អានតួអត្ថបទ
កម្ពុជា

អាជ្ញាធរ​ ទាមទារ​ការ​សហការ​ពី​ពលរដ្ឋ​ស្វែង​រក​ផលិតផល​ខូច​គុណភាព ខណៈ​អ្នក​ស្រាវជ្រាវ​ថា ហាក់​​​យឺត​ពេល​បន្តិច

គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិត​ក្លែងក្លាយ​នៃ​ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​អំពាវនាវ​ ដល់​សាធារណជន ​ឲ្យ​ចូលរួម​សហការ​ផ្តល់​ព័ត៌មាន អំពី​ទីតាំងឬ​ជន ដែល​ផលិត​ផលិត​ផល​ខូច​គុណភាព​។ ការ​ចូលរួម​ដែល​ពលរដ្ឋ​ទូទៅ អាច​ទៅ​ជូន​ដំណឹង​ដោយ​ផ្ទាល់​ ឬ​ទាក់ទង​តាម​លេខ​ទូរស័ព្ទ ដែល​អាជ្ញាធរ​នេះ បាន​ផ្តល់​ឱ្យ​ក្នុង​សេចក្តី​ជូន​ដំណឹង។ យ៉ាង​ណា​មិញ ក្រុម​អ្នក​ស្រាវជ្រាវ​ផ្នែក​ចំណី​អាហារ យល់​ថា ចំណាត់ការ​នេះ​ល្អ ប៉ុន្តែ​ហាក់​យឺត​ពេល​បន្តិច ខណៈ​សារធាតុ​គីមី និង​ចំណី​អាហារ​ខូច​គុណភាព បាន​ជ្រៀត​ចូល និង​បង្ក​ហានិភ័យ​ធ្ងន់ធ្ងន់​ដល់​សុខភាព និង​អាយុ​ជីវិត​របស់​ពលរដ្ឋ​កម្ពុជា រួច​ទៅហើយ​។

ទីផ្សារទំនិញនៅភ្នំពេញ
ទីផ្សារទំនិញនៅភ្នំពេញ RFI
ផ្សាយពាណិជ្ជកម្ម

ប្រសិន​បើ​សាធារណជន​ បាន​ដឹង​ពី​​ជន ឬ​ទី​តាំង​ផលិត​ និង​ចែក​ចាយ​ផលិតផល​ខូច​គុណភាព ដែល​អាច​បង្ក​គ្រោះថ្នាក់​ ដល់​សុខភាព និង​សុវត្ថិភាព​សង្គម គឺ​អាច​ទាក់​ទង​ដោយ​ផ្ទាល់​ទៅ​កាន់​លេខាធិការ​ដ្ឋាន នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិត​ផល​ក្លែងក្លាយ នៅ​ទី​ស្តី​ការ​ក្រសួង​មហាផ្ទៃ ឬ​តាម​លេខទូរស័ព្ទ ០៨១ ៩៩៩ ៨០៨។ លើស​ពី​នេះ ​ក៏​អាច​ផ្ញើរ​ព័ត៌មាន​តាម​អ៊ីម៉ែល cccc.gov@gmail.com និង​តាម​ទំព័រ​​ហ្វេស​ប៊ុក​ផ្លូវការ​របស់​គណៈ​កម្មាធិការ​នេះ​ផង​ដែរ។ រាល់​ព័ត៌មាន​របស់​សាធារណៈជន ដែល​បញ្ជូន​មក​គណៈកម្មាធិការ​ នឹង​ត្រូវ​រក្សា​ការ​សម្ងាត់ និង​តាម​សំណូមពរ​របស់​សាមីខ្លួន។ នេះ​គឺ​ជា​ខ្លឹមសារ​នៃ​សេចក្តី​ជូន​ដំណឹង​របស់​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៃ​ក្រសួង​មហាផ្ទៃ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី ០២​ខែ​មិនា ឆ្នាំ​២០១៦​។

គណៈកម្មាធិការ​នេះ បាន​អះអាង​ថា ខ្លួន​បាន​ចុះ​ត្រួត​ពិនិត្យ​ តាម​ដាន​ផលិត​ផលខូច​គុណភាព ដែលបាន​ចរាចរ​ជា​ប្រចាំ នៅ​លើ​ទីផ្សារ​​ក្នុង​ប្រទេស​កម្ពុជា​ហើយ​។ ប៉ុន្តែ​បញ្ហា​ត្រង់​ថា មាន​ផលិត​ផល​ខូច​គុណភាព បន្លំ​គុណភាព ផលិត​ផល​ហួស​សុពលភាព និង​ផលិត​ផល​ដែល​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង ​ឬ​សា្ថប័ន​មាន​សមត្ថកិច្ច​ជា​ដើម​នោះ​ បាន​យក​មក​​ដាក់​លក់​បន្លំ ជាមួយ​នឹង​ផលិត​ផល​ដែល​មាន​ច្បាប់​អនុញ្ញាត​ត្រឹម​ត្រូវ​ទៅ​វិញ។ ដូច្នេះ​ទើប​គណៈកម្មាធិការ មាន​ការ​ពិបាក និង​ទាមទារ​ការ​ចូលរួម​បន្ថែម​ពី​ពលរដ្ឋ ដើម្បី​តាមដាន ស៊ើប​អង្កេត ឲ្យ​កាន់​តែ​លម្អិត​បន្ថែម​ទៀត។

លោក​ស្រី​សៀង ហ៊ុយ អនុ​ប្រធាន​នៃ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា ដែល​ធ្វើការ​ស្រាវជ្រាវ​ផ្នែក​គីមី​ចំណី​អាហារ​ផង​នោះ បាន​សាទរ​ចំពោះ​ចំណាត់​ការ​ទាមទារ​ការ​ចូលរួម​ពីពលរដ្ឋ​នេះ។ ប៉ុន្តែ​លោក​ស្រី បាន​បញ្ជាក់​ថា ចំណាត់​ការ​នេះ វា​ហាក់​​ដូច​ជា​រៀង​យឺត​ពេល​បន្តិច​ទៅ​ហើយ​។ យឺត​ពេល​ព្រោះ​ថា កន្លង​មក​មាន​ពលរដ្ឋ​មិន​តិច​ទេ បាន​ពុល​ ក្អួតចង្អោរ​ រហូត​មាន​ខ្លះ​ស្លាប់​ទៀត​ផង ដោយសារ​តែ​ការ​បរិភោគ​ផលិត​ផល​ខូច​គុណភាព ឬ​ផលិត​ផល​ដែល​គ្មាន​ការ​អនុញ្ញាត​ត្រឹមត្រូវ​។ ក្នុង​នាម​ជា​អ្នក​ស្រាវជ្រាវ លោក​ស្រី​សៀង ហ៊ុយ យល់​ថា ចំណាត់ការ​របស់​សមត្ថកិច្ច​នា​ពេលបច្ចុប្បន្ន​ ហាក់​តឹងរ៉ឹង​ដោយ​អន្លើរ នៅ​ខ្វះ​ចន្លោះ ជា​ពិសេស​ចំពោះ​ការ​ផ្សព្វផ្សាយ​ អប់រំ ពី​លទ្ធផល​រក​ឃើញ​របស់​ខ្លួន​។

ចំពោះ​ប្រជាពលរដ្ឋ​វិញ ក៏​រីករាយ​នឹង​សហការ​ជាមួយ​អាជ្ញាធរ ប៉ុន្តែ​ពួកគេ​ទាមទារ​ឲ្យ​ការ​អន្តរាគម ត្រូវ​ប្រកប​ដោយ​តម្លាភាព កុំ​យក​ដំណឹង​ដែល​ទទួល​បាន ជា​ថ្នូរ​នឹង​ការ​ដោះដូរ​ប្រាក់​កាស ជាមួយ​ជន​ខិលខូច ដើម្បី​កែ​ប្រែ​លទ្ធផល​នៃ​ផលិត​ផល​ខូច​គុណភាព​ទាំង​នោះ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ