អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

វប្បធម៌​សន្ទនា​ប្រហែលជា​ត្រូវបាន​រំលោភ

ចុះផ្សាយ​នៅ​ថ្ងៃ៖

វប្បធម៌​សន្ទនា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ប្រហែលជា​ត្រូវបាន​អ្នកនយោបាយ​ទាំងសងខាង​រំលោភ។ ជម្លោះ​រវាង​គណបក្ស​ទាំងពីរ មិន​ចប់​ទេ។ វា​តែងតែ​អន្ទោល​តាម​ជំហាន​ឆ្ពោះទៅរក​ការបោះឆ្នោត​ខាងមុខ។ តាមពិត គ្មានអ្វី​អាច​រម្ងាប់​វិវាទ​របស់​អ្នកនយោបាយ​បដិបក្ខ​ដែល​កំពុងដណ្តើម​អំណាច​គ្នា​ឡើយ។

កិច្ចប្រជុំរវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​​គណបក្ស​សង្រ្គោះ​ជាតិ​ នៅ​ព្រឹទ្ធសភា ​នា​ពេល​ក​ន្លង​មក។​
កិច្ចប្រជុំរវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​​គណបក្ស​សង្រ្គោះ​ជាតិ​ នៅ​ព្រឹទ្ធសភា ​នា​ពេល​ក​ន្លង​មក។​ RFI/Siv channa
ផ្សាយពាណិជ្ជកម្ម

ជម្លោះ​រវាង​អ្នកនយោបាយ​បដិបក្ខ​នៅ​កម្ពុជា មិនអាច​បិទ​បញ្ចប់​ដោយ​ការសន្ទនា​គ្នា​ឡើយ។ យ៉ាងណាមិញ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ធ្លាប់បាន«ប្តេជ្ញា​អនុវត្ត​វប្បធម៌​សន្ទនា​ឱ្យមាន​ប្រសិទ្ធភាព» តាំងពី​ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៥មក បាន​ឈ្លោះ​គ្នា​ជាថ្មី។ ការប្តេជ្ញា​ពេលនោះ​គឺ​ត្រូវបានធ្វើ «ដើម្បី​លើកកម្ពស់​ការអនុវត្ត​លទ្ធិ ប្រជាធិបតេយ្យសេរី​ពហុបក្ស​ឱ្យ​កាន់តែ​ប្រសើរឡើង»ស្របតាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ស្តីពី​ដំណោះស្រាយ​នយោបាយ​រវាង​គណបក្ស​ទាំងពីរ។ ស្រាប់តែ​នៅ​ថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០១៥ គណបក្សប្រឆាំង​បានលើកឡើង​ថា ការចាប់​សកម្មជនរ​បស់​ខ្លួន​ជា​បន្តបន្ទាប់ គឺ «ផ្ទុយ​ពី​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤»។ គណបក្ស​នេះ«មានការ​សោកស្តាយ​ជាខ្លាំង» ហើយ​អំពាវនាវ​ឱ្យមាន​ការដោះលែង​ពួកគេ«ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ»។ ប៉ុន្តែ​គ្មាន​ការឆ្លើយតប​ជា​វិជ្ជមាន​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់អំណាច ឬ​ពី​តុលាការ​កម្ពុជា​ឡើយ។

ដូច្នេះ ផល​ដែល​ទទួលបាន​ពី​វប្បធម៌​សន្ទនា បាន​រលាយ​ខ្សុល​ទៅវិញ បន្ទាប់ពី​វប្បធម៌​នេះ​បានចាប់កំណើត​ក្នុង​ត្រកូល​អ្នកនយោបាយ​បដិបក្ខ​ទាំងពីរ​នៅ​កម្ពុជា មិនទាន់​គ្រប់​បី​ខែ​ស្រួលបួល​ផង។ យើង​សង្កេតឃើញ​ការរំលោភ​លើ​គោលការណ៍​ខ្លះ ដែល​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់បាន​ព្រមព្រៀងគ្នា។ ជាក់ស្តែង ចំណុច​ទី១នៃ​សេចក្តីថ្លែងការណ៍​រួម ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៥ ចែងថា គណបក្ស​ដឹកនាំ​រដ្ឋាភិបាល និង​គណបក្ស​នៅក្រៅ​រដ្ឋាភិបាល ត្រូវ«ស្មោះត្រង់​ជាមួយគ្នា ដើម្បី​យក​វប្បធម៌​សន្ទនា​ធ្វើជា​មូលដ្ឋាន ក្នុងការ​ពិភាក្សា​ដោះស្រាយ​ដោយ​សន្តិវិធី នូវ​រាល់​បញ្ហា​ជាតិ និង​សង្គម ដែល​ភាគី​ទាំងពីរ​អាចមាន​ទស្សនៈ​មិនទាន់​ស្របគ្នា»។

ផ្ទុយទៅវិញ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដឹកនាំ​អ្នកគាំទ្រ​ខ្លួន​រាប់រយ​ពាន់​នាក់ ទៅធ្វើ​សកម្មភាព​ឯកតោភាគី​ជា​បន្តបន្ទាប់ នៅតាម​ព្រំដែន​កម្ពុជា​វៀតណាម។ គណបក្ស​នេះ​បាន​ចោទ​ជា​ចំហ​រថា រដ្ឋាភិបាល​​កម្ពុជា​ប្រើ​ផែនទី«ក្លែងក្លាយ» និង​ថា​ភាគី​វៀតណាម រំលោភ​ព្រំដែន​​កម្ពុជា​ជាច្រើន​កន្លែង។ ការណ៍​នេះ​បង្ក​ភាព​ជ្រួលច្របល់​ខ្លាំងឡើងៗ ពេលដែល​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ចរចា​រឿង​ព្រំដែន​ជាមួយ​វៀតណាម​។

បញ្ហា​ព្រំដែន​កម្ពុជា វៀតណាម​នេះ ក្ដៅ​ខ្លាំង រហូត​បណ្ដាលឱ្យ​ឆេះ​វប្បធម៌​ស​ន្ទា​នារ​វាង​គណបក្សកាន់អំណាច និង​គណបក្សប្រឆាំង​តែម្តង។ ថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០១៥ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចោទ​គណបក្ស​សង្គ្រោះ​ជាតិ​ថា លេង«ចាប់ដៃ​ជាន់​ជើង»ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ ដោយ​ច្រឡោត​ផង លោក​បាន​ទារ​ឱ្យ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​នេះ ធ្វើ​សារ​ណា​បង្ហាញ​លទ្ធភាព​ឈ្នះ បើ​ចង់ឱ្យ​រដ្ឋាភិបាល​កម្ពុជា ប្តឹង​វៀតណាម​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ អំពី​បញ្ហា​ព្រំដែន​នោះ។ អ្វីដែល​សង្កៀរត្រចៀក​ខ្លាំង​គឺថា ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏​មានអំណាច​នេះ បាន​ប្រមាថ​អ្នកតំណាងរាស្ត្រ​បក្សប្រឆាំង​តាម​ក្បាល​មីក្រូ​ថា«ភ្លើ» ដោយសារតែ​សមាជិក​ក្រុម​មតិ​ភាគតិច មិន​បានចែង​កាលបរិច្ឆេទ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​មុន​អាណត្តិ​ឱ្យបាន​ច្បាស់​អំឡុងពេល​ចរចា។

ហេតុនេះ លោក ហ៊ុន សែន ក៏​កំណត់​ជា​ឯកតោភាគី កាល​បរិ​ច្ចេ​ទ​បោះឆ្នោតជាតិ​នោះ នៅ​ថ្ងៃអាទិត្យ សប្ដាហ៍​ទី៤ ខែកក្កដា ឆ្នាំ២០១៨តែម្តង។ រឿងនេះ​គឺ​ផ្ទុយ​ទាំងស្រុង​ពី​ប្រការ៣នៃ​កិច្ចព្រមព្រៀង​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ដែល​ដៅ​ថា «គណបក្ស​ទាំងពីរ​ឯកភាពគ្នា​កំណត់​ឡើងវិញ​នូវ​កាលបរិច្ឆេទ​សម្រាប់​ការបោះឆ្នោត​នាពេលខាងមុខ»។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ទោះបីជា​ចំណុច​ទី៤នៃ​គោលការណ៍​សន្ទនា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ តម្រូវឱ្យ«ចៀសវាង​ការគំរាមកំហែង និង​ការបំភិតបំភ័យ​តាម​គ្រប់​រូបភាព»ក៏ដោយ ក៏​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ដែល​សម្គាល់​ឃើញ​កង្វះ​ភាពម៉ឺងម៉ាត់​នៃ​គូ​ប្រជែង​ បាន​ស្រែក​សន្ធាប់​តាម​ទម្លាប់​ចាស់​ថា «បើ​ក្រៅពី​គណបក្ស​ប្រជាជន​ដឹកនាំ គណបក្ស​​​ដ៏​ទៃ​នឹង​នាំមក​នូវ​អស្ថិរភាព»។

រឿងរ៉ាវ​ដល់​ថ្នាក់​នេះ​ទៅហើយ ទោះ​មិនបាន​ប្រកាស​ជា​ផ្លូវការ ក៏​គេ​ដឹង​ដែរ​ថា គ្មាន​ទៀត​ឡើយ​ព្រលឹង​នៃ​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។ គណបក្សកាន់អំណាច និង​គណបក្សប្រឆាំង ច្បាស់​ណាស់​ថា គ្មាន​ផលប្រយោជន៍​រួម​ឡើយ ព្រោះ​ម្ខាង​ការពារ​អំណាច ម្ខាង​ដណ្តើម​អំណាច។ អ្វីដែល​បានកើត​ឡើង​ចុងក្រោយ​នេះ​ស្តែង​ឱ្យឃើញថា កិច្ចព្រមព្រៀង​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ដែល​សម្រេចបាន​ដោយសារ​ការ​សន្ទនា និង​សេចក្តីថ្លែងការណ៍​រួម​ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៥ ដែល​លើកកម្ពស់​វប្បធម៌​សន្ទនា​នោះ មិនអាច​ចងជើង​អ្នកនយោបាយ​បដិបក្ខ​នៅ​កម្ពុជា​ទៀត​ទេ។ ជម្លោះ​រវាង​អ្នក​នយោបាយ​ខ្មែរ ទោះបីជា​ក្នុង​ក្របខ័ណ្ឌ​ប្រយោជន៍​ជាតិ​ក្តី ប្រយោជន៍​គណបក្ស​ក្តី ក៏​ល្អ​ម្យ៉ាងដែរ ព្រោះ​ការ​បរិហារ​គ្នា​ទៅវិញទៅមក​បែបនេះ ធ្វើឱ្យ​ពលរដ្ឋ​កម្ពុជា​ស្គាល់​គណបក្ស​នីមួយៗ កាន់តែច្បាស់​ឡើង។ វា​អាចជា​ឱកាស​មួយ​ដែល​អ្នកគាំទ្រ​គណបក្សនយោបាយ​ទាំងសងខាង មើលឃើញ​ភាពបត់បែន​ដ៏​រហ័ស​នៃ​ស្ថានការណ៍​នយោបាយ​កម្ពុជា។ ចំពោះ​រឿងរ៉ាវ​នៃ​វប្បធម៌​សន្ទនា ខាងលើ ប្រជាជន​កម្ពុជា​ខ្លះ​អាច​នឹក​គិតថា វា​ជាការ​ខកចិត្ត​ធំ​ណាស់​ដែល​អ្នកនយោបាយ​បាយ​ខ្មែរ​នៅតែ​ចូលចិត្ត​សរសេរ​នឹង​ដៃ លុប​នឹង​ជើង​ដូច្នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ