អានតួអត្ថបទ
បទល្មើសព្រៃឈើ

សង្គម​ស៊ីវិល​ជាង ១០០ គាំទ្រ​រដ្ឋាភិបាល​ក្នុង​​ការ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ

នៅ​ថ្ងៃ​ទី​៩​មេសា​នេះ ក្រុម​​សម្ព័ន្ធ​ភាព​​អង្គការ​​សង្គម​​ស៊ីវិល បាន​ប្រកាស​​ស្វាគមន៍ និង​គាំទ្រ​ចំពោះ​​ចំណាត់​​ការ​​ដ៏​​ម៉ឹងម៉ាត់​​នា​​ពេល​​ថ្មីៗ​​នេះ​របស់​​ រដ្ឋា​ភិបាល​​កម្ពុជា ​អំពី ​ការ​លុប​​បំបាត់​​​បទ​ល្មើស​​ព្រៃ​ឈើ​​នៅ​​កម្ពុជា។​ ការ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ ដែល​រដ្ឋា​ភិបាល​ បាន​​ប្រើ​វិធាន​ការ​ក្តៅ ចាប់​បង្ក្រាប​ឈើ​ប្រណិត​ខុស​ច្បាប់ និង​​បាន​ចាប់​ខ្លួន​ឈ្មួញ​រក​ស៊ី​ឈើ ​ព្រម​ទាំង​មេ​ព្រៃ​មួយ​ចំនួន។

សកម្មភាព​បង្រ្កាប​បទល្មើស​ព្រៃឈើ
សកម្មភាព​បង្រ្កាប​បទល្មើស​ព្រៃឈើ ©វណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

ក្រុម​​សម្ព័ន្ធភាព​​អង្គការ​​សង្គម​​ស៊ីវិល​​ប្រមាណ ១១៨ អង្គការ​​សមាគម​​​​ បាន​សម្តែង​ការ​​គាំទ្រ​​​ចំពោះ​​ចំណាត់​ការ​​ដ៏​​ជាក់​លាក់ និង​​ការ​​ចាត់​​វិធានការ​​តាម​​ផ្លូវ​​ច្បាប់​​របស់​​រាជ​​រដ្ឋាភិបាល ដើម្បី​​ផ្តន្ទា​ទោស ចំពោះ​​ជន​​ណា ដែល​​បាន​​ប្រព្រឹត្ត​​បទ​ល្មើស​​ព្រៃ​ឈើ ​នៅ​ពេល​​បច្ចុប្បន្ន​​នេះ។ ការ​គាំទ្រ​របស់​សង្គម​​ស៊ីវិល​​​នេះ បាន​ធ្វើ​ឡើង​តាម​រយៈ​សេចក្តី​ថ្លែង​ការណ៍​​​​រួម និង​​ការ​​ប្រកាស​​​ផ្ទាល់​មាត់​នៅ​ក្នុង​​សន្និសីទ​​​​កាសែត នៅ​​ព្រឹក​ថ្ងៃ​ទី​៩​មេសា។​

ក្រុម​​អង្គការ​សង្គម​ស៊ីវិល បាន​ចាត់​ទុក​ថា ចំណាត់​ការ​របស់​រដ្ឋា​ភិបាល លើ​ការ​​បង្ក្រាប​​បទ​​​ល្មើស​ព្រៃ​ឈើ​ពេលនេះ ក្រៅ​តែ​​ពី​ដើម្បី​​ការពារ​ព្រៃ​ឈើ​នៅ​កម្ពុជា, ក៏​​អាច​​​ចូល​រួម​​ចំណែក​​​ក្នុង​​ការ​កាត់​បន្ថយ​​អំពើ​ពុក​រលួយ​​ផ​ង​ ដែរ។​ សង្គម​​ស៊ីវិល ក៏​​បាន​​កត់​សម្គាល់​​ថា អ្នក​​ប្រព្រឹត្ត​​បទ​ល្មើស​​ព្រៃឈើ គឺ​​សុទ្ធ​​សឹង​​តែ​​​​ជា​​​​អ្នក​​​មាន និង​​ជា​អ្នក​មាន​​​​អំ​ណាច​​​ធំៗ ក្នុង​ជួរ​​រាជ​រដ្ឋា​ភិបាល​។

ចំពោះ​បញ្ហា​នេះ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល លោក ទិត សុធា អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​​ប្រតិកម្ម​​​​រហ័ស​របស់​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី បាន​បញ្ជាក់​ថា រដ្ឋា​ភិបាល បាន​​ប្រើប្រាស់​​នូវ​​វិធានការ​ក្តៅ ដើម្បី​ទប់​ស្កាត់ និង​​បង្ក្រាប​​បទ​ល្មើស​ព្រៃ​ឈើ។ កិច្ចការ​នេះ ត្រូវ​​ការ​​ចូល​​រួម​ទាំង​​អស់​គ្នា ទាំង​អង្គការ​សង្គម​ស៊ីវិល ទាំង​ប្រជាពលរដ្ឋ​ សហគមន៍​ការពារ​​​ព្រៃ​​ឈើ និង​​ទាំង​​សមត្ថកិច្ច​អាជ្ញាធរ​រដ្ឋាភិបាល ដើម្បី​ឲ្យ​មាន​ប្រសិទ្ធិភាព។

លោក ទិត សុធា បាន​បន្ថែម​ថា រដ្ឋាភិបាល ជាពិសេស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​តែ​បន្ត​ជម្រុញ​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​ផ្នែក​ព្រៃ​ឈើ ដើម្បី​​ការពារ​បរិស្ថាន។ នេះ​​ក៏​​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​នូវ​ឆន្ទៈ​នយោបាយ​របស់​ រដ្ឋាភិបាល ក្នុង​ការ​កាត់​បន្ថយ និង​លុប​បំបាត់​អំពើ​ពុករលួយ។

នៅ​ ក្នុង​យុទ្ធនាការ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ ដ៏​គគ្រឹក​គគ្រេង​ទូទាំង​ប្រទេស នា​ពេល​នេះ មិន​​មាន​ព័ត៌មាន​លម្អិត​ពី​ចំនួន​​ឈើ​ប្រណិត​ប៉ុន្មាន ដែល​ត្រូវ​បាន​រឹប​អូស និង​មាន​ជន​ល្មើស​​ប៉ុន្មាន​​នាក់ ដែល​ត្រូវ​ជាប់​ចោទ ក្នុង​យុទ្ធនាការ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ នា​ពេល​​នេះ​​ទេ។

ក៏ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល លោក ទិត សុធា បាន​បញ្ជាក់​ថា រដ្ឋាភិបាល នៅ​​តែ​បន្ត​សកម្មភាព​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ និង​​បន្ត​​តាម​រក​ចាប់​ខ្លួន ចំពោះ​អ្នក​បាន​រត់​​គេច ដែល​ពាក់​ព័ន្ធ​បទ​ល្មើស​ព្រៃ​ឈើ។ រដ្ឋាភិបាល ក៏​បាន​ដឹង​ច្បាស់​អំពី​ភាព​ហិន​ហោច​​​នៃការ​កាប់​បំផ្លាញ​ព្រៃឈើ​កន្លង​មក។ ក្នុង​យុទ្ធនាការ​កន្លង​មក មន្ត្រី​​រដ្ឋាភិបាល​​ព្រៃ​​ឈើ​ និង​ឈ្មួញ​រកស៊ី​ឈើ​ខុស​ច្បាប់​ជាច្រើន​នាក់ ត្រូវ​បាន​ចាប់​ខ្លួន នាំ​​ឡើង​​តុលាការ​ជា​​បន្ត​បន្ទាប់ ដើម្បី​ចាត់​ការ​តាម​នីតិវិធី​ច្បាប់។

បទ ​​ល្មើស​​​ព្រៃ​ឈើ​​ថ្នាក់​​ទី​១ ត្រូវ​​ជាប់​​ពន្ធនាគារ​​ពី​​ប្រាំ​​ឆ្នាំ ទៅ​ដល់ ១០ ឆ្នាំ និង​​រឹប​អូស​​វត្ថុ​តាង​​ទាំង​​អស់​នោះ មក​​ជា​​សម្បត្តិ​​រដ្ឋ។​ ចា​ប់​​តាំង​​ពី​​​ពាក់​​កណ្តាល​​​ខែ​​មីនា មក​ទល់​ពេល​នេះ អាជ្ញាធរ​​សមត្ថកិច្ច​​ចម្រុះ បាន​​បើក​យុទ្ធ​នាការ​​បង្ក្រាប​​បទល្មើស​​ព្រៃឈើ​​យ៉ាង​ក្តៅ​គគុក នៅ​ទូទាំង​​ប្រទេស តាម​​​បទ​បញ្ជា​​របស់​​​លោក​នាយក​​រដ្ឋមន្ត្រី ហ៊ុន សែន​។​ លោក​នាយក​រដ្ឋមន្ត្រី ក៏​បាន​ប្រកាស​​ប្តូរ​តំណែង​​មេព្រៃ ដែល​ជា​អ្នក​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ដ៏ធំ របស់​ក្រសួង​​កសិកម្ម ​កាល​ពី​ថ្ងៃ​​ទី​៦ ខែ​មេសា​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ