អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

​បញ្ហា​ព្រំ​ដែន​ខ្មែរ​នៅ​តែ​បន្ត​ជា​ចំណាប់​ខ្មាំង​របស់​​អ្នក​នយោ​បាយ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​ចោទ​ប្រកាន់​និង​ប្រឈម​មុខ​ដាក់​គ្នា​រវាង​អ្នក​នយោបាយ​ខ្មែរ​នៅ​ក្នុង​បញ្ហា​ព្រំដែន​ ជា​ពិសេស​រឿង​ព្រំដែន​ជាមួយ​វៀតណាម ​គឺ​ជា​បញ្ហា​ដែល​ចោទ​ឡើង​មិន​ចេះចប់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​។ ការជជីក​រក​ការពិត​ក្នុង​​រឿង​ព្រំដែន​ ​ដើម្បី​ផល​ប្រយោជន៍​ជាតិ គឺ​ជា​រឿង​មួយ​។ ប៉ុន្តែ​ពេល​ខ្លះ គេ​សង្កេត​ឃើញ​ថា បញ្ហា​ព្រំដែន​នេះ បែរ​ជា​ត្រូវ​​បានអ្នក​នយោបាយ​ យក​ទៅ​ធ្វើ​ជា​ចំណាប់​ខ្មាំង ​ដើម្បី​កេង​​ចំណេញ​ផ្នែក​នយោបាយ​ទៅវិញ​​​។ 

ផែនទីប្រទេសកម្ពុជា
ផែនទីប្រទេសកម្ពុជា @Internet
ផ្សាយពាណិជ្ជកម្ម

បញ្ហា​ព្រំដែន​នៅតែ​ជា​ចំណុច​ក្តៅ​សម្រាប់​អ្នកនយោបាយ​ខ្មែរ​ ទោះបី​ជាបញ្ហា​នេះ​តែង​ដុតរោល​ឆាក​នយោបាយ​ប្រទេស​កម្ពុជា​ឲ្យ​ឆេះ​សន្ធោ​សន្ធៅ​កាលពី​អតីតកាល​ ដែល​ជួន​កាល​បាន​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ធ្លាក់​ក្នុង​សង្គ្រាម​វិនាស​អន្តរាយ ​យ៉ាងណា​ក៏ដោយ។ ​ដោយ​គិត​ត្រឹម​តែ​រយៈ​ពេល​កន្លះ​សតវត្សរ៍​ចុងក្រោយ ​ការ​ផ្លាស់ប្តូរ​ពី​របប​មួយ​ទៅ​មួយ​រហូត​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ធ្លាក់​ចូលក្នុង​វាលពិឃាត​នៃ​របប​ខ្មែរក្រហម ​ពិត​ជា​មិន​អាច​កាត់​ផ្តាច់​បាន​ឡើយ​ពីបញ្ហា​ព្រំដែន និង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ជិតខាង ជាពិសេស​ជាមួយ​វៀតណាម។ ​ប្រសិន​បើ​ក្រឡេក​មើល​ឲ្យ​ឆ្ងាយ​ជាង​នេះ​ទៀត​ គេ​នឹង​សម្គាល់​ឃើញ​ថា ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា ​បញ្ហាព្រំដែន ​វា​ស្ទើរតែ​ជា​លក្ខណៈ​​សម្គាល់​របស់​ប្រទេស​នេះ​ទៅ​ហើយ។

ការ​ច្បាំង​ដណ្តើម​ដី​គ្នា​ជា​មួយ​ប្រទេស​ជិតខាង​ជា​រឿង​មួយ​ រីឯ​ការ​ច្បាំង​គ្នា​រវាង​ផ្ទៃក្នុង​ខ្មែរ​គ្នា​ឯង​អំពី​បញ្ហា​ព្រំដែន​ជារឿង​មួយ​ទៀត។ ​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​ម្យ៉ាងទៀត​នោះ​គឺ​ ខណៈ​ដែល​ជម្លោះ​ផ្ទៃក្នុង​រវាង​អ្នកនយោបាយ​ខ្មែរ​អំពី​បញ្ហា​ព្រំដែន​កើត​ឡើង​ឥត​ឈប់ឈរ​ក្រោម​បុព្វហេតុ​នៃ​ចលនា​ស្នេហាជាតិ​ដើម្បី​ការពារ​បូរណភាព​ទឹកដី​ ដែនដី​ខ្មែរ​បែរ​ជា​រួម​តូច​ទៅៗ​ជា​លំដាប់។ ​ពោល​គឺ​រួម​ពីមហានគរ​មួយ​ ទៅ​ជាកូន​ប្រទេស​តូច​មួយ ​ស្ទើរ​តែ​បាត់​ឈ្មោះ​ចេញ​ពី​ផែនទី​ពិភព​លោក​ទៅ​ហើយ។

ជា​ការ​ពិត ​បញ្ហា​ទឹកដី​ជា​រឿង​រសើប​សម្រាប់​គ្រប់​ជាតិ​សាសន៍​នៅ​ក្នុង​លោក។ ​ជាតិសាសន៍​ណា​ក៏ដោយ​ក៏​ប្តូរ​ផ្តាច់​ការពារ​ទឹកដី​របស់​ខ្លួន​ដែរ។ ​ម្យ៉ាងទៀត ​ក្នុង​បរិបទ​ប្រវត្តិសាស្ត្រ​កម្ពុជា​ ​បញ្ហា​ទឹកដី​ដូច​បាន​លើក​ឡើង​ ខាង​ដើម គឺជា​ជំងឺ​ប្រចាំ​កាយមួយ​របស់​ប្រទេស​និង​ប្រជាជាតិ​ខ្មែរ​ទៅ​ហើយ​ តាំងពី​អតីតកាល​រហូត​ដល់​បច្ចុប្បន្នកាល។ ​ដូច្នេះ ​ភាព​រសើប​អំពី​បញ្ហា​ទឹកដី​រឹត​តែ​មាន​កម្រិត​ខ្លាំង​ថែម​ទៀត។ ​បញ្ហា​រសើប​នេះ​ហើយ​ដែល​អ្នកនយោបាយ​ចូល​ចិត្ត​ប្រើ​ដើម្បី​ផល​ចំណេញ​ខាងនយោបាយ។ ​ចំណុច​នេះ​អាច​ពន្យល់​បាន​អំពី​អ្វី​ដែល​កំពុង​តែ​កើត​មាន​នៅ​កម្ពុជា​បច្ចុប្បន្ន។ ​ប៉ុន្តែ ​អ្វី​ដែល​គួរ​ពិចារណា​នោះ​គឺ​ តើ​អ្នកនយោបាយ​ខ្មែរ​គួរ​បន្តប្រឈមមុខ​ដាក់​​គ្នា​រឿង​ព្រំដែន​ត​ទៅ​ទៀត​ ឬ​ក៏​គួរ​តែ​មូល​មតិ​គ្នា​ដើម្បី​រក​ដំណោះស្រាយ​ជាមួយ​ប្រទេសជិតខាងដោយតម្លាភាព​ដើម្បី​ការពារ​បូរណភាព​ទឹកដី​ដែល​នៅ​សេសសល់​បច្ចុប្បន្ន?
 

ពិត​ណាស់​ថា ​រាល់​សកម្មភាព​ទាំងឡាយ​ដែល​មាន​គោលដៅ​ការពារ​បូរណភាព​ទឹកដី​ឬ​ផល​ប្រយោជន៍​ ប្រទេស​ ​និង​ប្រជាជាតិ​គឺ​ជា​សកម្មភាព​គួរឲ្យ​គោរព ​និង​គួរ​លើក​ទឹកចិត្ត។​ នៅ​ក្នុង​ការ​ជាក់ស្តែង​ដែល​យើង​បាន​ឃើញ​នៅ​ពេល​នេះ ​រដ្ឋាភិបាល​តែងតែ​អះអាង​អំពី​កិច្ច​ការពារ​បូរណភាព​ទឹកដី​មិន​ឲ្យ​បាត់​បង់ ​សូម្បី​តែ​មួយ​ចំអាម។ ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​បង្កើត​ឲ្យ​មាន​បន្ទាត់​ព្រំដែន​មួយ​ ជាក់លាក់​នៅ​លើ​ដី​ជាក់ស្តែង​ជាមួយ​ប្រទេស​ជិត​ខាង​ទាំង​អស់​គឺ​ជា​កិច្ច​ ការ​ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ។ ​ចំណែក​ឯអតីត​​គណបក្ស​ប្រឆាំង​វិញ ថ្វី​ត្បិត​តែ​​មិន​បាន​ចូល​រួមដោយ​ផ្ទាល់​​ក្នុង​ការងារ​នេះ ​ក៏ខ្វាយ​ខ្វល់​ជា​ខ្លាំង​អំពី​កិច្ច​ការពារ​បូរណភាព​ទឹកដី។

បើ​ស្តាប់​ទៅ ទាំង​អស់​គ្នា​សុទ្ធតែ​ស្រឡាញ់​ទឹកដី​ និង​មាន​គោលដៅ​រួម​គឺ​ចង់​ឲ្យ​ទឹកដី​ខ្មែរ​គង់វង្ស ​និង​ចង់​មាន​ខ្សែ​បន្ទាត់​ព្រំដែន​សន្តិភាព ​និង​កិច្ច​សហប្រតិបត្តិការ។ ​ដូច្នេះ​ អ្វី​ដែល​នៅ​សេស​សល់​​គឺ​បញ្ហា​នយោបាយ​តែ​ប៉ុណ្ណោះ។ អ្នក​នយោបាយ​គួរទុក​ផល​ប្រយោជន៍​សួន​តួ​មួយ​​ឡែក ហើយ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ដោយ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ​។ គឺ​មាន​តែ​វិធី​នេះ​ទេ ដែល​ជា​គន្លឹះ​ដ៏​សំខាន់​នៅ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាងបាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ