អានតួអត្ថបទ
កម្ពុជា

គ្រួសារ​សព​លោក​ ឈុត វុទ្ធី​ នៅ​តែ​ទទូច​ទាមទារ​រក​យុត្តិធម៌​ នៅ​ថ្ងៃ​ប្រារព្ធ​ខួប​៣​ឆ្នាំ

ក្រុម​គ្រួសារ​សព​របស់​លោក​ ឈុត វុទ្ធី​ អតីត​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​ បាន​ប្រារព្ធ​ខួប​៣ឆ្នាំ​ នៃ​ការ​ស្លាប់​បាត់បង់​ជីវិត​របស់​លោក​ ឈុត វុទ្ធី​ នៅ​ថ្ងៃ​សៅរិ៍​ទី​២៥​ខែ​មេសា​នេះ​ នៅ​ឯ​គេហដ្ឋាន​ ស្ថិត​នៅ​ភូមិ​ព្រែក​ឯង​ ក្នុង​សង្កាត់​វាលស្បូវ​ រាជធានី​ភ្នំពេញ។ ​នៅ​ចំ​ថ្ងៃ​ប្រារព្ធ​ខួប​៣​ឆ្នាំ​នេះ​ ក្រុម​គ្រួសារ​សព​របស់​លោក​ ឈុត វុទ្ធី​ នៅ​តែ​ទទួច​សុំ​ឱ្យ​រដ្ឋាភិបាល​បើក​ការ​ស៊ើប​អង្កេត​ប្រកប​ដោយ​ភាព​ត្រឹម​ត្រូវ​មួយ​ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ដល់​សព​លោក​ ឈុត វុទ្ធី។

លោក ឈុត​ វុទ្ធី​ប្រធានអង្គការពារធនធាន​ធម្មជាតិ​
លោក ឈុត​ វុទ្ធី​ប្រធានអង្គការពារធនធាន​ធម្មជាតិ​ RFI/Leang Delux
ផ្សាយពាណិជ្ជកម្ម

 

លោក ឈុត វុទ្ធី ​សកម្មជន​ការពារ​បរិស្ថាន​ និង​ព្រៃឈើ​នៅ​កម្ពុជា​ ត្រូវ​បាន​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​២៦​ខែ​មេសា​ឆ្នាំ​២០១២​ នៅ​ភូមិ​វាលបី​ ឃុំ​បាក់ខ្លង​ ស្រុកមណ្ឌល​សីមា​ ខេត្ត​កោះកុង​ ក្នុង​ពេល​ដែល​លោក​បាន​ជូន​ផ្លូវ​ក្រុម​អ្នក​កាសែត​២​រូប​របស់​កាសែត ​The Cambodia Daily ​ចុះ​យក​ព័ត៌មាន​នៅ​ជិត​ដែន​ព្រៃ​ការពារ​ក្នុង​ខេត្ត​កោះកុង​ ជា​ទី​កន្លែង​ដែល​លោក​ធ្លាប់​ព្យាយាម​ជា​ច្រើន​ដង​ ដើម្បី​បើក​កកាយ​សំណុំ​រឿង​កាប់ព្រៃ​ឈើ​ខុសច្បាប់​ ដែល​មាន​ទាក់ទង​នឹង​មន្ត្រីយោធា។ ​៣​ឆ្នាំ​ក្រោយ​នៃ​មរណភាព​របស់​លោក ​ឈុត វុទ្ធី​ ក្រុម​គ្រួសារ​នៃ​សព​ និង​អង្គការ​សង្គមស៊ីវិល​ នៅ​តែ​ទទួច​ស្វែង​រក​យុត្តិធម៌​ជូន​លោក​ ឈុត វុទ្ធី​ និង​បាន​ហៅ​របាយការណ៍​ស៊ើប​អង្កេត​ដោយ​រដ្ឋាភិបាល​ថា​ គ្រាន់​តែ​ជា​ឆាក​ល្ខោន​ដែល​គេ​បាន​រៀបចំ​ឡើង។
 
លោក​ស្រី ចក់ សុភាព ​នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​ដែល​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ពិធី​បុណ្យ​ខួប​៣​ឆ្នាំ​របស់​សព​លោក​ឈុត វុទ្ធី ​ដែល​កំពុង​រៀបចំ​ធ្វើ​ឡើង​នាថ្ងៃ​សៅរិ៍​ទី​២៥​មេសា ​នៅ​ភូមិ​ព្រែកឯង​ ក្នុង​សង្កាត់​វាលស្បូវ​ បាន​ថ្លែង​ថា​ ក្នុង​នាម​អង្គការ​សង្គមស៊ីវិល​ លោកស្រី​ នៅ​តែ​ទទួច​ឱ្យ​រដ្ឋាភិបាល​បើក​ការ​ស៊ើប​អង្កេត​រក​យុត្តិធម៌​ជូនលោក​ ឈុត វុទ្ធី ។ ​លោក​ស្រី​ បាន​សរសេរ​នៅ​លើ​ទំព័រ​ Facebook ​របស់​លោក​ស្រី​ថា ​«៣ឆ្នាំ​បាន​កន្លង​ផុត​ តែ​យុត្តិធម៌​មិន​ទាន់​ត្រូវ​បាន​ទទួល​សម្រាប់​រូប​លោក​ និង​គ្រួសារ​លោក​ ឈុត វុទ្ធី ​ដែល​ជា​សកម្មជន​បរិស្ថាន»។
 
លោក​ ឆឺយ ឧត្តមរស្មី​ កូន​ប្រុស​ច្បង​របស់​លោក​ ឈុត វុទ្ធី ​បាន​ថ្លែង​ថា​ លោក​មិន​អាច​ទទួល​យក​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​នោះ​ទេ​ ហើយ​យើង​នៅ​តែ​ទទួច​ឱ្យ​រដ្ឋាភិបាល​ស្វែងរក​យុត្តិធម៌​ជូន​ដល់​សព​ឳពុក​របស់​ខ្លួន​ប្រកប​ដោយ​ភាព​ត្រឹមត្រូវ​ និង​ យុត្តិធម៌។ ​ប៉ុន្តែ​លោក ​ផៃ ស៊ីផាន​ អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្រ្តី​បាន​បញ្ជាក់​ថា​ សំណុំ​រឿង​នេះ​ បាន​ផុតដៃ​របស់​រដ្ឋាភិបាល​ហើយ​ ហើយ​ការ​ស៊ើប​អង្កេត​មួយ​ក៏​បាន​បញ្ចប់​ហើយ​ដែរ។ ​ដូច្នេះ​ រដ្ឋាភិបាល​មិនមាន​គម្រោង​បើក​ការ​ស៊ើប​អង្កេត​ជា​ថ្មី​ឡើយ។
 
សូម​បញ្ជាក់​ថា​ សព​របស់​លោក​ឈុត វុទ្ធី​ ត្រូវ​បាន​គេ​យក​ទៅ​បញ្ចុះ​នៅ​ស្រុក​កំណើត​របស់​លោក​ ស្ថិត​នៅ​ក្នុង​ភូមិ​ ស្វាយមាស​ ឃុំ​វិហាសួគ៌​ ស្រុក​ខ្សាច់​កណ្តាល​ ខេត្ត​កណ្តាល។
នៅ​ថ្ងៃ​ប្រាព្ធ​ខួប​៣​ឆ្នាំ​ ឆ្នាំ​២០១៥នេះ ​មិនមាន​ការ​ធ្វើ​ពិធី​នៅ​នឹង​កន្លែង​បាញ់​សម្លាប់​លោក ​ឈុត វុទ្ធី​ ដូច​ឆ្នាំ​មុន​ៗ​នោះទេ ​តែ​ប្រជាសហគមន៍​ព្រៃឡង់​ដែល​ជា​អ្នកគាំទ្រ​វីរៈភាព​របស់​លោក​ ឈុត វុទ្ធី​  មាន​គម្រោង​ ធ្វើ​ពិធី​រំលឹក​ស្នាដៃ​របស់​លោក ​ឈុត វុទ្ធី​ នៅ​តំបន់​ព្រៃឡង់​បន្ត​ទៀត​ ដែល​ជា​ទី​កន្លែង​ធ្វើ​ការ​របស់​ លោក​ ឈុត វុទ្ធី។
 
លោក​ ឈុត វុទ្ធី ​ត្រូវ​បាន​ប្រជាសហគមន៍​និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ឱ្យ​ឈ្មោះ​ថា​ «ជា​វីរៈជន​ព្រៃឈើ» ​ហើយ​កាល​ពី​ឆ្នាំ​ទៅ​ លោក​ឈុត វុទ្ធី ​ក៏​ត្រូវ​បាន​ទទួល​ការ​កើត​សរសើរ​ពី​ប្រធានាធិបតី​អាមេរិក​ លោក បារ៉ាក់​ អូបាម៉ាថា​ ជា​វីរៈជន​ការពារ​ព្រៃឈើ​មួយ​រូប​នៅ​កម្ពុជា ​និង​បាន​ចាត់​ទុក​ការ​បាញ់​សម្លាប់​សកម្មជន​រូប​នេះ​នៅ​កណ្តាល​ព្រៃ​នៃ​ខេត្ត​កោះកុង​ថា​ ជា​ការ​សម្លាប់​បំបិទ​មាត់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ