អានតួអត្ថបទ
កម្ពុជា

ទស្សនកិច្ច និង​សុន្ទរកថា​របស់​ឧត្តម​សេនីយ Charles de Gaulle កាល​៥០​ឆ្នាំ​មុន នៅ​តែ​មាន​បច្ចុប្បន្ន​ភាព!

ឆ្នាំ​២០១៦​នេះ គឺ​ជា​ខួប​លើក​ទី​៥០ នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ឧត្តម​សេនីយ Charles de Gaulle ​ នៅ​កម្ពុជា។ ប៉ុន្មាន​ថ្ងៃ​នេះ សុន្ទរកថា​កាល​ពី​ ៥០​ឆ្នាំមុន​របស់​ប្រធានាធិបតី​បារាំង​រូប​នេះ ត្រូវ​គេ​លើក​មក​និយាយ​ឡើង​វិញ។ អ្នក​ការ​ទូត​បារាំង​ និង​រដ្ឋ​មន្ត្រី​ធំ​ៗ​របស់​កម្ពុជា បាន​រៀបចំ​ពិធី​រម្លឹក​ខួប​នេះ យ៉ាង​ធំដុំ ដោយ​មាន​ព្រះរាជ​វត្តមាន​របស់​ព្រះ​មហាក្សត្រ​ខ្មែរ និង​សម្តេច​ម៉ែ​ផង​ដែរ។

ទស្សនកិច្ច និងសុន្ទរកថារបស់ឧត្តមសេនីយ Charles de Gaulle កាល៥០ឆ្នាំមុន នៅតែមានបច្ចុប្បន្នភាព!
ទស្សនកិច្ច និងសុន្ទរកថារបស់ឧត្តមសេនីយ Charles de Gaulle កាល៥០ឆ្នាំមុន នៅតែមានបច្ចុប្បន្នភាព! @IFC
ផ្សាយពាណិជ្ជកម្ម

កាល​ពី​ ៥០​ឆ្នាំ​មុន ព្រះ​ប្រមុខ​រដ្ឋ​ និង​ពលរដ្ឋ​ខ្មែរ ប្រមាណ​ ២០​ម៉ឺន បាន​ទទួល​ស្វាគមន៍​លោក​ប្រធានាធិបតី​បារាំង Charles de Gaulle យ៉ាង​ធំ​សម្បើម។ ប្រជាពលរដ្ឋ​ខ្មែរ​ បាន​ឈរ​លើក​បដា​ស្វាគមន៍ ស្រែក​ហោ និង​ទះ​ដៃ​អបអរ​តាម​ដងផ្លូវ​តាំង​តែ​ពី​ព្រលាន​យន្តហោះ​ភ្នំពេញ រហូត​ដល់​ព្រះបរម​រាជ​រាំង។ គ្រា​នោះ ​លោក​ឧត្តម​សេនីយ De Gaulle បាន​ឈ្វេង​យល់​ពី​ប្រពៃណី និង​របាំ​ខ្មែរ។ លោក​មើល​អុំ​ទូក​ ទស្សន​អង្គរវត្ត ព្រម​ទាំង​បាន​ថ្លែង​សុន្ទរកថា​ជា​ប្រវត្តិសាស្ត្រ​ នៅ​ស្តាត​អូឡាំពិក ដែល​មាន​មនុស្ស​ចូលរួម​តាំង​ពេញ​ណែន​។​

នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ នៅ​សាល​សន្និសីទ​ចតុមុខ ជា​ទី​ដែល​លោក Charles de Gaulle មើល​របាំ​ខ្មែរ​កាល​ពី​ ​៥០​ឆ្នាំ, លោក​ឯកអគ្គ​រដ្ឋទូត​បារាំង Jean-Claude Poimboef និង​លោក Jacques Godfrain ប្រធាន​មូលនិធិ Charles de Gaulle សុទ្ធ​តែ​ថ្លែង​អំណរ​គុណ​កម្ពុជា ដែល​បាន​ទទួល​សាទរ​យ៉ាង​កក់ក្តៅ​ចំពោះ​រដ្ឋ​បុរស​បារាំង​ដ៏​ល្បីល្បាញ​សតវត្ស​ទី​២០​។ ចំពោះ​លោក​ទាំង​ពីរ, ទស្សនកិច្ច​របស់​ឧត្តម​សេនីយ De Gaulle បាន​ឆ្លុះ​បញ្ចាំង​ពី​ទំនាក់​ទំនង​កម្រិត​ខ្ពស់​នៃ​ប្រទេស​ជាតិ​ទាំង​ពីរ ហើយ​សុន្ទរកថា​របស់​លោក ដែល​គាំទ្រ​កម្ពុជា​ក្នុង​គោល​នយោបាយ​អព្យាក្រឹត្យ​នោះ​ គឺ​អាច​ឲ្យ​កម្ពុជា​ចៀស​ពី​គ្រោះថ្នាក់​គ្រប់​យ៉ាង និង​បន្ត​ក្តីសង្ឃឹម​ទៅ​អនាគត​។​

សូម​ជ្រាប​ថា កាល​ពី​ ៥​ទសវត្ស​មុន នៅ​ភ្នំពេញ លោក Charles de Gaulle បាន​និយាយ​ជា​ភាសា​បារាំង​ថា «យើង​ប្រកាន់​យក​ជម្រើស​សន្តិភាព និង​ជ្រោម​ជ្រែង​បង្ខិត​ទស្សនៈ​យល់​ឃើញ​​​របស់​យើង,​ ​កាត់​បន្ថយ​ភាព​តាន​តឹង និង​បង្ការ​ជម្លោះ។ យើង​មិនអាច​កាន់ជើង​ខាង​ណាង​មួយ​ឡើយ។ ជាងនេះ​ទៅ​ទៀត គ្មាន​នរណា​ម្នាក់ អាច​តម្រូវ​ឲ្យ​យើង​រើស​យក​ជម្រើ​ស​ ដែល​ផ្ទុយ​នឹង​ផល​ប្រយោជន៍​ផ្ទាល់​របស់​យើង​ឡើយ»។

ប្រសាសន៍​នេះ ត្រូវ​លោក​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា បាន​គូស​បង្ហាញ​ពី​ម្សិល​មិញ​ថា ​គឺ​នៅ​តែ​មាន​បច្ចុប្បន្នភាព រហូត​មក​ទល់​នឹង​សព្វ​ថ្ងៃ។ ចំពោះ​លោក ប្រាក់ សុខុន​, ឧត្តម​សេនីយ Charles de Gaulle ជា​រដ្ឋ​បុរស​ដ៏​វិសេសវិសាល និង​ជា​អ្នក​មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ​។

ចំពោះ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋ​បុរស​បារាំង​រូបនេះ ថា​​មិន​ត្រឹម​តែ​ដើម្បី​មិត្តភាព​ស៊ី​ជម្រៅ ដើម្បី​ប្រយោជន៍​សេដ្ឋកិច្ច និង​នយោបាយ​ប៉ុណ្ណោះ​ទេ តែ​ក៏​ដើម្បី​បុព្វហេតុ​វប្បធម៌​ផង​ដែរ។​

សូម​ជម្រាប​ដែរ​ថា ក្នុង​ឱកាស​រម្លឹក​ខួប​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​បារាំង​រូប​នេះ គេ​បាន​រៀបចំ​កម្មវិធី​រម្លឹក​ជា​ច្រើន ដូចជា​នៅ​ក្រសួង​ការ​បរទេស​ពី​ម្សិលមិញ​ ហើយ​នៅ​សាល​សន្នីសីទ​ចតុមុខ ព្រឹក​មិញ​នេះ មាន​ការ​តាំង​ពិព័ណ៌​ និង​បញ្ចាំង​ភាពយន្ត​ឯកសារ​ ៤០នាទី ពី​ដំណើរ​របស់​លោក De Gaulle នៅ​កម្ពុជា។

នៅ​ថ្ងៃ​ទី​ ១២​តុលា ល្ងាច​ស្អែកនេះ​ គឺ​នឹង​មាន​ការ​តាំង​ពិព័ណ៌​នៅ​វិទ្យាស្ថាន​បារាំង ព្រម​ទាំង​សន្និសីទ​មួយ​ ដែល​មាន​លោក​ប្រធាន និង​នាយក​មូលនិធិ Charles de Gaulle ធ្វើ​ជា​វាគ្មិន។
ចំណែក​នៅ​ឯ​ព្រលាន​យន្ត​ភ្នំពេញ ក៏​មាន​តាំង​ពិព័រណ៌​ស្តីពី​ទស្សនកិច្ច​របស់​លោក De Gaulle រយៈពេល​មួយ​ខែ​ពេញ ហើយ​ចប់​ពីនោះ គេ​នឹង​យក​រូប​ថត​ទៅ​តាំង​បង្ហាញ​ថែម​ទៀត នៅ​ព្រលាន​យន្ត​ក្រុង​សៀមរាប រយៈ​ពេល​១ខែ​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ