក៏បាន​ទាក់ទាញ​យុវវ័យ​ជាច្រើន​ឲ្យ​ស្តាប់​ព្រះធម៌​អប់រំ​ចិត្ត​ផងដែរ។ ដូច្នេះ ទន្ទឹមនឹង​ការ​ស្តីបន្ទោស​​យុវវ័យ​ថា​មិន​ចាប់អារម្មណ៍​ទៅលើ​ព្រះពុទ្ធសាសនា គេ​ក៏ត្រូវ​ចោទសួរ​ដែរ​ថា​តើ​ស្ថាប័ន​សាសនា​បានធ្វើ​អ្វីខ្លះ​ក្នុងន័យ​បញ្ជ្រាប​ការអប់រំ​ទស្សនវិជ្ជា​ព្រះពុទ្ធសាសនា​ទៅដល់​យុវ​វជន​ស្រករ​ក្រោយ?

ជាការ​ពិត ព្រះពុទ្ធ​បរមគ្រូ​ទ្រង់​បាន​ឈ្វេងយល់​រួចស្រេច​ទៅហើយ​ថា សាសនា​របស់​ព្រះអង្គ​នឹងត្រូវ​ផុតរលត់​ត្រឹម​រយៈពេល៥០០០ព្រះវស្សា។ ការ​ផុតរលត់​នៃ​ព្រះពុទ្ធសាសនា​មិនមែន​បណ្តាលមកពី​សាស​នាដ​ទៃ​ណា​មក​បំផ្លាញ​ឡើយ​តែ​គឺ​ដោយសារ«អ្នក​គោរព​និង​ប្រតិបត្តិ»​ព្រះពុទ្ធសាសនា​ខ្លួនឯង​ដែលជា​អ្នក​បំផ្លាញ។ បញ្ហា​ចាក់ស្រេះ​ក្នុងសង្គម​ដែល​កើតមាន​បច្ចុប្បន្ន​​ទំនង​ជា​ភស្តុតាង​ដែល​អាច​បញ្ជាក់​ពី​បញ្ហា​នេះ​បាន។

យ៉ាងណា​ក៏ដោយចុះ ការពង្រឹង​ព្រះពុទ្ធសាសនា​គឺជា​កិច្ច​ការដែល​មិនអាច​មើលរំលង​បាន។ ទន្ទឹមនឹងនោះ សំណួរ​មួយទៀត​ដែល​សំខាន់​ហើយ​ត្រូវ​រក​ចម្លើយ​នោះ​គឺ តើ​ហេតុអ្វី​បានជា​ប្រទេស​កាន់​ព្រះពុទ្ធសាសនា​បែរជា​សម្បូរ​ហិង្សា​និង​អបាយមុខផ្សេងៗទៅវិញ? មូលហេតុ​គឺ​មកពី ទាំង«អ្នក​កាន់​ព្រះពុទ្ធសាសនា»និង​ទាំង​ស្ថាប័ន​គ្រប់គ្រង​កិច្ចការ​សាសនា​មិនទាន់​ផ្តល់​តម្លៃ​គ្រប់គ្រាន់​ដល់​សាសនា​របស់​រដ្ឋ​នៅឡើយ​ពោលគឺ ពួកគេ​ច្រើនតែ​ធ្វើ​គម្រប់​កិច្ច​ឬ​និយាយ​តាមបែប​ផ្សេង​ចូលចិត្ត​និយាយ​តែ​មាត់​តែ​មិន​អនុវត្ត​ដូច​មាត់​ថា។

ដូច្នេះ អ្នក​តម្រង់ទិស​សង្គម​ទាំងឡាយ​គួរ​ទាញយក«ឱសថ»ចេញពី​ឃ្លាំង​ព្រះពុទ្ធសាសនា​មកប្រើប្រាស់​ឲ្យ​អស់​លទ្ធភាព​ដើម្បី​ព្យាបាល​ជំងឺ​សង្គម​ជាពិសេស​ដើម្បី​បន្សាប​មេរោគ​ហិង្សា​និង​ការប្រមាថ​ចេញពី​មនុស្ស​ខ្មែរ​គ្រប់គ្នា។ ប្រសិនបើ​មេរោគ​ទាំងនោះ​អាច​ព្យាបាល​បាន​មែន សង្គម​ខ្មែរ​នឹង​ស្គាល់​តម្លៃ​សីលធម៌​ឡើងវិញ ហើយ​ប្រទេសជាតិ​នឹង​ស្គាល់​សុខសន្តិភាព​និង​ការគោរព​សិទ្ធិមនុស្ស​យ៉ាង​ពេញលេញ​ជាក់​ជាមិនខាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ