អានតួអត្ថបទ
កម្ពុជា

អង្គការ​លីកាដូ​នឹង​ចេញ​ផ្សាយ​ជីវប្រវត្តិ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស ដែល​ជាប់​ពន្ធនាគារ

នៅ​ថ្ងៃ​ទី​២៤ ឧសភា នេះ​អង្គការ​លីកាដូ​បាន​ឲ្យ​ដឹង​ថា​ខ្លួន​គ្រោង​នឹង​ចេញ​ផ្សាយ​ជីវប្រវត្តិ​របស់​មន្ត្រី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ចំនួន​៤​នាក់ និង​មន្ត្រី គ.ជ.ប ម្នាក់​ ដែល​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​របស់​កញ្ញា​ស្រី​មុំ។ ការ​ចេញ​ផ្សាយ​នេះ​ គឺ​ក្នុង​គោល​បំណង​បង្ហាញ​ពី​ស្នាដៃ​ការពារ​សិទ្ធិ​មនុស្ស​របស់​ពួក​គាត់។

អង្គការ​លីកាដូ​បាន​ឲ្យ​ដឹង​ថា​ខ្លួន​គ្រោង​នឹង​ចេញ​ផ្សាយ​ជីវប្រវត្តិ​របស់​មន្ត្រី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ចំនួន​៤​នាក់ ​និង​មន្ត្រី​ គ.ជ.ប ​ម្នាក់។
អង្គការ​លីកាដូ​បាន​ឲ្យ​ដឹង​ថា​ខ្លួន​គ្រោង​នឹង​ចេញ​ផ្សាយ​ជីវប្រវត្តិ​របស់​មន្ត្រី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ចំនួន​៤​នាក់ ​និង​មន្ត្រី​ គ.ជ.ប ​ម្នាក់។
ផ្សាយពាណិជ្ជកម្ម

ខណៈ​ពេល​ដែល​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​របស់​អាដហុក កំពុង​តែ​ជាប់​ពន្ធនាគារ ដោយសារ​ការ​ចោទ​ប្រកាន់​របស់​កញ្ញា ខុម ច័ន្ធដារាទី ហៅ​ស្រីមុំ អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ក៏ គ្រោង​នឹង​ចេញ​ផ្សាយ​ជីវប្រវត្តិ​របស់​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ទាំង​៥​នាក់​នោះ​ផង​ដែរ។ តាម​គម្រោង ការ​ចេញ​ផ្សាយ​នេះ​ នឹង​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែ​ឧសភា​នេះ។ នេះ​បើ​តាម​លោក​អំ សំអាត​ ប្រធាន​បច្ចេកទេស​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ។

លោក​អំ សំអាត បាន​បន្ត​ថា​ការ​ចេញ​ផ្សាយ​នេះ ​គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​បង្ហាញ​ពី​ការងារ​របស់​ពួក​គាត់​ទាំង​៥​រូប ក្នុង​វិស័យ​ការពារ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា នា​រយៈ​ប៉ុន្មាន​ឆ្នាំ​មក​នេះ។ លោក​បន្ថែម​ថា មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ខ្លះ បាន​បំរើ​ការពារ​សិទ្ធិ​មនុស្ស​ប្រមាណ​ជាង​២០​ឆ្នាំ ​ហើយ​ការងារ​របស់​ពួក​គាត់​គឺ​ការពារ​ប្រជាពលរដ្ឋ​ទាក់​ទង​នឹង​ការ​រំលោភ​ដីធ្លី​ជា​ដើម។ លោក​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ពួក​គាត់​មិន​ដែល​ធ្វើអ្វី​ខុស​ច្បាប់​ទេ តែ​ទី​បំផុត​គាត់​ត្រូវ​បាន​ចាប់​ខ្លួន។

ក្រៅ​ពី​នេះ​ការ​ផ្សព្វ​ផ្សាយ​ពី​ជីវប្រវត្តិ​របស់​ពួក​គាត់ គឺ​ក្នុង​គោល​បំណង​បង្ហាញ​ពី​ស្ថានភាព​គ្រួសារ​របស់​ពួក​គាត់​ក្រោយ​ពេល​ ដែល​អាជ្ញាធរ​ចាប់ និង​ឃុំ​ខ្លួន គឺ​បាន​ត្រឹមតែ​មួយ​រស់​តែ​ប៉ុណ្ណោះ ហើយ​ការ​ឃុំ​ខ្លួន​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​កូន​ៗ​មន្ត្រី​ទាំង​នោះ។ នេះ​បើ​តាម​លោក អំ សំអាត។

ជីវប្រវត្តិ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ទាំង​៥​រូប រួម​មាន​លោក នី ចរិយា អគ្គលេខាធិការ​រង គ.ជ.ប ជា​អតីត​មន្ត្រី​សមាគម​អាដ​ហុក និង​មន្ដ្រី​៤​រូប​របស់​សមាគម​អាដហុក គឺ លោក នី សុខា ប្រធាន​ផ្នែក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៅ​សមាគម​អាដហុក និង​អនុប្រធាន​ពីររូប​របស់​លោក​គឺ លោក យី សុខសាន្ត និង​លោក ណៃ វ៉ង់ដា។ ចំណែក​លោក​ស្រី លឹម មុនី្ន ជា​អ្នក​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៅ​អាដហុក។

អ្នក​ទាំង​៥​រូប​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឃាត់​ខ្លួន និង​សាកសួរ​នៅ​ចុង​ខែ​មេសា ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​របស់ ស្រីមុំ។ ក្រោយ​បញ្ចប់​ការ​សាកសួរ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​អ្នក​ទាំង​៥​រូប ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បញ្ជូន​មក​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​៣០ មេសា ឆ្នាំ​២០១៦។ នៅ​រសៀល​ថ្ងៃ​ទី​២ ខែ​ឧសភា សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​សម្រេច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន លើ​មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក និង​មន្ត្រី​គ.ជ.ប​ម្នាក់ ក្រោយ​ពី​ព្រះរាជ​អាជ្ញា​បាន​សម្រេច​ចោទ​ប្រកាន់​លើ​មន្ត្រី​ទាំង​៥​រូប​នេះ។

សូម​បញ្ជាក់​ថា​មន្ត្រី​ទាំង​៤​រូប​របស់​សមាគម​អាដហុក ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី។ ចំណែក​លោក នី ចរិយា ត្រូវ​បាន​ចោទ​ប្រកាន់ បទ​សម​គំនិត​ក្នុង​អំពើ​សូក​ប៉ាន់​សាក្សី តាម​មាត្រា​២៩ និង​៥៤៨ នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​អាច​ជាប់​ទោស​ពី​៥ ទៅ​១០​ឆ្នាំ។ បច្ចុប្ប​នេះ អ្នក​ទាំង​៥​ត្រូវ​បាន​ជាប់​ឃុំ​តាម​ការ​ចោទ​ប្រកាន់​របស់​តុលាការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ