អានតួអត្ថបទ
កម្ពុជា-ចិន

ចិន​ផ្តល់​ជំនួយ​ផ្នែក​យោធា​ដល់​កម្ពុជា

រដ្ឋាភិបាល​ចិន​បាន​សម្រេច​ផ្តល់​ជំនួយ​ជា​សម្ភារៈ​យោធា​ជា​ច្រើន​ ថ្មីទៀត​ដល់​ប្រទេស​កម្ពជា។​​ ជំនួយ​ទាំង​នោះ​​ ​មាន​ដូច​ជា​​ រថយន្ត​​ និង​សម្លៀក​បំពាក់​យោធា ​​ព្រម​ទាំង​ប្រាក់​១០០​លាន​យ័ន​​ ហើយ​​ត្រូវ​បាន​រដ្ឋាភិបាល​ចិន​​ប្រកាស​​ នៅ​ក្នុង​​ជំនួប​​រវាង​​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​​សែន ​​ជាមួយ​នឹង​លោក​ប្រធានាធិបតី​ចិន​​ហ៊ូ ​​ជិនតាវ ​​នៅ​ឯ​ទីក្រុង​សៀងហៃ​​ នា​ឱកាស​​បើក​​ការ​តាំង​ពិព័រណ៍​ពិភពលោក។ ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​​សែន​ ដែល​បាន​​អញ្ជើញ​ទៅ​ចូល​រួម​ការ​តាំង​ពិព័រណ៍​ពិភពលោក​ នៅ​ទីក្រុង​សៀងហៃ ​កាល​ពី​ថ្ងៃ​ទី​២៩​​មេសា ​​បាន​វិល​ត្រឡប់​មក​ដល់​ភ្នំពេញ​វិញ​ហើយ​ នៅ​ថ្ងៃ​អាទិត្យ​នេះ​​ដោយ​ពាំនាំ​មក​​ជាមួយ ​នូវ​ការ​សន្យា​ផ្តល់​ជំនួយ​ដ៏​សន្ធឹក​សន្ធាប់។​

ឡាន​ទាហាន​របស់​កម្ពុជា ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន
ឡាន​ទាហាន​របស់​កម្ពុជា ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន ©វណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

 

04:25

សេចក្តីរាយការណ៍​របស់ ប៉ែន បូណា ពីភ្នំពេញ

ក្រៅ​ពី​ជំនួយ​អភិវឌ្ឍន៍​​ ចិន​ក៏​មិន​ភ្លេច​ផ្តល់​ជំនួយ​ផ្នែក​យោធា​ ដល់​ប្រទេស​កម្ពុជា​​​ដែរ។​​ រថយន្ត​ ២៥៧​គ្រឿង ​​និង​សម្លៀក​បំពាក់​យោធា​ ៥​ម៉ឺន​សម្រាប់​ ត្រូវ​បាន​រដ្ឋាភិបាល​​ក្រុង​​ប៉េកាំង​ប្រកាស​ផ្តល់​ឲ្យ​កម្ពុជា​ នៅ​ចុង​សប្តាហ៍​នេះ។​ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​​លោក​​ហោ​​ ណាំហុង ​​រដ្ឋមន្ត្រី​ការបរទេស​ ដែល​បាន​ប្រាប់​ក្រុម​អ្នកកាសែត ​នៅ​ថ្ងៃអាទិត្យ​​នេះ ​បន្ទាប់​ពី​ការ​អម​ដំណើរ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​​ សែន​ ត្រឡប់​មក​ពី​ទីក្រុង​​សៀង​​ហៃ ​​ប្រទេស​ចិន​វិញ។​​​ ក្រៅ​ពី​ជំនួយ​យោធា​​ ចិន​ក៏បាន​ផ្តល់​ប្រាក់​​១០០​លាន​យ័ន​ដល់​​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​​ សែន​​ ដែល​អម​ដំណើរ​ដោយ​មន្ត្រី​ជាន់ខ្ពស់​មួយ​ចំនួន​​ផង​​ បាន​ចាកចេញ​ពី​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២៩​មេសា​​ ឆ្ពោះ​ទៅ​កាន់​ប្រទេស​ចិន​​ ដើម្បី​ចូល​រួម​ការ​តាំង​ពិព័រណ៍​ពិភពលោក​ដ៏ធំ​មួយ​ នៅ​ទីក្រុង​សៀងហៃ។ ​​ក្នុង​ឱកាស​​នោះ ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ខ្មែរ​ត្រូវ​បាន​ទទួល​ស្វាគមន៍ ​ដោយ​លោក​ប្រធានាធិបតី​​ហ៊ូ​​ ជិនតាវ។ ​​ក្នុង​ឱកាស​ជំនួប​ទ្វេភាគី ​​មេដឹកនាំ​ទាំង​ពីរ​បាន​បង្ហាញ​ពី​ទំនាក់ទំនង​ជាមួយ​គ្នា​​យ៉ាង​ជិតស្និទ្ធ​​ និង​បាន​ប្តេជ្ញា​បង្កើន​ទំនាក់ទំនង​នេះ​​ឲ្យកាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត។​​

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​​ ទំនាក់ទំនង​កម្ពុជា​-ចិន​កាន់​តែ​រីក​ចម្រើន​ទៅ​មុខ​ជា​លំដាប់។ ប្រទេស​មហា​អំណាច​អាស៊ី​មួយនេះ​​បាន​កសាង​ទំនាក់ទំនង​ជាពិសេស​មួយ​ ជាមួយ​​ប្រទេស​កម្ពុជា។ ​គឺជា​ទំនាក់ទំនង​ ដែល​លោក​ប្រធានាធិបតី​ចិន​​ហ៊ូ​​ ជិនតាន ​​ហៅ​ថា​​ មាន​លក្ខណៈ​កម្រ​​ និង​យូរលង់​ណាស់​មក​ហើយ។​​ ទំនាក់ទំនង​កម្ពុជា-​​ចិន​បាន​ក្លាយ​ជា​ទំនាក់ទំនង​ចាក់​ទឹក​មិន​លិច ​នា​រយៈពេល​ចុងក្រោយ​នេះ។​​ រដ្ឋាភិបាល​កម្ពុជា​តែង​ទទួល​បាន​ការ​គាំទ្រ​ឥត​ល័ក្ខខ័ណ្ឌ​ពី​រដ្ឋាភិបាល​ចិន។

នេះ​មិន​មែន​ជា​លើក​ទី១​ឡើយ ​​ប៉ុន្តែ ​​ជា​រៀងរាល់​លើក ​​ឲ្យ​តែ​មេដឹកនាំ​ខ្មែរ​ទៅ​​ទស្សនកិច្ច​ នៅ​ប្រទេស​ចិន​ ឬ​រាល់​ពេល​ដែល​មេដឹកនាំ​ចិន​មក​បំពេញ​ទស្សនកិច្ច​​នៅ​កម្ពុជា​ម្តងៗ​​ ប្រទេស​មហា​អំណាច​អាស៊ី​មួយ​នេះ​តែងតែ​ប្រកាស​ផ្តល់​ជំនួយ​ច្រើន​សន្ធឹក​​សន្ធាប់​ដល់​កម្ពុជា។ ​ជំនួយ​របស់​ចិន​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពេញចិត្ត​យ៉ាង​ខ្លាំង ​​ដោយ​ហេតុ​ថា ​​វា​ជា​ជំនួយ​ឥត​មាន​ភ្ជាប់​ដោយ​ល័ក្ខខណ្ឌ័​អ្វី​ទាំង​អស់។​ ជាការ​ឆ្លើយ​តប​​វិញ​​ កម្ពុជា​តែងតែ​គាំទ្រ​នយោបាយ​ចិន​តែមួយ ​ដោយ​ឥត​ងាក​រេ​ផង​ដែរ។

គួរ​កត់សម្គាល់​ថា ​​ជំនួយ​ផ្នែក​សម្ភារៈ​យោធា​របស់​ចិន​នៅ​ពេល​នេះ​​ បាន​ធ្វើ​ឡើង​​ក្នុង​កាលៈទេសៈ​ដែល​កម្ពុជា​កំពុង​ត្រូវ​ការ​ពង្រឹង​វិស័យ​យោធា ​ដើម្បី​ការពារ​ប្រឆាំង​នឹង​​ការ​ឈ្លានពាន​ពី​សំណាក់​ប្រទេស​ជិតខាង ​​ហើយ​ក៏​ស្រប​ពេល​ ដែល​សហរដ្ឋ​អាមេរិក​​ទើប​តែ​ប្រកាស​ផ្អាក​ផ្តល់​ជំនួយ​យោធា​ដល់​កម្ពុជា ​កាល​ពី​ពេល​ថ្មីៗ​នេះ​ផង​ដែរ។​ មូលហេតុ​នៃ​ការ​ផ្អាក​ជំនួយ​យោធា​របស់​អាមេរិក ​​គឺ​មក​ពី​ប្រទេស​នេះ​មិន​សប្បាយ​ចិត្ត​​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​ចាប់​បញ្ជូន​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ​២០​នាក់​ ដែល​ស្វែង​រក​សិទ្ធិ​ជ្រក​​កោន​នយោបាយ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ កាលពី​ចុងឆ្នាំ​២០០៩៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ