អានតួអត្ថបទ
កម្ពុជា

បរិយាកាស​ក្នុង​ការិយាល័យ​កាសែត​ឌឹ​ខេមបូឌា ដេលី នៅ​ថ្ងៃ​ឱសាន​វាទ

នៅ​ថ្ងៃ​ទី​៤ កញ្ញា​នេះ ជា​ថ្ងៃ​ឱសាន​វាទ​របស់​កាសែត​ឌឹខេមបូឌា​ដេលី​ហើយ ប្រសិន​បើ​កាសែត​នេះ​មិន​បាន​បង់​ពន្ធ​តាម​ការ​កំណត់​របស់​រដ្ឋាភិបាល​កម្ពុជា។ នៅ​ថ្ងៃ​នេះ​ យ៉ា រសាត់​បាន​ចុះ​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់​ពី​ស្ថានភាព​ក្នុង​ការិយាល័យ​របស់​កាសែត​នេះ។ ចង់​ដឹង​ថា តើ​ស្ថានភាព​ការិយាល័យ​របស់​កាសែត​នេះ​យ៉ាង​ដូច​ម្ដេច យើង​ទៅ​ស្ដាប់​ការ​អត្ថាធិប្បាយ​របស់ យ៉ា រសាត់។

កាសែតខេមបូឌាដេលី
កាសែតខេមបូឌាដេលី RF
ផ្សាយពាណិជ្ជកម្ម

ស្ថិត​នៅ​ជាន់​ទី​២​ក្នុង​អតីត​អគារ​របស់​អគ្គនាយកដ្ឋាន​ចំការ​កៅស៊ូ​កម្ពុជា​ ការិយាល័យ​ដែល​មាន​ទទឹង​ប្រមាណ​១០ ម៉ែត្រ និង​បណ្ដោយ​ប្រហែល​៤០​ម៉ែត្រ នេះ​ជា​ការិយាល័យ​របស់​កាសែត​ឌឹ​ខេមបូឌា ដេលី។ ការិយាល័យ​កាសែត​នេះ ស្ថិត ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន​ពេញ។

មាន​តុ កៅអី នៅ​រ៉ាយ​ប៉ាយ​ពាស​ពេញ​ការិយាល័យ​ ស្ដ្រី​វ័យ​ប្រហែល​៤០​ឆ្នាំ​ម្នាក់ ពាក់​អាវ​ផ្កា​ដៃ​ខ្លី ខោ​ជើង​វែង កំពុង​ឈរ​រើ​ក្រដាស​លើ​តុ​រក​មើល​ឯកសារ​ល្អៗ​ទុក​ម្ខាង និង​ឯកសារ​ដែល​ខូច​ដាក់​ចូល​ក្នុង​ស្បោង​ប្លាស្ទិច​ម្ខាង។ ស្ដ្រី​ម្នាក់​នេះ​បាន​ញញឹម ហើយ​ឆ្លើយ​នឹង​សំនួរ​របស់​អ្នក​កាសែត​ថា ថ្ងៃ​នេះ​គ្មាន​អ្នក​មក​ធ្វើ​ការ​ទេ​ក្នុង​ការិយាល័យ​នេះ មាន​តែ​រូប​អ្នក​ស្រី​មក​បោស​សំអាត និង​ពូៗ​ដែល​ជា​សន្ដិសុខ​៣ ទៅ​៤​នាក់​នៅ​ជ្រុង​ម្ខាង​នៃ​ការិយាល័យ​នេះ កំពុង​រើ​របស់​របរ​ប្រើ​ប្រាស់​ផ្សេងៗ​យក​ចេញ​ក្រៅ។

ការិយាល័យ​នេះ​គ្មាន​បុគ្គលិក​មក​អង្គុយ​ធ្វើ​ការ​ទៀត​ទេ​នៅ​ថ្ងៃ​ទី​៤ សីហា នេះ។ ក្នុង​ការិយាល័យ​មាន​ក្រដាស​ឯកសារ​សំនេរ​ចាស់ៗ ប៊ិច​ខូចៗ ថូ​ផ្កា ម៉ាស៊ីន​ព្រីន កុំព្យូទ័រ កៅអី និង​សំភារៈ​ប្រើ​ប្រាស់​ក្នុង​ការិយាល័យ​ផ្សេងៗ​ទៀត​ស្ថិត​នៅ​រប៉ាត់​រប៉ាយ​ពាស​ពេញ​បន្ទប់។

ទោះ​បី​មិន​មាន​បុគ្គលិក​ធ្វើ​ការ ប៉ុន្ដែ​នៅ​មាន​បុគ្គលិក​មក​មើល​សកម្មភាព​រុះរើ​ការិយាល័យ​កាសែត​នេះ​ផង​ដែរ។ មាន​គ្នា​ប្រហែល​១០​នាក់​ដែល​ភាគ​ច្រើន​ជា​ស្ដ្រី​កំពុង​អង្គុយ​ជុំ​គ្នា​ក្នុង​ទឹក​មុខ​ស្រពោន​នៅ​ផ្នែក​ម្ខាង​ការិយាល័យ​នោះ។ ពួក​គេ​មិន​បាន​និយាយ​អ្វី​ឡើយ។

រីឯ​នៅ​ច្រក​ចូល​ខាង​ក្រោម​ការិយាល័យ​នោះ​វិញ បុគ្គលិក​ពីរ​រូប​របស់​កាសែត​នេះ​កំពុង​ជជែក​គ្នា​អំពី​គោល​ដៅ​បន្ទាប់។ បុរស​ម្នាក់​មាន​អាយុ​ប្រហែល​៣០​ឆ្នាំ​ប្លាយ​បាន​លើក​ឡើង​ថា អំឡុង​ពេល​នេះ​លោក​មិន​ទាន់​សម្រេច​ចិត្ត​ថា​គួរ​ធ្វើ​អ្វី​នៅ​ឡើយ​ទេ។ លោក​ថា ថ្នាក់​លើ​របស់​លោក​ប្រាប់​អោយ​នៅ​ស្ងៀម​ស្ងាត់ រង់​ចាំ​ចំនួន​ពីរ​សប្ដាហ៍​ទៀត នឹង​ជូន​ដំណឹង​ដល់​ពួក​គេ​ថា​ត្រូវ​ធ្វើ​ការ​បន្ដ ឬ​បញ្ចប់​ជាមួយ​កាសែត​នេះ។ បើ​តាម​បុរស​ម្នាក់​នេះ លោក​នឹង​ស្វែង​រក​ការងារ​ផ្សេង​ទៀត បន្ទាប់​ពី​កាសែត​នេះ​បិទ​ទ្វារ។ ប៉ុន្ដែ​លោក​បារម្ភ​ចំពោះ​បរិយាកាស និង​ប្រាក់​ខែ​នៅ​កន្លែង​ការងារ​ថ្មី​នោះ។

ចំណែក​បុគ្គលិក​មួយ​រូប​ទៀត​អះអាង​ថា ​លោក​នឹង​រក​ស៊ី​ខ្លួន​ឯង​ ឈប់​ធ្វើ​ការ​ឲ្យ​ស្ថាប័ន​ណា​មួយ​ហើយ។ លោក​ថា លោក​មាន​ដើម​ទុន​សម​ល្មម​នឹង​អាច​បង្កើត​មុខរបរ​ដោយ​ខ្លួន​ឯង​បាន។ បើតាម​បុរស​ម្នាក់​នេះ ថ្នាក់​លើ​របស់​កាសែត​ឌឹខេមបូឌាដេលី​កំពុង​ចចារ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​អាច​បន្ដ​ដំណើរ​របស់​កាសែត​នេះ​ទៀត​បាន។

ក្រៅ​ពី​បុគ្គលិក​ក៏​មាន​ដែរ​អ្នក​កាសែត​ជាតិ និង​អន្ដរជាតិ​មួយ​ចំនួន​កំពុង​ទៅ​ផ្ដិត​រូប​ក្នុង​ការិយាល័យ​នោះ។

សូម​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​០៣ កញ្ញា កាសែត​ខេម​បូឌា​ដេលី ដែល​មាន​អាយុ​កាល​២៤​ឆ្នាំ​ហើយ​នោះ បាន​ប្រកាស​បិទ​ការ​ផ្សាយ​របស់​ខ្លួន​ចាប់​ពី​ថ្ងៃទី៤ ខែ​កញ្ញា តទៅ។ បើតាម​សេច​ក្ដីប្រកាសនោះ “​បន្ទាប់ពី​ដំណើរការ​អស់​ពេល​២៤​ឆ្នាំ និង​១៥​ថ្ងៃ រដ្ឋាភិបាល​កម្ពុជា​បាន​បំផ្លាញ​កាសែត​ខេ​ម​បូ​ឌា ដេលី ដែលជា​ផ្នែក​មួយ​ពិសេស​នៃ​សេរីភាព​សារព័ត៌មាន​របស់​កម្ពុ​ជា​»​។ កាសែត​មួយ​នេះ​បញ្ជាក់ថា ការ​គំរាម​ចាត់វិធានការ​ផ្លូវច្បាប់​ដើម្បី​បិទ​អង្គភាព​របស់ខ្លួន ការ​បង្កក​គណនី និង​ការកាត់ទោស​ម្ចាស់​ថ្មី​ចំពោះ​ទង្វើ​របស់​ម្ចាស់​ចាស់ កាសែត​ខេ​ម​បូ​ឌា ដេលី នឹង​បិទ​ការបោះ​ផ្សាយ​ចាប់ពី​ថ្ងៃទី​៤ ខែសីហា​។​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ